អានតួអត្ថបទ
បារាំង

ហ្សាក់ ស្ហៀរ៉ាក់ អតីតប្រធានាធិបតី​បារាំង​ដែល​ស្រលាញ់ចូលចិត្តអាស៊ី

លោក​ហ្សាក់ ស្ហៀរ៉ាក់ អតីតប្រធានាធិបតី បារាំង​បាន​ទទួល​មរណភាព កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្នុង​ជន្មាយុ ៨៦ឆ្នាំ។ ក្រៅតែ​ធ្លាប់​កាន់​តំណែង​សំខាន់ៗ តាំង​ពីចៅហ្វាយក្រុង ប៉ារីស នាយករដ្ឋមន្រ្តី និង​ជាប្រធានាធិបតី បារាំង​ដល់​ទៅ ២អាណត្តិ (រយៈពេល ១២ឆ្នាំ) លោកហ្សាក់ ស្ហៀរ៉ាក់ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជាប្រធានាធិបតី​បារាំង ដ៏កម្រ ដែលបាន​ចាប់​អារម្មណ៍ ស្រឡាញ់​ចូលចិត្ត​អាស៊ី។ 

អតីតប្រធានាធិបតី​បារាំង លោក​ហ្សាក់ ស្ហៀរ៉ាក់​នៅពេលធ្វើទស្សនកិច្ច​នៅប្រទេស​ជប៉ុននៅឆ្នាំ ១៩៩៦
អតីតប្រធានាធិបតី​បារាំង លោក​ហ្សាក់ ស្ហៀរ៉ាក់​នៅពេលធ្វើទស្សនកិច្ច​នៅប្រទេស​ជប៉ុននៅឆ្នាំ ១៩៩៦ ©REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

លោកហ្សាក់ ស្ហៀរ៉ាក់ ចាប់ផ្តើម​ស្វែងយល់ ស្គាល់ អាស៊ី តាំង​ពីនៅវ័យជំទង់ នៅពេល​លោក ឧស្សាហ៍​ទៅ​ទស្សនា​សារមន្ទីរ​Guimet​ដែល​ជា​សារមន្ទីរ​តាំង​វត្ថុបុរាណ​អាស៊ី​ធំជាងគេ នៅទឹកដី​អឺរ៉ុប។ នៅក្នុងសៀវភៅ​ស្តីពីការចងចាំ​របស់លោក បោះពុម្ព​នៅឆ្នាំ ២០០៩ លោក​បាន​សរសេរ​សារភាព​ថា នៅ​អាយុ ១៦​ឆ្នាំ លោកមាន​គំនិត​ចង់ចូល​កាន់​សាសនា​ហិណ្ឌូ ព្រោះតែ​លោក​ចូលចិត្ត គំនិត អហិង្សា​ដែល​បង្រៀន​ដោយ​មហាត្មៈ គន្ធី។

ជំនក់ចិត្ត​ស្រឡាញ់​ទ្វីបអាស៊ី កើតមាន កាន់តែច្រើនឡើង បន្ទាប់ពី​លោក​បានធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន ចិន កូរ៉េ ឥណ្ឌា ឬ​វៀតណាម (លោក ស្ហៀរ៉ាក់ មាន​កូនស្រី​ចិញ្ចឹមម្នាក់ ជា​ក្មេងភៀសខ្លួន មកពី​ប្រទេស​វៀតណាម)។ នៅ​សិង្ហបុរី ជាទី ដែល​លោក​ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជាលើក​ទី១ ទៅ​អាស៊ី ក្នុង​នាមជា​ប្រធានាធិបតី​បារាំង លោក​ស្ហៀរ៉ាក់ បាន​ប្រកាស ក្តែងៗ​ថា លោកស្រឡាញ់​អាស៊ី ប្រជាជន ប្រទេស​ ហើយ​និង​វប្បធម៌​អាយុ​រាប់ពាន់ឆ្នាំ​របស់​ទ្វីប​នេះមួយនេះ។ ទស្សនកិច្ច​នៅ​សិង្ហបុរី ជា​ឱកាស​សម្រាប់​ប្រធានាធិបតី​បារាំង ប្រកាស​បើក​ជំនួបកំពូល អឺរ៉ុប-អាស៊ី ដើម្បី​បញ្ជាក់​ពី​យុទ្ធសាស្រ្ត​ថ្មី​របស់​បារាំង​ក្នុង​ការបង្ខិតខ្លួន​ចូល​តំបន់​អាស៊ី ដែល​គេ​មិនសូវ​ឲ្យចាប់អារម្មណ៍ ឲ្យ​តម្លៃ​កន្លងមក។ លោកហ្សាក់ ស្ហៀរ៉ាក់ ផ្តួចផ្តើម​គំនិតនេះ ព្រោះតែ​លោក​មានបេះដូង​បើកចំហរ​ទៅ​រក​អាស៊ី ប៉ុន្តែ ជាមួយគ្នានោះ ក៏​ហេតុផល​មួយសំខាន់​របស់​ប្រធានាធិបតី ដែល​មើលឃើញ​ច្បាស់​ពី​សក្តានុពល និង​ការរីកចម្រើន​ដ៏ឆាប់រហ័ស​របស់​តំបន់​អាស៊ី​ជា​ពិសេស​ប្រទេស​ចិន។

