អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃ​សៅរ៍​ទី ៧ កញ្ញា បាន​ប្រកាស​បញ្ឈប់ ការចរចា​សន្តិភាព​ជាមួយ​ក្រុមឧទ្ទាម​តាលីបង់។ តាមរយៈ​សារTwitter លោកដូណាល់ ត្រាំ បាន​ទម្លាយ​ព័ត៌មាន​ដ៏គួរ​ឲ្យភ្ញាក់ផ្អើល​មួយ នោះ គឺ​លោក​បាន​សម្រេច​ផងដែរ លុបចោល​ទៅ​វិញ ជំនួប​សម្ងាត់ ជាមួយ​មេដឹកនាំ​តាលីបង់ ដែល​ត្រូវ​ប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី ៨​កញ្ញា នៅ​Camp David ក្នុង​រដ្ឋម៉ារីលែន។ 

ប្រធានាធិបតី​អាមេរិក លោកដូណាល់​ត្រាំ នៅសេតវិមានថ្ងៃទី ៥កញ្ញា ២០១៩
ប្រធានាធិបតី​អាមេរិក លោកដូណាល់​ត្រាំ នៅសេតវិមានថ្ងៃទី ៥កញ្ញា ២០១៩ © REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ បាន​សម្រេច​លុបចោល ការចរចា សន្តិភាព​ជាមួយ​ក្រុមតាលីបង់ ដែល​រដ្ឋបាល​របស់​លោក​បាន​ផ្តួចផ្តើម ជិត​១ឆ្នាំមកនេះ។ មាន​ចំណុច​សំខាន់​ពីរ ដែលលោក​ដូណាល់ ត្រាំ បាន​ប្រកាស នៅ​ក្នុង​សារTwitter​របស់លោក នៅ​ថ្ងៃសៅរ៍​ម្សិលមិញ។ ទី១ គឺ​លោក​បានសម្រេច ឲ្យ​គេ​ឈប់ចរចា ដើម្បី ស្វែងរក​កិច្ចព្រមព្រៀង សន្តិភាព ជាមួយ​ពួកតាលីបង់។ ចំណែក​ទី២ គឺ​លោក​បាន​បញ្ជា​ឲ្យ​គេ​លុបចោល​ទៅវិញ ជំនួប​សម្ងាត់ របស់​លោក​ជាមួយ​មេក្រុមតាលីបង់ ដែល​ត្រូវ​រៀបចំ​ធ្វើ នៅ​ថ្ងៃ​អាទិត្យនេះ នៅ​Camp David។ តាម​លោកដូណាល់ ត្រាំ នៅ​ពេល​មេដឹកនាំ​តាលីបង់ និង​ប្រមុខរដ្ឋាភិបាល​អាហ្វហា្កនីស្ថាន​កំពុង​រៀបចំ​ខ្លួន ធ្វើដំណើរ​មក​ទឹកដី​អាមេរិក ដើម្បីជួប ​លោក នៅ​Camp David លោក​បាន​សម្រេច​លុបចោល​ទៅវិញ ជំនួបសម្ងាត់នោះ​ទៅវិញ។

តាម​ម្ចាស់សេតវិមាន ហេតុផល​ដែល​ធ្វើឲ្យ​លោក​សម្រេចចិត្ត​នៅ​នាទី​ចុងក្រោយ​យ៉ាងដូច្នេះ គឺ​ការវាយប្រហារ​ភេរវកម្ម នៅទីក្រុង​កាប៊ូល កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ពួកតាលីបង់ បាន​ចេញ​មុខ ទទួល​ខុសត្រូវ និង​ដែល​បាន​សម្លាប់​ទាហាន​អាមេរិកាំង​១រូប​ផងដែរ។ គិត​ចាប់តាំង​ពីដើមឆ្នាំនេះ មាន​ទាហាន​អាមេរិកាំង ១៦នាក់ ដែលស្លាប់​នៅក្នុង​ការវាយប្រហារ​ភេរវកម្ម​របស់​ពួកតាលីបង់ ឬ​ពួកជីហាតអង្គការ​រដ្ឋអ៊ីស្លាម​នៅអាហ្វហ្កានីស្ថាន។

