rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អ្នកវិទ្យាសាស្រ្ត​រកឃើញ​វិធីសាស្រ្ត​ថ្មីដើម្បីទប់ស្កាត់កុំឲ្យ ​មូសខ្លា​អាច​ចម្លង​មេរោគគ្រុនឈាម

ដោយ ឈាង បុប្ផា

នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ជម្ងឺគ្រុនឈាម កំពុង​រាតត្បាត សម្លាប់​មនុស្ស​រាប់រយ​នាក់ នៅ​ប្រទេស​ហ្វីលីពីន និងកំពុង​ធ្វើ​ឲ្យអ្នកជម្ងឺ​កកកុញ នៅ​តាម​មន្ទីរពេទ្យ ក្នុង​ប្រទេស​វៀតណាម ភូមា ម៉ាឡេស៊ី​និង​កម្ពុជា ជាដើម។ អាកាសធាតុ​ក្តៅខ្លាំង នៅឆ្នាំនេះ រួមផ្សំ​នឹងការធ្លាក់ចុះ​ខ្សោយ នៃ​ភាពបន្សាំ ក្នុងខ្លួន​មនុស្ស ជា​កត្តា​អំណោយផល សំខាន់​ធំពីរ សម្រាប់ ការរីករាលត្បាត​សត្វមូស ខ្លា ដែល​ជា​ប្រភព​ចម្លង​មេរោគគ្រុនឈាម។ នៅក្នុង​កាលៈទេសៈ នេះ អ្នកវិទ្យាសាស្រ្ត កំពុង​ពិសោធន៍​រក វិធីសាស្រ្ត​ថ្មី​ដើម្បី​កម្ចាត់​ប្រភពចម្លងមេរោគគ្រុនឈាម។

 

វិធីសាស្រ្ត​ថ្មី​ដែល​អ្នកវិទ្យាសាស្រ្ត​កំពុង​ពិសោធន៍សាកល្បង​នោះ គឺ​ការចាក់ប្រភេទ​បាក់តេរី ម្យ៉ាង​ឈ្មោះ Wolbachia ទៅក្នុង​ខ្លួន​សត្វមូសខ្លា ដែល​គេ​កំពុង​ចិញ្ចឹម នៅក្នុង​មន្ទីរពិសោធន៍។

បន្ទាប់​មក គេ​បញ្ចេញ លែង សត្វមូស​ខ្លា ទាំងញី ទាំងឈ្មោះ ដែល​មាន​បាក់តេរី Wolbachia នៅក្នុង​ខ្លួន​រួចហើយនោះ ទៅក្នុង​ធម្មជាតិ។ ប៉ុន្មាន​សប្តាហ៍ក្រោយមក កូនៗមូសខ្លា ដែល​មាន​ឆ្លង​បាក់តេរី Wolbachia នៅក្នុង​ខ្លួន គឺ មាន​សមត្ថភាព តិចណាស់ ដើម្បី អាច​ក្លាយ​ជាប្រភព ចម្លងមេរោគ​គ្រុនឈាម ទៅមនុស្ស។

តាម​កម្មវិធី​ពិភពលោក​ដើម្បី ប្រយុទ្ធប្រឆាំង សត្វមូស ដែល​ជាដឹកនាំ​ការសិក្សា​សាកល្បង​​លើកនេះ បាក់តេរី Wolbachia​នេះ មិនត្រឹម​តែ​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​សត្វមូស​អាច​ចម្លង​មេរោគ​គ្រុនឈាម ទៅ​មនុស្ស​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​នឹង​ជួយ​ផង មិន​ឲ្យ​សត្វមូសខ្លា អាច​ចម្លង​វីរុសហ្ស៊ីកា ដែល​ផ្ទុះខ្លាំង​នៅប្រទេស​ប្រេស៊ីល ​មេរោគ​Chikungunya ហើយ​និង​មេរោគ​Fièvre jaune ទៀតផង។

ការប៉ាន់ស្មាន​ចុងក្រោយ​របស់​អង្គការ​សុខភាពពិភពលោក បាន​​បង្ហាញ​ថា មាន​ករណី​គ្រុន​ឈាម​ប្រមាណ​៣៩០​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ នៅ​លើ​ពិភពលោក។ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ជម្ងឺគ្រុនឈាម បាន​សម្លាប់​មនុស្ស​ច្រើនជាង ១៨០០នាក់ និង​ចម្លងមនុស្ស​យ៉ាងតិច ៦សែននាក់

បាក់តេរី ដែល​គ្មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស

អ្នកវិទ្យាសាស្រ្ត​បាន​រកឃើញ​បាក់តេរី wolbachia ដំបូង​បំផុត នៅឆ្នាំ ១៩២០ នៅក្នុង​ខ្លួន​សត្វមូស ដែល​រស់នៅក្នុង​ប្រព័ន្ធ​បង្ហូរទឹក​ក្រោមដី​មួយ នៅ​សកលវិទ្យាល័យ​អាមេរិកាំង Harvard University school of public health។

