rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ហេតុអ្វីបានជាប្រាក់យ័នចិនបន្តធ្លាក់ថ្លៃប្រឈមនឹងប្រាក់ដុល្លារអាមេរិក?

ដោយ គួច គន្ធារ៉ា

ប្រាក់យ័នចិន​កំពុង​បន្ត​ធ្លាក់​ថ្លៃ​ប្រឈម​នឹង​ប្រាក់ដុល្លារអាមេរិកាំង។ ក្នុង​ខែ​សីហា​នេះ លុយយ័ន​ចិន​បាន​បាត់បង់​តម្លៃ​ប្រមាណ ៤% ធៀប​នឹង​ប្រាក់ដុល្លារអាមេរិក ហើយ​គ្រាន់​តែ​នៅ​ថ្ងៃ​អង្គារ ទី២៧ សីហា គឺ​បាត់បង់ ០,១៥% ពោល ១ដុល្លារ​ដូរ​បាន ៧.១៧២២យ័ន។ បើ​គិត​តាំង​ពី​ឆ្នាំ ២០០៨ នេះ​ជា​អត្រា​មួយ​ដែល​មិន​ធ្លាប់​មាន​ទេ។ តម្លៃ​ប្រាក់យ័ន​ចិន​បន្ត​ដាំក្បាល​ចុះ​បាន​កើត​មាន​ឡើង ខណៈ​ពេល​ដែល​សង្រ្គាមពាណិជ្ជកម្ម​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​ហាក់​នៅ​តានតឹង បន្ត​គ្មាន​ច្រក​ចេញ។

កាល​ពី​ថ្ងៃ​សុក្រ ទី២៣ សីហា​សប្តាហ៍ ចិន​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​នាំ​ចូល​ចិន​ក្នុង​តម្លៃទឹកប្រាក់ ៧៥ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ក្នុង​ថ្ងៃ​ដដែល ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​ក៏​បាន​ប្រកាស​ដំឡើង​ពន្ធ​ថ្មី​ទៀត​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក។

ប្រាក់យ័ន​ចិន​ចេះ​តែ​បន្ត​ធ្លាក់​ថ្លៃ​នៅ​ចំពោះ​មុខ​ប្រាក់ដុល្លារ​ជា​ឆន្ទៈ​របស់​រដ្ឋាភិបាល​ចិន។ ចូរ​កុំ​ភ្លេច​ថា ចិន​តែង​តែ​បាន​លូកដៃ​នៅ​ក្នុង​អត្រា​ប្តូរ​ប្រាក់​ប្រចាំ​ថ្ងៃ​ដោយ​បាន​កំណត់​អត្រា​ប្តូរ​ប្រាក់យ័ន និង​ប្រាក់ដុល្លារ​ឲ្យ​ឡើង ចុះ​តែ​ក្នុង​រង្វង់ ២%។ កម្មវត្ថុ គឺ​ដើម្បី​រក្សា​តុល្យភាព​នៅ​លើ​ទីផ្សារ​ប្តូរប្រាក់ និង​ទប់​អស្ថិរភាព​ដែល​អាច​កើត​មាន​នៅ​លើ​ទីផ្សារហិរញ្ញវត្ថុ​ក្នុង​ស្រុក។ តែ​គេ​បាន​សង្កេត​ឃើញ​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ រដ្ឋាភិបាល​ចិន​ហាក់​បាន​ទុក​បណ្តោយ​ឲ្យ​ប្រាក់យ័ន​របស់​ខ្លួន​ធ្លាក់​ថ្លៃ​ខ្លាំង​ធៀប​នឹង​ប្រាក់​ដុល្លារ។ លើស​ពី​នេះ ក្រុង​ប៉េកាំង​ក៏​បាន​ឈប់​បញ្ចេញ​លុយ​ដើម្បី​ប្រមូល​ទិញ​លុយយ័ន​ពី​ទីផ្សារ។

សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​ពេល​នេះ​គឺ​ថា តើ​ចិន​ទទួល​បាន​ផលប្រយោជន៍​អ្វី​ខ្លះ​ពី​នយោបាយ​មួយ​នេះ?។ ចម្លើយ​មាន​តែ​មួយ គឺ​ប្រយោជន៍​សេដ្ឋកិច្ច​ដើម្បី​ប៉ះប៉ូវ​នឹង​ការ​ខាតបង់​ពី​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​របស់​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ។ ចូរ​កុំ​ភ្លេច​ថា ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​នឹង​ធ្វើ​ឲ្យ​ទំនិញ​ចិន​មាន​តម្លៃខ្ពស់​ធៀប​នឹង​តម្លៃទំនិញ​មក​ពី​ប្រទេស​ផ្សេង។ ដូច្នេះ​ដើម្បី​ឲ្យ​ទំនិញ​ចិន​បន្ត​មាន​តម្លៃ​ថោក និង​អាច​បន្ត​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ផ្សេង​បាន គឺ​មាន​តែ​ទម្លាក់​តម្លៃ​លុយយ័ន ព្រោះ​លុយយ័ន​ថោក​ធៀប​នឹង​លុយដុល្លារ​នឹង​ធ្វើ​ឲ្យ​ទំនិញ​ចិន​ទូទាត់​ជា​ដុល្លារ​ក៏​មាន​តម្លៃទាប​ដែរ។ ក្រុង​ប៉េកាំង​យល់​ថា មាន​តែ​វិធានការ​មួយ​នេះ​ទេ​ទើប​គេ​អាច​ជួយ​ផ្តល់​សន្ទុះ​បន្ថែម​លើ​វិស័យ​នាំ​ចេញ។

ហានិភ័យ​សម្រាប់​ចិន និង​ពិភពលោក

ការ​ដែល​ចិន​បន្ត​ទុក​បណ្តោយ​ឲ្យ​ប្រាក់យ័នចិន​ធ្លាក់​ថ្លៃ​ប្រឈម​នឹង​ប្រាក់ដុល្លារអាមេរិកាំង​ពេល​នេះ​អាច​នឹង​បង្ក​ហានិភ័យ​សម្រាប់​ចិន និង​ពិភពលោក។ នៅ​ពេល ១ដុល្លារ​ដូរ​បាន ៧យ័ន ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ចោទ​ចិន​ពី​បទ​ប្រើ​លុយយ័ន​ជា​អាវុធ​ពាណិជ្ជកម្ម។ ពិតណាស់ រដ្ឋាភិបាល​ចិន​បាន​លូកដៃ​នៅ​ក្នុង​អត្រា​ប្តូរ​ប្រាក់​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​លើ​វិស័យ​នាំ​ចេញ​ដែល​បាន​ធ្លាក់​ចុះ​ដោយសារ​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ពី​លោក​ត្រាំ។ ក៏​ប៉ុន្តែ បើ​ចិន​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​មួយ​នេះ​បាន​ទេ ប្រាក់យ័ន​បន្ត​ធ្លាក់​ថ្លៃ​អាច​នឹង​ធ្វើ​ឲ្យ​ក្រុម​អ្នកវិនិយោគ​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​សេដ្ឋកិច្ច​ចិន និង​អាច​បង្ក​ឲ្យ​មាន​លំហូរ​មូលធន​ទៅ​បរទេស។

បន្ទាប់​មក នយោបាយ​ទម្លាក់​តម្លៃ​រូបិយបណ្ណជាតិ​ដែល​ចិន​បាន​ធ្វើ​ពេល​នេះ​ក៏​អាច​ជំរុញ​ឲ្យ​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង​ផ្សេង​ទៀត​ចម្លង​តាម​ក្នុង​គោលដៅ​ជួយ​ផ្តល់​សន្ទុះ​លើ​​វិស័យ​នាំ​ចេញ និង​ដើម្បី​អាច​បន្ត​ស្ថិត​ក្នុង​ក្រុម​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេង​ទៀត។ គួរ​រម្លឹក​ថា ចិន​ធ្លាប់​ភ័យស្លន់ស្លោ​ម្តង​ក្នុង​ឆ្នាំ ២០១៥ ដោយ​នយោបាយ​លូកដៃ​នៅ​ក្នុង​អត្រា​ប្តូរប្រាក់។ កាល​ណោះ និង​ដើម្បី​ទប់​កុំ​ឲ្យ​ប្រាក់យ័ន​ធ្លាក់​ថ្លៃ​ខ្លាំងជ្រុល​ពិបាក​គ្រប់គ្រង ធនាគារកណ្តាល​ចិន​បាន​ចំណាយ​លុយ​ដល់​ទៅ​ជាង ១ ០០០ ០០០លានដុល្លារ​ដើម្បី​ប្រមូល​ទិញ​ប្រាក់យ័ន​ពី​ទីផ្សារ។