ដើម្បី ដាក់សម្ពាធ បង្កើន​ទម្ងន់ របស់​ខ្លួន ក្នុង​ពេល​ចរចា​ជាមួយ​អាមេរិក ពួកតាលីបង់​បាន​ជ្រើសរើស​វិធីសាស្រ្ត​វាយប្រហារ​ភេរវកម្ម នៅទីក្រុង​កាប៊ូល។ នៅក្នុង​សារTwitter កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​ពួកតាលីបង់​បាន​កោតសរសើរ​វីរភាព​របស់ភេរវជន​អត្តឃាត​ដែលបាន​សម្លាប់​ជនឈ្លានពាន​បរទេស។

តាម​ប្រធានាធិបតី​អាមេរិក ជាមួយ​វិធីសាស្រ្ត​បែបនេះ ក្រុមតាលីបង់​ត្រូវ​បរាជ័យ ទាំងស្រុង ព្រោះវារឹត​តែ​ធ្វើ​ឲ្យ​ស្ថានភាព​ចរចា កាន់តែ​ធ្លាក់ចុះ​អាក្រក់។

សម្រាប់​លោក​ដូណាល់ ត្រាំ បើសិន​ពួក​តាលីបង់ គ្មានសមត្ថភាព រៀបចំ បទឈប់បាញ់ នៅក្នុង​ពេល​ចរចា​សន្តិភាព​ជាមួយអាមេរិក ហើយ​ផ្ទុយទៅវិញ ប្រព្រឹត្ត​ហិង្សា វាយប្រហារ​ភេរវកម្ម​សំលាប់​ប្រជាជន​ស៊ីវិល និង​ទាហាន​អាមេរិកាំង នោះ មានន័យ ពួកតាលីបង់ គ្មាន​មធ្យោបាយ​ដើម្បី ចរចា​ឲ្យ​បាន​កិច្ចព្រមព្រៀង សំខាន់​ណាមួយ​នោះទេ។

កិច្ច​ចរចា​សន្តិភាព​ជាមួយ​ពួកតាលីបង់​បាន​បង្ហាញ​ពន្លឺច្រើន ព្រោះ​ថា នៅ​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍នេះ ប្រេសិត​អាមេរិក លោក​Zalmay Khalilzad ដែល​ទទួល​បន្ទុក​ការចរចា ជាមួយពួកតាលីបង់ ​បាន​និយាយថា គេ​រកបាន​កិច្ចព្រមព្រៀង​ជា​គោលការណ៍​មួយ​ជាមួយ​ក្រុមតាលីបង់ និង​បាន​បង្ហាញ​កិច្ចព្រមព្រៀង​នេះដល់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន នៅ​ថ្ងៃចន្ទ ទី ២​កញ្ញា។ តាម​អ្នកតំណាងអាមេរិក លោកដូណាល់ ត្រាំ នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង នៅថ្ងៃ​ខាងមុខ។ ការណ៍នេះ​ធ្វើ​ឲ្យ​គេ​សង្ឃឹមថា កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួកតាលីបង់ នឹង​អាច​លេចរូបរាង នាពេល​ឆាប់ៗ​ខាង​មុខ។

ការប្រឹងប្រែង ចរចា សន្តិភាព​ជាមួយ​ពួកតាលីបង់ ដែល​អាមេរិក​បានខ្នះខ្នែង​ មួយឆ្នាំ មកនេះ នឹង​ត្រូវ​ចប់​ត្រឹមនេះ ដោយ​ឥតន័យ ឬ​យ៉ាងណា?

គេ​មិនដឹងថា តើ​ទៅថ្ងៃមុខ នឹង​មាន​ការវិវត្តន៍​ប៉ុណ្ណានោះ នៅពេល​ដែល​ប្រធានាធិបតី​អាមេរិក ប្រកាស​ឲ្យ​គេ​ឈប់​ចរចាយ៉ាងដូច្នេះ រាល់​ការចរចា​ដើម្បី​សន្តិភាព ជាមួយ​ពួកតាលីបង់​ក៏ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ដែរ។

