rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

កូរ៉េខាងជើងជំរុញកូរ៉េខាងត្បូងកុំឲ្យជ្រៀតជ្រែក និងទាមទារឲ្យអាមេរិកពិនិត្យមើលយុទ្ធសាស្រ្តឡើងវិញ

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មិថុនា កូរ៉េខាងជើង​បាន​ជំរុញ​កូរ៉េខាងត្បូង​កុំ​ឲ្យ​លូកដៃ​ចូល​ជ្រៀតជ្រែក​ក្នុង​កិច្ចចរចា​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក។ បន្ទាប់​មក ក្រុង​ព្យុងយ៉ាង​ក៏​បាន​ច្រានចោល​លើ​ព័ត៌មាន​ដែល​ថា មាន​វត្តមាន​កិច្ចសន្ទនា​រវាង​កូរ៉េ​ទាំង​ពីរ​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង។

ការ​ថ្លែង​រិះគន់​វាយប្រហារ​លើ​ក្រុង​សេអ៊ូល​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង​ដោយ​លោក​វុន ជុងហ្កាន់ អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់​នៃ​ក្រសួង​ការបរទេស។ ទន្ទឹម​គ្នា​នេះ លោក​ជុងហ្កាន់​ក៏​បាន​ទាមទារ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ពិនិត្យមើល​ឡើង​វិញ​នូវ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ដែរ។ ចំណាប់អារម្មណ៍​របស់​កូរ៉េខាងជើង​ពេល​នេះ​បាន​ធ្វើ​ឡើង មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ​ទៅ​កាន់​កូរ៉េខាងត្បូង​នា​ចុង​សប្តាហ៍​នេះ។

ប្រតិកម្ម​របស់​កូរ៉េខាងជើង​ដែល​ជំរុញ​កូរ៉េខាងត្បូង​កុំ​ឲ្យ​លូកដៃ​ចូលជ្រៀតជ្រែក​នៅ​ក្នុង​កិច្ចចរចា​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​បាន​ថ្លែង​ក្នុង​ថ្ងៃ​ពុធ ទី២៦ មិថុនា​ថា ជំនួប​លើកទី៣ ជា​យថាហេតុ​រវាង​ប្រមុខដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន និង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ជា​ប្រធានរឿង​ដែល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​កំពុង​ជជែក​គ្នា​ស្ងាត់ៗ និង​ថា ប្រធានរឿង​ដដែល​មួយ​នេះ​ក៏​ត្រូវ​បាន​កូរ៉េ​ទាំង​ពីរ​កំពុង​ជជែក​គ្នា​តាម​រយៈ​កាណាល់​ផ្សេងៗ។ អ្វី​ដែល​លោក​មូន ចៃអ៊ីន​ចង់​ទម្លាយ​ឲ្យ​ដឹង​នោះ​គឺ​ថា កូរ៉េខាងត្បូង​កំពុង​បន្ត​ខ្នះខ្នែង​ធ្វើ​ជា​អាជ្ញាកណ្តាល​ដើម្បី​ឲ្យ​មាន​ជំនួបលើកទី៣ រវាង​លោក​ត្រាំ និង​លោក​គីម។

លោក​វុន ជុងហ្កាន់ អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់​នៃ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា គ្មាន​ការ​ជជែក និង​ការ​ចរចា​ស្ងាត់ៗ​ណា​មួយ​រវាង​កូរ៉េ​ទាំង​ពីរ​ទេ ទោះ​ក្រោម​រូបភាព​អ្វី​ក៏​ដោយ។ បន្ទាប់​មក លោក​ជុងហ្កាន់​បាន​ថ្លែង​រិះគន់ វាយប្រហារ​ចាស់ដៃ​លើ​កូរ៉េខាងត្បូង​ដោយ​ជំរុញ​រដ្ឋអំណាច​ក្រុង​សេអ៊ូល​ឲ្យ​គិតគូរ​កិច្ចការ​របស់​ខ្លួន​ជា​ជាង​រវល់​លូកដៃ​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​អ្នក​ដទៃ។ អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​កូរ៉េខាងជើង​ទទួល​បន្ទុក​កិច្ចការ​អាមេរិក​នៃ​ក្រសួង​ការបរទេស​​រូប​នេះ​ដដែល​បាន​បន្ថែម​ថា បើ​កូរ៉េខាងជើង​ចង់​ទាក់ទង​ជាមួយ​អាមេរិក កូរ៉េខាងជើង​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​ដោយ​មិន​ចាំ​បាច់​ពឹង​អ្នក​ណា​ទេ ព្រោះ​ភាគី​ទាំង​ពីរ​មាន​កាណាល់​សម្រាប់​ទាក់ទង​គ្នា​រួច​ហើយ។

