rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហុងកុង ចិន បាតុកម្ម កងទ័ព

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កាសែតចិន៖ ចិន​បញ្ជូន​កងទ័ព​ទៅផ្លាស់ប្តូរវេន ប្រចាំការ​នៅ​បន្ទាយទ័ព​ហុងកុង

media
កងទ័ពចិន​ប្រចាំការ​នៅបន្ទាយ​ចិន​នៅហុងកុង​ក្នុង​ពិធី​ក្បួន​ព្យុហយាត្រា​បង្ហាញ​ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង​ដែល​ទៅ​ទស្សនកិច្ច​នៅ​ហុងកុង នៅថ្ងៃទី​៣០​មិថុនា ឆ្នាំ ២០១៧ ©Anthony WALLACE / AFP

កងទ័ព​ចិន​បាន​ធ្វើដំណើរ​ឆ្លងចូល​ទៅ​ទឹកដី​ហុងកុង នៅ​ថ្ងៃព្រហស្បតិ៍​នេះ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន ស៊ីនហួរ ចលនា​រថពាស​ដែក ហើយនិង​កងទ័ព​ថ្មីៗ​របស់​ចិន ជា​ផ្នែក​មួយ​នៃ​បេសកកម្ម ​ចូល​ទៅ​ផ្លាស់ប្តូរ​វេន ប្រចាំការ នៅ​បន្ទាយទ័ព ទៅតាម​ទម្លាប់ ចាប់​តាំង​ពី​ចិន បង្កើត បន្ទាយរបស់​ខ្លួន នៅហុងកុងចិន កាលពី​ឆ្នាំ ១៩៩៧។ ការចល័តទ័ព​ថ្មី​របស់​ចិន​ទៅ​ក្នុង​ទឹកដី​ហុងកុង កើតឡើង នៅក្នុង​កាលៈទេសៈ ដែល​គេ​កំពុង​ព្រួយ​បារម្ភ​ពី​ការផ្ទុះ​បាតុកម្ម​ហិង្សា នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍នេះ។

 


រូបភាពវីដេអូ​របស់​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​ចិន ស៊ីនហួរ បាន​បង្ហាញ ក្បួន​រថពាស​ដែក និង​រថយន្ត​ដឹកកងទ័ព​ជាច្រើនគ្រឿង បើក​ឆ្លងព្រំដែន​ចិនដីគោក ចូល​ទឹកដី​ហុងកុង នៅព្រឹកព្រលឹម​ថ្ងៃ​ព្រហស្បតិ៍។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋចិន ពន្យល់​ពី​វត្តមាន​កងទ័ព​ថ្មី​របស់​ចិន នៅ​ទឹកដី​ស្វ័យត​ហុងកុងថា ការផ្លាស់ប្តូរ​វេន ប្រចាំការ ទៅតាម​ទម្លាប់ តាំង​ពី​ចិន​មាន​បន្ទាយទាហាន​នៅ ហុងកុង នៅ​ឆ្នាំ ១៩៩៧។

ការចល័ត​ទ័ព​ចិន ចូល​ទៅ​ទឹកដី ហុងកុង កើតជួនចំពេល ដែល​បាតុករ​ហុងកុង កំពុង​ត្រៀម​រៀបចំ ក្បួន​ធ្វើ​បាតុកម្ម​ដ៏ធំមួយ នៅ​ចុង​សប្តាហ៍នេះ។ រណសិរ្ស​ស៊ីវិល​ដើម្បី សិទ្ធិ​មនុស្ស ដែល​ជា​ក្រុមរៀបចំ​បាតុកម្ម​ធំមួយ នៅ​ហុងកុង បាន​គ្រោង​ដង្ហើរ​ក្បួន មហា​បាតុកម្ម នៅ​ថ្ងៃ​សៅរ៍​ខាងមុខ ដើម្បី ប្រារព្ធ​ខួប ៥​ឆ្នាំ នៃ​ការទាមទារ​របស់​និស្សិត​ហុងកុង ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​ចិន ធ្វើ​កំណែទម្រង់​នយោបាយ គោរព​លទ្ធិប្រជាធិបតេយ្យ របស់​ទីក្រុង​ស្វ័យត​ហុងកុង។

