rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

G២០៖ លោកដូណាល់ ត្រាំ​ដើរតួ​ជាអ្នកចង់​ផ្សះផ្សា

ដោយ ឈាង បុប្ផា

ជំនួបកំពូល​ G20 ដែល​ប្រមូលផ្តុំ ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ក្នុងពិភពលោក បាន​ចាប់ផ្តើម បើក នៅ​ថ្ងៃ​សុក្រ​ទី ២៨ មិថុនា នៅទីក្រុង​អូសាកា​ប្រទេស​ជប៉ុន។ ថ្លែង​បើក​ជំនួបកំពូល ដែល​មាន​រយៈពេល​២​ថ្ងៃ នាយករដ្ឋមន្រ្តី​ជប៉ុន លោកស៊្ហីនហ្សូ អាបេ ក្នុង​នាមជា​ម្ចាស់ផ្ទះ បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​របស់​ក្រុមប្រទេស​មហាឧស្សាហកម្ម ស្វែងរក​ដំណោះស្រាយ ផ្លូវកណ្តាល ជាជាង​ការប្រឈមមុខ​ដាក់គ្នា។

លោក​នាយករដ្ឋមន្រ្តី លោក​ស៊្ហីនហ្សូ អាបេ ក្នុង​នាមជា​ម្ចាស់ផ្ទះ បាន​ថ្លែង​សុន្ទរកថា បើក​ជំនួបកំពូល ក្នុង​ក្តីសង្ឃឹមថា ការពិភាក្សា​សំណុំរឿង​ធំៗ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រីករាយ សុខដុមរមនា ដូចជា​ឈ្មោះ​ថ្មី របស់​សករាជ​ជប៉ុន “រ៉ៃវ៉ា”។

ជំនួបកំពូល​G20 នៅ​ប្រទេស​ជប៉ុន រៀបឡើង នៅក្នុង​បរិបទ​ដែលកំពុង​កើត​មាន​សង្រ្គាម​ពាណិជ្ជកម្ម អាមេរិក ចិន ហើយ​និង​ភាពតានតឹង​កាន់តែ​ខ្លាំង នៅ​ឈូង​សមុទ្រពែរ្ស នៅក្រោយអ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​របស់​អាមេរិក។

ប្រធានាធិបតី អាមេរិក​ញញឹមរួសរាយ

មេដឹកនាំ​ដែលធ្វើ ដូច សារ​អំពាវនាវ​របស់​នាយករដ្ឋមន្រ្តី​ជប៉ុន គឺ​លោកដូណាល់ ត្រាំ។ នៅ​មុន​ជាន់​ដី​ជប៉ុន លោក​ប្រធានាធិបតី​អាមេរិក បាន​ដំឡើង​សំឡេង រិះគន់ មិនថា ប្រទេស​សម្ព័ន្ធមិត្ត ឬ​ប្រទេស​គូប្រជែង។ លោកដូណាល់ ត្រាំ ធ្លាប់​បានសំដែង​ការមន្ទិលសង្ស័យ​ពី​សម្ព័ន្ធភាព ជាមួយ​ជប៉ុន។ នៅ​ថ្ងៃ​ពុធ លោក​បាន​និយាយ​ប្រាប់​ទូទស្សន៍​អាមេរិកាំង Fox ថា អាមេរិក​ត្រៀមជួយ​ជប៉ុន​គ្រប់ពេលវេលា។ ប៉ុន្តែ បើសិន​អាមេរិក​ត្រូវ​គេ​វាយប្រហារ នោះ ជប៉ុន​បាន​ត្រឹម​តែ​មើល ការវាយប្រហារ​លើអាមេរិក តែ​តាមទូរទស្សន៍​Sony តែប៉ុណ្ណោះ។ លោក​ដូណាល់ ត្រាំ ធ្លាប់​រិះគន់ ចាត់ទុក អាល្លឺម៉ង់​ថា ជាសម្ព័ន្ធមិត្ត​ទន់ខ្សោយ ដែល​បរាជ័យ។ ជាមួយ ឥណ្ឌា​វិញ លោក​ត្រាំ ក៏​មិន​លើកលែងដែរ នៅក្រោយ​ឥណ្ឌា​ប្រកាស​ដាក់ពន្ធ​លើ​ទំនិញនាំចូល​ពី​អាមេរិក។