លោក​ត្រាំ​ថា គ្មាន​ជំនួប​ជាមួយ​លោក​គីម​នៅ​ក្នុង​ទឹកដី​កូរ៉េខាត្បូង​ទេ

ប្រតិកម្ម​ខឹងសម្បារ​របស់​កូរ៉េខាងជើង​ទល់​នឹង​កូរ៉េខាងត្បូង​ពេល​នេះ​បាន​កើត​មាន​ឡើង មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ដូណាល់ ត្រាំ​ទៅ​កាន់​កូរ៉េខាងត្បូង​នៅ​ចុង​សប្តាហ៍​នេះ ពោល​ក្រោយ​ពី​លោក​ត្រាំ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល G២០ ពី​ថ្ងៃ​សុក្រ ទី២៨ ដល់​ថ្ងៃ​សៅរ៍ ទី២៩ មិថុនា​ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន។ គឺ​នា​ឱកាស​វត្តមាន​របស់​លោក​ត្រាំ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ដែល​គេ​រំពឹង​ថា នឹង​អាច​មាន​ជំនួប​រវាង​លោក​ត្រាំ និង​លោក​គីម ជុងអ៊ុន។ តែ​ក្តី​​រំពឹង​មួយ​នេះ​ត្រូវ​បាន​លោក​ត្រាំ​បញ្ជាក់​ច្បាស់ៗ​ថា លោក​គ្រោង​នឹង​ជួប​ឥស្សរជន​ច្រើន​ណាស់​នៅ​ពេល​ទៅ​ដល់​កូរ៉េខាងត្បូង តែ​មិន​ជួប​លោក​គីម ជុអអ៊ុន​ទេ។ ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​មិន​បដិសេធ​ទេ​ថា បើ​លោក​មិន​បាន​ជួប​លោក​គីម ជុងអ៊ុន​ផ្ទាល់ ក៏​លោក​អាច​ជួប​សន្ទនា​តាម​មធ្យោបាយ​ផ្សេង​ដែរ។

តាម​ពិត​ទៅ មិនមែន​លោក​ត្រាំ​មិន​ចង់​ជួប​លោក​គីម​ជា​លើកទី៣ ទេ តែ​មក​ពី​លោក​គីម​មិន​បាន​ឆ្លើយ​នឹង​សំណើ​សុំ​ជួប​របស់​លោក​ត្រាំ។ យ៉ាង​ណា​ក៏​ដោយ លោក​ត្រាំ និង​លោក​គីម​បន្ត​ទាក់ទង​គ្នា​តាម​រយៈ​ការ​ផ្ញើ​សំបុត្រ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក។ បើ​គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៨ មាន​សំបុត្រ​ចំនួន ១២ច្បាប់​ដែល​លោក​គីម និង​លោក​ត្រាំ​បាន​សរសេរ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក ក្នុង​នោះ មាន​ ៨ច្បាប់​ពី​លោក​គីម និង ៤ច្បាប់​ពី​លោក​ត្រាំ។ គួរ​រម្លឹក​ថា លោក​ត្រាំ និង​លោក​គីម​ធ្លាប់​បាន​ជួប​គ្នា​ផ្ទាល់​ចំនួន​ពីរ​ដង លើកទី១ នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃទី១២ មិថុនា ឆ្នាំ ២០១៨ និង​លើកទី២ នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កាល​ពី​ដំណាច់​ខែ​កុម្ភៈ​ឆ្នាំ ២០១៩ នេះ។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​ទេ ក៏​គ្មាន​ភាព​ល្អូកល្អឺន​រវាង​កូរ៉េខាងជើង និង​អាមេរិក​រហូត​មាន​ជំនួប​ដល់​ទៅ​ពីរ​ដង​រវាង​លោក​គីម និង​លោក​ត្រាំ​ដែរ។ ឃើញ​ថា លោក​មូន ចៃអ៊ីន​នៅ​បន្ត​ជា​តួអង្គឯក​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ជម្លោះ​រវាង​កូរ៉េខាងជើង និង​អាមេរិក ព្រោះ​អ្វី​ដែល​លោក​ចៃអ៊ីន​បាន​ធ្វើ កំពុង​ធ្វើ និង​បន្ត​ធ្វើ​គឺ​ដើម្បី​ប្រយោជន៍​រួម​នៅ​ឧបទ្វីប​កូរ៉េ។

