rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ឥណ្ឌា ម៉ាល់ឌីវ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាជ្ញាធរ​ឥណ្ឌា​ចាប់ឃាត់ខ្លួន​អតីត​អនុប្រធានាធិបតី​ម៉ាល់ឌីវ

media
អតីត​អនុប្រធានាធិបតី​ម៉ាល់ឌីវ លោកAhmed Adeeb នៅមុន​ប៉ូលិស​ឥណ្ឌា​ចាប់ឃាត់ខ្លួន នៅពេល​ឆ្លងចូល​ខុសច្បាប់​ក្នុង​ទឹកដី​ឥណ្ឌា​កាលពីថ្ងៃទី ១​សីហា ២០១៩ ©Ahmed SHURAU / AFP

អាជ្ញាធរ​ឥណ្ឌា​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​ចាប់ឃាត់​ខ្លួន អតីត​អនុប្រធានាធិបតី​ប្រទេស​កោះ ម៉ាល់ឌីវ ក្នុង​បទឆ្លងដែន​ចូល​ខុសច្បាប់​ក្នុង​ប្រទេស​ឥណ្ឌា។ តាម​ប៉ូលិស​ឥណ្ឌា អតីត​អនុប្រធានាធិបតី​ម៉ាល់ឌីវ លោក អាម៉េដ អាដិប គ្មាន​លិខិតឆ្លងដែន​ជាប់ខ្លួន និង​បាន​បន្លំខ្លួន ជា​សមាជិក​របស់​ទូកសណ្តោង សំដៅ​កំពង់ផែ ឥណ្ឌា។

 


តាមអ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ឥណ្ឌា អតីត​អនុប្រធានាធិបតី​ម៉ាល់ឌីវ បាន​ធ្វើដំណើរ​ចូល​ប្រទេស​ឥណ្ឌា ដោយ​ខុសច្បាប់ តាមរយៈ​កប៉ាល់​អូសទូក​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ មន្រ្តី​ប៉ូលិស​ឥណ្ឌាវិញ បាន​និយាយប្រាប់​អ្នកកាសែត​ក្នុង​ស្រុក ថា នៅពេល​ឃាត់ខ្លួន នៅលើ​ទូកសណ្តោង ជាទី​ដែលលោក​បន្លំ​ខ្លួន​ជា​អ្នកធ្វើការ​លើ​ទូក អតីត​អនុប្រធានាធិបតី ម៉ាល់ឌីវ គ្មាន​កាន់​លិខិត​ឆ្លងដែន​ជាប់ខ្លួន​នោះទេ។

លិខិត​ឆ្លងដែន​របស់​លោក អាម៉េដ អាដិប ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាល់ឌីវ រឹបអូស ទុក នៅក្នុង​ពេល​ដែល​អតីត​អនុប្រធានាធិបតី​រូបនេះ កំពុង​ប្រឈម​នឹង​បទចោទប្រកាន់​តាមផ្លូវតុលាការ នៅ​កោះម៉ាល់ឌីវ។

លោក​អាម៉េដ អាដិប​ធ្លាប់​ត្រូវ​បាន​តុលាការ​ម៉ាល់ឌីវ កាត់ទោស​ឲ្យ​ជាប់ពន្ធានគារ ១៥ឆ្នាំ ក្នុង​បទ​ប៉ុនប៉ង​សម្លាប់​អតីតប្រធានាធិបតី​ម៉ាល់ឌីវ ដែល​លោកធ្វើការ​ជាមួយ កាលពី ឆ្នាំ ២០១៥។ ប៉ុន្តែ នលោក​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​មកវិញ នៅ​ខែ​ឧសភា ឆ្នាំនេះ នៅក្រោយ តុលាការ​ឧទ្ធរណ៍​បដិសេធ ទាត់ចោល ការសម្រេច​ផ្តន្ទាទោស​របស់​តុលាការ​ដំបូង។

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ូលិស​ម៉ាល់ឌីវ​អះអាងថា គេ​បាន​ដាក់ពាក្យ​ស្នើសុំ​ឲ្យ ប្រទេស​ជិតខាង ចាប់បញ្ជូន លោក​អាម៉េដ អាដិប ព្រោះថា នៅក្នុង​ប្រទេស លោក​អាដិប កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ផ្សេងទៀត ដូចជា​សំណុំរឿង​ពុករលួយ លួចកេងលុយរដ្ឋ ហើយ​និង​រឿងអាស្រូវ​លាងលុយ នៅក្នុង​ជំនាន់​លោកធ្វើ​ជាអនុប្រធានាធិបតី ម៉ាល់ឌីវ ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៨។

រឿងអាស្រូវ​ពុករលួយ ដែល​ធ្វើ​អតីត​ប្រធានាធិបតី អាប់ឌូឡា យ៉ាមេន បរាជ័យឆ្នោត មិនអាច​បន្ត តំណែង​មួយ​អាណត្តិ​ទៀត។ តាម​ប៉ូលិស ម៉ាល់ឌីវ នៅមុន​ដំណឹង​ចាប់ខ្លួន លោក​អតីត​អនុប្រធានាធិបតី ម៉ាល់ឌីវ ត្រូវ​បង្ហាញ​ខ្លួន នៅក្នុង​សំណុំរឿង​បទចោទប្រកាន់ថ្មី ប៉ុន្តែ លោក​បាន​អាក់ខាន និងបែរ​ជា​ត្រូវ​បាន​ប៉ូលិស​ចាប់ឃាត់ខ្លួន នៅក្នុង​ទូកសណ្តោង សំដៅ​ប្រទេស​ឥណ្ឌា​ទៅវិញ។

តាម​មន្ត្រី​ឥណ្ឌា​ដែល​សុំ​មិន​បញ្ចេញឈ្មោះ គេ​នឹង​អាច​បញ្ជូន​ភ្លាម លោក​អាដិប ទៅ​ម៉ាល់ឌីវ​វិញ ឬ​ត្រូវ​ពិភាក្សា​ជាមុន ជាមួយ​រដ្ឋាភិបាល​ម៉ាល់ឌីវ។ ការឆ្លងដែន របស់​អតីត​អនុប្រធានាធិបតី​ម៉ាល់ឌីវ ទៅ​ក្នុង​ទឹកដី​ឥណ្ឌា​ដោយ​គ្មាន​លិខិតឆ្លងដែន អាច​ជា​សំណុំរឿង​មួយ​ដែល​គេព្រួយបារម្ភ ជាពិសេស​នៅពេល​លោកត្រូវ​ចាប់បញ្ជូន​ទៅ​កោះម៉ាល់ឌីវ​វិញ ជា​ទី​ដែលកំពុង​ប្រឈម​នឹង​បទចោទប្រកាន់ ពីការប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ៕