ប៉ុន្តែ នៅ​ថ្ងៃ​សុក្រ នៅក្នុង​ជំនួប ផ្ទាល់ ជាមួយ​មេដឹកនាំ ជប៉ុន ឥណ្ឌា លោកដូណាល់ ត្រាំ បែរ​ជា​មាន​ជំហរ​ទន់ភ្លន់ ត្រជាក់ និង​និយាយ​កោតសរសើរ សមភាគី​ជប៉ុន ឥណ្ឌា ទៅវិញ។ លោកដូណាល់ ត្រាំ និយាយ​ល្អូកល្អឺន​ជាមួយ លោកនាយករដ្ឋមន្រ្តី​ជប៉ុន បន្ទាប់​ពី​នាយករដ្ឋមន្រ្តី​ជប៉ុន​បង្ហាញ​បញ្ជី​ឈ្មោះ ក្រុមហ៊ុន​ជប៉ុន​ដែល​នឹង​ទៅ​សាងសង់​រោងចក្រ​ផលិត​រថយន្ត​នៅ​ក្នុង​ទឹកដី​អាមេរិក។ ជាមួយ នាយករដ្ឋមន្រ្តី​ឥណ្ឌា​វិញ ប្រធានាធិបតី អាមេរិក អះអាងថា លោក​ចង់ចុះសម្រុង​ជាមួយ​ឥណ្ឌា និង​ថា លោក​កំពុង​ពិចារណា​មើលថា តើ​ឥណ្ឌា​អាច​ចូលរួម​ក្នុង​គម្រោង​វិនិយោគ ប្រព័ន្ធ ទូរស័ព្ទ​ទំនើប 5G​របស់​អាមេរិកដែរឬទេ។ នៅក្នុង​ជំនួប​ជាមួយ​លោកស្រី នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់វិញ លោកដូណាល់ ត្រាំ សរសើរ​ថា ​លោកស្រី ជា​មនុស្ស​ស្រី​ដ៏​អស្ចារ្យ និង​សំណាងណាស់ ដែលលោក​មាន​មិត្តភក្តិ​ដូចជា​លោកស្រី។

ប្រធានាធិបតី​អាមេរិក បង្ហាញផងដែរ ភាពធូរស្រាល ក្នុង​សំណុំរឿង​អ៊ីរ៉ង់។ ប៉ុន្មាន​ថ្ងៃ​មុននេះ លោក​ធ្លាប់​បាន​លើកឡើង​ពី​ការវាយប្រហារ​ធ្វើ​សង្រ្គាម​រយៈពេល​ខ្លី ទៅលើ​អ៊ីរ៉ង់ នៅក្រោយ​អ៊ីរ៉ង់ បាញ់ទម្លាក់​យន្តហោះ​ដ្រូនរបស់​អាមេរិក នៅ​ឈូងសមុទ្រ​ពែរ្ស។ ប៉ុន្តែ នៅថ្ងៃ​សុក្រនេះ នៅ​ប្រទេស​ជប៉ុន លោកដូណាល់ ត្រាំបាន​បន្ធូរបន្ថយ​ភាពតានតឹង​មកវិញ ដោយ​បានអះអាងថា គេ​មិនចាំបាច់​បន្ទាន់រឿង​អ៊ីរ៉ង់​នោះទេ។ គេ​នៅមាន​ពេលវេលា​ច្រើន ដើម្បី​ដោះស្រាយ​ភាពតានតឹង​ជាមួយ​អ៊ីរ៉ង់។