កូរ៉េខាងជើង​ថា​អាមេរិក​និយាយ​ច្រើន​ដូច​សត្វសេក

ក្រៅ​ពី​ប្រតិកម្ម​ជំរុញ​កូរ៉េខាងត្បូង​ឲ្យ​ឈប់​លូកដៃ​ចូល​ក្នុង​រឿង​ចរចា​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​រវាង​កូរ៉េខាងជើង និង​អាមេរិក ក្រុង​ព្យុងយ៉ាង​ក៏​បាន​ទាមទារ​ឲ្យ​អាមេរិក​ពិនិត្យមើល​ឡើង​វិញ​លើ​យុទ្ធសាស្រ្ត​របស់​ខ្លួន។ សារ​ទាមទារ​មួយ​នេះ​ត្រូវ​បាន​កូរ៉េខាងជើង​បញ្ជូន​ត្រង់​ទៅ​ឲ្យ​លោក​ដូណាល់ ត្រាំ​តែ​ម្តង។ អ្វី​ដែល​កូរ៉េខាងជើង​ចង់​បាន​នៅ​ក្នុង​សារ​មួយ​នេះ គឺ​ចង់​ឲ្យ​លោក​ត្រាំ​គិត​ប្រយោជន៍​រួម​របស់​ភាគី​ទាំង​ពីរ ពោល​កុំ​ឲ្យ​គិត​តែ​ពី​ការ​ចង់​បាន​របស់​ខ្លួន​ដោយ​មិន​បាន​យក​សំណើ និង​សំណូមពរ​របស់​កូរ៉េខាងជើង​ទៅ​ពិចារណា។ តាម​ក្រុង​ព្យុងយ៉ាង ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ច្រើន​ដង​ដូច​សត្វ​សេក​លើ​ឃ្លា « ចរចា​ឡើង​វិញ » តែ​មិន​បាន​ដាក់​សំណើ​ថ្មី និង​ទទួល​យក​សំណើ​អ្នក​ផ្សេង​ដើម្បី​ធ្វើ​ឲ្យ​ការ​ចរចា​មាន​ភាព​ចម្រើន​ទៅ​មុខ​សម្រាប់​ប្រយោជន៍​រួម​ទាំង​អស់​គ្នា​ទេ។

នៅ​ក្នុង​ន័យ​នេះ ក្រុង​ព្យុងយ៉ាង​ចង់​ឲ្យ​លោក​ត្រាំ​ពិចារណា​ឡើង​វិញ​លើ​សំណូមពរ​មួយ​ចំនួន​របស់​កូរ៉េខាងជើង ដូច​យ៉ាង​ការ​ធានា​សន្តិសុខ​សម្រាប់​អនាគត​របប​ក្រុង​ព្យុងយ៉ាង និង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម។ គួរ​រម្លឹក​ថា ជំនួបចំនួន​ពីរ​ដង​រវាង​លោក​គីម និង​លោក​ត្រាំ​នៅ​មិន​ទាន់​បាន​ហុច​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទេ។ តាំង​ពី​ក្រោយ​ជំនួប​លើកទី២ ក្នុង​ប្រទេស​វៀតណាម​បាន​ទទួល​បរាជ័យ កិច្ចចរចា​កំពុង​បន្ត​ជាប់គាំង​មក​ដល់​សព្វថ្ងៃ និង​បាន​បន្សល់​ទុក​ដោយ​ការ​បន្ត​គំរាម​គ្នា​ទៅ​វិញ។ ជាក់ស្តែង​ក្នុង​ខែ​ឧសភា ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ចម្ងាយ​ជិត ហើយ​ក្រុង​វ៉ាស៊ីនតោន​បាន​ស្ទាក់ចាប់​នាវា​ដឹកទំនិញ​កូរ៉េខាងជើង និង​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត។ គួរ​រម្លឹក​ថា ការ​ប្រទាញប្រទង់​រវាង​លោក​ត្រាំ និង​លោក​គីម គឺ​ការ​មើល​បណ្តាំ​គ្នា​ទៅ​វិញ​ទៅ​មក។ អាមេរិក​ថា បើ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ ខ្លួន​នឹង​ដក​ទណ្ឌកម្ម​ចេញ​វិញ តែ​កូរ៉េខាងជើង​ថា បើ​អាមេរិក​ដក​ទណ្ឌកម្ម​ចេញ​វិញ ខ្លួន​នឹង​រំសាយ​នុយក្លេអ៊ែរ៕

យេម៉ែន៖ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត

​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ហ្វូគូស្ហ៊ីម៉ា៖តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន

លោកម៉ាក្រុងទៅអ៊ីតាលី​ដើម្បី​ផ្សះផ្សា​​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ

បោះឆ្នោតជាតិនៅអ៊ីស្រាអែល ដើម្បីបន្ត​ជីវិត​​នយោបាយ​របស់​នាយករដ្ឋម​ន្ត្រី​ នេតាន់យ៉ាហ៊ូ

បោះឆ្នោតប្រធានាធិបតី ៖ ទុយនីស៊ីច្រាន​ចោល​អ្នក​នយោបាយ​ចាស់ ជ្រើស​យកចរន្ត​ថ្មី

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

អ្នកវិទ្យាសាស្រ្ត​រកឃើញ​វិធីសាស្រ្ត​ថ្មីដើម្បីទប់ស្កាត់កុំឲ្យ ​មូសខ្លា​អាច​ចម្លង​មេរោគគ្រុនឈាម

បារាំង​ងាក​ទៅ​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ

ហេតុអ្វី​ពួកឧទ្ទាម​កូឡុំប៊ី ត្រលប់​ទៅ​កាន់អាវុធ ប្រឆាំង រដ្ឋាភិបាល?