អានតួអត្ថបទ

សមុទ្ទចិនខាងត្បូង ៖ វៀតណាម​​ទាមទារ​​ឱ្យ​​ចិន​​ដក​​នាវា​​ចេញ​​ពី​​តំបន់​ជាប់​​​ជម្លោះ​​ជាប​ន្ទាន់

នៅ​ថ្ងៃព្រហស្បតិ៍​នេះ វៀតណាម​បាន​ទាមទារ​ឱ្យ​នាវា​របស់​រដ្ឋាភិបាល​ចិន ថយ​ចេញ​ជា​បន្ទាន់ ពី​តំបន់​ដែន​ទឹក​ជាប់​ជម្លោះ​ ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​។ វៀតណាមបានផ្ញើ​សារ​​​​តវ៉ា ​ជា​​​ច្រើន​លើក​ច្រើនសា​ហើយ​ កាលតាមផ្លូវ​ការទូត ពី​សប្តាហ៍​មុន តែ​ចិន​ហាក់​ដូច​ជា​ធ្វើ​ដឹង​ឮសោះ។

កោះ​ Thitu នៃ​ប្រជុំ​កោះ​ Spratleys ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង
កោះ​ Thitu នៃ​ប្រជុំ​កោះ​ Spratleys ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង AFP PHOTO / POOL
ផ្សាយពាណិជ្ជកម្ម

Haiyang-៨ ជា​នាវារបស់​ស្ថាប័ន​ភូគព្ភសាស្ត្រ​ចិន​ បាន​ចេញ​មក​បំពេញ​បេសកកម្ម​ស្រាវជ្រាវ​រុករក នៅ​ជុំ​វិញ​តំបន់​ប្រជុំ​កោះ​ស្ព្រាតលី តាំង​ពី​ថ្ងៃទី ៣ កក្កដា ២០១៩មក។ នេះ​បើ​តាម​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​និង​សិក្សា​អន្តរជាតិ (CSIS) របស់​​សហរដ្ឋ​អាមេរិក​​។

​នៅ​​សប្តាហ៍​មុន​មក ហាណូយ​បាន​ផ្ញើ​សា​តវ៉ា ជា​ច្រើន​ទៅ​ប៉េកាំង សុំ​ឱ្យ​នាវា​ហៃយ៉ង់​៨ ចាក​ចេញ​ពី​តំបន់​ដែល​វៀតណាម​ចាត់​ទុក​ជា​ដែន​ដី​របស់​ខ្លួន តែ​ចិន​ក៏​ទាមទារថា​ជា​ម្ចាស់​ដែរ។ ហើយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ហាណូយ​បានផ្តោះប្តូរសំដី​ តាម​បែប​ការ​ទូត​ ដោយ​សុំ​ឱ្យ​នាវា​ចិន​ដក​ខ្លួន​ចេញ​ជា​បន្ទាន់​ពី​តំបន់សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​វៀតណាម។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​​​អ្នក​នាំពាក្យ​ក្រសួងការបរទេសវៀតណាម លោក​ Le Thi Thu Hang ដោយពន្យល់​ថា​វៀតណាមការពារ​និង​គោរព​បូរណភាព​ដែន​ដី ស្រប​តាម​ច្បាប់អន្តរជាតិ​ និ​ង​ដោយ​​ប្រើ​មធ្យោបាយ​បែប​សន្តិវិធី ​តែ​បដិសេធ​មិន​បញ្ជាក់​អំពី​ទីតាំង​ពិត​ប្រាកដ​របស់​នាវា​ចិន​នោះ​ទេ។

មុន​នឹង​នាវា​រុក​រក​មក​ដល់​សមុទ្ទចិន​ខាង​ត្បូងនេះ នាវារបស់​ឆ្មាំ​សមុទ្ទ​ចិន​ក៏​បាន​មក​ត្បាត​ដល់​កៀក​នាវា​វៀតណាម​ ដែល​មក​ចាក់​ប្រេង​នៅ​ស្ថានីយ៍​បូមប្រេង។ បើ​តាម​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត​និង​សិក្សា​អន្តរជាតិ​អាមេរិក ឆ្មាំ​សមុទ្ទ​ចិន បាន​បញ្ចេញ​សកម្មភាព​បែប​គំរាម កំញើញ​នាវា​វៀតណាម​តែម្តង។ សកម្មភាព​របស់​ចិន​ដែល​ជំរុញ​ឱ្យ​អាមេរិក​បញ្ចេញ​ប្រតិកម្ម​តប​វិញ​កាលពី​ចុង​សប្តាហ៍​មុន​ អំពាវនាវ​ឱ្យ​ចិន និង​យោធា​សមុទ្ទ​ចិន បញ្ឈប់​សកម្មភាព​ឈ្លានពាន ប្រទេស​ជិត​ខាង​ក្នុង​តំបន់ ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​។

សំអាង​លើ​វត្តមាន​ដ៏​យូរលង់​ក្នុង​តំបន់ ចិន​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ជា​ច្រើន​ ដូច​ជា​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ ដណ្តើម​គ្រប់គ្រង​តំបន់​ប្រជុំ​កោះ​ស្ព្រាតលី​និង​ប៉ារ៉ាសែល​ដ៏​មហាសាល ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។ ជា​ជម្លោះ​ដែនដី​ដ៏​ធំ​និង​កំពុង​ពុះ​កញ្ជ្រោល​ខ្លាំង​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក ព្រោះ​​តំបន់​នេះ​ស្ថិត​នៅ​ចំ​ផ្លូវតំបន់​​ផ្តោះប្តូរ​ពាណិជ្ជកម្មអន្តរជាតិ​​ដ៏​សំខាន់​ផង និង​ជា​តំបន់​ដែល​សម្បួរទៅ​ដោយ​ធនធាន​ធម្មជាតិ​ ក្នុង​ទឹកក្រោម​ដី​ ​ និង​ជា​ទីស្តុក​ប្រភព​ថាមពល​ហ្វូស៊ីល​ដ៏​ច្រើន​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