ប្រាក់យ័នចិនធ្លាក់ថ្លៃអាចជាកត្តាថ្មីមួយទៀតជំរុញសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកឲ្យធ្លាក់ដុនដាបកាន់តែខ្លាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣១
នៅថ្ងៃចន្ទ ទី៥ សីហា ប្រាក់យ័នចិនបានធ្លាក់ថ្លៃយ៉ាងគំហុកដោយ ១ដុល្លារដូរបានដល់ទៅ ៧យ័ន។ គិតតាំងពីឆ្នាំ ២០០៨ នេះជាលើកទី១ ដែលប្រាក់យ័នចិនបានបាត់បង់តម្លៃខ្លាំងប្រឈមនឹងប្រាក់ដុល្លារអាមេរិក។ ព្រឹត្តិការណ៍ថ្មីមួយនេះបានធ្លាក់មក ខណៈពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោនកំពុងបន្តមានយ៉ាងផុសផុល។ ដូច្នេះចង់ ឬមិនចង់ ព្រឹត្តិការណ៍ថ្មីមួយនេះអាចធ្វើឲ្យសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកធ្លាក់ដុនដាបកាន់តែខ្លាំងថែមទៀត។ តើប្រាក់យ័នចិនធ្លាក់ថ្លៃជាកំហុសរបស់អ្នកណា និងថា តើរូបិយប័ណ្ណធ្លាក់ថ្លៃនឹងបង្កឲ្យមានផលវិបាកអ្វីខ្លះ?
១ដុល្លារអាមេរិកដូរបាន ៧យ័នចិន គឺជាតម្លៃមួយមិនធ្លាប់មានទេក្នុងរយៈពេល ១១ឆ្នាំកន្លងទៅ ពោលតាំងពីឆ្នាំ ២០០៨។ ចិនតាមរយៈប្រធានធនាគារកណ្តាលលោកលី កង់បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ចិនមិនបានលូកដៃចូលអន្តរាគមន៍នៅក្នុងអត្រាប្តូរប្រាក់យ័នពេលនេះទេ និងថា អត្រាប្តូរប្រាក់យ័នចិនទល់នឹងប្រាក់ដុល្លារអាមេរិកឡើងចុះពេលនេះបានឆ្លុះបញ្ជាំងត្រឹមត្រូវនឹងបរិបទសេដ្ឋកិច្ចចិនសព្វថ្ងៃជាមួយនឹងតម្រូវការ និងការផ្គត់ផ្គង់នៅលើទីផ្សារ។ ប្រធានធនាគារកណ្តាលចិនលោកអ៊ី កង់រូបនេះដដែលបានបន្ថែមថា ចិននឹងមិនប្រើប្រាក់យ័នរបស់ខ្លួនដើម្បីដោះស្រាយជម្លោះខាងក្រៅ ដូចយ៉ាងជម្លោះពាណិជ្ជកម្មជាមួយប្រទេសដទៃទេ។ បន្ទាប់មក លោកអ៊ី កង់បានលើកឡើងនូវកត្តាចំនួន ៣ ដែលបានធ្វើឲ្យប្រាក់យ័នចិនធ្លាក់ថ្លៃយ៉ាងគំហុកពេលនេះ ទី១ ការអនុវត្តន៍នយោបាយឯកតោភាគី ទី២ វិធានការការពារនិយម និងទី៣ ការដំឡើងតម្លៃពន្ធ។
ទោះបីជាលោកអ៊ី កង់មិនបាននិយាយចំឈ្មោះប្រទេសណាមួយក៏ដោយក៏គេដឹងថា លោកចង់និយាយសំដៅលើសហរដ្ឋអាមេរិកដែលកំពុងបន្តមានជម្លោះពាណិជ្ជកម្មជាមួយចិន។ តែអ្វីជាការកត់សម្គាល់ ប្រាក់យ័នចិនធ្លាក់ថ្លៃខ្លាំងពេលនេះបានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសឲ្យដឹងក្នុងថ្ងៃព្រហស្បតិ៍ ទី១ សីហាថ្មីៗនេះថា លោកនឹងដំឡើងពន្ធ ១០% បន្ថែមលើទំនិញចិននាំចូលសហរដ្ឋអាមេរិកដែលមានទឹកប្រាក់សរុប ៣០០ ០០០លានដុល្លារចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ ២០១៩។ គួរបញ្ជាក់ថានៅក្នុងទីផ្សារសេរី តម្លៃរូបិយប័ណ្ណរបស់ប្រទេសមួយអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់នៅលើទីផ្សារ ហើយតម្រូវការ និងការផ្គត់ផ្គង់នៅលើទីផ្សារអាស្រ័យលើកត្តាមួយចំនួន រួមមាន តុល្យភាពនៃជញ្ជីងពាណិជ្ជកម្ម អត្រាការប្រាក់នាំមុខរបស់ធនាគារកណ្តាល ឬមួយក៏អត្រាអតិផរណាជាដើម។
