rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

តើ​អ្វីជា​ជំហរ​របស់​ចិន នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ហុងកុង ?

ដោយ ឈាង បុប្ផា

រដ្ឋអំណាច​ប៉េកាំង នៅថ្ងៃ​អង្គារ​នេះ​បាន​ប្រកាស​ថ្កោលទោស ដាច់ខាត សកម្មភាព​ហិង្សា​របស់​បាតុករ ហុងកុង ដែល​បានវាយបំផ្លាញ ចូល​លុកលុយ អគារ រដ្ឋសភា​ហុងកុង នៅ​យប់​ថ្ងៃ​ចន្ទ ថ្ងៃទី១ កក្កដា ២០១៩។ បន្ទាប់ពី​ប៉ូលិស បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក បណ្តេញ​បាតុករ ចេញពី​អគារ​រដ្ឋសភា ប្រមុខ​ដឹកនាំ​ហុងកុង លោកស្រី​ការី ឡាំ បាន​រៀបចំ​សន្និសីទ​កាសែត ជាទី​ដែល​លោកស្រី បាន​និយាយ​ថ្កោលទោស​ការប្រើអំពើហិង្សា​ជ្រុលហួសហេតុ​របស់​បាតុករ ទៅលើ​ស្ថាប័ន​ច្បាប់​ហុងកុង។

រដ្ឋសភា​ហុងកុង​ត្រូវ​បាន​បាតុករ​ហុងកុង វាយសម្រុក ចូល លុកលុយ កាលពី​យប់​ថ្ងៃ​ចន្ទ នៅ​ក្នុង​ឱកាស​ដែល​ហុងកុង ប្រារព្ធ​ខួប ២២​ឆ្នាំ នៃការ​ផ្ទេរ ហុងកុង ពី អង់គ្លេស ទៅ​ឲ្យ​ប្រទេស​ចិន វិញ កាលពី​ឆ្នាំ ១៩៩៧។

សម្រុក​ចូល​វាយបំផ្លាញ ទ្រព្យសម្បត្តិ របស់​រដ្ឋសភា​ហុងកុង គឺ​ជាព្រឹត្តិការណ៍ ដែល​មិនធ្លាប់​កើតមាន​ពីមុនមកទេ នៅ​ហុងកុង។ កាលពី​ ៥ឆ្នាំ យុវជន និស្សិត​ហុងកុង ក្រោមឈ្មោះ​ចលនា​ឆ័ត្រលឿង​បាន​សម្រុក​ចូល​ទៅ​កាន់កាប់ អគារ រដ្ឋសភាហុងកុង ប៉ុន្តែ មិន​បាន ប្រព្រឹត្ត​អំពើហិង្សា ​វាយបំផ្លាញ ទ្រព្យសម្បត្តិ ក្នុង​រដ្ឋសភា ដូច កាលពី​យប់ថ្ងៃ​ចន្ទម្សិលមិញទេ។

នៅ​យប់​ថ្ងៃចន្ទ ឆ្លៀត ដែល​គ្មានវត្តមាន​របស់​ប៉ូលិស​នៅ​មុខ​អគារ​រដ្ឋសភា បាតុករ​ពាក់អាវ​ខ្មៅ និង​មួកលឿង ជាច្រើនរយនាក់ ដែល​ភាគច្រើន​ជា យុវជន​បាន​វាយសម្រុក​ចូល​ក្នុង​អគារ​រដ្ឋសភា។ នៅក្នុង​សភា​របស់អ្នកតំណាងរាស្រ្ត​ហុងកុង Legco បាតុករ បាន​ចូល​ទៅ​វាយបំផ្លាញ តុកៅអី ដោះ ទម្លាក់​រូបថត មេដឹកនាំ​ហុងកុង និង​បាញ់ថ្នាំ​ក្រវ៉េមក្រវ៉ាម លើជញ្ជាំង លើ​រូបសញ្ញាផ្កា ដែល​ជា​និមិត្តរូប​របស់​ហុងកុង។ នៅលើ​ដើម​សរសរ​ក្នុង​អគារ​រដ្ឋសភា បាតុករ​នៅ​បាន​សរសេរទៀត​ថា ហុងកុង​មិនមែន​ជា​ចិន​នោះទេ។ “សកម្មភាព​របស់ពួកគេ​មិនមែន​ជា​កុប្បកម្ម​នោះទេ ប៉ុន្តែ ជា​ការតស៊ូ ងើបចេញ​ពីការសង្កត់សង្កិន​របស់​រដ្ឋអំណាច” នេះជា​អក្សរ​នៅលើ​បដា ដែល​បាតុករ លើកបង្ហាញ​នៅក្នុង​ពេល​ចូល​ក្នុង​រដ្ឋសភា។

