rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន សហរដ្ឋអាមេរិក ពាណិជ្ជកម្ម សង្រ្គាមពាណិជ្ជកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ការចរចា​ពាណិជ្ជកម្ម៖ ជប៉ុន និង​អាមេរិក​ព្រមព្រៀង​គ្នា​លើ​កសិកម្ម ប៉ុន្តែ នៅ​ជាប់គាំង​រឿងរថយន្ត​ជប៉ុន

media
នាយករដ្ឋមន្រ្តី​ជប៉ុន និង​លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នៅទីក្រុង​ញូវយ៉ក ថ្ងៃទី ២៦ កញ្ញា ២០១៩ © REUTERS/Jonathan Ernst

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃ​ពុធ​ទី​២៥ កញ្ញា បាន​ប្រកាស​ថា អាមេរិក និង​ជប៉ុន បាន​បោះ​មួយជំហាន​ទៅមុខ នៅ​ក្នុង​ការចរចា បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី រវាង​ប្រទេស​ទាំងពីរ។ ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក នៅក្រៅក្របខ័ណ្ឌ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ញូវយ៉ក ប្រមុខដឹកនាំ​ជប៉ុន​បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី នឹង​អាច​ជា​ដំណោះស្រាយ​ឈ្នះៗ សម្រាប់​ភាគី ទាំងពីរ ជប៉ុន អាមេរិក។

 


នាយករដ្ឋមន្រ្តី​ជប៉ុន និង​ប្រធានាធិបតី​អាមេរិក នៅថ្ងៃ​ពុធ​ម្សិលមិញ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​ថា ភាគី​ទាំងពីរ​បាន​យល់ស្របគ្នា លើ​ផ្នែក​កសិកម្ម ហើយ​និង​ប្រព័ន្ធ​ឌីជីថល។

ទៅ​តាម​កិច្ច​ព្រមព្រៀង ជប៉ុន​នឹង​យល់ព្រម​កាត់បន្ថយ ពន្ធ​នាំចូល លើ​ទំនិញ​កសិកម្ម​អាមេរិក ក្នុង​តម្លៃ ៧ពាន់​លាន​ដុល្លារ។ ជា​ថ្នូរ​មក​វិញ អាមេរិក​យល់ព្រម​កាត់បន្ថយ​ពន្ធ​លើ​ទំនិញ​កសិកម្ម​ជប៉ុន តម្លៃ ៤០​លាន​ដុល្លារ ដែល​ជប៉ុន​នាំ​ចូល ទៅ​លក់ នៅ​ទីផ្សារ​អាមេរិក។

នៅ​ថ្ងៃ​ម្សិលមិញ អង្គុយក្បែរ​នាយករដ្ឋមន្រ្តី​ជប៉ុន ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ បាន​ប្រកាស​ពី​ការបោះជំហាន ដ៏​សំខាន់ នៅ​ក្នុង​ការចរចា​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ។

បញ្ចុះបញ្ចូល​ឲ្យ​ជប៉ុន​ បន្ធូរបន្ថយពន្ធ​លើ​ទំនិញ​កសិកម្ម​អាមេរិក ជា​ចំណុច​សំខាន់ ដែលលោកដូណាល់ ត្រាំ ព្យាយាម​ចង់បាននៅក្នុងកិច្ចព្រមព្រៀង ដើម្បី​ទាក់ទាញ​សំឡេងឆ្នោត ពី​កសិករ​អាមេរិកាំង នៅក្នុង​ឱកាសបោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ ក្រោយ។

អាមេរិក​បាន​បើក​ការចរចា​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ជប៉ុន នៅ​បន្ទាប់ពី​លោកដូណាល់ ត្រាំ បាន​ដកអាមេរិក​ចេញពី​កិច្ចព្រមព្រៀង ដោះដូរសេរី អន្តរប៉ាស៊ីហ្វិក ដែលនៅក្នុង​នោះ មាន​ផងដែរ ជប៉ុន ជាសមាជិក។

