អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សេរីភាព​សារព័ត៌មាន​កំពុង​រង​ការគំរាមកំហែង នៅ​ឥណ្ឌា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រងការ​យាយី ចាប់​ខ្លួន បង្ក​ឧបសគ្គ​ឱ្យ​ធ្វើការ​មិន​កើត ផ្តាច់​ហិរញ្ញវត្ថុ​ ... នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ជាពិសេស​គិត​ចាប់​តាំង​ឥណ្ឌា​ស្ថិត​ក្រោម​ការគ្រប់​គ្រង​របស់​អ្នក​ជាតិ​និយមហិណ្ឌូ ណារិនដ្រា ម៉ូឌី មក លក្ខខណ្ឌការងារ​របស់​អ្នក​សារព័ត៌មាន នៅ​តំបន់​កាស្មៀ កាន់​តែ​លំបាក​ខ្លាំង​ឡើងៗ។ អ្នក​កាសែត​ស្ថិត​ក្រោម​សម្ពាធ​ជាង​ពេលណាៗ​ទាំងអស់។

លោក Ghulam Jeelani Qadri អ្នកកាសែត​របស់ Daily Afaaq ក្រោយ​ចេញ​ពី​តុលាការ ក្រុងSrinagar កាស្មៀ
លោក Ghulam Jeelani Qadri អ្នកកាសែត​របស់ Daily Afaaq ក្រោយ​ចេញ​ពី​តុលាការ ក្រុងSrinagar កាស្មៀ © Reuters
ផ្សាយពាណិជ្ជកម្ម

ក្រៅ​អំពី​ត្រូវ​ធន់​​នឹង​គំនាប ​ម្ខាង​មកពី​​​កងកម្លាំង​រក្សា​សន្តិសុខ​ដែល​បង្ហាញ​វត្តមានកាន់​តែ​ច្រើនឡើងៗ​ជា​ប្រចាំ និង​ម្ខាងទៀត​ជា​ក្រុមបះបោរ​ចង់​ផ្តាច់​ទឹក​ដីកាស្មៀ អ្នក​កាសែត អ្នក​យក​ការណ៍ អ្នក​ថតរូប អ្នក​ថត​វីដេអូ អ្នកយក​ព័ត៌មាន​គ្រប់​រូប គ្រប់​សណ្ឋាន ​ត្រូវ​រង​សម្ពាធ​ កាន់​តែ​ខ្លាំង និង​ជា​ស្វ័យ​ប្រវត្តិ​​ទៀត​ ពី​សំណាក់​អាជ្ញាធរ​ឥណ្ឌា។ ចំណែក​ដៃ​គូ​សន្ទនា អ្នកធ្វើ​អន្តរាគមន៍ លែង​ហ៊ាន​​បញ្ចេញ​មតិ ដោយ​ចំហ ដោយ​បញ្ចេញ​អត្តសញ្ញាណ​ទៀត​ហើយ ព្រោះ​ខ្លាច​មាន​ការ​សង​សឹក។

អាជ្ញាធរ​ក្រុង​ញូវដាលី ដែល​ត្រូវ​ការ​​ឱ្យ​អ្នក​ឯករាជ្យនិយម​​ស្ងាត់​មាត់ ឬ ត្រូវ​ប្រកាន់​ជំហរ​ ​ស្រប​តាម​បន្ទាត់នយោបាយ​របស់​រដ្ឋាភិបាល មិន​ខ្លាច​នឹង​ប្រើ​គ្រប់​វិធី​ ដើម្បី​ឃុំគ្រង​គ្រប់​​ស្រទាប់ក្នុង​​សង្គម​ទេ។

ស្ថានភាព​កាន់​តែ​​តាន​តឹង និងលក្ខខណ្ឌ​ការងារ​របស់​អ្នក​កាសែត កាន់​តែ​ដុនដាប​មួយ​កំរិត​បន្ថែម​ទៀត ​ក្រោយ​ពី​មាន​ភេរវកម្ម​អត្តឃាតស្លាប់​កង​ស្វ័យត្រាន​ឥណ្ឌា​ជាង​៤០​នាក់​ ​ កាលពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០១៩ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌា​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​។