បាតុកម្ម​ដ៏ហិង្សា ដែល​ភាគច្រើន បង្ក​ឡើង​ដោយ​យុវជន​ហុងកុង កើតចេញ មក​ពី​កំហឹង​តវ៉ា ជាទូទៅ​របស់​ប្រជាជន​ហុងកុង ទៅលើ​រដ្ឋអំណាច​ហុងកុង។ បាតុករ​ភាគច្រើន​អះអាងថា ពួកគេ​គ្មាន​ជម្រើសអ្វី ​ក្រៅតែ​ប្រព្រឹត្ត​អំពើហិង្សា​នោះទេ ដោយសារ​តែ​ជំហរ​បិទភ្នែក បិទត្រចៀក​របស់​លោកស្រី ការី ឡាំ។ តាំង​ពី​ខែ​មិថុនា ប្រជាជន​ហុងកុង​ធ្វើ មហាបាតុកម្ម មិនធ្លាប់​មាន​នៅហុងកុង ដើម្បី ទាមទារ​ឲ្យ​អាជ្ញាធរ​លុប​ចោល​ទាំងស្រុង ច្បាប់ ធ្វើ​បត្យាប័ន ជនសង្ស័យ​ទៅ​ប្រទេស​ចិន និង​បាន​ទាមទារ​ឲ្យ​ លោកស្រី ការី ឡាំ ចុះ​ចេញ​ពីតំណែង ដោយសារ​តែ​លោកស្រី​សមត្ថភាព​ដោះស្រាយ​វិបត្តិ​លើកនេះ។ ប៉ុន្តែ លោកស្រី ការី ឡាំ​ហាក់​ធ្វើ​មិនដឹង មិនលឺ គឺ​បាន​ត្រឹម​តែ​ប្រកាស​ផ្អាកព្យួ ការពិភាក្សា​ច្បាប់​តែប៉ុណ្ណោះ។

មួយវិញទៀត បាតុកម្ម​ដ៏ហិង្សា រហូត​ចូលទៅ​វាយបំផ្លាញ ក្នុង​អគារ​រដ្ឋសភា​យ៉ាងដូច្នេះ ក៏​ជា​សារ​មួយ ដែល​បាតុករ​ហុងកុង​ចង់​បញ្ជាក់ថា ពួកគេ​ប្រឆាំង​ដាច់ខាត អំណាច​របស់​ប៉េកាំង​ដែល​ប៉ង​ចូល​ក្តោបក្តាប់​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិសេរីភាព​របស់​ប្រជាជន​ហុងកុង។ សម្រាប់​ប្រជាជន​ហុងកុង ច្បាប់​ធ្វើ​បត្យាប័ន ជា​ការមហិច្ឆតា យ៉ាងច្បាស់​ក្រឡែត របស់​ប៉េកាំង ដើម្បី​ចូល​ក្រសោប​គ្រប់គ្រង​ប្រព័ន្ធ​ច្បាប់ ទីក្រុង​ហុងកុង នោះបើទោះបី​ជា​ចិន​បាន​សន្យា គោរព គោលការណ៍​ប្រទេស​មួយ ប្រព័ន្ធពីរ រហូត​ដល់​ឆ្នាំ ២០៤៧ ក្តី។

