អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

និស្សិតចិននៅបរទេស និងការអភិវឌ្ឍប្រទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពីការបើក​ចំហសេដ្ឋកិច្ច​និង​សង្គម​ចិន​ ចរន្ត​នៃ​ការធ្វើ​ដំណើរទៅសិក្សា​នៅ​បរទេស​​របស់​និស្សិត​ចិនក៏កើត​មាន​ឡើង។ គិតត្រឹម​ឆ្នាំ​១៩៧៩ មាន​និស្សិត​ចិន​ច្រើន​ជាង​​៤,៥លាននាក់បាន​ធ្វើដំណើរ​ចាកចេញពីមាតុភូមិរបស់​ខ្លួន ហើយ​នៅ​ឆ្នាំ​២០១៨ ចំនួន​បានកើន​ឡើង​រហូតដល់ជាង៦៦ម៉ឺននាក់។ តាមការកត់ត្រាក្នុងប្រវត្តិសាស្ត្រ និន្នាការ​នៃការសិក្សានៅបរទេស​គឺជាការរួមចំណែកអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចចិន ជា​ពិសេសវាបានរុញច្រានឱ្យសង្គមចិន​ដើរតាម​ទាន់​គម្លាត​ចំណេះ​ដឹង​យ៉ាង​ហោច​ណាស់​២០​ឆ្នាំ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអប់រំ ជាមួយប្រទេសរីកចម្រើន។

និស្សិត​ចិន​នៅសកលវិទ្យាល័យ​ Shenyang ​
និស្សិត​ចិន​នៅសកលវិទ្យាល័យ​ Shenyang ​ STR / AFP
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពីបាន​ដាក់​ចេញ​នូវនយោបាយ​កំណែទម្រង់ប្រទេសចិន​ ឬជា​នយោបាយ​ដែល​​បស្ចិមលោកហៅ​ថា “កំណែទម្រង់និងការបើកចំហ​ប្រទេស​ចិន” ក្រោមការដឹកនាំរបស់​ លោកតេង ស៊ាវពីង នៅឆ្នាំ១៩៧៨ សង្គម​ចិន​បាន​បើក​ចំហ​ទៅកាន់​ពិភពលោក​ មិន​​ត្រឹម​តែក្នុងវិស័យ​សេដ្ឋកិច្ច ឬពាណិជ្ជកម្ម​អន្តរជាតិ​នោះទេ ក៏ប៉ុន្តែ វា​ក៏ជា​ការ​បើក​ចំហផងដែរ តាមរយៈការ​បញ្ចូន​និស្សិត​របស់​ខ្លួន​ទៅសិក្សានៅបរទេស ជាពិសេស នៅបស្ចិមលោក។

គួររំលឹក​ផងដែរថា នៅក្នុង​ឆ្នាំ​១៩៧៩ ពោលគឺជាង​៤០ឆ្នាំកន្លងមកហើយ បិតា​កំណែទម្រង់​សេដ្ឋកិច្ចចិន លោក​តេង ស៊ាវពីង បាន​និយាយ​ទៅកាន់​ លោក ​លោកហិនរី ឃីស៊ីងហ្គ័រ (Henry Kissinger) ក្នុងកិច្ច​ប្រជុំ​ផ្លូវការ​មួយ នៅទីក្រុងប៉េកាំង ដោយ​សង្កត់ធ្ងន់ថា និស្សិតចិន​ច្រើន​ជាង ៤,៥លាននាក់​ បាន​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក និង​បណ្តាប្រទេសបស្ចិមលោក​ផ្សេងទៀត ដើម្បី​រៀន​សូត្រ​ពីប្រទេស​រីកចម្រើន​ទាំងនោះ និង​ដើម្បីរួមចំណែក​កាត់បន្ថយ​គម្លាត​ចំណេះដឹង​យ៉ាង​ហោចណាស់​២០ឆ្នាំ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ការអប់រំ រវាង​ប្រទេស​ចិន និង​ប្រទេស​រីកចម្រើន។

