rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន កាណាដា HUAWEI

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចិន បន្ទោសកាណាដា ថាជាអ្នកធ្វើឱ្យ​ទំនាក់ទំនងទ្វេភាគីធ្លាក់ចុះ

media
ទង់ជាតិ​កាណាដា​និងចិន ដោតស្វាគមន៍​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​ប្រទេស​​នៅ​ក្រុង​ប៉េកាំង ឆ្នាំ​២០១៧ Fred Dufour/Pool via REUTERS/File Photo

កាណាដា​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ធ្វើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ចុះ​ជា​លំដាប់ ! នេះ​ជា​ប្រតិកម្ម​របស់​រដ្ឋាភិបាល​ចិន ក្រោយ​ពីបាន​ឃើញ​សេចក្តី​ប្រកាស​របស់​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau ដែល​អះអាង​ថា កាណាដា​មិន​ចុះ​ញ៉ម​នឹង​​ចិន​ទេ។ ចិន​និង​កាណាដា មាន​វិបត្តិការទូត​នឹង​គ្នា​យ៉ា​ងធ្ងន់ធ្ងរ តាំង​ពីកាណាដា​បាន​ចាប់​ខ្លួន​នាយក​ហិរញ្ញវត្ថុ​​ក្រុមហ៊ុន​Huawei នៅ​ខែ​ធ្នូ​២០១៨​មក។


ទំនាក់ទំនង​ចិន-កាណាដា ស្គាល់​ភាព​តាន​តឹង​ខ្លាំង ជា​កំហុស​ទាំង​ស្រុង​របស់​កាណាដា ! នេះ​ជា​សេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន ទៅ​កាន់​អ្នក​សារព័ត៌មាន ដោយ​អះអាង​ទៀត​ថា “ចិន​សូម​អំពាវនាវ​ឱ្យ​កាណាដា ធ្វើ​ការ​ពិចារណា​​មើល​កំហុស​ខ្លួន​ឡើង​វិញ មើល​​ជំហរដែល​ត្រូវ​ប្រកាន់យក​ នៅ​ចំពោះ​មុខ​ក្តី​ព្រួយ​បារម្ភ​របស់​ចិន និង​ ពិចារណា​រក​វិធី​ដោះលែង​ភ្លាម​លោកស្រី ម៉េង វ៉ាន់ចូវ នាយក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​Huawei”។

មិន​តែ​ប៉ុណ្ណោះ ចិន​បាន​ឆ្លៀត​ព្រមាន​នាយក​រដ្ឋមន្ត្រីកាណាដា កុំ​ឱ្យ​ជ្រៀតជ្រែក​ចូល​ក្នុងកិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​ហុងកុង។ សម្រាប់​ប៉េកាំង កាណាដា​​គ្មាន​អំណាច​អ្វី​ត្រូវ​មក​​ធ្វើ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​ហុងកុង​ឡើយ។

​ប្រតិកម្មដ៏​ខ្លាំងៗ​របស់​ចិន​នេះ​បាន​ផ្ទុះ​ឡើង​ ក្រោយ​ពី​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau បានអំពាវនាវជា​ថ្មី ឱ្យ​អាជ្ញាធរ​ចិន​អត់​ធ្មត់​នៅ​ចំពោះ​មុខ​ចលនា​បាតុកម្ម​នៅ ហុងកុង​ និង​បាន​​ប្រកាស​ជំហរ​ដាច់​ខាត កាលពី​ថ្ងៃពុធ ថា​កាណាដា មិន​ស្វែង​រក​ជម្លោះ​ទេ កាណាដា តែង​តែ​ដោះស្រាយ​វិវាទ​ដោយ​ផ្ទាល់​និងមិន​ចុះ​ញម​​នឹង​ពាក្យ​គំរាម​របស់​ប៉េកាំង ទាមទារ​ឱ្យ​ដោះលែង​លោកស្រី​ម៉េងវ៉ាន់ចូវ​​ ឡើយ។

សូម​បញ្ជាក់​ថា​ ក្រោយ​ការ​ចាប់​ខ្លួន​នាយក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​Huawei នៅ​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៨​មក តាម​សំណើ​អាមេរិកមក ទំនាក់ទំនង​ការទូត​ចិន-កាណាដា បាន​ធ្លាក់ដុនដាប​យ៉ាង​ខ្លាំង មិន​ធ្លាប់​មាន។ ចិន​​បាន​សងសឹក​ ដោយ​ចាប់​ខ្លួន​អតីត​មន្ត្រី​ទូតជាតិ​​កាណាដា​ពីរ​នាក់​វិញ​ ពីបទ​សង្ស័យ​ចារកិច្ច និងបាន​ព្យូរការនាំ​ចេញ​ផលិតផល​កុលហ្សា និង​ផលិតផល​សាច់​កាណាដា​មក​ចិន។ ឯចំណែក​លោក​នាយក​រដ្ឋមន្ត្រីកាណាដា​វិញ ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​បន្ទោស​ថា​មាន​ជំហរ​ទន់​ទ្រាយ​នៅ​ចំពោះ​មុខ​ប៉េកាំង។ វិបត្តិ​ជាមួយ​ចិន នឹង​ក្លាយ​ជាទៅ​ប្រធានបទ​ស្នូល​ក្នុង​យុទ្ធនាការ​បោះឆ្នោត​សភា​កាណាដា​ថ្ងៃទី​ទី​២១​តុលា​ខាង​មុខ​នេះ​៕