ឥណ្ឌូណេស៊ី៖លោកវីដូដូស្នើឲ្យពិនិត្យឡើងវិញលើសេចក្តីព្រាងច្បាប់ដែលពិន័យអ្នកមានទំនាក់ទំនងផ្លូវភេទក្រៅអាពាហ៍ពិពាហ៍
នៅក្នុងប្រទេសឥណ្ឌូណេស៊ី លោកប្រធានាធិបតីវីដូដូបានអំពាវនាវនាថ្ងៃសុក្រ ទី២០ កញ្ញាឲ្យពិនិត្យមើលឡើងវិញលើសេចក្តីព្រាងច្បាប់មួយស្តីពីទំនាក់ទំនងផ្លូវភេទ។ សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់មួយនេះមានគោលដៅពិន័យដាក់គុកចំពោះអ្នកដែលមានទំនាក់ទំនងផ្លូវភេទក្រៅអាពាហ៍ពិពាហ៍ ឬអ្នកដែលមានភេទដូចគ្នា។ សំណើសុំឲ្យពិនិត្យមើលឡើងវិញ និងសុំសភាលើកពេលបោះឆ្នោតក៏ដោយសារតែមានការប្រឆាំងយ៉ាងខ្លាំងក្លា ពិសេសពីក្រុមសិស្ស និស្សិត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣២
អ្វីដែលរដ្ឋាភិបាលទីក្រុងហ្សាការតាចង់បានតាមរយៈសេចក្តីព្រាងច្បាប់មួយនេះ គឺពិន័យលើក្រុមមនុស្សដែលរៀបការរួចហើយ តែបែរជាទៅលួចលាក់មានទំនាក់ទំនងផ្លូវភេទនៅក្រៅដែលភាសាសាមញ្ញហៅថា ជាការផិតក្បត់។ បន្ទាប់មក សេចក្តីព្រាងច្បាប់ដដែលក៏ពិន័យចំពោះទំនាក់ទំនងផ្លូវភេទរវាងមនុស្សមានភេទដូចគ្នាដែរ។ មាត្រាថ្មីនៃក្រមព្រហ្មទណ្ឌបានចែងពីការហាមការរួមភេទក្រៅអាពាហ៍ពិពាហ៍ ឬផិតក្បត់ និងការរួមភេទរវាងមនុស្សមានភេទដូចគ្នាដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ១ឆ្នាំ និងការពិន័យជាប្រាក់។
តែបញ្ហានៅត្រង់ថា សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់មួយនេះបានទទួលការប្រឆាំងយ៉ាងខ្លាំងក្លា ពិសេសពីសំណាក់សិស្ស និស្សិត។ គឺនៅក្នុងន័យនេះហើយបានជាប្រធានាធិបតីឥណ្ឌូណេស៊ីលោកវីដូដូដែលទើបជាប់ឆ្នោតសម្រាប់អាណត្តិទី២ បានស្នើសភាឲ្យពិនិត្យមើលឡើងវិញ និងលើកពេលបោះឆ្នោតលើសេចក្តីព្រាងច្បាប់មួយនេះនៅសម័យប្រជុំសភាលើកក្រោយវិញ។ ការសម្រេចរបស់លោកវីដូដូបានធ្វើឡើង បន្ទាប់ពីលោកបានជួបជជែក ពិភាក្សាជាមួយក្រុមជាច្រើនដែលមានការយល់ទាស់លើចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់នោះ។
គួររម្លឹកថា ការសើរើពិនិត្យមើលឡើងវិញនូវក្រមព្រហ្មទណ្ឌឥណ្ឌូណេស៊ីដែលមានតាំងពីសម័យអាណានិគមហូឡង់បានចាប់ផ្តើមតាំងពីទសវត្សកន្លងមក។ គឺក្រុមអ្នកកាន់សាសនាអ៊ីស្លាមអភិរក្សនិយមដែលប្រឹងប្រែងចង់ឲ្យមានការបន្តឹងក្រមព្រហ្មទណ្ឌស្តីពីសីលធម៌ផ្លូវភេទ។ ទង្វើរបស់ក្រុមអ្នកកាន់សាសនាអ៊ីស្លាមអភិរក្សនិយមរបៀបនេះបានទទួលរងការរិះគន់ ទិតៀនចាស់ដៃពីក្រុមអ្នកការពារសិទ្ធិមនុស្ស និងពីពលរដ្ឋឥណ្ឌូណេស៊ីភាគច្រើន។ ញត្តិមួយប្រឆាំងនឹងសេចក្តីព្រាងច្បាប់មួយនេះប្រមូលបានហត្ថលេខីជាងកន្លះលាន។ « គឺជារឿងឆ្កួត បើមានការបោះឆ្នោតលើសេចក្តីព្រាងច្បាប់នេះ។ តើឥណ្ឌូណេស៊ីក្លាយជាប្រទេសស្អីទៅ » នេះជាប្រតិកម្មរបស់ផលិតករឥណ្ឌូណេស៊ីម្នាក់នៅលើបណ្តាញសង្គម Twitter របស់លោក។
អ្វីជាការកត់សម្គាល់ ឥណ្ឌូណេស៊ីសព្វថ្ងៃក្រោមឥទ្ធិពលរបស់ចលនាអ៊ីស្លាមបែបប្រពៃណីមិនដូចឥណ្ឌូណេស៊ីពីមុនដែលធ្លាប់ជាប្រទេសមានការអត់ឱន យោគយល់រវាងសាសនា និងវប្បធម៌ខុសគ្នាទេ។ គេនៅមិនដឹងថា តើសេចក្តីព្រាងច្បាប់នោះនឹងត្រូវសភាបោះឆ្នោតពេលណាទេ។ តែរដ្ឋាភិបាលអូស្តា្រលីបានព្រមានប្រាប់ដល់ជនជាតិខ្លួនដែលធ្វើដំណើរទៅឥណ្ឌូណេស៊ីឲ្យមានការប្រយ័ត្នប្រយែង ពិសេសអ្នកទេសចរដែលនៅលីវ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