រហូតមក​ដល់​បច្ចុប្បន្ន សម្រាប់​ថ្នាក់​ឧត្តមសិក្សា គេអង្កេតឃើញថា​ ចំនួន​និស្សិតចិនយ៉ាង​ច្រើន បាននិងកំពុង​បន្តការសិក្សានៅប្រទេស​ធំៗ តួយ៉ាង សហរដ្ឋអាមេរិក អូស្រ្ដាលី ចក្រភពអង់គ្លេស សហភាពអឺរ៉ុប ជប៉ុន កាណាដា និង​កូរ៉េខាងត្បូង។ ចាប់តាំង​ពីឆ្នាំ២០១០ ប្រទេស​ចិនបានបញ្ចូននិស្សិតរបស់​ខ្លួន ក្នុងមួយឆ្នាំ​ៗ ប្រមាណជាង៣០ម៉ឺននាក់ ទៅសិក្សា​នៅបរទេស ដែលភាគច្រើនជាប្រទេសអភិវឌ្ឍ ហើយចំនួននិស្សិតចិន​បានបន្តកើនឡើង រហូត​ដល់ជាង​៦៦ម៉ឺននាក់ នៅឆ្នាំ២០១៨។ ក្នុងនោះ ចំនួន​ពាក់​កណ្តាល​កំពុងសិក្សានៅ​សហរដ្ឋអាមេរិក។ យោងតាម​ក្រសួងអប់រំចិន ភាគច្រើន​នៃ​និស្សិត​ទាំង​នោះ​ប្រើប្រាស់ហិរញ្ញវត្ថុ​​ខ្លួនឯងផ្ទាល់ ហើយ​វា​តំណាង​ឱ្យ​ប្រមាណ​៩០ភាគរយ​នៃចំនួន​សរុប។ ដូច្នេះ មាន​តែ​និស្សិត​ប្រហែល​១០ភាគរយ ឬ​ត្រឹម​ប្រមាណ ៦,៦ម៉ឺននាក់​ប៉ុណ្ណោះ ​ដែល​ទទួល​បាន​ការឧបត្ថម្ភពី​មូលនិធិសាធារណៈ ឬអាហារូបករណ៍។

អស់​រយៈពេល​ជាច្រើនឆ្នាំ ការផ្លាស់ប្ដូរធនធាន​មនុស្ស​របៀបនេះ ត្រូវ​គេមើល​ឃើញថា ជាយុទ្ធសាស្រ្ដ​ឈ្នះ-ឈ្នះ ព្រោះថា រដ្ឋាភិបាល​ចិន​បាន​មើល​ឃើញ​​ផ្ទាល់​ភ្នែក​ពីការ​កើន​ឡើង​នូវ​កម្រិត​ជំនាញ​នៃ​និស្សិតនិង​កម្លាំងពលកម្មរបស់​ខ្លួនលើ​គ្រប់វិស័យ ហើយនិស្សិត​ចិន​ក៏​ត្រូវ​អនុញ្ញាត​ឱ្យ​សិក្សា​រៀន​សូត្រពីចំណេះដឹង ​និង​ការទទួល​បាន​ឱកាស​ដែល​មិនធ្លាប់​មាន​នៅក្នុងប្រទេសចិន។ រីឯ បស្ចិមលោក​ខ្លួនឯងផ្ទាល់​ក៏ទទួល​បាន​ប្រាក់​ចំណូល​ផងដែរ​ពីនិស្សិតចិន ​តាមរយៈការបង់ថ្លៃសិក្សា និងការចាយវាយ​ប្រចាំថ្ងៃរបស់​ពួកគេ។

កំលុង​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ជាពិសេស​ក្រោមអាណត្តិដឹកនាំ​របស់​ លោក​ប្រធានាធិបតីអាមេរិក លោក​ដូណាល់ ត្រាំ ភាពតានតឹងនយោបាយ​បាន​កើតមាន​ឡើង ​រារាំងដល់​និន្នាការនៃ​ការទទួល​យក​និស្សិតចិន​ពីសំណាក់ប្រទេសរីកចម្រើន។ ទោះជាយ៉ាងណា បើយោង​តាម​អ្នក​ជំនាញភ្នែក​មុត​នៅអាស៊ី បង្ហាញថា រហូតមក​ដល់​ពេល​បច្ចុប្បន្ន ប្រទេស​ចិន​អាច​មាន​លទ្ធភាព​ខ្លួន​ឯងគ្រប់គ្រាន់ ក្នុង​ការ​បណ្ដុះបណ្ដាល និង​អភិវឌ្ឍចំណេះ​ដឹង​លើ​គ្រប់វិស័យ ទៅកាន់​ក្មេងៗជំនាន់ក្រោយ ពីសំណាក់​រៀម​ច្បង ដែល​​ធ្លាប់បានទៅសិក្សារៀនសូត្រនៅបស្ចិមលោក ហើយ​អាចប្រើប្រាស់​វិធីសាស្រ្ដ​តែមួយដូចគ្នាទៅនឹង​​ប្រទេស​រីកចម្រើន។ ជាក់ស្ដែង ពីមួយឆ្នាំ​ទៅមួយឆ្នាំ វីរុសវិជ្ជមាន​ទាំង​នោះ​បានត្រឡប់មកប្រជាជាតិ​ចិនវិញ និងពង្រីករាល​ដាលវីរុសវិជ្ជមាន​ពេញ​ប្រទេស​ចិន​។

សម្រាប់ជាសក្ខីភាពជាក់ស្ដែង គេអាចអង្កេតឃើញពី ការរីកចម្រើន​នៃបច្ចេកវិទ្យារបស់​ចិន​យ៉ាងឆាប់រហ័ស កំលុងរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ដូចជា ការបង្កើតបច្ចេកវិទ្យាថ្មី 5G របស់​ក្រុម​ហ៊ុន​បច្ចេកវិទ្យាយក្ស Huawei៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