ប៉ុន្តែ បើមើលទៅលើ​ឥរិយាបថ នយោបាយ​ចរចា​កន្លង របស់​លោកដូណាល់ ត្រាំ ការចរចា​ជាមួយ​ពួកតាលីបង់ គ្រាន់​ត្រូវ​ផ្អាក​មួយរយៈ សិនប៉ុណ្ណោះ។ លោក​ដូណាល់ ត្រាំ ធ្លាប់​បាន ដើរចេញ មិន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ជាមួយ​លោក​គីម ជុងអ៊ុន កាលពី​ខែ​កុម្ភៈ នៅ​ទីក្រុង​ហាណូយ។ ប៉ុន្តែ លោក​ដូណាល់ ត្រាំ​នៅតែ​បង្ហាញ​ចេតនា​ចង់​ចរចា​ជាមួយ លោកគីម ជុងអ៊ុន។ លោកដូណាល់ ត្រាំ​នឹង​អាច​ដូច្នេះទៀត ជាមួយ​ពួកតាលីបង់ ដើម្បី សម្រេច​គោលដៅ​នយោបាយ​របស់លោក គឺ ដកកងទ័ព​អាមេរិក​ចេញ​ឲ្យ​អស់​ពី​ប្រទេស​អាហ្វហ្កានីស្ថាន។

លោកដូណាល់ ត្រាំ ដែល​វាយតម្លៃ​ថា អាមេរិក​បាន​ចំណាយ​លុយ​ច្រើនពេក ហើយ​និង​ទាហាន​ច្រើនពេក​នៅក្នុង​សង្រ្គាម​អាហ្វហ្កានីស្ថាន​បាន​សន្យា​ធ្វើ​មាតុភូមិនិវត្តន៍​របស់​កងទ័ពអាមេរិក ឲ្យ​បាន​មុនការបោះឆ្នោត ប្រធានាធិបតី នៅ​ឆ្នាំ ២០២០។ ដើម្បីសម្រេចផែនការ​នេះ លោក​បាន​បញ្ជូន​ប្រេសិត​ឲ្យ​ទៅ​ចរចា ដោយ​សម្ងាត់ជាមួយ​ពួកតាលីបង់។ ដំណឹង​នៅថ្ងៃ​នេះ ធ្វើ​ឲ្យ​គេឃើញទៀត​ថា ដើម្បី​ដកអាមេរិក ចេញពី​សង្រ្គាម​អាហ្វហ្កានីស្ថាន លោកដូណាល់ ត្រាំ បាន​ត្រៀម​ទទួលជួប ​មេដឹកនាំ​តាលីបង់ នៅ​ទឹកដីអាមេរិក ដែល​នេះ ជា​រឿង​មិនធ្លាប់​មានទេ នៅក្នុង​ប្រវត្តិប្រធានាធិបតី​អាមេរិក។ ម្យ៉ាងទៀត វាគ្រោងធ្វើឡើង​នៅ​តែប៉ុន្មាន​ថ្ងៃ មុន​ដែល​អាមេរិក​ត្រូវ​ប្រារព្ធខួប ១៨ឆ្នាំ នៃ​ភេរវកម្ម​វាយប្រហារអគារភ្លោះ នៅទីក្រុង​ញូវយ៉ក ១១​កញ្ញា​ឆ្នាំ​២០០១។ ភេរវកម្ម​របស់​ពួកអាល់កៃដា ទៅលើ​អគារភ្លោះ ដែល​ជា​ដើមហេតុ​ធ្វើ​ឲ្យ​អាមេរិក​បើកសង្រ្គាម​ឈ្លានពាន នៅអាហ្វហ្កានីស្ថាន ដើម្បី​បណ្តេញ​ពី​តាលីបង់​ពី​អំណាច ដោយសារ​តែ​ពួកនេះ លាក់​មេដឹកនាំ​អាល់កៃដា អូសាម៉ា បិនឡាដិន។