គេ​បាន​រកឃើញថា នៅក្នុង​ធម្មជាតិ សត្វល្អិត ប្រមាណ​៦០% ដូចជា កន្ទុំរុយ រុយផ្លែឈើ ឬ​មេអំបៅ​រាត្រី មាន​បាក់តេរី wolbachia។ រហូត​ដល់​ឆ្នាំ ១៩៧០ ទើប​អ្នកវិទ្យាសាស្រ្ត​សិក្សា ឃើញថា តាមពិត គេ​អាច​ប្រើ​បាក់តេរី wolbachia ដើម្បី សម្លាប់​កម្ចាត់​សត្វសង្កើច។

សម្រាប់​អ្នកវិទ្យាសាស្រ្ត​របស់​កម្មវិធី ពិភពលោក​ដើម្បី​ប្រយុទ្ធប្រឆាំង​សត្វមូស បាក់តេរី wolbachia ដែល​គេ​ប្រើ​ចាក់បញ្ចូល​ក្នុង​មូសខ្លា គ្មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​នោះទេ។

កន្លងមក គេ​បាន​ប្រើ​វិធីសាស្រ្ត​ជា​ច្រើន ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ការចម្លង​មេរោគគ្រុនឈាម ដូចជា​ការប្រើ​បាញ់ ថ្នាំមូស ថ្នាំ គីមី ដើម្បី​សម្លាប់​សត្វមូស ជាដើម ប៉ុន្តែ សម្រាប់​អ្នកស្រាវជ្រាវ​របស់​កម្មវិធី​ពិភពលោក ប្រយុទ្ធប្រឆាំង​សត្វមូស វិធី​នេះ មិន​សូវ​មាន​ប្រសិទ្ធិភាព​ច្រើននោះទេ ប៉ុន្តែ ផ្ទុយទៅវិញ វាបាន​សម្លាប់​សត្វល្អិត​ផ្សេងទៀត ដែល​តាមពិត​ដើរតួសំខាន់នៅក្នុង​ប្រព័ន្ធ ជីវចម្រុះ។

មួយវិញទៀត គេ​វាយតម្លៃថា ថ្នាំគីមី លែង​សូវ​មាន​ប្រសិទ្ធិភាព សម្លាប់​មូសខ្លា ព្រោះ​មូសខ្លា​ចេះតែ​វិវត្តខ្លួន រហូត​ដើម្បី​ស៊ាំ​នឹង​ថ្នាំមូស។ ថ្នាំមូស​អាច​មាន​ប្រសិទ្ធិភាព​សម្រាប់​រយៈពេល​ខ្លី ព្រោះ​វាអាច​ធ្វើ​ឲ្យ​សត្វមូស ស្ងាត់បាត់​តែប៉ុន្មាន​ថ្ងៃ ប៉ុន្តែ ក៏អាច​ត្រលប់​មក​ខាំ​មនុស្ស​សាជាថ្មី នៅពេលគ្មានការប្រុងប្រយ័ត្ន។

សម្រាប់​អ្នកវិទ្យាសាស្រ្ត នៅពេល​ថ្នាំគីមី លែង​សូវ​មាន​ប្រសិទ្ធិភាព​លើ​សត្វមូស ហើយ​ថែម​ទាំងសម្លាប់​សត្វល្អិត ដែល​មានប្រយោជន៍​សម្រាប់​ធម្មជាតិ​ទៅវិញ យ៉ាងដូច្នេះ ការប្រើ​បាក់តេរី គឺ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិភាព ដើម្បី​កម្ចាត់​សត្វមូស ដែល​ជា​ប្រភព​ចម្លងមេរោគ​គ្រុនឈាម ដល់មនុស្ស ជិត ១០០​លាននាក់ នៅក្នុង​ពិភពលោក ជារៀងរាល់ឆ្នាំ។ នៅ​ម៉ាឡេស៊ី និង​សិង្ហបុរី​ជាដើម គេកំពុង​ពិសោធន៍ ប្រើ​បាក់តេរី ក្នុង​ក្របខ័ណ្ឌ ផ្សេង ដើម្បី​កាត់បន្ថយ ចំនួន​សត្វមូសខ្លា ប្រភព​ចម្លងមេរោគ​គ្រុនឈាម។

មូសខ្លា ឈ្មោល ដែល​មាន​បាក់តេរី wolbachia ដែល​គេ​លែង​ទៅក្នុង​ធម្មជាតិ នឹង​មិន​អាច​ទៅ​ចូលរួម​បង្កកំណើត ជាពងមូស ជាមួយ នឹង​មូសខ្លា​ញីនោះទេ។