មេដឹកនាំ​ហុងកុង​ថ្កោលទោស និងមិនអត់ឱន​ឲ្យ​អ្នកប្រព្រឹត្ត​អំពើហិង្សា

ខុស​សន្និសីទ​កាសែត នៅក្រោយ​ការប៉ះទង្គិចគ្នា រវាង​ប៉ូលិស និង​បាតុករ កាលពី​ថ្ងៃ​ទី ១២​មិថុនា នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ចន្ទ លោកស្រី ការី ឡាំ មិនសូវ​មានអារម្មណ៍ រំជួលចិត្ត ប៉ុន្តែ ផ្ទុយទៅវិញ បាន​ប្រកាស​ថ្កោលទោស យ៉ាងម៉ឺងម៉ាត់ សកម្មភាព​ដ៏ហិង្សា​របស់​ក្រុមបាតុករ ទៅលើ​អគារដ្ឋសភា។

សម្រាប់​លោកស្រី​ការី ឡាំ អ្នកដែល​ធ្វើ​ឲ្យ​កើតមាន ព្រឹត្តិការណ៍​ដ៏គួរ​ឲ្យ​រន្ធត់ និងតក់ស្លុត​នៅរដ្ឋសភា គឺ​សក្តិសម​នឹង​ទទួល​បាន​ការថ្កោលទោស ព្រោះថា គ្មានអ្វី​ដែល​សំខាន់ ខ្ពស់​ហួស​ពី​ច្បាប់​នោះទេ។

តាម​លោកស្រី​ប្រមុខដឹកនាំ​ហុងកុង ប៉ូលិស​នឹង​ស្វែងរក ចាប់ខ្លួន យកមក​ផ្តន្ទាទោស អ្នក​ដែល​ទទួល​ខុសត្រូវ​ឲ្យមានការរំលោភឈ្លានពាន ទីតាំង​រដ្ឋសភា កាលពី​ថ្ងៃ​ម្សិលមិញ។ អ្នកជំនាញ​មួយចំនួន​វាយតម្លៃថា លោកស្រី ការី ឡាំ អាច​យក​រឿង វាយសម្រុក​ចូល​របស់​បាតុករ ទៅក្នុង​អគារ​រដ្ឋសភា ដើម្បី ជា​លេស ទម្លាក់កំហុស ចាប់ខ្លួន មេដឹកនាំ ក្រុមប្រជាធិបតេយ្យ ដែលដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋអំណាច​ហុងកុង និង​ប៉េកាំង។ ប្រជាជន​ហុងកុង ភាគច្រើន រួមទាំង​សមាជិក​សភា​មក​ពី​បក្ស​ប្រឆាំង​ផង ដែល​មិនគាំទ្រ​បាតុកម្ម​ហិង្សា បាន​សំដែង​ការសោកស្តាយ នៅក្រោយ​អំពើហិង្សា​ទៅលើ​សភា​ហុងកុង។ លោកស្រី​ការី ឡាំ​ជឿថា នឹង​មាន​ប្រជាជន​ហុងកុង ភាគច្រើន ដែល​គាំទ្រ​ចំណាត់ការ​របស់​​រដ្ឋអំណាច​ក្នុង​ការផ្តន្ទាទោស ជនដៃដល់ ដែលសម្រុកចូល និង​បំផ្លាញ​អគារ​រដ្ឋសភា។

