អានតួអត្ថបទ
ហុងកុង

Amnesty International រិះគន់លើការប្រើកម្លាំងហួសហេតុរបស់ប៉ូលិសហុងកុងទៅលើបាតុករ

នៅ​ថ្ងៃ​សុក្រ ទី២០ កញ្ញា អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានការណ៍​នៅ​ហុងកុង។ របាយការណ៍​បាន​រិះគន់​ចាស់ដៃ​លើ​ប៉ូលិស​ហុងកុង​ដែល​បាន​ប្រើ​កម្លាំង និង​វិធានការ​ហួសហេតុ​បង្រ្កាប​លើ​ហ្វូង​បាតុករ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង។ Amnesty International បាន​បរិហារ​លើ​យុទ្ធសាស្រ្ត​មិន​ទំនង និង​ខុស​ច្បាប់​របស់​ប៉ូលិស​ហុងកុង​ដែល​អាច​ជា​ករណី​ធ្វើ​ទារុណកម្ម។ គួរ​រម្លឹក​ថា អស់​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ដែល​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ធ្វើ​បាតុកម្ម​ទាមទារ​សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ។ តែ​ជា​ទូទៅ ក្បួនបាតុកម្ម​បាន​រង​ការ​វាយបង្រ្កាប​យ៉ាង​ហិង្សា​ពី​កម្លាំង​ប៉ូលិស។

Amnesty International រិះគន់លើការប្រើកម្លាំងហួសហេតុរបស់ប៉ូលិសហុងកុងទៅលើបាតុករ
Amnesty International រិះគន់លើការប្រើកម្លាំងហួសហេតុរបស់ប៉ូលិសហុងកុងទៅលើបាតុករ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់ Amnesty International បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ចម្លើយ​សាកសួរ​ជាមួយ​បាតុករ​ប្រមាណ​ជា ២០នាក់​ដែល​អ្នក​ខ្លះ​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ក្រោយ​ការ​ឃាត់​ខ្លួន។ Amnesty International បាន​បញ្ជាក់​ច្បាស់ៗ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ប៉ូលិស​ហុងកុង​បាន​ប្រើ​កម្លាំង និង​វិធានការ​លើក​កម្រិត​ដែល​មាន​ចែង​ក្នុង​ច្បាប់​ហុងកុង ឬ​ច្បាប់​អន្តរជាតិ។ « នៅ​ក្នុង​វិធានការ​បង្ការ​នឹង​ការ​សងសឹក​វិញ កម្លាំង​សន្តិសុខ​ហុងកុង​មិន​ញញើត​នឹង​ប្រើ​យុទ្ធសាស្រ្ត​មិន​ទំនង និង​ខុស​ច្បាប់​ប្រឆាំង​នឹង​ពលរដ្ឋ​ក្នុង​ពេល​បាតុកម្ម » នេះ​ជា​ការ​ថ្លែង​របស់​នាយក Amnesty International ប្រចាំ​អាស៊ីខាងកើត​លោក​នីកូឡា ប៊ីកឺលីន។

តាម​លោក​នីកូឡា ប៊ីកឺលីន យុទ្ធសាស្រ្ត​មិន​ទំនង និង​ខុស​ច្បាប់​មាន​រាប់​បញ្ចូល​ទាំង​ការ​ចាប់​ខ្លួន​តាម​អំពើចិត្ត និង​ការ​ប្រើ​ហិង្សា​ប្រឆាំង​លើ​អ្នក​ឃាត់ខ្លួន​ដែល​ជា​រូបភាព​ធ្វើ​ទារុណកម្ម។ Amnesty International បាន​យល់​ស្រប​តាម​ការ​ទាមទារ​របស់​ក្រុម​បាតុករ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ស្តីពី​ឥរិយាបទ​របស់​ប៉ូលិស​ហុងកុង។ តែ​សំណើ​មួយ​នេះ​ត្រូវ​បាន​រដ្ឋអំណាច​ហុងកុង​បដិសេធ។ ដោយឡែក ប៉ូលិស​ហុងកុង​បាន​ឆ្លើយ​តប​ភ្លាមៗ​ដោយ​ច្រាន​ចោល​របាយការណ៍​របស់ Amnesty International និង​បញ្ជាក់​ថា ប៉ូលិស​ហុងកុង​តែង​មាន​ការ​ថ្លឹងថ្លែង និង​អត់ធ្មត់​នៅ​ក្នុង​ការ​ប្រើ​កម្លាំង​របស់​ខ្លួន។ គួរ​រម្លឹក​ថា តាំង​ពី​ខែ​មិថុនា​ដែល​ក្រុម​បាតុករ​អ្នក​ប្រជាធិបតេយ្យ​ហុងកុង​បាន​ផ្តើម​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​របស់​លោកស្រី​ការី ឡាំ​ដែល​គ្រោង​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិនដីគោក។

តែ​ឥឡូវ​នេះ និង​ក្រោយ​ពី​លោកស្រី​ការី ឡាំ​បាន​ប្រកាស​ដក​សេចក្តីព្រាងច្បាប់​នោះ​ចេញ​វិញ​មក បាតុករ​ហុងកុង​បាន​បន្ត​ទាមទារ​នូវ​លក្ខខណ្ឌ​ចំនួន ៤ ទៀត​រួម​មាន បើក​ការ​ស៊ើបអង្កេត​ស្តីពី​ឥរិយាបទ​របស់​កម្លាំង​ប៉ូលិស លើកលែង​ទោស​ដល់​បាតុករ​ដែល​បាន​ចាប់​ខ្លួន បញ្ឈប់​ការ​ហៅ​បាតុករ​ថា​ជា​កុប្បករ ឬ​អ្នក​បះបោរ និង​បង្កើត​ប្រព័ន្ធ​បោះឆ្នោត​សកល​សម្រាប់​ជ្រើសរើស​ប្រមុខដឹកនាំ​ហុងកុង។ គេ​បាន​សង្កេត​ឃើញ​ថា​ជា​រួម​ថា ក្បួនបាតុកម្ម​បាន​បង្កប់​ដោយ​អំពើហិង្សា​យ៉ាង​ខ្លាំង​ក្លា​រវាង​កម្លាំង​ប៉ូលិស និង​បាតុករ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