វិមានក្រេមឡាំង៖ លោកពូទីន​អញ្ជើញ​លោកដូណាល់ ត្រាំ ទៅ​ម៉ូស្គូ​នៅឆ្នាំក្រោយ

លោកដូណាល់ ត្រាំ មានអារម្មណ៍ល្អ ផងដែរ នៅពេល​លោកជួប​ពិភាក្សា ទ្វេភាគី​ជាមួយ លោកប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន។ លោក​ត្រាំ​បាន​បញ្ជាក់​ពីចំនុច​វិជ្ជមាន នៅពេល​ប្រធានាធិបតី​រុស្ស៊ី បាន​និយាយ​អញ្ជើញ​លោក​ឲ្យ​ចូលរួម​ក្នុង​ពិធី​រំលឹកខួប​៧៥​ឆ្នាំ នៃ​ជ័យជំនះទៅ​លើ​អាល្លឺម៉ង់ ក្នុង​សង្រ្គាមលោកលើកទី២ ដែល​នឹង​រៀបចំឡើង​នៅម៉ូស្គូ ខែ​ឧសភា​ឆ្នាំក្រោយ។ ប្រធានាធិបតី​អាមេរិក រុស្ស៊ី ញញឹមរាក់ទាក់​ដាក់គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ ប្រទេស​ទាំងពីរ​កំពុងនិយាយ ចោទប្រកាន់គ្នា​ទៅវិញ ទៅមក ក្នុង​រឿង​រំលោភ​សន្ធិសញ្ញា​ស្តីពី​មីស៊ីល​បាញ់​ចម្ងាយ​មធ្យម។ នៅ​ថ្ងៃ​ពុធ អាមេរិក​ដែល​បាន​គំរាម​ដកខ្លួន ចេញ​ពី​សន្ធិសញ្ញា​អន្តរជាតិ​ជាមួយ រុស្ស៊ី នៅ​ដើម​ខែសីហា​ក្រោយនេះ បាន​និយាយ​ប្រាប់​រុស្ស៊ី​ឲ្យ​បំផ្លាញ​ចោល​មីស៊ីល​ចម្ងាយ​មធ្យម ដែល​អាមេរិក និង​អូតង់ ចាត់ទុក ជា​គ្រោះថ្នាក់ អាច​ពាំនាំ​ក្បាលគ្រាប់​នុយក្លេអ៊ែរ ទៅវាយប្រហារ​ប្រទេស​អឺរ៉ុប។

លោកដូណាល់ ត្រាំ គ្មាន​ចិត្ត​ចង់​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម ជាមួយ ចិន

មេដឹកនាំ​ប្រទេស​មហាអំណាច​ឧស្សាហកម្ម បង្ហាញ​ភាពរាក់ទាក់ ស្វាគម​គ្នា​ទៅវិញ ទៅមក នៅមុន​ពេល​ជំនួបកំពូល​ហ្សេ ២០ នៅ​ទីក្រុង​អូសាកា​ត្រូវ​ពិភាក្សា ដោះស្រាយ​សំណុំរឿង​ឈឺក្បាល តាំង​ពី​សង្រ្គាមពាណិជ្ជកម្ម​អាមេរិក ចិន ភាពតានតឹង ខ្លាំង​រវាង​អាមេរិក និង​អ៊ីរ៉ង់ជាដើម។ ជម្លោះ ពាណិជ្ជកម្ម ចិន អាមេរិក ធ្វើ​ឲ្យ​គ្រប់គ្នា​ព្រួយបារម្ភ ព្រោះ​ថា នៅ​ពេល​មហាអំណាចសេដ្ឋកិច្ច​ធំ​ទាំង​ពីរ​ឈ្លោះ​គ្នា គឺ​សេដ្ឋកិច្ច​ពិភពលោក ទាំងមូល​ដែល​រង្គោះរង្គើ។ នយោបាយ​ការពារ​ជាតិ​និយម ការកើនឡើង​នៃ​នយោបាយ​ប្រជាភិថុត កំពុង​ធ្វើ​ឲ្យ​ជំនួបកំពូល​ពិបាក​រក​បាន​សេចក្តីថ្លែងការណ៍​រួមមួយ ជាពិសេស​នៅក្នុង​រឿង​ពាណិជ្ជកម្ម ហើយ​និង​អាកាសធាតុ។