រដ្ឋាភិបាល​អាហ្វហ្កានីស្ថានត្រេកអរ​ខ្លាំងជាងគេ

ការដែល​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ត្រេកអរ នៅពេល​លឺ​ថា អាមេរិក​ឈប់​ចរចា​ជាមួយ តាលីបង់ ព្រោះ ថា ទី ១ ប្រធានាធិបតី​អាមេរិក​នឹង​មិន​ចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង ជា​គោលការណ៍ ដែល ប្រេសិត​អាមេរិក​បាន​រកឃើញជាមួយ​ពួកតាលីបង់ នៅដើម​សប្តាហ៍នេះទេ។ រដ្ឋាភិបាល​អាហ្វហ្កានីស្ថានដែល​មិនត្រូវ​បាន​គេ​អញ្ជើញ​ឲ្យចូលរួមក្នុង​តុ​រចរចាសន្តិភាព​ ជាមួយ​ពួកតាលីបង់ មាន​ការបារម្ភ​ខ្លាំង បើសិន លោកដូណាល់ ត្រាំ ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងដែល ភាគីអាហ្វហ្កានីស្ថាន វាយតម្លៃ គ្រោះថ្នាក់ ដល់​សន្តិសុខ​របស់​អាហ្វហ្កានីស្ថាន។ ទៅតាមកិច្ចព្រមព្រៀង អាមេរិក​សុខចិត្ត​ដកកងទ័ព ជាង​៥ពាន់​នាក់ ពីអាហ្វហ្កានីស្ថាន នោះបើទោះបី​ជាមិនទាន់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្តី។ ចំណែក​ពួកតាលីបង់​គ្រាន់តែ​សន្យា ឈប់​វាយប្រហារ​ភេរវកម្ម និង​ឈប់​ផ្តល់ជំរក ដល់​ក្រុមជីហាត ប៉ុន្តែ ក្រុមនេះ មិនអនុវត្ត​បទឈប់បាញ់នោះទេ។

សម្រាប់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន កិច្ចព្រមព្រៀង សន្តិភាព​អាច​ធ្វើ​ទៅបាន លុះណា​តែ​ពួកតាលីបង់ ឈប់ សម្លាប់ប្រជាជន​ស៊ីវិល អាហ្វហ្កានីស្ថាន គោរព​បទឈប់បាញ់ ហើយនិង​ចរចា​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដែល​ពួកតាលីបង់ បដិសេធ មិន​ស្រាល​មិន​ព្រម​ចរចា​ជាមួយ រហូតមក។

អ្នកជំនាញមួយចំនួន បាន​ចោទ​សួរ​ថា ដើម្បី​ដកកងទ័ព​ចេញពី​សង្រ្គាម ដែល​ខ្លួន​សាងឡើង​នៅ​អាហ្វហ្កានីស្ថាន តើ​អាមេរិក សុខចិត្ត​ធ្វើអ្វីគ្រប់យ៉ាង ពោលគឺ​ចង់​បាន​ឲ្យ​ខាង​តែបាន កិច្ចព្រមព្រៀង ជាមួយ​ពួកតាលីបង់​ ទោះបី​ជា​កិច្ចព្រមព្រៀង​នោះ មិន​អាច​ធានា​ឲ្យ​មាន​សន្តិភាព និងបញ្ឈប់ ការវាយប្រហារ​ភេរវកម្ម របស់​ពួកតាលីបង់​ឬ​យ៉ាងណា ?

លោកដូណាល់ ត្រាំ បានលើកឡើង​ថា ដោយសារ​តែ ពួកតាលីបង់​នៅតែ​វាយប្រហារ​ភេរវកម្ម រហូត​សម្លាប់​ទាហាន​អាមេរិក ទើប​លោក​សម្រេច​ចិត្ត​ឈប់​ចរចា នៅពេលនេះ។

ប៉ុន្តែ ទំនងមើលទៅ លោកដូណាល់ ត្រាំ ប្រហែល​ដឹងថា អាមេរិក​កំពុង​តែ​អន់ ចាញ់ប្រៀបខ្លាំង ក្នុង​ពេល​ចរចា​ជាមួយ​ពួកតាលីបង់។ ពួកតាលីបង់ ដែលប្រើ​ដៃមួយ ចរចា​ជាមួយ​អាមេរិក និង​ដៃ​មួយទៀត ដើម្បី​បញ្ជូនមនុស្ស​ឲ្យ​ទៅធ្វើ​ភេរវកម្ម​អត្តឃាត​សម្លាប់ទាហាន​អាមេរិកាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