ប៉ុន្តែ នៅ​មានរឿង​មួយ​ដែល​ប្រមុខដឹកនាំ​ហុងកុង គិត​ស្មានមិនដល់ គឺ​ថា ទោះជា​ប្រជាជន​ហុងកុង ប្រាថ្នា​ចង់​បានជីវិត​ស្ងប់សុខ ប្រឆាំង​បាតុកម្ម​ហិង្សា ប៉ុន្តែ ពួកគេ ក៏​មិន​ព្រងើយកន្តើយ បណ្តោយ​ទុក​ឲ្យ​ហុងកុង ដែល​សំបូរ​សប្បាយ​ជាមួយ លទ្ធិប្រជាធិបតេយ្យ បច្ចុប្បន្ន ធ្លាក់​ទៅក្នុង​ដៃ​គ្រប់គ្រង​បែប​ផ្តាច់ការ របស់​ប៉េកាំងដែរ។ ម្យ៉ាងទៀត ប្រជាជន​ហុងកុង ភាគច្រើន​យល់​ច្បាស់​ថា បាតុករ​ដែល​ភាគច្រើន ជា​យុវជន​ហុងកុង បាន​សម្រុក​ចូល​ទៅក្នុង​រដ្ឋសភា​នៅថ្ងៃ​ម្សិលមិញ តាមរយៈ ការប្រើ​អំពើហិង្សា​មែន ប៉ុន្តែ ពួកគេ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​នោះទេ។ ពួកគេ​ធ្វើ​នៅពេលនេះ ក៏ដោយសារ​តែ​ពួកគេ ព្រួយបារម្ភ​ពី​អនាគត​របស់​ពួកគេ បើសិន​ជា​អាជ្ញាធរ​ហុងកុង សព្វថ្ងៃ នៅតែ​បណ្តែតបណ្តោយខ្លួន ធ្វើតាម គ្រប់បញ្ជារ​របស់​ទីក្រុង​ប៉េកាំងនោះ។

ព្រឹត្តិការណ៍​នៅហុងកុង ជា​វិញ្ញាសារ​ធំ​មួយ សម្រាប់​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង តើ​នៅ​ថ្ងៃ​អង្គារ ទីក្រុង​ប៉េកាំង​តាមរយៈ កាសែតរដ្ឋ​ចិន បាន​ប្រកាស​ថ្កោលទោស សកម្មភាព​ហិង្សា​របស់​បាតុករ ហុងកុង និង​គាំទ្រ ចំណាត់ការ​របស់​អាជ្ញាធរ​ហុងកុង ក្នុង​ការចាប់ខ្លួនអ្នកដែល​វាយសម្រុក ចូល និង​បំផ្លិចបំផ្លាញ ក្នុង​អគារ​រដ្ឋសភា។ កាសែត​រដ្ឋចិន ដូចជា Global Times បាន​ទាមទារ​ឲ្យ​មាន​ការដាក់ទោស ធ្ងន់ ឬ​”ការអត់ឱន សូន្យ” ទៅ​លើ​អ្នកដែល​ប្រព្រឹត្ត​អំពើហិង្សា នៅ​ក្នុង​រដ្ឋសភា។

បាតុកម្ម នៅ​ហុងកុង ជា​រឿង​ដ៏ឈឺក្បាល​សម្រាប់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង។ នៅមុន កិច្ចប្រជុំ ក្រុមប្រទេស​មហាអំណាច ហ្សេ​២០ នៅ​ប្រទេស​ជប៉ុន លោកប្រធានាធិបតី​ចិន នៅ​ស្ងប់ស្ងៀម  មិន​ប្រកាស​ចាត់​វិធានការ​តឹងរ៉ឹង ប្រឆាំង​បាតុករ​ហុងកុង​នោះទេ ពោល​គឺ​ដើម្បី ជៀសវាង ក្រែង​មាន​ការដាក់សម្ពាធ​ពី​ប្រទេសទៀត ហើយ​និង​អាមេរិក ដែល​ចិន​អាច​ជួប​ចរចា នៅក្នុង​ជម្លោះ វិវាទ​ពាណិជ្ជកម្ម។ ប៉ុន្តែ នៅក្រោយ កិច្ចប្រជុំ​ហ្សេ ២០​បិទបញ្ចប់​ នៅ​ប្រទេស​ជប៉ុន គេ​គិត​ថា លោកប្រធានាធិបតី​ស៊ី ជីនពីង ​លែង​ស្ថិតនៅក្រោម​គំនាប​ពីបរទេស និង​អាច​មាន​សេរីភាព ក្នុង​ការសម្រេចចិត្ត ចាត់​វិធានការ​ណាមួយ ដើម្បី ឆ្លើយតប​នឹង​បាតុកម្ម​តវ៉ា នៅ​ហុងកុង។