កាស្មៀ ជា​អតីត​រាជាណាចក្រ ដែល​ត្រូវ​ពុះ​ចែក​ជា​ពីរចំរៀក មួយ​ជា​របស់​ឥណ្ឌា​ មួយទៀត​ជា​របស់​ប៉ាគីស្ថាន នៅ​ឆ្នាំ​១៩៤៧។ តាំង​ពី​ពេល​នោះ​មក​ទល់នឹង​ថ្ងៃ​នេះ មហាអំណាច​នុយក្លេអ៊ែរ​ជាប់​របងគ្នា​ទាំង​ពីរ នៅ​​តែ​បន្ត​ជម្លោះ​ទាមទារ​គ្រប់គ្រង​តំបន់​កាស្មៀ​ទាំង​មូល​រៀង​ខ្លួន ជា​ហេតុ​ធ្វើឱ្យ​តំបន់​នេះ​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​ជា​ប្រចាំ។​​ ហើយ​ដោយជាក់ស្តែង​ទៅ​​ សេរីភាព​សារព័ត៌មាន​នៅក្នុង​តំបន់​កាស្មៀ​ រងគំនាប​ខ្លាំង​ជាង​តំបន់​ដទៃ​​នៃ​ប្រទេស តាំង​តែ​ពី​ដើម​​រៀង​មករហូតមក​ដែរ។ ប៉ុន្តែ​អ្នក​កាសែត​សង្កេត​ឃើញ​ បាតុភូត​ដាក់​គំនាប​ កាន់​តែ​ច្បាស់​ថែម​ទៀត តាំង​ពី​អ្នក​ជាតិ​និយម​ហិណ្ឌូ លោក ណារិនដ្រា ម៉ូឌី ដែល​ប្រកាន់​ជំហរ​នយោបាយ​តឹង​តែង​ខ្លាំង ជាប់​ឆ្នោត​ក្លាយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​មក។

ចាប់​ខ្លួន

​អ្នក​កាសែត​រង​សម្ពាធ​ក្នុង​ទម្រង់​ច្រើន​យ៉ាង ៖ សម្រាប់​អ្នក​សារព័ត៌មាន​នៅ​តាម​​មូលដ្ឋាន​ ​ការ​ចាប់ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ​កាសែត​ដ៏មាន​ប្រជាប្រិយភាព​ សរសេរ​ជា​ភាសា​តំបន់Afaaq កាលពី​ចុង​ខែមិថុនា គឺ​ជាសារ​ព្រមាន​សំដៅ​លើ​អាជីព​អ្នក​កាសែត​តែម្តង។ ការ​ចាប់​ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ឈរ​លើ​បណ្តឹង​មួយ​ពាក់​ព័ន្ធ​នឹង​អត្ថបទ​ចំណាស់​ជិត​៣០​ឆ្នាំ​ទៅ​ហើយ ហើយ​ដែលពុំ​ធ្លាប់​មាន​នរណា​​​​ព្រួយបារម្ភថា​ជា​ខ្លឹម​សារ​រសើប​សោះ។ នៅសុខៗ​ស្រាប់​តែ ប៉ូលិស​ស៊ីវិល​បាន​ចូល​ដល់​គេហដ្ឋាន​របស់​អ្នក​កាសែត​ម្ចាស់​អត្ថបទ ទាំង​កណ្តាល​អាធ្រាត្រ ហើយ​ស្នើ​នាំ​ទៅ​ការិយាល័យ ដោយ​គ្មាន​ពន្យល់​ហេតុផល​អ្វី​ទាំង​អស់។ តើមាន​ការ​ប្តឹង​ផ្តល់​ប្រឆាំងនរណា ? ​នរណា​ជា​ដើម​បណ្តឹង នរណា​ជា​ចុងចោទ ? គ្មាន​ទេ​ចម្លើយ ! អ្នកកាសែត​បាន​ទទួល​សេរីភាព​មក​វិញ​​ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​ធានា​នៅ​តុលាការ។

