rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន ហុងកុង សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចិនគំរាមអភិវឌ្ឍន៍ Shenzhen ដើម្បីកាច់ហុងកុង

media
ទិដ្ឋភាព​កំពង់​ផែ Shenzen ថត​ពីលើ​អាកាសថ្ងៃទី​ ២៦​កញ្ញា ២០១៥ Wikimedia Commons CC BY-SA 4.0 Gigel.atat

ប្រឈម​នឹ​ងជោគជ័យ​របស់​សកម្មជន​​ប្រជាធិបតេយ្យ​ហុងកុង ដែលបាន​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដោយ​សន្តិភាព​កាលពី​ថ្ងៃ​អាទិត្យ មិន​ខ្លាច​កា​រ​ប្រើ​កម្លាំង​យោធា​បង្ក្រាប ប៉េកាំងបាន​យក​បញ្ចេញ​អាវុធ​សេដ្ឋកិច្ចមក​គំរាម​ម្តង ! បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារ​ព័ត៌មាន​​ រដ្ឋាភិបាល​ចិន​បាន​លើក​គម្រោង​អភិវឌ្ឍន៍​ក្រុង​ ស្ហិនចិន (Shenzhen) ដែល​នៅទល់មុខ​ក្រុង​ហុងកុង ឱ្យ​ក្លាយ​ជា​ក្រុង​គំរូ មាន​សេដ្ឋកិច្ច​ខ្លាំង​និង​ប្រកួត​ប្រជែង​ខ្ពស់​បំផុត លំដាប់​លេខ​មួយ​​ពិភពលោក តែ​ម្តង ​នៅ​ថ្ងៃ​អនាគត។


ប្រទេស​មួយ​ប្រព័ន្ធ​ពីរ ប៉ុន្តែ​គឺ​ប្រព័ន្ធ​បែប​​សង្គមនិយម​ដែល​នឹង​ត្រូវ​ឈ្នះ។ នៅឆ្នាំ​២០៣៥ Shenzhen ស្ហិនចិន នឹង​ក្លាយ​ជា​ក្រុង​លំដាប់​ទីមួយពិភពលោក ខាង​ផ្នែក​ប្រកួត​ប្រជែង​ និង​ទាក់ទាញ​ក្រុមហ៊ុន​។ នេះ​បើ​តាម​ឯកសារ​ដែល​សារព័ត៌មាន​ផ្លូវការ​ចិន​បាន​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៩​សីហា​២០១៩។

ដើម្បី​សម្រេច​ផែនការ ​ភូមិនេសាទដ៏​តូច​នៅ​​ភាគ​ខាង​ត្បូងប្រទេស ស្ហិនចិន ដែល​កាលពី​៤០​ឆ្នាំ​មុន ធ្លាប់ត្រូវ​បាន​​ប្រធានាធិបតី​ចិន តេញ​ ស៊ាវពីង ជ្រើសរើស​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស នឹង​ក្លាយ​​ក្រុងសេដ្ឋកិច្ច​​គំរូ​បែបសង្គមនិយមចិន​ នៅ​ឆ្នាំ​២០២៥។ គម្រោង​អភិវឌ្ឍន៍​​នឹង​ចាប់​ផ្តើម​ ចាប់​ពី​ចុងខែ​នេះ​ ដោយ​មានសំណង់​ការដ្ឋាន​ពង្រឹង​ពង្រីក​​ហេដ្ឋារចនា​សម្ព័ន្ធ​កំពង់ផែ ​ទំហំ​៤០​ម៉ឺន​ម៉ែត្រការ៉េ។

សមត្ថភាព​ឧស្សាហកម្ម​ក៏​នឹង​បង្កើន។ ក្រុមហ៊ុន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា នឹង​ត្រូវ​បង្កើត​ថ្មី ដោយ​មាន​កម្លាំង​ពលកម្ម​ក្មេង​និង​ប្រកប​ដោយ​គុណភាព​បញ្ជូន​មក​ពី​ទាំង​ប្រទេស​ចិន។​ ផែនការ​ទាក់ទាញ​អ្នក​​ជំនាញ​​បរទេស សហគ្រិន​អន្តរជាតិ​ដែល​មាន​លំនៅ​អចិន្ត្រៃយ៍​នៅ​ចិន ក៏​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការដែរ។

សារាចរ​នេះ ត្រូវ​បាន​អនុម័ត​​កាលពី​ខែ​កក្កដា​ ក្នុងកិច្ចប្រជុំ​លើក​ទី​៩​របស់​គណៈកម្មការ​កណ្តាល​ស្តី​ពីការ​ធ្វើ​កំណែទម្រង់ តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​ដឹង ក្នុង​ថ្ងៃ​ដែល​មាន​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ ហុងកុង។ ពិត​ជា​មិន​មែន​​ចៃដន្យ​ឡើយ ?!

សារព័ត៌មាន​ចិន​ទំនង​ជា​ចង់​ព្រមាន​ថា ក្រុងហិរញ្ញវត្ថុ​ហុងកុង​ មិនមែនមិន​អាច​ជំនួស​បាន​ទេ ! ហុងកុងតំណាង​ឱ្យ​តែ​៣%​នៃ​ផលិតផល​សរុប​របស់​ចិន​តែ​ប៉ុណ្ណោះ។ ចំណែក​ស្ហិនចិន ដែល​មានប្រជាជន​១២​លាន​នាក់ ទល់​នឹង​៧លាន​នាក់​នៅ​ហុងកុង មាន​កម្លាំង​សេដ្ឋកិច្ច​ស្មើ​ហុងកុងហើយ។ ប៉ុន្តែ​សារព័ត៌មាន​ចិន​ភ្លេច​បញ្ជាក់​ថា ក្រុងស្ហិនចិន​ក៏​​រង​ឥទ្ធិពល​និ​ងការ​លំបាក​ខ្លាំង​ដែរ ​ពី​កំណើន​សេដ្ឋកិច្ចបន្ថយ​ល្បឿន​របស់​ចិន។ សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក បាន​មក​បង្អាក់​និ​ងរំខាន​យុទ្ធសាស្ត្រ​ចិន​សម្រាប់​ឆ្នាំ​២០២៥​ណាស់ ដោយ​គម្រោង​ខ្លះ​ត្រូវ​ពន្យារ​ពេល​ ខ្លះ​មិន​អាច​ចាប់​ផ្តើម​បាន​ដូច​កា​រគ្រោង​ទុក៕