rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ថៃ ឡាវ សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រុមអង្គការសិទ្ធិមនុស្ស៖សកម្មជនសិទ្ធិមនុស្សជនជាតិឡាវម្នាក់បានបាត់ខ្លួននៅក្នុងប្រទេសថៃ

media
Logo សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ DR

សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ចលនា​សិទ្ធិមនុស្ស​ឡាវ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី៦ កញ្ញា​ពី​ការ​បាត់ខ្លួន​សកម្មជនសិទ្ធិមនុស្ស​ជនជាតិ​ឡាវ​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ឈ្មោះ​លោក​អុដ សាយ៉ាវុង។ មាន​អាយុ ៣៤ឆ្នាំ លោក​សាយ៉ាវុង​បាន​រត់​គេច​ពី​របបកុម្មុយនិស្ត​ឡាវ​ទៅ​តាំង​លំនៅដ្នាន​នៅ​ក្នុង​ប្រទេស​ថៃ​ក្បែរ​ខាង​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក។ តាម​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ចលនា​សិទ្ធិមនុស្ស​ឡាវ លោក​អុដ សាយ៉ាវុង​បាន​បាត់ខ្លួន​ជិត ២សប្តាហ៍​ដោយ​មិន​ដឹង​មូលហេតុ។ ចំណែក​រដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់​ថា ខ្លួន​មិន​បាន​ដឹង​ពី​ព័ត៌មាន​បាត់ខ្លួន​រូប​សកម្មជនសិទ្ធិមនុស្ស​ជនជាតិ​ឡាវ​នោះ​ទេ។


ដំណឹង​បាត់ខ្លួន​សកម្មជនសិទ្ធិមនុស្ស​ជនជាតិ​ឡាវ​លោក​អុដ សាយ៉ាវុង​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ចលនា​សិទ្ធិមនុស្ស​ឡាវ​ផ្សព្វផ្សាយ​រួម​គ្នា​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ។ សេចក្តីប្រកាសព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា គេ​បាន​ឃើញ​រូប​លោក​សាយ៉ាវុង​ចុង​ក្រោយ​ក្នុង​យប់​ថ្ងៃទី២៦ សីហា​ខណៈ​ដែល​លោក​បាន​ចេញ​ពី​ផ្ទះ​ក្នុង​ទីក្រុង​បាងកក​ទៅ​ជួប​មិត្ត​រួម​ការងារ​ចំនួន​ពីរ​នាក់​ទៀត​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ដែល​លោក​ធ្វើ​ការងារ​ជា​ចុង​ភៅ។ តែ​គេ​មិន​បាន​ឃើញ​លោក​សាយ៉ាវុង​ដាក់​ជើង​ជាន់​ភោជនីយដ្ឋាន​មួយ​នេះ​ទេ​តាំង​ពី​ថ្ងៃ​នោះ​មក។

មាន​អាយុ ៣៤ឆ្នាំ លោក​សាយ៉ាវុង​បាន​រត់​គេច​ពី​របបកុម្មុយនិស្ត​ឡាវ​ទៅ​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ​ក្បែរ​ខាង​តាំង​ពី​ច្រើន​ឆ្នាំ​កន្លង​មក។ ក្នុង​ឆ្នាំ ២០១៧ លោក​សាយ៉ាវុង​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន។ តែ​ដោយ​ថៃ​មិន​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ជនភៀសខ្លួន លោក​សាយ៉ាវុង​រង់ចាំ​ការ​បញ្ជូន​ទៅ​កាន់​ប្រទេស​ទី៣។ ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​ថៃ​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​អះអាង​ថា ខ្លួន​មិន​ដឹង​រឿង​ការ​បាត់ខ្លួន​លោក​សាយ៉ាវុង​ទេ និង​ថា ថៃ​ក៏​គ្មាន​នយោបាយ​ដើម្បី​កំចាត់​ជនភៀសខ្លួន​នយោបាយ​មក​ពី​ប្រទេស​ផ្សេង​ដែរ។

យ៉ាង​ណា​ក៏​ដោយ អនុប្រធាន​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ​លោក​រ៉ាម៉ាន់ ខាន់​បាន​យល់​ឃើញ​ថា ស្ថានការណ៍​សម្រាប់​ក្រុមប្រឆាំង​ពី​ប្រទេស​ផ្សេង​ទៅ​តាំងលំនៅដ្ឋាន​ក្នុង​ទឹកដី​ថៃ​បាន​ក្លាយ​ជា​រឿង​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង។ ចំណែក​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ផ្សេង ដូច​យ៉ាង Amnesty International បាន​បរិហារ​លើ​កិច្ចសហប្រតិបត្តិការ​មិន​អាច​ទទួល​យក​បាន​រវាង​ប្រទេស​ថៃ និង​ក្រុមប្រទេស​ជិតខាង​ដើម្បី​ផ្តោះប្តូរ​សកម្មជន​ដែល​ប្រទេស​នីមួយៗ​តាម​ចាប់​ខ្លួន។ ជាក់ស្តែង​នា​ចុង​ខែ​មករា អ្នក​សរសេរ​ប្លុក​ជនជាតិ​វៀតណាម​ម្នាក់​នៃ​វិទ្យុអាស៊ីសេរី​បាន​បាត់ខ្លួន​ក្នុង​ទឹកដី​ថៃ បន្ទាប់​ពី​រូប​គេ​បាន​រត់​ចេញ​ពី​វៀតណាម​ដើម្បី​សុំ​សិទ្ធិ​ជា​ជនភៀសខ្លួន។ ស្រាប់​នៅ ២ខែ​ក្រោយ​មក រដ្ឋអំណាច​វៀតណាម​បាន​ចេញ​មុខ​សារភាព​ថា អ្នក​សរសេរ​ប្លុក​ជនជាតិ​វៀតណាម​រូប​នោះ​កំពុង​ជាប់​ឃុំ​ក្នុង​ទីក្រុង​ហាណូយ៕