ឥណ្ឌូណេស៊ី ប្រទេសស្ថាបនិកអាស៊ាន និយមទិញអាវុធរុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៥
ក្នុងពិព័រណ៍អន្តរជាតិគ្រឿងបច្ចេកទេសយោធា ដែលបានប្រព្រឹត្តទៅ ពីថ្ងៃ ២៥ ដល់ ៣០ មិថុនា កន្លងទៅ នៅរុស្ស៊ី ក្រោមឈ្មោះថា “កងទ័ព ឆ្នាំ ២០១៩” ភាគីឥណ្ឌូណេស៊ីបានចុះកិច្ចសន្យា ទិញ រថពាសដែករុស្ស៊ី ចំនួនជាង ៤០ គ្រឿង សម្រាប់តម្រូវការនៃ កងនាវិកឡើងគោក របស់ខ្លួន។ ស្របនឹង កិច្ចសន្យា យានយន្ដចម្បាំងទាំងនេះ នឹងដឹកទៅប្រគល់ឱ្យឥណ្ឌូណេស៊ី នៅមុនដំណាច់ឆ្នាំ ២០១៩ នេះ។ តាមពិត គឺជាង ៦០ ឆ្នាំ មកហើយ និងតាំងពីជំនាន់សូវៀតម៉្លេះ ដែលឥណ្ឌូណេស៊ី និយមទិញគ្រឿងបច្ចេកទេសសឹកពីរុស្ស៊ី។ ក្នុងបញ្ជីសព្វាវុធដែល ឥណ្ឌូណេស៊ីទិញពីរុស្ស៊ី គឺ មានរហូតដល់នាវាមុជទឹកទៅផង។ ទោះបីត្រូវសហរដ្ឋអាមេរិក គំរាមដាក់ទណ្ឌកម្មក្តី ក៏ឥណ្ឌូណេស៊ី នៅតែសម្រេចចិត្តទិញពី រុស្ស៊ីដដែល ឧទាហរណ៍ កុងត្រាចុះហត្ថលេខាកាលពីខែកុម្ភៈឆ្នាំមុន ដើម្បីទិញយន្ដហោះចម្បាំងដ៏ទំនើបរបស់រុស្ស៊ី ធុន Su-35 ចំនួន ១១ គ្រឿង ក្នុងតម្លៃ ១.១០០ លាន ដុល្លារ។