rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ឥណ្ឌូណេស៊ី បរិស្ថាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ពលរដ្ឋ​ហ្សាការតា ប្តឹង​រដ្ឋាភិបាល ដែលមិនគិតគូរ​រឿង​​ខ្យល់​ពុល ក្នុង​​រដ្ឋធានី

media
ហ្សាការតា ជាប់​ឈ្មោះ​ជា​ញឹកញយ​ជា​ក្រុង​ដែល​មាន​ខ្យល់​ពុល​ខ្លាំង​ជាងគេ​មួយ​នៅ​លើ​ពិភពលោក BAY ISMOYO / AFP

ក្រុមពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​ហ្សាការតា បាន​នាំ​គ្នា​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ នៅ​ថ្ងៃព្រហស្បតិ៍​ទី ០៤ កក្កដា នេះ ពី​បទ​បណ្តោយ​ឱ្យ​មាន​ផ្សែងបំពុល​បរិយាកាស​ក្រុង​ ស្ទើរ​ជា​ប្រចាំ។ ហ្សាការតា​ ដែល​ជាប់​ឈ្មោះ​ក្រុង​ពុល​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក តែង​ជួប​ករណី​ខ្យល់​ពុល​ខ្លាំង​មួយ​រយៈ​ជា​ញឹកញាប់ និង​ត្រូវបាន​គ្រប​ណ្តប់​​ស្ទើរ​ទាំង​ស្រុង​ ដោយ​ផ្សែងពុល​​អ័ព្ទ​អួរ​​តាំ​ងពីដើម​ខែ​មិថុនា​មក។ នេះ​បើ​តាម​ទិន្នន័យ​របស់​AirVisual។


មាន​គ្នា​ប្រមាណ​៣០​នាក់ ក្រុម​ពលរដ្ឋ​ម្ចាស់​បណ្តឹងដែល​​ខ្លះ​ជា​សកម្មជន​ការពារ​បរិស្ថាន ខ្លះ​ជា​បុគ្គលិក​​ក្នុង​ការិយាល័យ និង​ខ្លះ​ជា​អ្នក​បើក​បរ​តាក់ស៊ី​ ចង់​ឃើញ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បញ្ចេញ​សកម្មភាព​ដើម្បី​ការ​ពារ​បរិស្ថាន និង​ជាពិសេស​ដើម្បី​ពញ្ញាក់​ស្មារតី​​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ទាំង​មូល ឱ្យ​ជ្រួត​ជ្រាប​ពី​អំពី​បញ្ហា​បរិស្ថាន​ដ៏​សំខាន់​នេះ។

ជា​បណ្តឹង​ដាក់​ប្រឆាំង​នឹង​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​ចំនួន​៧​រូប មាន​អាទិ៍ លោក​ប្រធានាធិបតី​ ចូកូ វីដូដូ អភិបាល​ក្រុង​ហ្សាការតា និង​រដ្ឋមន្ត្រី​ជា​ច្រើន​រូប​ផ្សេង​ទៀត ដែល​ធ្វេស​ប្រហែស​ មិន​គិត​គូរ​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​​រស់​នៅ​​ស្រូប​ខ្យល់​បរិយាកាស​បរិសុទ្ធ និង​មិន​បាន​ប្រឹង​ប្រែង​ចាត់​វិធាន​​ដើម្បី​រក្សា​គុណភាព​ខ្យល់​ក្នុង​រដ្ឋធានី ហើយ​នៅ​បន្ត​ប្រើ​ច្បាប់​វិន័យ​តាំង​ពី​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៩០។ នេះ​បើ​តាមការ​ពន្យល់​របស់​មេធាវី​នៃ​ក្រុម​ម្ចាស់​បណ្តឹង។

ហ្សាការតា​ ជា​ក្រុង​ដែល​មាន​ប្រជាជន​រស់​នៅ​​ប្រមាណ​៣០​លាន​នាក់។ កាលពី​ថ្ងៃទី ២៥​ មិថុនា គំនូស​បំព្រួញ​គុណភាព​ខ្យល់​ ដែល​វាស់​ពី​កំរិត​បរិមាណ​ធាតុ​ល្អិត​ឆ្មារៗ​ក្នុង​ខ្យល់​ PM2,5 បាន​ឡើង​ដល់​២៣០មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​ខ្យល់​ ពោល​គឺ​ពីរ​ដង​លើ​ប៉េកាំង និង​ប៊ុមបេ (ក្នុង​ថ្ងៃ​តែ​មួយ)។ កាលពី​ឆ្នាំ​២០១៨ AirVisual បាន​ចាត់ទុក​ហ្សាការតា ជា​ក្រុង​ពុល​ជាង​គេ​បំផុត​មួយ​រួច​ទៅ​ហើយ ដោយ​វាស់​ឃើញ​មាន​ធាតុ​ល្អិត​ឆ្មារៗ​ ចំនួន ៤៥,៣​មីក្រូក្រាមក្នុង​មួយ​ម៉ែត្រ​គូប​ខ្យល់​ជា​មធ្យមក្នុង​មួយ​ឆ្នាំ។ បើ​តាមអង្គការ​សុខភាព​​ពិភពលោក ​ធាតុល្អិត​ឆ្មារៗ​ ត្រូវ​មាន​យ៉ាង​ច្រើន​បំផុត ​ ត្រឹម​១០មីក្រូក្រាម ជា​​​មធ្យមក្នុង​មួយ​ឆ្នាំ ទើប​ចាត់ទុក​ថាគ្មាន​ប៉ះពាល់​ដល់​សុខភាព។ ចំនួន​ថ្ងៃ​មាន​កំហាប់​ជាតិ​ពុល​ខ្លាំង បាន​កើន​ឡើង​ទ្វេដង នៅ​ឆ្នាំ​២០១៨ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ហើយទិន្នន័យ​បាន​បង្ហាញ​ឱ្យ​ឃើញ​កំណើន​យ៉ាង​ច្រើន​គួរ​ព្រួយបារម្ភ​​នៅដើម​​ឆ្នាំ​២០១៩។

ហេតុអ្វី​ហ្សាការតា​ពុល​ខ្លះ ? បើ​តាម​អង្គការ​Greenpeace​ឥណ្ឌូណេស៊ី ខ្យល់​បរិយាកាស​ហ្សាការតា​ឡើង​ពុល​ខ្លាំង​ដោយ​ហេតុ​តែ​មាន​ចរាចរណ៍​កក​ស្ទះ​ខ្លាំង​ក្នុង​ក្រុង​ ដែល​ល្បី​ខាង​ជាប់​ឡាន​ជាង​គេ​បំផុត​មួយ​នៅ​លើ​លោក និង​បណ្តាល​មក​ពី​ទម្លាប់​របស់​ប្រជាពលរដ្ឋ ដែល​នាំ​គ្នា​ដុត​សំរាម​ កណ្តាល​វាល ព្រម​ទាំង​បណ្តាល​មក​ពី​វត្តមាន​នៃ​មជ្ឈមណ្ឌល​ធ្យូង​ថ្ម ចំនួន​៨ ដែល​នៅ​ឃ្លាត​តែ​ប្រមាណ​១០០​គីឡូម៉ែត្រ​ពីរដ្ឋ​ធានី។

ក្រៅ​អំពី​បណ្តឹង ឥណ្ឌូណេស៊ី​បាន​បើក​យុទ្ធនាការ​បញ្ជ្រាប​ព័ត៌មាន​ស្តី​ពី​ខ្យល់​ពុល​ក្នុង​បរិយាកាស​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ទៀត៕