rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទៅ​រៀបចំ​បំពាក់​មីស៊ីល​ឱ្យ​អាស៊ី ដើម្បី​គំរាម​ចិន

media
ទាហាន​​អាមេរិក និង​មីស៊ីល​​ នៅ​មូលដ្ខាន​ទ័ព ក្នុង​ប្រទេស​ប៉ូឡូញ Reuters/Peter Andrews

លោក Mark Esper រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​នៅ​ល្ងាច​ថ្ងៃសៅរ៍​ទី ៣​សីហា​នេះ ក្នុង​ក្របខ័ណ្ឌ​នេះ​ទស្សនកិច្ច​មួយ​ជុំ រយៈ​ពេល​មួយ​សប្តាហ៍​ ​នៅ​អាស៊ី។ កម្មវត្ថុនៃទស្សនកិច្ច គឺទៅ​​រៀប​ចំ​ពង្រាយ​អាវុធ​មីស៊ីល​នៅ​ក្នុង​តំបន់​អាស៊ី ដើម្បី​ព្រមាន​ចិន ព្រោះ​ពេល​នេះ​អាមេរិក​លែង​មាន​ជាប់​ជំពាក់​សន្ធិសញ្ញា​អ្វី​ទៀត​ហើយ។ អាមេរិក​បានដក​ខ្លួន​ជាស្ថាពរ​និង​ជា​ផ្លូវការ​ នៅ​ថ្ងៃ​សុក្រ​ទី​២​សីហា ពី​សន្ធិសញ្ញា​ស្តី​ពីអាវុធ​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​ជាមួយ​រុស្ស៊ី។


គ្រាន់​តែ​បាន​ក្លាយ​ជារដ្ឋមន្ត្រី​ការពារ​អាមេរិកជា​ផ្លូវការ​ភ្លាម លោក Esper បាន​ជ្រើសរើស​ធ្វើ​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​​ដំបូង​ នៅ​អាស៊ី ដោយ​ផ្តើម​ពីប្រទេស​អូស្ត្រាលី នូវែលហ្សេឡង់ ជប៉ុន ម៉ុងហ្គោលី និង​កូរ៉េខាង​ត្បូង។ ជម្រើស​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​អំពី​ជំហរ​អាមេរិក​ចំពោះ​តំបន់​អាស៊ី​ផង និងការ​ធានា​អះអាង​ដល់​ប្រទេស​សម្ព័ន្ធមិត្តផង ព្រម​ទាំង​​ដើម្បី​ប្រឈម​នឹង​ការ​ស្ទុះ​ឡើង​របស់​ចិន​ផង។ ​

ដើម្បី​សម្រេច​បំណង​នេះ ​បើ​តាម​លោក​រដ្ឋមន្ត្រី ​អាមេរិក​​ប្រាថ្នា​ពង្រាយ​អាវុធ​មីស៊ីល​រយៈ​មធ្យម​នៅ​តំបន់​អាស៊ី ឱ្យ​បានក្នុង​ពេលដ៏​ឆាប់ៗ​បំផុត​ ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ ប៉ុន្តែ​ប្រតិបត្តិការ​បែប​នេះ​អាច​ស៊ី​ពេល​ច្រើន​ជាង​ការ​គិតបន្តិច។ នេះ​បើ​តាម​ប្រសាសន៍​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ដែល​មិន​បាន​លម្អិត​អំពី​ទីតាំង​នៃ​ការ​ដាក់​ពង្រាយ​អាវុធ​ទាំង​នោះ​ឡើយ​ ព្រោះ​អាមេរិក​ត្រូវ​ការ​ពិគ្រោះ​ជាមួយ​សម្ព័ន្ធ​និង​ប្រទេស​ជា​ដៃ​គូសិន។

ដំណឹង​ស្តី​អំពី​ការ​បំពាក់​សព្វាវុធ​ឱ្យ​តំបន់​អាស៊ី ធ្លាក់​មក​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ជា​ស្ថាពរ​ពី​សន្ធិសញ្ញា​ស្តី​ពី​អាវុធនុយក្លេអ៊ែរ​រយៈ​មធ្យម (INF) ​​ចុះ​ហត្ថលេខា​ជាមួយ​រុស្ស៊ី ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ ដែល​ហាម​ដាច់​ខាត​មិន​មាន​ការផលិត​​មីស៊ីល​ បាញ់​ចេញ​ពី​ដី​ បាញ់​បាន​រយៈ​ចម្ងាយ​មធ្យម ពី ៥០០​ទៅ​៥៥០០គីឡូម៉ែត្រ។

លែង​ជាប់​ជំពាក់​ក្នុង​​សន្ធិសញ្ញា​ មាន​ន័យ​ថា​អាមេរិក​ពេល​នេះ​មាន​សេរីភាព​គ្រប់គ្រាន់​ អាច​ប្រកួត​ប្រជែង​នឹង​ចិន​បាន​យ៉ាង​ពេញ​លេញ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​លោក Esper ឆ្លៀត​អំពាវនាវ​ កុំ​ឱ្យ​​ចិន​ភ្ញាក់​ផ្អើល​នឹង​សេចក្តី​សម្រេច​ពង្រាយ​មីស៊ីល​របស់​អាមេរិកនេះ​​ឱ្យ​សោះ។ ​ចិន​ដែល​មិន​មែន​ជា​ប្រទេស​ហត្ថលេខី​ក្នុង​សន្ធិសញ្ញា INF បាន​ពង្រឹង​ពង្រីក​សមត្ថភាព​យោធា និង​ពង្រាយ​អាវុធ​មីស៊ីល​រយៈ​មធ្យម​ដែលហាមឃាត់​ដោយ​សន្ធិសញ្ញា នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ ដល់​ប្រមាណ​ទៅ​៨០%។ ​សម្ព័ន្ធ​មិត្ត​និង​ប្រទេស​ដៃ​គូរបស់​អាមេរិក ដូច​ជា​អូស្ត្រាលី នូវែលហ្សេឡង់ ឥណ្ឌូណេស៊ី វៀតណាម​ ... ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ទើប​​អាមេរិក​សម្រេច​​ពង្រាយ​ប្រភេទ​អាវុធ មាន​សមត្ថភាព​​ដូច​គ្នា​ក្នុង​តំបន់​នេះដែរ។ ប៉ុន្តែ​​​​លោក​ប្រមុខ​មន្ទីរ​បញ្ចកោណ​បាន​​បដិសេធ​ មិន​ប្រើ​ពាក្យ​ថា​​ប្រកួត​ប្រជែង​សពា្វវុធ​ទេ ដោយ​សំអាង​ថា​ពាក្យ​នេះ​ប្រើ​តែ​ក្នុង​បរិបទ​នុយក្លេអ៊ែរ​ប៉ុណ្ណោះ។ ហើយ​ម្យ៉ាង​ទៀត ​អាមេរិក​គ្មាន​គម្រោង​ផលិត​និង​ពង្រាយ​អាវុធ​មីស៊ីល​​រយៈ​មធ្យមអាច​ពាំ​​​ក្បាល​នុយក្លេអ៊ែរ​ ដូច​អ្វី​ដែល​រុស្ស៊ី​បាន​បំពានធ្វើ​​នោះឡើយ៕