អានតួអត្ថបទ
សហរដ្ឋអាមេរិក-ចិន

ឯកសារ​ជាច្រើន​បង្ហាញថា​បុគ្គលិក​របស់Huaweiធ្វើការជាមួយអ្នកស្រាវជ្រាវ​របស់​កងទ័ពជាតិ​ចិន

ក្រុមហ៊ុន​ចិន​Huawei​បាន​ចេញមុខ បដិសេធ​សាជាថ្មី ថា ខ្លួន​គ្មានទំនាក់ទំនង ធ្វើការ​ជាមួយ​កងទ័ព​ជាតិ​ចិន​នោះទេ។ ក្រុមហ៊ុន​Huawei​ចេញមុខ បដិសេធ នៅក្រោយ ប្រព័ន្ធ​ផ្សព្វផ្សាយ ព័ត៌មាន​Bloomberg នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ ចុះផ្សាយ​ពី​គម្រោង និង​ការសិក្សា​ជាច្រើន ដែល​ចងក្រង ធ្វើឡើង ដោយ​បុគ្គលិក​ក្រុមហ៊ុន ចិន Huawei រួម​សហការ​ជាមួយ អ្នកស្រាវជ្រាវ​របស់​កងទ័ព​ជាតិ​ចិន។ 

ក្រុមហ៊ុន​Huawei នៅក្នុង​ពិព័រណ៌មួយ​នៅទីក្រុង​សៀងហៃ
ក្រុមហ៊ុន​Huawei នៅក្នុង​ពិព័រណ៌មួយ​នៅទីក្រុង​សៀងហៃ ©REUTERS/Aly Song/File Photo
ផ្សាយពាណិជ្ជកម្ម

ការវិភាគ​លើ​ឯកសារ ដែល​ចុះផ្សាយ​នៅលើ​អ៊ីនធ័រនែត បាន​បង្ហាញថា បុគ្គលិក​មួយចំនួន របស់​ក្រុមហ៊ុន Huawei​បាន​ចាប់ដៃ​សហការ ជាមួយ​កងទ័ព​ជាតិ​ចិន សម្រាប់​គម្រោង សិក្សា​ជាច្រើន ដែល​មាន​តាំង​ពី​កម្មវិធី បញ្ញា​សិប្បនិម្មិត វិទ្យុទាក់ទង រហូត​ដល់​ការវិភាគ​រូបភាព​ផ្កាយរណប។ នេះបើតាម​ទីភ្នាក់ងារ Bloomberg ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​នេះ​មុនគេ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧ មិថុនា។

តាម​Bloomberg ការសិក្សា​ដែល​គេ​បាន​បោះពុម្ពផ្សាយ ជា​សាធារណៈ តាំង​ពី​ឆ្នាំ ២០០៩មក បាន​បង្ហាញថា បុគ្គលិក​របស់​Huawei​បាន​ធ្វើការ​ជាមួយ អ្នកស្រាវជ្រាវ ដែល​បម្រើការ​ឲ្យ​នាយកដ្ឋាន​ផ្សេងៗគ្នា​របស់​កងទ័ព​ចិន។ Bloombert បាន​លើក​យក​ករណី​របស់​បុគ្គលិក​របស់​Huawei ម្នាក់​ដែល​ធ្វើការ​ឲ្យ​ទីស្នាក់ការ នៅទីក្រុង​សៀងហៃ ដែល​ធ្វើការ​ឲ្យ​អង្គភាព (លេខ​៧៨១៥៦) មួយ​របស់​កងទ័ពចិន សម្រាប់​កម្មវិធី ស្តីពី​សន្តិសុខ​ព័ត៌មានវិទ្យា។ កម្មវិធី​ដែល​មាន​ការចូលរួម​ផងដែរ ពី​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​របស់​គណៈកម្មការ​កងទ័ព​មជ្ឈឹម​បក្ស ដែល​មាន​លោក​ប្រធានាធិបតី​ស៊ី ជីនពីង ជា​ប្រធាន។

ជារួម មាន​គម្រោង​ប្រមាណ ១០ ដែល​បុគ្គលិក​របស់​ក្រុមហ៊ុន​Huawei​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​ជាមួយ​អ្នកស្រាវជ្រាវ​របស់​កងទ័ពជាតិចិន។

នៅក្រោយ​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ Bloomberg ក្រុមហ៊ុន​Huawei​បាន​ចេញមុខ បដិសេធ​ថា ខ្លួន​គ្មាន​បាន​សហការ ឬ​ធ្វើការ​ជា​ដៃគូ ជាមួយ​អង្គភាព​ណាមួយ​របស់​កងទ័ព​ចិន​នោះទេ។ នៅក្នុង​សេចក្តីថ្លែងការណ៍​ផ្ញើ​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP នៅថ្ងៃ​នេះ Huawei បាន​អះអាង ថា ខ្លួន​មិន​បាន​ដឹង​ថា មាន​អត្ថបទ​វិទ្យាសាស្រ្ត ដែល​បុគ្គលិក​របស់​ខ្លួន ចុះផ្សាយ ក្នុង​នាម​បុគ្គល​នោះទេ។ មួយវិញទៀត ក្រុមហ៊ុន​ចង់​បញ្ជាក់ដែរថា ផលិត​របស់​ក្រុមហ៊ុន ដែល​កើត​ចេញមក​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ គឺ​មិនមែន​ផលិតឡើង ដើម្បី សម្រប តាម​តម្រូវការ​របស់​កងទ័ព​ចិន​នោះឡើយ។

ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​ចិន Huawei​ជាមួយ​កងទ័ព​ចិន ជាពិសេស នៅពេល​ស្ថាបនិក ក្រុមហ៊ុន​Huawei ធ្លាប់​ជា​វិស្វករ បម្រើការ​ឲ្យកងទ័ព​ជាតិចិន ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​លោកប្រធានាធិបតី​ដូណាល់ ត្រាំ បើក​សង្រ្គាម​ប្រឆាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei។ ថ្មីៗនេះ អាមេរិក​បាន​ដាក់​បញ្ចូល​Huawei ក្នុង​បញ្ជីខ្មៅ និង​បាន​ហាមឃាត់​មិន​ឲ្យ ក្រុមហ៊ុន បច្ចេកវិទ្យា​ចិន ចែកចាយ​ប្រព័ន្ធ​5G នៅទឹកដី​អាមេរិក និង​នៅអឺរ៉ុប ក្នុង​ហេតុផលថា Huawei ជា​ចារកិច្ច យកការណ៍​សម្ងាត់​ឲ្យ​កងទ័ពជាតិ​ចិន។ ក្រុមហ៊ុន​Huawei កំពុង​ជួប​ការលំបាក ក្នុង​ផលិតកម្ម​របស់ខ្លួន បន្ទាប់ ពី​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន តាមរយៈ ការហាមប្រាម ក្រុមហ៊ុន​អាមេរិក និង​បរទេស ផ្សេងទៀត ឲ្យ​ឈប់​លក់​គ្រឿងផ្គត់ផ្គង់ និង​សេវា​ទៅ​ឲ្យ​Huawei តាំង​ពី​ខែ​ឧសភា កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