នៅក្នុង​ជំនួបកំពូល លើកនេះ មេដឹកនាំ​របស់​ប្រទេស​មហាអំណាច ឧស្សាហកម្ម​គ្រោង​នឹង​ជជែក​ផងដែរ ពី​ការធ្វើកំណែទម្រង់ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​អាមេរិក​ចាត់ទុក​ចាស់គំរិល ប៉ុន្តែ រុស្ស៊ី និង​ចិន​វិញ មិន​ចង់​ឲ្យ​គេ​ប៉ះពាល់​ស្ថាប័ន​អន្តរជាតិ​មួយនេះទេ។ សម្រាប់​មេដឹកនាំ​ចិន និង​រុស្ស៊ី អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មិនមែនជា​បញ្ហា ប៉ុន្តែ អ្វី​ដែលគ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច​ពិភពលោក សព្វថ្ងៃ គឺ នយោបាយ ឯកតោភាគី សេដ្ឋកិច្ច​ការពារជាតិ​និយម របស់​ប្រទេស​អភិវឌ្ឍន៍​ដូចជា​អាមេរិក។

សង្រ្គាមពាណិជ្ជកម្ម ចិន​អាមេរិក៖ សង្ឃឹម​ដ៏តិចតួច

គេ​កំពុង​រង់ចាំ មើល​ជំនួប​ទ្វេភាគី លោកដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​ស៊ី ជីនពីង នៅក្រៅ​ក្របខ័ណ្ឌ ហ្សេ ២០ ដែល​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​សៅរ៍ ទី​២៩ មិថុនា។ គេ​មិន​សង្ឃឹម​ថា នៅក្នុង​ជំនួប​ទ្វេភាគី លោកដូណាល់ ត្រាំ និង​លោកស៊ី ជីនពីង នឹង​អាច​ព្រមព្រៀងគ្នា រកឃើញ​ដំណោះស្រាយរួម ដើម្បី​បិទបញ្ចប់​ជម្លោះពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នោះទេ។អ្នកជំនាញ​ជាច្រើន​វាយតម្លៃថា ជំនួប​រវាង​លោកដូណាល់ ​ត្រាំ ហើយ​និង​លោក ស៊ី ជីនពីង នៅថ្ងៃ​សៅរ៍ គ្រាន់តែ​អាច​បន្ធូរបន្ថយ​ភាពតានតឹង​ឲ្យ​ធ្លាក់​ចុះ​មួយ​កម្រិត តែប៉ុណ្ណោះ។ អ្វីដែល​គេ​អាច​សង្ឃឹម​បាន គឺ​ការផ្អាក​ជម្លោះ មួយរយៈ ពោល​គឺ​អាមេរិក និង​ចិន​មិនគួរ​ចាត់វិធានការ​សងសឹកគ្នា ដែល​នឹងធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ កាន់តែ​ធ្លាក់​ផុង​ជ្រៅ ទៅក្នុង​សង្រ្គាម​ពាណិជ្ជកម្ម ដោយ​គ្មានថ្ងៃ វិលត្រលប់​នោះទេ។

នៅក្នុង​សង្រ្គាមពាណិជ្ជកម្ម ភាគី​ចិន និង​អាមេរិក ហាក់​មិន​បន្ទន់ជំហរ​ដាក់​គ្នា​ទាល់តែសោះ។ អាមេរិក​បាន​គំរាម​ដំឡើងពន្ធ​បន្ថែមទៀត លើ​ទំនិញ​នាំចូល​ពី​ចិន ដែល​នៅ​សល់ ជាង ៣០០​ពាន់​លាន​ដុល្លារ ផ្សេងទៀត។