យ៉ាងណាក៏ដោយ គេ​មិន​រំពឹង​ថា ប្រធានាធិបតី​ចិន នឹង​អាច​ចាត់​វិធានការ​ក្តៅ បញ្ជារ​ឲ្យ​អា ជ្ញាធរ​ហុងកុង បង្រ្កាប​ទៅលើ​បាតុករ ដូច​ដែល ចិន​បាន​ធ្វើ នៅ​ទីលាន​ធានអានមេន​នោះទេ។ ការបង្រ្កាប​ដ៏ហិង្សា​ទៅលើ​និស្សិត​ចិន នៅ​ទីលាន​ធានអានមេន​នៅដិតជាប់នៅឡើយ ក្នុងការចងចាំ​របស់​មនុស្សជាតិ។ ការបង្រ្កាបហិង្សា​ណាមួយ ទៅលើ​បាតុករ​នៅ​ហុងកុង នឹង​មិនមែន​ជា​រូបភាពល្អ​សម្រាប់​ចិន​នោះទេ។ ផ្ទុយទៅវិញ វា​នឹង​បំផ្លាញ ទាំងមុខ​មាត់ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ចិន ព្រោះ​ថា ហុងកុង ជា​កន្លែង​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ​អន្តរជាតិ ធំទី​៣​ក្នុង​លោក និង​ជាទី ដែល ចិន មាន​មូលធន​វិនិយោគ​បរទេស ដល់​ទៅ​២ភាគ​៣​នៃ​មូលធន​វិនិយោគ​បរទេស​សរុប របស់​ចិន។

មធ្យោបាយមួយទៀត របស់​លោក ស៊ី ជីនពីង គឺ​ទុកបណ្តោយ​ឲ្យ​បាតុកម្ម​ប្រឆាំង​ចិន ចុះខ្សោយ ដូចកាលពី​ឆ្នាំ ២០១៤ មុន​នឹង​ចេញ​បញ្ជារ​ឲ្យ​ចាប់ខ្លួន​ក្រុមប្រឆាំង។ ប៉ុន្តែ សម្រាប់​អ្នកជំនាញ​មួយចំនួន ជម្រើសនេះ លែងមាន​ប្រសិទ្ធិភាព​ដូចមុន ព្រោះថា ពីពេលនេះ​តទៅ ប្រជាជន​ហុងកុង ដែល​បារម្ភ​កាន់តែខ្លាំង ពីការបាត់បង់​សិទ្ធិសេរីភាព ធ្លាក់​ទៅក្នុង​អំណាច​ផ្តាច់ការ​របស់​ចិន លែង​ខ្លាច​ការបង្រ្កាប​របស់​អាជ្ញាធរ​ទៀតហើយ។ ប្រជាជន​ហុងកុង​ត្រូវ​ជ្រើសរើស​នៅពេលនេះ រវាង​ការបង្រ្កាប​នៅពេលនេះ ឬ ការធ្លាក់​ខ្លួន​ទាំងស្រុង ទៅនៅ​ក្រោម​ការគ្រប់គ្រង​ផ្តាច់ការ គ្មាន​សេរីភាព របស់​រដ្ឋអំណាច​ចិន នៅថ្ងៃ​អនាគត៕

OMS ប្រកាស​កម្រិត​អាសន្ន​នៃ​ការ​​ឆ្លង​​មេរោគ​​អេបូឡា នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សា​កិច្ចការ​បរទេស​បារាំង​ទៅ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង

G20៖ ជំនួបកំពូល​​បាន​បញ្ចៀស​រឿង​អាក្រក់ៗ ខណៈ​ភាព​តានតឹង​មាន​សឹង​​គ្រប់​វិស័យ

G២០៖ លោកដូណាល់ ត្រាំ​ដើរតួ​ជាអ្នកចង់​ផ្សះផ្សា

កូរ៉េខាងជើងជំរុញកូរ៉េខាងត្បូងកុំឲ្យជ្រៀតជ្រែក និងទាមទារឲ្យអាមេរិកពិនិត្យមើលយុទ្ធសាស្រ្តឡើងវិញ