អានតួអត្ថបទ
ហុងកុង

ចិនចេញមុខព្រមានចាត់វិធានការចាស់ដៃលើបាតុករហុងកុង

នៅ​ថ្ងៃ​អង្គារ ទី៦ សីហា​នេះ ចិនដីគោក​បាន​ចេញ​មុខ​ព្រមាន​ខ្លាំងៗ​ដាក់​ក្រុម​បាតុករ​ហុងកុង​ដោយ​សន្យា​ថា អ្នក​ដែល​កំពុង​លេង​ជាមួយ​ភ្លើង​នឹង​ត្រូវ​ស្លាប់​ក្នុង​ភ្លើង។ ប្រតិកម្ម​ព្រមាន​របស់​ក្រុង​ប៉េកាំង​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ហុងកុង​បាន​ធ្វើ​កូដកម្ម​ទូទៅ​មួយ​ដោយ​បាន​រាំងខ្ទប់​លើ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ។ គួរ​រម្លឹក​ថា តាំង​ពី ២ខែ​មក​ហើយ​ដែល​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ហុងកុង​បាន​ធ្វើ​ការ​ប្រឆាំង​នឹង​រដ្ឋអំណាច​ហុងកុង​ដោយ​ទាមទារ​ឲ្យ​ប្រមុខដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​កប់​ចោល​ទាំង​ស្រុង​នូវ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិនដីគោក។ អ្វី​ជា​ការ​កត់សម្គាល់ នេះ​ជា​លើកទី១ ដែល​ក្រុង​ប៉េកាំង​បាន​ព្រមាន​ចាស់ដៃ​លើ​ក្រុម​បាតុករ​ហុងកុង​ដែល​ចិន​ហៅ​ជា​ពួក​ឧក្រិដ្ឋជន។

ចិនចេញមុខព្រមានចាត់វិធានការចាស់ដៃលើបាតុករហុងកុង
ចិនចេញមុខព្រមានចាត់វិធានការចាស់ដៃលើបាតុករហុងកុង GREG BAKER / AFP
ផ្សាយពាណិជ្ជកម្ម

« ចូរ​អស់​លោក​កុំ​មើលស្រាល​លើ​ការ​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឹងម៉ាត់ និង​អំណាច​ដ៏​មហិមា​របស់​រដ្ឋាភិបាល​កណ្តាល » នេះ​ជា​ការ​ថ្លែង​របស់​លោក​យ៉ាង គ័ង អ្នកនាំពាក្យ​នៃ​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​ហុងកុង និង​ម៉ាកាវ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​រៀបចំ​នៅ​ហុងកុង​នា​ថ្ងៃ​អង្គារ ទី៦ សីហា។ បន្ទាប់​មក និង​ជា​ថ្មី​ម្តង​ទៀត លោក​យ៉ាង គ័ង​បាន​ចោទ​លើ​ក្រុម​សកម្មជន​មួយ​ក្តាប់​តូច​ជា​អ្នក​រៀបចំ​ឲ្យ​មាន​ការ​បះបោរ​នៅ​ហុងកុង​ពេល​នេះ។ តាម​លោក​គ័ង ក្រុម​សកម្មជន​មួយ​ក្តាប់​តូច​នេះ​មាន​ការ​ជួយ​គាំទ្រ​ពី​កម្លាំង​បរទេស តែ​លោក​មិន​បាន​ទម្លាយ​ឈ្មោះ​កម្លាំងបរទេស​របស់​ប្រទេស​ណា​មួយ​ទេ។ បន្ទាប់​មក លោក​យ៉ាង គ័ង​បាន​ហៅ​ក្រុម​សកម្មជន​មួយ​ក្តាប់​តូច​នេះ​ជា​ពួក​ឧក្រិដ្ឋជន​ដោយ​ព្រមាន​ខ្លាំងៗ​ថា អ្នក​ដែល​កំពុង​លេង​ជា​មួយ​ភ្លើង​នឹង​ត្រូវ​ស្លាប់​ក្នុង​ភ្លើង។

បើ​គិត​តាំង​ពី​ថ្ងៃ​ផ្តើម​ក្បួន​បាតុកម្ម​រៀបចំ​ដោយ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ហុងកុង​នា​ដើម​ខែ​មិថុនា​មក នេះ​ជា​លើកទី១ ដែល​ចិនដីគោក​បាន​ប្រើ​ពាក្យ​ព្រមាន​ខ្លាំងៗ​លើ​ក្រុម​បាតុករ។ ដោយឡែក និង​ក្រៅ​ពី​ព្រមាន​ខ្លាំងៗ​ដាក់​ក្រុម​បាតុករ លោក​យ៉ាង គ័ង​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​គាំទ្រ​ឥត​ងាករេ​របស់​ចិន​ដីគោក​ចំពោះ​ប្រមុខដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ និង​ចំពោះ​កម្លាំង​ប៉ូលិស​ហុងកុង​នៅ​ក្នុង​ប្រតិបត្តិការ​បង្រ្កាប​ក្រុម​បាតុករ។ ទន្ទឹម​នឹង​សន្និសីទកាសែត​របស់​មន្រ្តីជាន់ខ្ពស់​ចិនដីគោក យុវជន​ចំនួន ៣នាក់​ដែល​ជា​សមាជិក​នៃ​ចលនា​អ្នកប្រជាធិបតេយ្យ​ក៏​បាន​រៀបចំ​សន្និសីទកាសែត​មួយ​ដាច់​ដោយឡែក​របស់​ខ្លួន​ដែរ​នា​ថ្ងៃ​អង្គារ ទី៦ សីហា​នេះ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ អ្នក​ទាំង៣នាក់​ដែល​មាន​ប្រុស ២នាក់ និង​ស្រី​ម្នាក់​បាន​ពាក់​ម៉ាក់​បិទ​មុខ ពាក់​អាវយឺត​ពណ៌ខ្មៅ និង​មួក​កម្មករសំណង់​ពណ៌លឿង។

គួរ​រម្លឹក​ថា ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ហុងកុង​បាន​ផ្តើម​ធ្វើ​បាតុកម្ម​នា​ដើម​ខែ​មិថុនា​ប្រឆាំង​នឹង​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិនដីគោក។ បន្ទាប់​មក សេចក្តីព្រាងច្បាប់​មួយ​នេះ​ត្រូវ​បាន​លោកស្រី​ការី ឡាំ​ព្យួរ តែ​ក្រុម​បាតុករ​បន្ត​ទាមទារ​ឲ្យ​លោកស្រី​ដក​ចេញ​ទាំង​ស្រុង។ រហូត​មក​ដល់​ពេល​នេះ រដ្ឋអំណាច​ក្រុង​ប៉េកាំង​មិន​ទាន់​បាន​បញ្ជូន​កម្លាំងសន្តិសុខ​របស់​ខ្លួន​ចូល​អន្តរាគមន៍​នៅ​ហុងកុង​ផ្ទាល់​ទេ​ដោយ​ទុក​ឲ្យ​កម្លាំងប៉ូលិស​ហុងកុង​ជា​អ្នក​ចាត់ចែង។ តែ​នា​សប្តាហ៍​កន្លង​មក កងទ័ព​ចិន​បាន​ផ្សព្វផ្សាយ​រូបភាព​វីដេអូ​គំរាម​មួយ​ដែល​បង្ហាញ​ពី​កម្លាំងទ័ព​ចូល​អន្តរាគមន៍​បង្រ្កាប​ក្រុមបះបោរ​នៅ​ហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