អានតួអត្ថបទ

អង់គ្លេស​កោះ​ហៅ​ទូត​ចិន ក្រោយ​សង្គ្រាម​ពាក្យ​សំដី​ជុំវិញ​វិបត្តិ​ហុងកុង

ភាព​តាន​តឹង​ការទូត​រវាង​អង់គ្លេស​និង​ចិន ជុំ​វិញ​វិបត្តិ​ហុងកុង បាន​កើនឡើង​ជា​លំដាប់ និង​ឈាន​ដល់​​ដំណាក់​ការ អង់គ្លេស​កោះ​ហៅ​ទូត​ចិន​ឱ្យ​មកបំភ្លឺ។ អង់គ្លេស​អតីត​ប្រទេស​ធ្លាប់​ធ្វើ​អាណានិគមន៍​លើ​ហុងកុង បាន​​ផ្តល់​ការ​គាំទ្រ​របស់​ខ្លួន​ដល់​បាតុករ​ហុងកុង។ ឯ​ចិនវិញ បាន​អំពាវនាវ​ឱ្យ​គ្រប់​គ្នា​បញ្ចៀស​រាល់​គ្រប់​កាយវិការ​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​​ហុងកុង។

ទាហាន​បង្ក្រាប​បាតុករ​ហុងកុង​ ក្នុង​ថ្ងៃ​ ១​ កក្កដា ២០១៩
ទាហាន​បង្ក្រាប​បាតុករ​ហុងកុង​ ក្នុង​ថ្ងៃ​ ១​ កក្កដា ២០១៩ ISAAC LAWRENCE / AFP
ផ្សាយពាណិជ្ជកម្ម

​កោះ​ហៅ​ដោយ​ក្រសួង​ការបរទេស​អង់គ្លេស ឯកអគ្គរដ្ឋ​ទូត​ចិន ត្រូវ​​​​បំភ្លឺ​​​ជុំ​វិញ​ ពាក្យ​សំដី​របស់​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន ដែល​ថា​​អង់គ្លេស កំពុង​លង់​ខ្លួន​ក្នុង​អតីត​កាល​ ​ជា​ប្រទេស​អាណា​និគម តែ​តាមពិត​ទៅ​នោះ​អង់គ្លេស​លែង​មាន​សិទ្ធិ​អំណាច​អ្វី​លើ​ដែនដី​ពាក់​កណ្តាយ​ស្វយ័ត​នេះទៀត​ហើយ។ សម្រាប់​អង់គ្លេស ​​ពាក្យសំដី​បែប​នេះ ជា​ពាក្យ​​មិន​ពិត និង​មិន​អាច​ទទួល​យក​បាន​ឡើយ​។

ឯ​ឯកអគ្គរដ្ឋ​ទូត​ចិន លោក Liu Xiaming ផ្ទាល់​ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន នៅ​​ថ្ងៃពុធ​ម្សិលមិញ ក៏​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្លាដែរ ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​ថា ទំនាក់​ទំនង​ចិន-អង់គ្លេស​ កំពុង​រងគ្រោះ​ក៏​ព្រោះ​តែទង្វើ​របស់​​រដ្ឋាភិបាល​អង់គ្លេស​ ដូច្នេះ​អង់គ្លេស​គួរ​តែ​បញ្ឈប់​រាល់​គ្រប់​សកម្មភាព​ជ្រៀតជ្រែក​ថ្មី ដែល​អាច​បំផ្លាញ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ ​

សូម​បញ្ជាក់​ថា ប៉េកាំង​បានផ្ទុះ​​កំហឹង​ ​យ៉ាង​ខ្លាំងដូច្នេះ​ ក្រោយ​ពី​អង់គ្លេស​បាន​បញ្ចេញ​​​​ប្រតិកម្ម​ ច្បាស់ៗគាំទ្រ​បាតុករ​​នៅ​ហុងកុង​។ ក្រោយ​ហេតុការណ៍​បាតុកម្ម​ដ៏​ហិង្សា ក្នុង​ថ្ងៃ​ខួប​​លើក​ទី ២២​នៃ​ការ​ផ្ទេរ​ទឹក​ដី​ហុងកុង​ទៅ​ឱ្យ​ចិនគ្រប់គ្រង​វិញ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​​បាន​សម្តែង​ការ​រន្ធត់​ចំពោះ​សកម្មភាព​បង្ក្រាប​ របស់​ប៉ូលិស និង​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ប្រាប់​អាជ្ញាធរ​ចិន ចំពោះ​ស្ថានភាព​នៅ​ហុងកុង​នេះ។ ជាងនេះ​ទៅ​ទៀត រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស បាន​ថែម​គំរាម​ចិន​តែ​ម្តង ថា​ ទំនាក់ទំនង​ចិន​-អង់គ្លេស​នឹង​អាច​រង​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិន​បើ​ចិន​មិន​គោរព​កិច្ចព្រមព្រៀង រវាង​​ឡុងដ៍​និង​ប៉េកាំង កាលពី​ ​ឆ្នាំ​១៩៨៤​ ស្តី​ពីការ​ប្រគល់​ទឹក​ដី​ហុងកុងទៅ​ឱ្យ​ចិន ដោយ​ឈរ​លើ​គោលការណ៍​ ប្រទេស​មួយ​ប្រព័ន្ធ​ពីរ។ គោលការណ៍​ដែល​ធានារក្សា​​ស្វ័យភាព និង​សេរីភាពដល់​ហុងកុង រហូត​ដល់​ឆ្នាំ​២០៤៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