បើ​សង្រ្គាមពាណិជ្ជកម្ម​បន្ត​មាន លុយយ័ន​អាច​បន្ត​ធ្លាក់​ថ្លៃ

គួរ​បញ្ជាក់​​ថា លុយយ័នចិន​ធ្លាក់​ថ្លៃ​ខ្លាំង​ប្រឈម​នឹង​ប្រាក់ដុល្លារអាមេរិកាំង​ពេល​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាមពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក។ សង្រ្គាមពាណិជ្ជកម្ម​ដែល​ហាក់​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល និង​ដែល​ច្រក​ចេញ​នៅ​បន្ត​ស្រពិចស្រពិល​ខ្លាំង។ ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​បាន​យល់​ឃើញ​ថា បើ​គ្មាន​សង្រ្គាមពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​លោក​ទាំង​ពីរ​ទេ ម្ល៉េះ​ប្រហែល​ចិន​ក៏​មិន​ទុក​បណ្តោយ​ឲ្យ​លុយយ័ន​របស់​ខ្លួន​បន្ត​ធ្លាក់​ថ្លៃ​មក​ដល់​ពេល​នេះ​ដែរ។ តាម​ក្រុម​អ្នកវិភាគ​ដដែល ក្រុង​ប៉េកាំង​បាន​គុនគូរ​ពី​រឿង​ខាត ចំណេញ​រួច​ហើយ​ទើប​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​នេះ។

តែ​ទន្ទឹម​នឹង​សម្លឹង​ឃើញ​ផល​ចំណេញ ចិន​ក៏​បាន​យល់​ច្បាស់ណាស់​ពី​ផលវិបាក​ដែល​អាច​កើត​ចេញ​ពី​នយោបាយ​មួយ​នេះ។ តែ​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ ចិន​ហាក់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ប្រើ​រូបិយបណ្ណជាតិ​ជា​អាវុធពាណិជ្ជកម្ម​ដើម្បី​តប​នឹង​លោក​ត្រាំ​វិញ។ ក្រុម​សេដ្ឋវិទូ​បាន​មើល​ឃើញ​ដូច​គ្នា​ថា បើ​នៅ​តែ​គ្មាន​ច្រក​ចេញ​សម្រាប់​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក លុយយ័នចិន​នឹង​បន្ត​ធ្លាក់​ថ្លៃ​ថែម​ទៀត​ធៀប​នឹង​លុយដុល្លារ​អាមេរិក។ ធនាគារ UBS បាន​ប្រមើលមើល​ថា ១ដុល្លារ​អាច​ដូរ​បាន ៧.២យ័ន​នៅ​ដំណាច់​ឆ្នាំ ២០១៩ និង​អាច​ឡើង​ដល់ ៧.៣យ័ន​នៅ​ដំណាច់​ឆ្នាំ ២០២០។ ចំណែក Capital Economics បាន​ប្រមើល​ឃើញ​ថា ១ដុល្លារ​ដូរ​បាន ៧.៣យ័ន​ពី​ពេល​នេះ​ទៅ​ដំណាច់ឆ្នាំ ២០១៩ និង​អាច​ឡើង​ដល់ ៧.៥យ័ន​នៅ​ឆ្នាំ​បន្ទាប់៕

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត

សភាអង់គ្លេសបោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចព្រមឬមិនព្រមលើកិច្ចព្រមព្រៀង Brexit

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព