rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហុងកុង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ហុងកុង៖កម្លាំងប៉ូលិសបានវាយបំបែកហ្វូងបាតុករដោយប្រើគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក

media
នៅហុងកុង កម្លាំងប៉ូលិសបានវាយបំបែកហ្វូងបាតុករដោយប្រើគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក Philip FONG / AFP

ស្ថានការណ៍​កំពុង​បន្ត​ពុះកញ្ជ្រោល​ខ្លាំង​នៅ​ហុងកុង។ពេញ​មួយ​ថ្ងៃ​សៅរ៍ ទី១០ សីហា ក្រុម​អ្នកប្រជាធិបតេយ្យ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ជា​ថ្មី​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋអំណាច​ហុងកុង​ដក​ចេញ​ជា​ស្ថាពរ​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់​ទោស​នៅ​ចិនដីគោក។ ក្រៅ​ពី​ក្រុម​សកម្មជន​អ្នកប្រជាធិបតេយ្យ ក្បួនបាតុកម្ម​ក៏​មាន​ការ​ចូលរួម​គាំទ្រ​ពី​ពលរដ្ឋ​ហុងកុង ពិសេស​ក្រុម​មនុស្ស​ចាស់។ ក៏​ដូច​ជា​បាតុកម្ម​មុនៗ កម្លាំង​ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​បង្រ្កាប​ដោយ​បាញ់​គ្រាប់បែកផ្សែង​បង្ហូរ​ទឹកភ្នែក។ ទន្ទឹម​នឹង​ក្បួន​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ ក្រុម​បាតុករ​ក៏​បាន​បន្ត​ជួបជុំ​បោះ​ជំរំ​នៅ​អាកាសយានដ្ឋាន​ដើម្បី​ទាញ​ចំណាប់អារម្មណ៍​ពី​ក្រុម​អ្នកដំណើរ​បរទេស​ដែល​ចូល​លេង​ហុងកុង​ដែរ។


ក្រុម​បាតុករ​ដែល​មាន​ពាក់អាវ​យឺត​ខ្មៅ និង​ពាក់​មួកកម្មករ​សំណង់​ពណ៌លឿង​ជា​សញ្ញា​សម្គាល់​បាន​ដង្ហែរ​ក្បួន​ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​សង្កាត់​តៃប៉ូ​ស្ថិត​ប៉ែកខាងជើង​ហុងកុង​ក្បែរ​នឹង​ព្រំដែន​ជាមួយ​ចិន​ដីគោក។ នៅ​ពី​មុខ​ស្នងការដ្ឋាន​ដែល​ការពារ​យ៉ាង​រឹងមាំ​ពី​កម្លាំងប៉ូលិស​ក្នុង​ឯកសណ្ធាន​ប្រឆាំង​កុបកម្ម ហ្វូង​បាតុករ​បាន​អំពាវពាវ​ឲ្យ​រំដោះ​ហុងកុង​ចេញ​ពី​អំណាច​ផ្តាច់ការ។ រីឯ​នៅ​ខាង​កម្លាំងប៉ូលិស​វិញ គេ​ឃើញ​មាន​ការ​លើក​បដា​ពណ៌ខៀវ​ដោយ​សរសេរ​ថា ការ​ជួបជុំ​នេះ​ជា​ការ​រំលោភច្បាប់។ ចូរ​អស់លោក​បំបែក​ក្បួន ឬ​មួយ​យើង​ប្រើ​កម្លាំង​ដើម្បី​បំបែក។ ដើម្បី​បញ្ជៀស​ការ​ប្រឈម​ទល់​នឹង​កម្លាំង​ប៉ូលិស ក្រុម​បាតុករ​ក៏​បាន​បំបែក​គ្នា​ជា​ក្រុម​តូចៗ​ទៅ​ជួបជុំ​នៅ​ទីតាំង​ផ្សេង​ជា​ច្រើន​កន្លែង។

ទោះ​ជា​យ៉ាង​នេះ​ក្តី កម្លាំង​ប៉ូលិស​ក៏​បាន​ចែក​គ្នា​ជា​ក្រុម​ដើម្បី​តាម​ក្រុម​បាតុករ ហើយ​នៅ​ពេល​ព្រលប់​ឈាន​មក​ដល់ កម្លាំង​ប៉ូលិស​ក៏​បាន​បើក​ប្រតិបត្តិការ​បំបែក​ហ្វូង​បាតុករ​ដោយ​ប្រើ​គ្រាប់បែកផ្សែង​បង្ហូរ​ទឹកភ្នែក។ អ្វី​ជា​ការ​កត់សម្គាល់ គេ​ក៏​ឃើញ​មាន​ក្រុម​គ្រួសារ​ជា​ច្រើន​រយ​គ្រួសារ​ជាមួយ​នឹង​រទេះ​រុញ​ក្មេង រួម​ទាំង​កាន់​ប៉េងប៉ោង​ក្នុង​ដៃ​បាន​ចុះ​ផ្លូវ​ដង្ហែរ​ក្បួន​គាំទ្រ​ដល់​ចលនា​អ្នកប្រជាធិបតេយ្យ​នៅ​ហុងកុង។ ទន្ទឹម​នឹង​ការ​ជួបជុំ​ពី​ក្រុមគ្រួសារ ក៏​មាន​ការ​ជួបជុំ​ពី​ក្រុម​មនុស្សចាស់​ដោយ​គេ​ដាក់​ឈ្មោះ « សក់​ស្កូវ » និង​បាន​នាំ​ញត្តិ​គាំទ្រ​ដល់​ចលនា​អ្នកប្រជាធិបតេយ្យ​ទៅ​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល និង​ការិយាល័យ​របស់​ប្រមុខរដ្ឋអំណាច​ហុងកុង​លោកស្រី​ការី ឡាំ។

ដោយឡែក ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ដែល​បាន​ជួបជុំ​បោះ​ទីតាំង​នៅ​អាកាសយានដ្ឋាន​តាំង​ពី​ថ្ងៃ​សុក្រ ទី៩ សីហា​នឹង​បន្ត​ស្ថិត​នៅ​ទីនោះ​ពេញ​មួយ​ថ្ងៃ​អាទិត្យ ទី១១ សីហា​នេះ​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​របស់​ក្រុម​អ្នក​ដំណើរ​បរទេស​ដែល​ចូល​លេង​ហុងកុង។ គួរ​រម្លឹក​ថា ចលនា​បាតុកម្ម​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ​ហុងកុង​បាន​កើត​ចេញ​ពី​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក។ សេចក្តីព្រាង​ច្បាប់​មួយ​នេះ​ត្រូវ​បាន​លោកស្រី​ការី ឡាំ​ព្យួរ តែ​ក្រុម​បាតុករ​កំពុង​បន្ត​ទាមទារ​ឲ្យ​ដក​ចេញ​ជា​ស្ថាពរ។ ឥឡូវ​នេះ ក្បួន​បាតុកម្ម​ដែល​អូសបន្លាយ និង​កាន់​តែ​រីក​ធំ​ទៅៗ​បាន​ឈាន​ដល់​ការ​ទាមទារ​ផ្សេង​ទៀត រួម​មាន ការ​បោះឆ្នោត​ជ្រើសរើស​ប្រមុខដឹកនាំ​ហុងកុង​ជា​សកល​ដោយ​គ្មាន​ការ​តែងតាំង​ពី​ចិនដីគោក និង​បើក​ការ​ស៊ើបអង្កេត​លើ​អំពើហិង្សា​របស់​ប៉ូលិស​លើ​ពួក​បាតុករ៕