ខ្ទប់​ព័ត៌មាន

ក្រៅ​អំពី​មធ្យោបាយ​ចាប់​ខ្លួន រដ្ឋាភិបាល​ឥណ្ឌា​ដាក់​បង្ខំ​ឱ្យ​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​បរទេស ប្រចាំ​ការ​នៅ​ឥណ្ឌា ត្រូវ​សុំសិទ្ធិ​ពិសេស​ ដើម្បី​អាច​ចូល​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​កាស្មៀ។ ដំណើរការ​​​បែបបទសុំ​សិទ្ធិ​ដែល​មិន​ប្រាកដ​ថា​នឹង​បាន​ចម្លើយ​វិជ្ជមាន និង​អា​ច​ស៊ី​ពេល​រាប់​សប្តាហ៍។ ​​អ្នក​ថត​រូប​ធ្វើ​ការ​ឱ្យ​ភ្នាក់ងារ​អន្តរជាតិ បាន​អះអាង​ធ្លាប់​ឃើញ​អំពើ​ឃោរឃៅ ប៉ុន្តែ​មិន​អាច​ថត​រូប​ជា​សាក្សី​បាន​ទេ ! ព្រោះ​អាជ្ញាធរ​ឥណ្ឌា​ មិន​ត្រូវ​ការ​រឿងហេតុកើត​នៅក្នុង​តំបន់​នេះ ធ្លាយ​ទៅ​ពិភព​លោកខាង​ក្រៅ និង​សូម្បី​តែ​ក្នុង​ផ្ទៃ​​ឥណ្ឌា​ខ្លួន​ឯង​ផ្ទាល់​ក៏​មិន​ឱ្យ​ធ្លាយ​ដល់។

ទៅ​តាមដាន​យក​ព័ត៌មាន​នៅ​​ដោយ​ផ្ទាល់ជាក់ស្តែងទាន់ហេតុការណ៍ នៅ​ផ្ទាល់​កន្លែង​កើតហេតុ ស្ទើរ​ក្លាយ​ជា​បេសកកម្ម​ដែល​មិន​អាច​ធ្វើ​ទៅ​បាន ! អ្នក​កាសែត ត្រូវ​ឃាត់​ឱ្យ​នៅ​ឆ្ងាយ​រាប់​គីឡូម៉ែត្រ។ គ្មាន​អ្នកកាសែត​ណា​ម្នាក់​អាច​ចូល​ធ្វើ​អង្កេត​បាន​ឡើយ។ ប្រព័ន្ធ​ឃោសនា​ព័ត៌មាន អាច​ផ្សាយ​ន​តែ​រូបភាព និង​ព័ត៌មាន​ដែល​រដ្ឋាភិបាល​ចង់​បង្ហាញ​តែ​ប៉ុណ្ណោះ។ អ្នកកាសែត​ដើម​កំណើត​កាស្មៀ​ម្នាក់ ល្មើស​ហ៊ាន​ផ្សាយ​បទ​សម្ភាសន៍​ជាមួយ​មេកន្ទ្រាញ​ឧទ្ទាម ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ តាំង​ពី​ខែ​សីហា ២០១៨​មក។

ផ្តាច់​ប្រភព​ហិរញ្ញវត្ថុ

ពីមុន​មក ឱ្យ​មាន​ភាព​តាន​តឹង​ រដ្ឋាភិបាល​ផ្អាក​ពាណិជ្ជកម្ម តែ​តាំង​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០១៩មក ពោលគឺ​ពីរបី​ថ្ងៃ​មុន​ភេរវកម្ម​អត្តឃាត ​ប្រឆាំង​ក្បួន​យោធាឥណ្ឌា រដ្ឋាភិបាល​បាន​សម្រេច​ឈប់​ទិញ​សិទ្ធិ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​ក្នុង​ទំព័រ​កាសែត Kashmir Reader និង​ Greater Kashmir កាសែត​ជា​ភាសាអង់គ្លេស ដែល​គេ​និយម​អាន​បំផុត​នៅ​កាស្មៀ។ សេចក្តី​សម្រេច​នេះ បាន​ធ្វើ​ឱ្យ​កាសែត​បាត់​បង់​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ខ្លួន​ និង​ត្រូវ​បង្ខំ​ចិត្ត​កាត់​បន្ថយ​ទំព័រ​ផ្សាយ និង​បញ្ចុះ​ប្រាក់​ខែ​អ្នកកាសែត​ចំនួន​៦០%។ បើ​តាម​គណៈកម្មការ​ការពារ​អ្នក​សារព័ត៌មាន មិន​ថា​​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​នាយករដ្ឋមន្ត្រី​មក​ពី​ខាង​បក្សនយោបាយ​​ណា​ទេ វិធី​​គាប​បំពង់​ហិរញ្ញវត្ថុ ជាមធ្យោបាយ​​បង្ក្រាប​មួយ​របស់​គ្រប់​រដ្ឋាភិបាល​ឥណ្ឌា មក​លើ​តំបន់​កាស្មៀ ដើម្បី​បំបិទ​ពាក្យ​​​រិះគន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