rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង ឥណ្ឌា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារាំង-ឥណ្ឌា៖លោកម៉ាក្រុងទទួលជួបលោកម៉ូឌី និងអញ្ជើញលោកម៉ូឌីឲ្យចូលរួមនៅក្នុងជំនួកកំពូល G៧

media
ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ម៉ូឌីក្នុង​ប្រទេស​បារាំង ថ្ងៃទី៣ មិថុនា ឆ្នាំ ២០១៧ Reuters/路透社

នៅ​ក្នុង​ប្រទេស​បារាំង មួយ​ថ្ងៃ​មុន G៧ បើក​ជំនួបកំពូល​ជា​ផ្លូវការ​នា​ថ្ងៃ​សៅរ៍ ទី២៤ សីហា ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​បន្ត​ជំនួប​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​បរទេស​មួយ​ចំនួន។ បន្ទាប់​ពី​មាន​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​អង់គ្លេស និង​នាយករដ្ឋមន្រ្តី​ក្រិច លោក​ម៉ាក្រុង​ទទួល​ជួប​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ម៉ូឌី​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី២២ សីហា​នេះ។ វត្តមាន​របស់​លោក​ម៉ូឌី​ក្នុង​ទឹកដី​បារាំង​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ទំនាក់ទំនង​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​កំពុង​ឡើង​តានតឹង​ខ្លាំង បន្ទាប់​ពី​ឥណ្ឌា​បាន​ដក​ស្វ័យភាព​ពី​តំបន់​កាស្មៀរ។ ដូច្នេះ​ចង់ ឬ​មិន​ចង់ រឿង​កាស្មៀរ​អាច​ជា​ប្រធានរឿង​មួយ​នៅ​ក្នុង​ជំនួប​រវាង​លោក​ម៉ាក្រុង និង​លោក​ម៉ូឌី។ តែ​លោក​រ៉ាស៊ីន ហ្សង់លុច អ្នកស្រាវជ្រាវ​បារាំង​ម្នាក់​បាន​យល់​ឃើញ​ថា ទំនាក់ទំនង​ទ្វេភាគី ពិសេស​ក្នុង​វិស័យ​សេដ្ឋកិច្ច​រវាង​បារាំង និង​ឥណ្ឌា​ជា​រឿង​សំខាន់​ជាង។ ចំណែក​ជម្លោះ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​ជា​ប្រធានបទ​ដែល​បារាំង​ជ្រើសរើស​ផ្លូវកណ្តាល និង​បាន​ត្រឹម​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងាប់ស្ងាត់ និង​សន្តិភាព​នៅ​ក្នុង​តំបន់។


« ប្រហែល​ជា​នឹង​មាន​សេចក្តីថ្លែងការណ៍​មួយ​ដោយ​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​តំបន់ ឲ្យ​មាន​ភាព​អត់ធ្មត់​រវាង​ឥណ្ឌា ប៉ាគីស្ថាន និង​អំពាវនាវ​ឲ្យ​មាន​កិច្ចចរចា។ល។ និង។ល។ ជា​រួម គឺ​សុទ្ធសឹង​ជា​នយោបាយ​ការទូត​មួយ​ដែល​មាន​ជំហរ​កណ្តាល។ ផ្ទុយ​ទៅ​វិញ វា​ពិត​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ប្រសិន​បើ​ក្រុង​ប៉ារីស​សម្រេច​ប្រកាន់​យក​ជំហរ​ណា​មួយ​ដោយ​គាំទ្រ​ភាគី​មួយ ប្រឆាំង​ភាគី​មួយ​ទៀត​នោះ។

អ្វី​ដែល​សំខាន់​នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក​ម៉ាក្រុង និង​លោក​ម៉ូឌី​ពេល​នេះ ជា​ឱកាស​ដែល​បារាំង និង​ឥណ្ឌា​ត្រូវ​ពិនិត្យមើល​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​គ្នា​ដែល​ជា​រួម គឺ​ល្អ នោះ​បើ​ទោះ​បី​ជា​មាន​សល់​កិច្ចសន្យា​ពាណិជ្ជកម្ម​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​សម្រេច​ជា​ស្ថាពរ​នៅ​ឡើយ ទាក់ទង​នឹង​ការ​លក់​យន្តហោះចម្បាំងបារាំង Rafale ទៅ​ឲ្យ​ឥណ្ឌា ឬ​មួយ​ទាក់ទង​នឹង​ការ​សាង់សង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​បារាំង​នៅ​ឥណ្ឌា​ដែល​បាន​គ្រោង​តាំង​ពី​ប្រមាណ ១០ឆ្នាំ​មក​ហើយ។

តាំង​ពី​ដំណើរ​ទស្សនកិច្ច​ចុង​ក្រោយ​របស់​លោក​ម៉ាក្រុង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា មាន​សំណុំរឿង​ជា​ច្រើន​រវាង​បារាំង និង​ឥណ្ឌា​កំពុង​បន្ត​ស្ថិត​លើ​តុ​ដោយ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ឡើយ។ បន្ទាប់​មក​នៅ​មាន​ទំនាក់ទំនង​ពហុភាគី ព្រោះ​លោក​ម៉ូឌី​ត្រូវ​ទៅ​ជួប​សន្ទនា​ជាមួយ​ប្រទេស​មហាអំណាច​ក្នុង​ក្រុម G៧ នោះ​បើ​ឥណ្ឌា​មិនមែន​ជា​សមាជិក​ក៏​ដោយ។ នៅ​ក្នុង​ជំនួប​នោះ សំណុំរឿង​នៅ​តំបន់​កាស្មៀរ​អាច​នឹង​ត្រូវ ឬ​មិន​ត្រូវ​លើក​យក​ទៅ​និយាយ »៕