rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េខាងត្បូង ជប៉ុន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នៅកូរ៉េខាងត្បូង ប្រធានក្រុមហ៊ុន Kolmar Korea បានធ្វើការសុំទោស និងប្រកាសលាចុះពីតំណែង

media
នៅកូរ៉េខាងត្បូង ប្រធានក្រុមហ៊ុន Kolma Korea បានធ្វើការសុំទោស និងប្រកាសលាចុះពីតំណែង YONHAP / AFP

នៅ​ថ្ងៃ​អាទិត្យ ទី១១ សីហា លោក​យូន ដុងហាន ប្រធាន​ក្រុមហ៊ុន Kolmar Korea ដែល​ជា​ក្រុមហ៊ុន​ផលិតផល​ថែរក្សាសម្ផស្ស​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​បាន​ធ្វើ​ការ​សុំទោស និង​ប្រកាស​លា​ឈប់​ពី​តំណែង។ មូលហេតុ មក​ពី​លោក​ដុងហាន​បាន​ទទួល​រង​ការ​រិះគន់ ទិតៀន​យ៉ាង​ខ្លាំង​ក្នុង​បទ​បាន​បង្ខំ​បុគ្គលិក​របស់​ក្រុមហ៊ុន​លោក​ឲ្យ​មើល​វីដេអូ​មួយ​លើ YouTube ដែល​លើក​សរសើរ​ពី​ប្រទេស​ជប៉ុន។ តែ​កាយវិការ​របៀប​នេះ​របស់​លោក​ដុងហាន​បាន​ធ្វើ​ឡើង ខណៈ​ពេល​ដែល​កូរ៉េខាងត្បូង និង​ជប៉ុន​កំពុង​មាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​គា្ន។


អ្វីៗ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​មួយ​របស់​ក្រុមហ៊ុន Kolmar Korea នា​សប្តាហ៍​កន្លង​ទៅ​ដែល​មាន​បុគ្គលិក​ចូលរួម​ប្រមាណ​ជា ៧០០នាក់។ នៅ​ក្នុង​ឱកាស​នោះ លោក​យូន ដុងហាន​បាន​បង្ហាញ​ដល់​អ្នក​ចូលរួម​ទាំង​អស់​នូវ​ខ្សែអាត់​វីដេអូ​មួយ​ដែល​រិះគន់ ទិតៀន​លើ​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​ទាក់ទង​នឹង​វិធានការ​ពាណិជ្ជកម្ម​ដែល​ក្រុង​តូក្យូ​បាន​ដាក់​លើ​ក្រុង​សេអ៊ូល។ ទន្ទឹម​គ្នា​នេះ ខ្សែអាត់​វីដែអូ​ដដែល​ក៏​បាន​លើក​សរសើរ​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ស្ហ៊ីនហ្សូ អាបេ​ដែល​មាន​ជំហរ​មិន​វាយប្រហារ​ចំ​មុខ​លោក​មូន ចៃអ៊ីន។

បន្ទាប់​មក ខ្សែអាត់វីដេអូ​ក៏​បាន​លើក​ឡើង​ពី​ស្ថានភាព​សេដ្ឋកិច្ច​ដុនដាប​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ដែល​ស្រ្តី​បង្ខំ​ចិត្ត​ធ្វើ​ជា​ស្រី​លក់ខ្លួន​ដើម្បី​ទទួល​បាន​ប្រាក់ ៧ដុល្លារ​ដោយ​បន្ថែម​ថា កូរ៉េខាងត្បូង​ឋិត​មិន​ឆ្ងាយ​ពី​វេសនា​ដូច​គ្នា​នេះ​ទេ។ គឺ​ជាមួយ​នឹង​ខ្សែអាត់វីដេអូ​នេះ​ឯង​ដែល​ប្រធាន​ក្រុមហ៊ុន Kolmar Korea លោក​យូន ដុងហាន​បាន​ទទួល​រង​ការ​រិះគន់​ចាស់ដៃ​ពី​ពលរដ្ឋ​កូរ៉េខាងត្បូង រួម​ទាំង​ការ​អំពាវនាវ​មិន​ឲ្យ​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន​ទៀត​ផង។ ទីបំផុត​ក្នុង​ថ្ងៃ​អាទិត្យ ទី១១ សីហា លោក​ដុងហាន​បាន​ចេញ​មុខ​សុំទោស​ដល់​ពលរដ្ឋ​កូរ៉េខាងត្បូង និង​អ្នក​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន ពិសេស​ស្រ្តីភេទ និង​បាន​ប្រកាស​លា​ចុះ​ពី​តំណែង​ប្រធាន​ក្រុមហ៊ុន។

សូម​រម្លឹក​ថា​កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​រឹតបន្តឹង​ការ​នាំ​ចេញ​​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​នូវ​វត្ថុធាតុដើម​សំខាន់ៗ​ចំនួន ៣មុខ​ដែល​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​ផលិត​ផលិតផល​អេឡិចត្រូនិច។ ការ​រឹតបន្តឹង​ពី​សំណាក់​ក្រុង​តូក្យូ​កាល​ណោះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​តុលាការ​កូរ៉េខាងត្បូង​បាន​ចេញ​សេចក្តីសម្រេច​ជា​បន្តបន្ទាប់​ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​កូរ៉េ​ដោយ​បង្ខំ​នៅ​ក្នុង​សម័យសង្រ្គាម​ត្រូវ​សងជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ។ តាំង​ពី​ពេល​នោះ​មក ប្រទេស​អាស៊ី​ក្បែរ​ខាង​ទាំង​ពីរ​បាន​ចាត់​វិធានការ​ពាណិជ្ជកម្ម​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។ ក្នុង​ខែ​កក្កដា​ដដែល ក្រុង​សេអ៊ូល​បាន​ប្រកាស​បើក​យុទ្ធនាការ​ធ្វើ​ពហិការ​លើ​ផលិតផល​ជប៉ុន។ បន្ទាប់​មក​ក្នុង​ថ្ងៃទី២ សីហា រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​សម្រេច​ដក​កូរ៉េខាងត្បូង​ចេញ​ពី​បញ្ជី​ឈ្មោះ​ដៃគូពាណិជ្ជកម្ម​ក្នុង​ការ​នាំចេញ។

គួរ​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ដូច​គ្នា​ត្រូវ​បាន​ញាំញី​តាំង​ពី​ច្រើន​ទសវត្ស​មក​ហើយ​ដោយសារ​ជម្លោះ​ប្រវត្តិសាស្ត្រ​សល់​ពី​សម័យ​ដែល​ឧបទ្វីប​កូរ៉េ​ស្ថិត​ក្រោម​អាណានិគមនិយម​ជប៉ុន​ពី​ឆ្នាំ ១៩១០ ដល់​ឆ្នាំ ១៩៤៥៕