តែគេក៏មិនត្រូវភ្លេចនិយាយទេថា រដ្ឋមានតួនាទីជាអ្នកធានាស្ថិរភាព និងនិរន្តរភាពនៃគោលនយោបាយអត្រាប្តូរប្រាក់។ បើដូច្នោះមែន ចុះហេតុអ្វីបានធនាគារកណ្តាលចិនមិនចេញអន្តរាគមន៍ទប់ស្កាត់ ហើយបែរជាទុកបណ្តោយឲ្យតម្លែប្រាក់យ័នរបស់ខ្លួនធ្លាក់ថ្លៃរបៀបនេះទៅវិញ។ ទោះបីជាចិនបានលើកយកហេតុផលអ្វីទៅពន្យល់ក៏ដោយក៏លោកត្រាំមិនញញើតចោទចិនពីបទបានទម្លាក់តម្លៃប្រាក់យ័នរបស់ខ្លួនដោយចេតនា។ អ្វីដែលលោកត្រាំបានលើកឡើងពិតជាមិនខុសឡើយ ព្រោះនេះមិនមែនជាលើកទី១ ទេដែលរដ្ឋាភិបាលចិនបានលូកដៃអន្តរាគមន៍នៅក្នុងអត្រាប្តូរប្រាក់យ័នដើម្បីគាំទ្រវិស័យនាំចេញរបស់ខ្លួន។ ចូរកុំភ្លេចថា នៅពេលដែលតម្លៃរូបិយប័ណ្ណមួយបាត់បង់តម្លៃរបស់វា តម្លៃទំនិញដែលដោះដូរដោយរូបិយប័ណ្ណនោះក៏មានតម្លៃថោកដែរ។ មែនទែនទៅ និងដើម្បីមានប្រៀបជាងដៃគូរបស់ខ្លួន ចិនតែអន្តរាគមន៍លើអត្រាប្តូរប្រាក់យ័នដើម្បីផ្តល់សន្ទុះលើវិស័យនាំចេញ។
ក្រុងប៉េកាំងយល់មិនច្រឡំទេថា នយោបាយដំឡើងពន្ធលើទំនិញរបស់ខ្លួនពីសំណាក់លោកត្រាំនឹងធ្វើឲ្យទំនិញនាំចេញពីចិនមានតម្លៃខ្ពស់ជាងទំនិញរបស់គូប្រជែង។ ដូច្នេះមានតែការទម្លាក់តម្លៃប្រាក់យ័នទេទើបចិនអាចទប់ទល់នឹងការដំឡើងពន្ធពីសហរដ្ឋអាមេរិក និងទាញចំណេញពីសង្រ្គាមពាណិជ្ជកម្មពេលនេះបាន។ តែទន្ទឹមនឹងហុចផលវិជ្ជមានសម្រាប់សេដ្ឋកិច្ចជាតិ នយោបាយទម្លាក់តម្លៃរូបិយប័ណ្ណជាតិក៏អាចបំផ្លាញសេដ្ឋកិច្ចជាតិដែរ ពិសេសបង្ខំក្រុមអ្នកវិនិយោគឲ្យយកលុយទៅទុកនៅបរទេស។ ជាក់ស្តែងក្នុងឆ្នាំ ២០១៥ ធនាគារកណ្តាលចិនបានអន្តរាគមន៍ទប់ស្កាត់ការធ្លាក់ចុះតម្លៃប្រាក់យ័នដោយបានចំណាយលុយដល់ទៅជាង ១ ០០០ ០០០លានដុល្លារដើម្បីប្រមូលទិញប្រាក់យ័នពីទីផ្សារ។
ក្រៅពីអាចបំផ្លាញសេដ្ឋកិច្ចខ្លួនឯង នយោបាយទម្លាក់តម្លៃរូបិយប័ណ្ណរបស់ចិនពេលនេះក៏អាចជះផលវិបាកសម្រាប់សេដ្ឋកិច្ចក្នុងលោកដែរ។ តើផលវិបាកសម្រាប់សេដ្ឋកិច្ចក្នុងលោកនឹងអាចមានកម្រិតណានោះ គឺវាអាស្រ័យលើចម្លើយតបវិញរបស់ភាគីអាមេរិកាំងនាពេលខាងមុខ។ អ្វីដែលគេអាចនិយាយបានពេលនេះ សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចលើលោកទាំងពីរដែលកំពុងបន្តតានតឹងស្រាប់អាចនឹងធ្លាក់ដុនដាបកាន់តែខ្លាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