ប៉ូលិស​ហុងកុង​វិញ នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​សម្រេច​ហាម​មិន​ឲ្យ​គេ​រៀបចំ​មហាបាតុកម្ម​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះទេ នៅក្នុងហេតុផល​សន្តិសុខ។ នៅក្នុង​លិខិត​ឆ្លើយតប​ទៅ អ្នករៀបចំ​បាតុកម្ម ប៉ូលិស​ហុងកុង បាន​បញ្ជាក់​ថា គេ​ខ្លាច​ក្រុមបាតុករ​មួយ​ចំនួន ប្រព្រឹត្ត​អំពើហិង្សា ហើយនិង​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ។

ដោយលើកឡើង​ពី បាតុកម្ម​ហិង្សា កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ប៉ូលិស​ហុងកុង​បានអះអាងថា បាតុករ​មួយចំនួន មាន​កាំបិត​ក្នុង​ដៃ ដំបងដែក ឬ​ដបសាំង​ដើម្បី​ដុតបំផ្លាញ និង​បង្ក​របួស​ស្នាម​ដល់​អ្នកដទៃ។ នៅ​ថ្ងៃ​អាទិត្យ នៅក្នុង​ការប្រឈម​ជាមួយ​បាតុករ ប៉ូលិស​ហុងកុង​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត ជាលើក​ទី១ និងប្រើ​រថយន្ត​បាញ់ទឹក បង្ក្រាប​ក្រុមបាតុករ។

នៅក្រោយ​ចំលើយ​បដិសេធ​របស់​អាជ្ញាធរ​ហុងកុង រណសិរ្ស​ស៊ីវិល​ដើម្បី សិទ្ធិមនុស្ស ដែល​ជា​អ្នករៀបចំ​បាតុកម្ម គ្រោង​នឹង​តស៊ូ​ប្តឹងផ្តល់​តាម​ផ្លូវច្បាប់ ដើម្បី ទាមទារ​ឲ្យ​មាន​បាតុកម្ម នៅ​ថ្ងៃ​សៅរ៍​ខាងមុខ។ ទៅតាម​គម្រោង រណសិរ្ស​ស៊ីវិល​បាន​អំពាវនាវ​ឲ្យមាន​ការប្រមូលផ្តុំ នៅ​កណ្តាល​ក្រុង​ហុងកុង មុន​នឹង​ដង្ហែរក្បួន​សំដៅ ការិយាល័យ ទំនាក់ទំនង​ចិន។

ជាង​៣ខែ​ទៅនេះ បាតុកម្ម​នៅ​ហុងកុង ដែល​ដំបូង រៀបចំ​ឡើង​ដើម្បី ប្រឆាំង​នឹង​សេចក្តីព្រាង​ច្បាប់ ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅប្រទេស​ចិន បាន​ប្រែក្លាយ ជា​បាតុកម្ម ប្រឆាំង​រដ្ឋអំណាច ចិន ដែល​បាតុករ​ហុងកុង​ចោទប្រកាន់​ថា កំពុង​បង្កើន ឥទ្ធិពល ដើម្បី​រឹតបន្តឹង​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ហុងកុង។ នៅពេល​ហុងកុង​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ ប្រឈម​នឹង​មហាបាតុកម្ម​សឹង​រាល់​សប្តាហ៍​យ៉ាងដូច្នេះ ទីក្រុង​ប៉េកាំង ធ្លាប់​បាន​ព្រមាន​ពី​ការប្រើ​កម្លាំង ដើម្បី​ឆ្លើយតប​នឹង​បាតុករ​ដែល​ប៉េកាំង​ចោទប្រកាន់​ថា កំពុង​ធ្វើ​សកម្មភាព​ភេរវកម្ម៕