នៅ​ប្រទេស​ចិន ជាទី​ដែល​លោក​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ជាច្រើនដង នៅក្នុង​អាណត្តិប្រធានាធិបតី​រយៈពេល ១២ឆ្នាំ លោកស្ហៀរ៉ាក់ ឧស្សាហ៍ ចរចា​សម្រេច​បាន​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សំខាន់ៗ​ជាមួយ​ទីក្រុង​ប៉េកាំង។ នៅក្នុង​ដំណើរទស្សនកិច្ច​មួយលើកៗ​ទៅ ប្រទេស​ចិន លោក​បានជំរុញ ឲ្យ​ការចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ (៤ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០០៤ ជា​កិច្ចសន្យា​មហាសាល បំបែក​ឯតទគ្គកម្ម)។ ដើម្បី​បាន​កិច្ចសន្យា​ពី​ប្រទេស​ចិន អតីតប្រធានាធិបតី​បារាំង ប្រើគ្រប់យុទ្ធសាស្រ្ត​នយោបាយ​ការទូត។ លោកធ្លាប់​បានចេញមុខ​គាំទ្រ​គំនិត ដែល​ទាមទារ​ឲ្យ​សហភាពអឺរ៉ុប​លុបចោល​ទណ្ឌកម្ម ដែល​ហាម​មិន​ឲ្យ​គេ​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​ចិន នៅក្រោយ ការបង្រ្កាប​ដ៏ហិង្សា​នៅទីលាន​ធានអានមេន។ លើសពីនោះ លោក​ស្ហៀរ៉ាក់ តមសំដី មិននិយាយ​រិះគន់​ច្រើន បញ្ហា​រំលោភសិទ្ធិមនុស្ស​នៅប្រទេស​ចិន។

លោកស្ហៀរ៉ាក់ បង្ខិតប្រទេស​បារាំង ឲ្យ​ចូលជិត​ប្រទេស​ចិន ប៉ុន្តែ ក៏មិនភ្លេច​ជប៉ុន ដែល​លោក​សរសើរ កោតស្ញប់ស្ញែងជាពិសេស។ ស្រឡាញ់ ចូលចិត្ត កីឡា Sumo អតីតប្រធានាធិបតី​បារាំង ធ្វើដំណើរ​ជាញឹកញាប់ ក្នុង​លក្ខណៈ​ឯកជន ដើម្បី ទៅមើល​ការប្រកួតកីឡា Sumo នៅទីក្រុង​តូក្យូ។ ការដាក់បញ្ចូលគ្នា​រវាង​ក្រុមហ៊ុន​ផលិតរថយន្ត បារាំង Renault ហើយ​និង​ក្រុមហ៊ុន​នីសាន់​របស់ជប៉ុន សព្វថ្ងៃ ជា​ស្នាដៃ​ប្រឹងប្រែង​មួយ​នៃ​នយោបាយ​ការទូត​របស់​លោក​ស្ហៀរ៉ាក់។

នៅពេល​ចូលនិវត្តន៍ ដកខ្លួន​ចេញពី​នយោបាយ លោកស្ហៀរ៉ាក់ នៅតែ​មិនដកខ្លួន​ពី​ពិភពអាស៊ី។ នៅ​ឆ្នាំ ២០០៦ លោក​ជាស្ថាបនិក បង្កើត​សារមន្ទីរ​ដែល​មាន​ឈ្មោះ​របស់លោក​ផងដែរ​គឺ Quai Branly Jacques Chirac ជាទី​ដែល​មាន​តាំង​វត្ថុ​បុរាណ ស្នាដៃ​វប្បធម៌ មកពី​អាហ្វ្រិក ដើមបូព៌ា និង​អាស៊ី​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