អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក

កូរ៉េខាងជើងវាយតម្លៃជំនួបត្រាំ គីមនៅតំបន់គ្មានកងទ័ពជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងអស្ចារ្យ

នៅ​ថ្ងៃ​ចន្ទ ទី១ កក្កដា កូរ៉េខាងជើង​តាម​រយៈ​កាសែត​ផ្លូវការ​ឈ្មោះ KCNA បាន​សាទរ​ដោយ​ចាត់​ទុក​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​នា​ថ្ងៃ​អាទិត្យ ទី៣០ មិថុនា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត និង​អស្ចារ្យ។ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត និង​អស្ចារ្យ ព្រោះ​លោក​ត្រាំ និង​លោក​គីម​បាន​ជួប​គ្នា​នៅ​តំបន់​គ្មាន​កងទ័ព​ដែល​ខ័ណ្ឌ​ចែក​កូរ៉េ​ទាំង​ពីរ​តាំង​ពី​ក្រោយ​បញ្ចប់​សង្រ្គាមកូរ៉េ​ក្នុង​ឆ្នាំ ១៩៥៣។ ព័ត៌មាន​ចុះ​ផ្សាយ​ដោយ KCNA បាន​ធ្លាក់​មក យន្តហោះ Air Force One របស់​លោក​ត្រាំ​បាន​ចាក​ចេញ​ពី​ទឹកដី​កូរ៉េខាត្បូង​នៅ​យប់​ថ្ងៃ​អាទិត្យ ទី៣០ មិថុនា។

ជំនួបនាថ្ងៃអាទិត្យ ទី៣០ មិថុនា ២០១៩ រវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុននៅក្នុងតំបន់គ្មានកងទ័ពដែលខ័ណ្ឌចែកកូរ៉េទាំងពីរ
ជំនួបនាថ្ងៃអាទិត្យ ទី៣០ មិថុនា ២០១៩ រវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុននៅក្នុងតំបន់គ្មានកងទ័ពដែលខ័ណ្ឌចែកកូរ៉េទាំងពីរ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

« ប្រវត្តិសាស្រ្ត និង​អស្ចារ្យ » នេះ​ជា​ការ​វាយតម្លៃ​របស់​កាសែត​ផ្លូវការ​កូរ៉េខាងជើង KCNA សម្រាប់​ជំនួប​នា​ថ្ងៃ​អាទិត្យ ទី៣០ មិថុនា​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព​ដែល​ខ័ណ្ឌចែក​កូរ៉េ​ទាំង​ពីរ។ តាម KCNA មេដឹកនាំ​ទាំង​ពីរ​បាន​សម្រេច​បន្ត​ឲ្យ​មាន​ឡើង​វិញ​នូវ​កិច្ចចរចា​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​ឆ្ពោះ​ទៅ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។ KCNA បាន​គូសបញ្ជាក់​ថា លោក​គីម​បាន​សរសើរ​ពី​ទំនាក់ទំនង​ល្អ​ដែល​លោក​មាន​ជាមួយ​លោក​ត្រាំ និង​បន្ថែម​ថា ទំនាក់ទំនង​ល្អ​នេះ​នឹង​ប្រសូត្រ​ចេញ​នូវ​លទ្ធផល​ដែល​គ្មាន​នរណា​ម្នាក់​អាច​ទាយ​មុន​បាន​ឡើយ។ សម្រាប់​កាសែត​ផ្លូវការ​កូរ៉េខាងជើង​មួយ​ទៀត​ឈ្មោះ Rodong Sinmun កាសែត​នេះ​បាន​ផ្តិត​រូបថត​ចំនួន ៣៥សន្លឹក​ដែល​បង្ហាញ​ពី​ព្រឹត្តិការណ៍​នៃ​ជំនួប​រវាង​លោក​គីម និង​លោក​ត្រាំ​នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព​រវាង​កូរ៉េ​ទាំង​ពីរ។

យ៉ាង​ណា​ក៏​ដោយ លោក Shin Beom-chul អ្នកវិភាគ​នៅ​វិទ្យាស្ថាន​អាស៊ី​ផ្នែក​សិក្សា​នយោបាយ​បាន​យល់​ឃើញ​ថា ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត KCNA ជា​ការ​ឃោសនា​ធម្មតា​របស់​ក្រុង​ព្យុងយ៉ាង​ដើម្បី​លើក​តម្កើង​លោក​គីម និង​ស្តារ​មុខមាត់​លោក​គីម​ឡើង​វិញ បន្ទាប់​ពី​បរាជ័យ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ត្រាំ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ ចំណែក​លោក David Kim អ្នកវិភាគ​នៅ​មជ្ឈមណ្ឌល Stimson ក្នុង​ទីក្រុង​វ៉ានស៊ីនតោន​បាន​គូសបញ្ជាក់​ថា ជំនួប​ត្រាំ គីម​មាន​បង្កប់​ដោយ​សក្តានុពល​នៃ​ការ​ផ្តើម​កិច្ចចរចា​ឡើង​វិញ និង​បន្ថែម​ថា កិច្ចចរចា​លើក​នេះ​នឹង​សំខាន់​ជាង​មុន​ដែល​ភាគី​នីមួយៗ​ត្រូវ​ជជែក​គ្នា​លើ​ខ្លឹមសារ​ពិតៗ ពោល​មិនមែន​ជួប​ជជែក​គ្នា​ធ្វើ​ឲ្យ​ល្អ​មើល​តែ​រូបភាព​ខាង​ក្រៅ​ទេ។

ចំណាប់​អារម្មណ៍​របស់​លោក David Kim បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ត្រាំ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ផ្តើម​កិច្ចចរចា​ឡើង​វិញ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​រវាង​អាមេរិក និង​កូរ៉េខាងជើង​នៅ ២ ឬ ៣សប្តាហ៍​ខាង​មុខ។ គួរ​រម្លឹក​ថា ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាជើង​ជា​ប្រធានបទ​ស្នូល​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​ខ្លាំង​រវាង​អាមេរិក និង​កូរ៉េខាងជើង។ ក្រុង​វ៉ាស៊ីនតោន​ចង់​ឲ្យ​ក្រុង​ព្យុងយ៉ាង​រំសាយ​នុយក្លេអ៊ែរ​មុន ទើប​ដក​ទណ្ឌកម្ម​តាម​ក្រោយ។ តែ​ព្យុងយ៉ាង​ចង់​ឲ្យ​វ៉ាស៊ីនតោន​ដក​ទណ្ឌកម្ម​មុន ទើប​រំសាយ​នុយក្លេអ៊ែរ​តាម​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