អ្នកវិទ្យាសាស្រ្ត​បាន​ប្រឹងប្រែង​រកវិធីសាស្រ្ត មធ្យោបាយ​ជាច្រើន​ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ការចម្លងមេរោគ​គ្រុនឈាម ដូចជា​ប្រើថ្នាំ គីមី ដើម្បី​បំបាត់​សត្វមូស ឬ​តាមរយៈ​ប្រើ​បាក់តេរីដើម្បី​ធ្វើ​ឲ្យ​មូស មិនអាច​ពង កើត​ជាកូនចៅ តទៅទៀតបាន។ ប៉ុន្តែ សម្រាប់​អ្នកវិទ្យាសាស្រ្ត របស់​កម្មវិធី​ប្រយុទ្ធប្រឆាំង​សត្វមូស គោលដៅ របស់​កម្មវិធីវិញ គឺ​មិនមែន​លុបបំបាត់​សត្វមូស ឲ្យ​អស់​ពីផែនដី​នោះទេ។ គោលដៅ សំខាន់​គឺ​រកមធ្យោបាយ ដែល​អាច​រារាំង​កុំ​ឲ្យ​សត្វមូស​អាច​ចម្លងមេរោគ​គ្រុនឈាមទៅមនុស្ស។

នៅភាគខាងជើង​ប្រទេស​អូស្ត្រាលី ជាទី​ដែល​គេ​បាន​សាកល្បង​កម្មវិធី​នេះមុនគេ វិធីសាស្រ្ត​ចាក់បញ្ចូល​បាក់តេរី ទៅក្នុង​ខ្លួនសត្វមូស មាន​ប្រសិទ្ធិភាព កាត់បន្ថយ​ការចម្លង​មេរោគ គ្រុនឈាម ទៅ​មនុស្ស ដល់​ទៅ ៩៨ភាគរយ។ កម្មវិធី​នេះ​កំពុង​ត្រូវ​គេ​សាកល្បង​នៅក្នុង​ប្រទេស​ចំនួន ៩ផ្សេងទៀត ដូចជា​វៀតណាម​ជាដើម ជាទី ករណី​ឆ្លង មេរោគ​គ្រុនឈាម បាន​ថយចុះ ៨៦ភាគរយ នៅ​ខេត្ត វិញលុង ចាប់តាំង​ពី​គេ​អនុវត្ត​វិធីសាស្រ្ត ចាក់បាក់តេរី wolbachia​ទៅក្នុង​ក្នុងខ្លួន មូសខ្លា កាលពី​ឆ្នាំមុន។

អ្នកតំណាង​កម្មវិធី​ពិភពលោក​ដើម្បីប្រយុទ្ធប្រឆាំង នឹង​សត្វមូស នៅ​ប្រទេសវៀតណាម ដែល​ជា​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​លើកឡើង​ពី​ប្រសិទ្ធិភាព​នៃ​វិធីសាស្រ្ត​ប្រើ​បាក់តេរី wolbachiaដើម្បី ទប់ស្កាត់​ការចម្លងមេរោគ គ្រុនឈាម នៅ​វៀតណាម។ គេ​សង្ឃឹម​លទ្ធផល​ជា​វិជ្ជមាន​មួយទៀត នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ប៉ុន្តែ សម្រាប់​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក គេទាមទារ​ឲ្យ​មាន​ការពិសោធន៍ នៅក្នុង​រយៈពេល​យូរ​តទៅទៀត និង​ក្នុង​ទ្រង់ទ្រាយ​ធំ ដើម្បី ប្រាកដ​ឲ្យ​ច្បាស់​ក្នុង​ចិត្ត​ថា វិធីសាស្រ្ត ចាក់​បាក់តេរី ទៅក្នុង​ខ្លួន​សត្វមូស ពិត​ជា​មាន​ប្រសិទ្ធិភាព​មែន ដើម្បី កាត់បន្ថយ​ការចម្លង​មេរោគ​គ្រុនឈាម៕

 

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

បារាំង​ងាក​ទៅ​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ

ហេតុអ្វី​ពួកឧទ្ទាម​កូឡុំប៊ី ត្រលប់​ទៅ​កាន់អាវុធ ប្រឆាំង រដ្ឋាភិបាល?

Ticad៖ ជប៉ុនសង្ឃឹមវិនិយោគនៅអាហ្វ្រិក ប្រកប​ដោយ“គុណភាព” ខុសពីចិន

ហេតុអ្វីបានជាប្រាក់យ័នចិនបន្តធ្លាក់ថ្លៃប្រឈមនឹងប្រាក់ដុល្លារអាមេរិក?

ហេតុអ្វី​បាន​ជា​ប្រេស៊ីល មិនទទួលជំនួយ​បន្ទាន់ពី​ប្រទេស​G ៧ ?

G៧៖ បញ្ហានុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​សង្គ្រាម​ពាណិជ្ជកម្ម នៅតែជា​សំណុំ​រឿង​ក្តៅ សម្រាប់​ថ្ងៃចុងក្រោយ

វេទិកាកំពូលG7 បើកទ្វារ​ជាមួយ​នឹង​ភ្លើង​ឆេះព្រៃ​នៅ​អាម៉ាហ្សូន និង​ភ្លើង​ជម្លោះ​ពាណិជ្ជកម្ម

ប្រេស៊ីល៖លោកបុលសូណារ៉ូកំពុងរងការរិះគន់ពីគ្រប់មជ្ឈដ្ឋានក្នុងរឿងឆេះព្រៃអាម៉ាហ្សូន