អានតួអត្ថបទ

ជប៉ុន និង​កូរ៉េខាងត្បូង​​ឈ្លោះគ្នា​​រឿង​​ផែនទី​​ប្រើ​​ក្នុង​​កម្មវិធី​​កីឡា​​អូឡាំពិក​​២០២០

ការ​ប្រកួត​កីឡា​អូឡាំពិក​កាន់​តែ​ខិត​មក​ដល់​ ភាព​តាន​តឹង​មាន​កាន់​តែ​ខ្លាំង​រវាង​ជប៉ុន​និង​កូរ៉េខាង​ត្បូង។ នៅ​ថ្ងៃ​ពុធ​ទី ២៤​កក្កដា ២០១៩ នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ឆ្លើយ​បដិសេធ​ ថា​មិន​ទទួលធ្វើ​តាម​សំណើ​របស់​កូរ៉េខាង​ត្បូង​ឡើយ។ កូរ៉េខាង​ត្បូ​ង​បានទាមទារឱ្យ​​​តូក្យូ ​លុប​កូន​កោះ​តូចៗ​ពីរ​ដែល​ជាប់​ជម្លោះគ្នា​ ​​ចេញ​ពី​ផែន​ទី​ប្រើ​​សម្រាប់​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​។

ទីប្រជុំកូន​កោះ​Dokdo ឬ Takeshima  បង្កជាជម្លោះថ្មី​រវាង​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង
ទីប្រជុំកូន​កោះ​Dokdo ឬ Takeshima បង្កជាជម្លោះថ្មី​រវាង​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង REUTERS/Korea Pool
ផ្សាយពាណិជ្ជកម្ម

នៅ​លើ​ផែនទី​បញ្ជាក់​អំពី​ដំណើរ​ហែ​ ភ្លើង​គប់​អូឡាំពិកឆ្នាំ​២០២០ នៅ​​តូក្យូ គេ​សង្កេត​ឃើញ​មាន​ចំណុច​តូច​ល្អិត​មួយ ដែល​តំណាង​ឱ្យ​ប្រជុំ​កូន​កោះ​ Takeshima។ តាកេស្ហ៊ីម៉ា ជា​កូន​កោះដុំ​ថ្ម​ពីរ​ នៅ​ដាច់​ស្រយាល​ក្នុង​មហាសាគរ ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​ និង​គ្មាន​មនុស្ស​រស់​នៅ​ទេ។ កូន​កោះ​ទាំង​ពីរ​ដែល​មាន​ផ្ទៃក្រលា​បូកបញ្ចូល​គ្នា​ មិន​ដល់​០,២០គីឡូម៉ែត្រការ៉េ​ផង​នោះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​ជាក់​ស្តែង​​ដោយ​កូរ៉េខាង​ត្បូង តែ​ជប៉ុន​តែង​ទាមទារ​ថា​ជា​បូរណភាពដែន​ដី​​របស់​ខ្លួន​ជា​និច្ច។

នៅ​ក្នុង​សន្និសីទ​កាសែត​ព្រឹក​មិញ អ្នកនាំ​ពាក្យ​​រដ្ឋាភិបាល​ជប៉ុន បាន​បញ្ជាក់​ថា​ កូរ៉េខាង​ត្បូងពិត​​បាន​ធ្វើការ​តវ៉ា​ទៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​សេអូល សុំ​ឱ្យ​លុប​​ចំណុច​កូន​កោះ​នោះ​ចេញ​ពី​ផែន​ទី​មែន ប៉ុន្តែ​ជប៉ុន​អាច​ឆ្លើយ​តប​ជា​វិជ្ជមាន​បាន​ឡើយ ព្រោះ​ តាកេស្ហ៊ីម៉ា ​គឺ​ជា​របស់​ជប៉ុន។ មិន​តែប៉ុណ្ណោះ ជប៉ុន​ក៏​បាន​ច្រាន​ចោល​​ការ​តវ៉ា​របស់​សេអូល ដែលប្រឆាំង​នឹង​ការ​ហៅ​ឈ្មោះ​មហាសាគរ​ដែល​ព័ទ្ធ​កូនកោះ​ថា “​សមុទ្ទ​ជប៉ុន”​ ទៀត។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំពាក្យ​ដដែល។

សូម​បញ្ជាក់​ថា​​កូរ៉េខា​ង​ត្បូង បាន​ហៅ​សមុទ្ទ​នេះ​ថា​សមុទ្ទ​ខាង​កើត ព្រោះ​វា​ស្ថិត​នៅ​ភាគ​ខាង​កើត​នេះ​ប្រទេស​។ ចំណែក​កូន​កោះ​ជាប់​ជម្លោះ​វិញ មាន​ឈ្មោះ​ថា ដុកដូ និង​ ផ្ទាំង​ថ្ម​Liancourt សម្រាប់​​ក្រុម​បស្ចឹមលោក។ ដុកដូ​ ជាផ្នែក​មួយ​នៃ​ដែន​ដី​របស់កូរ៉េខាង​ត្បូង បើ​យោល​ទៅលើ​​​ប្រវត្តិសាស្ត្រ ទីតាំង​ភូមិសាស្ត្រ និង​ច្បាប់​អន្តរជាតិ។ នេះ​ជាការ​ទទូច​បញ្ជាក់​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល ដែល​បើ​តាម​សារព័ត៌មាន​ជប៉ុន បាន​ចាត់​ទុក​​ភាព​​មានៈ​របស់​តូក្យូ​ជា​ទង្វើ​ប្រឆាំង​នឹង​ស្មារតី​កីឡាអូឡាំពិក​។

ជម្លោះ​តវ៉ា​បែបនេះធ្លាប់​កើត​មាន​ម្តង​ហើយ​កាល​ក្នុង​ពិធី​ប្រកួត​កីឡាអូឡាំពិក​រដូវ​រងារ នៅ​ព្យុងឆាំង ដើម​ឆ្នាំ​២០១៨។ កាលណោះ​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង សេអូល​សុខ​ចិត្ត​មិន​ប្រើ​ទង់ជាតិ​ដែល​មាន​ចុច​កោះ​តាកេស្ហ៊ីម៉ា​ឬ​ដុកដូ។ ថ្វី​បើ​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ជម្លោះ​ប្រវត្តិសាស្ត្រ និង​ជំហរ​ជាតិ​និយម​ដាច់ខាត​ដូចគ្នា​មែន តែ​​កូរ៉េខាង​ត្បូងនិង​ជប៉ុន កម្រ​ធ្លាក់​ក្នុង​ភាព​តាន​តឹងភាព​តាន​តឹងដាក់​គ្នា​​បែប​នេះ​ណាស់។ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រទេស​ទាំង​ពីរ បាន​ប្រទាក់​សំដី​គ្នា​យ៉ាង​ខ្លាំង ទាក់ទង​​នឹង​ការ​រំលោភ​ដែន​អាកាស​របស់​យន្តហោះ​ចម្បាំង​រុស្ស៊ី។ តូក្យូ​បាន​បន្ទោស​សេអ៊ូល​ដែល​បាន​បាញ់​គំរាម​យន្តហោះ រុស្ស៊ី​ ថា​ជា​ទង្វើ​គួរ​ឱ្យ​សោកស្តាយ​មែនទែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