ចំណែក​ចិន​វិញ ក៏​មិន​ចុះញ៉ម ដែរ។ នៅមុន​ជួប​ទ្វេភាគី​ជាមួយ លោកដូណាល់ ត្រាំ​ទៅទៀត ប្រធានាធិបតី​ចិន បាន ​ស្វែងរក​ការគាំទ្រ ពី​មេដឹកនាំ​ប្រទេស​ផ្សេងទៀត នៅ​មុន​ជំនួប​ហ្សេ​២០។ តាម​លោក​Dai Bing អ្នកទទួល​ខុសត្រូវ​ម្នាក់​របស់​ក្រសួង​ការបរទេស​ចិន នៅ​មុខ​មេដឹកនាំ​ក្រុមប្រទេស​BRICS លោកប្រធានាធិបតី​ស៊ី ជីនពីង បាន​និយាយ​ព្រមាន​ពី​នយោបាយ ការពារ​ជាតិនិយម របស់​ក្រុមប្រទេស​អភិវឌ្ឍន៍ ដែល​កំពុង​បំផ្លាញ បទដ្ឋាន​ពាណិជ្ជកម្ម​ពិភពលោក។ ការណ៍នេះ​នឹង​ប៉ះពាល់​ដល់​ផលប្រយោជន៍ របស់​ក្រុមប្រទេស​កំពុង​អភិវឌ្ឍ លុបបាំងជិត សន្តិភាព ហើយ​និង​ស្ថិរភាព​ពិភពលោកទាំងមូល។

គេវាយតម្លៃថា ការប្រើពាក្យ​ធ្ងន់ៗ​របស់​លោកប្រធានាធិបតី​ចិន អាច​បញ្ជាក់​ថា លោកស៊ី ជីនពីង​នឹង​ប្រកាន់​ជំហរ តឹងរ៉ឹង នៅពេល​លោកជួបពិភាក្សា​ជាមួយ លោកដូណាល់ ត្រាំ នៅថ្ងៃ សៅរ៍។

មុន​ទៅដល់​ប្រទេស​ជប៉ុន លោកដូណាល់ ត្រាំ បានបញ្ជាក់ថា ភាគី​ចិន​ចង់​ឲ្យមាន​ការផ្អាកសង្រ្គាមពាណិជ្ជកម្ម។ “សេដ្ឋកិច្ច​របស់​ចិន កំពុង​ធ្លាក់ចុះ។ ចិន​ចង់ឲ្យ​មាន​កិច្ចព្រមព្រៀង" នេះ​ជា​ប្រសាសន៍​របស់លោកដូណាល់ ត្រាំ។

ភាគី​ចិន​មិន​ចង់​មាន​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​អាមេរិក ប៉ុន្តែ ក៏​មិន​ចង់​ចុះចាញ់ ក្រោមសម្ពាធ​របស់​អាមេរិកដែរ។ កាសែត អាមេរិកាំង Wall Street Journal បាន​សរសេរ​ថា នៅក្នុង​ការចរចា​ពាណិជ្ជកម្ម ដែល​ជាប់គាំង​តាំង​ពី​ខែ ឧសភា ប៉េកាំង​ធ្លាប់​បាន​ទាមទារ​ឲ្យ​អាមេរិក លុប​ចោល​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei៕

OMS ប្រកាស​កម្រិត​អាសន្ន​នៃ​ការ​​ឆ្លង​​មេរោគ​​អេបូឡា នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សា​កិច្ចការ​បរទេស​បារាំង​ទៅ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

តើ​អ្វីជា​ជំហរ​របស់​ចិន នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ហុងកុង ?

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង

G20៖ ជំនួបកំពូល​​បាន​បញ្ចៀស​រឿង​អាក្រក់ៗ ខណៈ​ភាព​តានតឹង​មាន​សឹង​​គ្រប់​វិស័យ

កូរ៉េខាងជើងជំរុញកូរ៉េខាងត្បូងកុំឲ្យជ្រៀតជ្រែក និងទាមទារឲ្យអាមេរិកពិនិត្យមើលយុទ្ធសាស្រ្តឡើងវិញ