rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហុងកុង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចិនដីគោកចេញមុខព្រមានជាថ្មីដោយសម្លឹងឃើញសញ្ញាភេរវកម្មនិយមនៅក្នុងក្បួនបាតុកម្មនៅហុងកុង

media
មានបាតុករហុងកុង​ជាង ៥ ០០០នាក់បានបន្តប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិ ថ្ងៃទី១២ សីហា ២០១៩ REUTERS/Thomas Peter

នៅ​ហុងកុង ចលនា​បាតុកម្ម​របស់​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ហាក់​មិន​បាន​ថយ​ចុះ​ទេ។ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គា្ន​យ៉ាង​ហិង្សា​រវាង​ក្រុមបាតុករ និង​កម្លាំង​ប៉ូលិស​នា​ចុង​សប្តាហ៍​កន្លង​មក មាន​បាតុករ​ជាង ៥ ០០០នាក់​បាន​បន្ត​ប្រមូលផ្តុំ​គ្នា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ។ រដ្ឋអំណាច​អាកាសយានដ្ឋាន​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី១២ សីហា​​ពី​ការ​លុប​ចោល​ជើង​ហោះហើរ​ជា​ច្រើន។ ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង Cathay Pacific បាន​គំរាម​បណ្តេញ​បុគ្គលិក​ណា​ដែល​បាន​គាំទ្រ ឬ​ចូលរួម​នៅ​ក្នុង​ក្បួនបាតុកម្ម។ បុព្វហេតុ​របស់​ពួក​បាតុករ។ ចំណែក​នៅ​ចិនដីគោក ក្រុងប៉េកាំង​ហាក់​បន្ត​ដាក់​គំនាប​លើ​ក្រុមបាតុករ​ដោយ​បញ្ជាក់​ក្នុង​ថ្ងៃ​ចន្ទ ទី១២ សីហា​នេះ​ថា ទង្វើ​ហិង្សា​របស់​ពួក​បាតុករ​លើ​កម្លាំងប៉ូលិស​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ និង​ជា​ទង្វើ​ដែល​បង្ហាញ​ចេញ​នូវ​សញ្ញា​ភេរវនិយម។ ដោយឡែក លោក​ហ្វ៊ែរណង់ដូ ជឿង សមាជិកសភា​ហុងកុង​ម្នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ពន្យល់​ពី​តាក់ទិច​របស់​ក្រុមបាតុករ​ប្រឈម​នឹង​កម្លាំងប៉ូលិស។


« ពី​ដំបូង ក្រុម​បាតុករ និង​កម្លាំង​ប៉ូលិស​បាន​ស្ថិត​នៅ​ម្ខាង​ម្នាក់​ដោយ​ពួក​គេ​បាន​គូសខ្សែ​មួយ។ តែ​នៅ​ទីបំផុត កម្លាំង​ប៉ូលិស​បាន​ប្រើ​គ្រាប់បែក​ផ្សែង​បង្ហូរ​ទឹកភ្នែក​បាញ់​ទៅ​លើ​ហ្វូង​បាតុករ។ ហ្វូង​បាតុករ​ក៏​បាន​បំបែក​ជា​ក្រុម ហើយ​កម្លាំង​ប៉ូលិស​ក៏​បាន​ដេញ​តាម​ពួក​គេ រួច​ក្រោយ​មក​ក៏​បាន​ឃាត់​ខ្លួន​មួយ​ចំនួន។ ឥឡូវ​នេះ ក្រុម​បាតុករ​បាន​ប្តូរ​តាក់ទិច​ដោយ​បង្កើត​របាំង បិទផ្លូវ និង​រត់គេច​ពី​ការ​វាយប្រហារ ឬ​ការ​ចាប់​ខ្លួន​ពី​កម្លាំង​ប៉ូលិស។

ពិត​ណាស់​តាំង​ពី​ថ្ងៃទី៩ មិថុនា​មក មាន​មនុស្ស​ជិត ៥០០នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ តែ​ក្រុម​បាតុករ​ហាក់​បាន​យល់​ភ្លាម​ថា គេ​ត្រូវ​ធ្វើ​យ៉ាង​ណា​គេច​ឲ្យ​ផុត​ពី​ការ​ចាប់​ខ្លួន​ដោយ​បន្ត​ក្បួន​បាតុកម្ម។ សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ចង់​ឃើញ​មាន​ការ​ចាប់​ខ្លួន និង​មាន​អំពើ​ហិង្សា​អ្វី​ឡើយ។ តែ​គឺ​របប​កម្មុយនិស្ត​ក្រុង​ប៉េកាំង​ទេ​តើ​ដែល​បាន​បង្រៀន​យើង​ឲ្យ​យល់​ថា បាតុកម្ម​អហិង្សា​គ្មាន​ន័យ និង​គ្មាន​ប្រយោជន៍​អ្វី​ទាំង​អស់។

និយាយ​យ៉ាង​ដូច​នេះ​មិនមែន​មាន​ន័យ​ថា ខ្ញុំ​ចង់​ជំរុញ​ឲ្យ​អំពើហិង្សា​នោះ​ទេ។ តែ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដែល​បាន​ឃើញ​ពួក​បាតុករ​ព្យាយាម​ធ្វើ​បាប​លើ​អ្នកណា​ម្នាក់​ឡើយ។ ពួក​គេ​បំផ្លាញ​រចនាសម្ព័ន្ធ ប្រព្រឹត្ត​អំពើបំផ្លិចបំផ្លាញ។ និយាយ​ការ​ពិត​ទៅ ខ្ញុំ​ជា​ប្រភេទ​សមាជិក​សភាសន្តិភាពនិយម ប្រកប​ដោយ​វិចារណញ្ញាណ និង​អហិង្សា »៕