សម្រាប់ លោក​ដូណាល់ ត្រាំ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ថ្មី​ជាមួយ​ជប៉ុន​ នឹង​ជួយ​កែតម្រូវ​ឱនភាព​ពាណិជ្ជកម្ម ដែល​អាមេរិក​ធ្លាប់មាន​ជាមួយ​ជប៉ុន។ ទិន្នន័យ​បស់​រដ្ឋាភិបាល​អាមេរិកបង្ហាញថា ឱនភាព​ពាណិជ្ជកម្ម​ដែល​អាមេរិក មាន​ជាមួយ​ជប៉ុន មាន​តម្លៃ​ដល់​ទៅ ៥៨ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨។ នៅ​ឆ្នាំ​២០១៨​ដដែល ជប៉ុន​នាំ​ចូល​រថយន្ត​ក្នុង​តម្លៃ ៥១​ពាន់​លាន​ដុល្លារ ទៅលក់​នៅទីផ្សារ​អាមេរិក។

ទន្ទឹមគ្នា​នឹងការដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង ដោះដូរសេរី អន្តរប៉ាស៊ីហ្វិក លោកដូណាល់ ត្រាំ ធ្លាប់​បាន​គំរាម​ដំឡើងពន្ធ​លើ​រថយន្ត​ជប៉ុន នាំចូល​ទៅ​អាមេរិក។ ជប៉ុន ដែល​ធ្លាប់​មាន​នយោបាយ​ការពារនិយម ដើម្បី ការពារ​ផលិតផល​កសិកម្ម​ក្នុង​ស្រុក បាន​សុខចិត្ត អនុគ្រោះពន្ធ​ទំនិញ​កសិកម្ម​អាមេរិក នាំចូល​ទៅ​ប្រទេស​ជប៉ុន ក៏ព្រោះតែ​សំណុំរឿង​រថយន្ត​ជប៉ុនដែរ។

ប៉ុន្តែ កិច្ចព្រមព្រៀង កាលពី​ថ្ងៃ​ពុធ មិន​បាន​លើក​និយាយ​ពី​រថយន្ត​ជប៉ុន ដែល​តាមពិត ជាការប៉ងចង់​បាន​របស់​រដ្ឋាភិបាល​ជប៉ុន​នោះទេ។ នៅក្នុង​សន្និសីទ​កាសែត រៀបចំឡើង នៅក្រោយជំនួជាមួយ​លោកដូណាល់ ត្រាំ កាលពីថ្ងៃ​ពុធ នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ​បាន​និយាយ​ថា លោកដូណាល់ ត្រាំ និង​លោក​បាន​ព្រមព្រៀង​គ្នាថា នៅក្នុង​រយៈពេល​១ឆ្នាំ នៃ​អនុស្សរណៈ​យោគយល់គ្នា អាមេរិក​នឹង​មិន​ដំឡើងពន្ធ​លើ​រថយន្ត​ជប៉ុន​នាំចូល​ទៅ​អាមេរិកទេ។

តាម​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អាមេរិក នៅក្នុង​ដំណាក់កាលបច្ចុប្បន្ននេះ លោកដូណាល់ ត្រាំ នៅមិនទាន់ គិតគូរ​ពីរឿង​ដំឡើងពន្ធ​រថយន្ត​ជប៉ុន​នៅឡើយទេ។ លោកដូណាល់ ត្រាំ ដែល​ធ្លាប់​បាន​ប្រកាស​លើកពេល​ម្តងហើយ នោះ ធ្លាប់​បាន​និយាយ​ថា លោក​នឹង​ជ្រើសរើស​យក​ថ្ងៃទី ៧ ខែ​វិច្ឆិកា​ខាងមុខ ដើម្បី សម្រេចថា តើ​នឹង​ដំឡើងពន្ធ​ដល់ ២៥%​លើ​រថយន្ត ជប៉ុន និង​រថយន្ត​នាំចូល​ពី​សហភាពអឺរ៉ុប​ដែរឬទេ។ ការព្រមាន​របស់​លោកដូណាល់ ត្រាំ ដែល​បានធ្វើ​ឲ្យ ជប៉ុន និង​អាល្លឺម៉ង់ ដែលនាំចូល​រថយន្ត​ច្រើនជាងគេ​ទៅ​ទឹកដីអាមេរិក ចាប់ព្រួយ​បារម្ភ​រហូតមក៕