អានតួអត្ថបទ
ម៉ាឡេស៊ី-អ៊ុយក្រែន

យន្តហោះ MH17៖ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី មិន​សប្បាយចិត្ត​នឹង​ការសន្និដ្ឋាន​របស់​ក្រុមស៊ើបអង្កេត​អន្តរជាតិ

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោកមហាម៉េដ មហាធៀរ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​បដិសេធ​ទាត់ចោល សេចក្តី​សន្និដ្ឋាន​របស់​ក្រុមអ្នកស៊ើបអង្កេត អន្តរជាតិ ដែល​បាន​សម្រេច​ចោទ​ប្រកាន់ ជនជាតិ​រុស្ស៊ី ៣នាក់ និង​ជនជាតិ​អ៊ុយក្រែន​ម្នាក់ ពីបទ​ទទួល​ខុសត្រូវ លើ​ការបាញ់ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី ដែល​បាន​សម្លាប់​អ្នកដំណើរ ២៨៩​នាក់ កាលពី​៥​ឆ្នាំ មុន នៅ​ភាគខាងកើត​អ៊ុយក្រែន។ សម្រាប់​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី រុស្ស៊ី ជា​អ្នកកំពុង​ទទួល​រង​ថ្មបាក់ នៅក្នុង​សំណុំរឿងស៊ើបអង្កេត​ដែល​មាន​លក្ខណៈ​នយោបាយ។ 

នៅថ្ងៃទី ១៩ មិថុនា ២០១៩ លោកWilbert Paulissen សមាជិក​ម្នាក់​របស់​ក្រុមស៊ើបអង្កេត​អន្តរជាតិ ឡើងបង្ហាញ​ការរកឃើញ​ជុំវិញ​ការបាញ់ទម្លាក់ យន្តហោះ​ម៉ាឡេស៊ី MH17 កាលពី​៥ឆ្នាំ មុន នៅភាគខាងកើត​អ៊ុយក្រែន។
នៅថ្ងៃទី ១៩ មិថុនា ២០១៩ លោកWilbert Paulissen សមាជិក​ម្នាក់​របស់​ក្រុមស៊ើបអង្កេត​អន្តរជាតិ ឡើងបង្ហាញ​ការរកឃើញ​ជុំវិញ​ការបាញ់ទម្លាក់ យន្តហោះ​ម៉ាឡេស៊ី MH17 កាលពី​៥ឆ្នាំ មុន នៅភាគខាងកើត​អ៊ុយក្រែន។ ©REUTERS/Eva Plevier
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នកស៊ើបអង្កេត​អន្តរជាតិ ទៅលើ​ការបាញ់ធ្លាក់​យន្តហោះ ម៉ាឡេស៊ី MH17 ដែល​មានការចូលរួម​ផងដែរ​ពី​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី បាន​សម្រេច កាលពី​ថ្ងៃពុធ ចោទប្រកាន់​ជា​ផ្លូវការ ជនជាតិ​រុស្ស៊ី ៣នាក់ និង​ជនជាតិ​អ៊ុយក្រែន​ម្នាក់ ថា​ជាអ្នកទទួល​ខុសត្រូវ​លើ​ការបាញ់ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី កាលពី​ឆ្នាំ ២០១៤។

តាម​ក្រុមអ្នកស៊ើបអង្កេត​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​រដ្ឋអាជ្ញា​ហូឡង់ ទោះជា ជនសង្ស័យ​រុស្ស៊ី​និង​អ៊ុយក្រែន ទាំង​៤នាក់ ​មិន​បាន​ចុចប៊ូតុង​ដោយផ្ទាល់ ប៉ុន្តែ ពួកគេ​បាន​ចូលរួម​ចំណែក​ឲ្យ​មាន​ការដឹក​ជញ្ជូន យក​ប្រព័ន្ធ​មីស៊ីល​រុស្ស៊ី ប្រភេទ ប៊ូក​Buk ទៅ​បាញ់​ទម្លាក់​យន្តហោះ​ដឹកអ្នកដំណើរ​ម៉ាឡេស៊ី MH17 ពី​ទឹកដី​ភាគខាងកើត​អ៊ុយក្រែន។

តាម​ក្រុមអ្នកស៊ើបអង្កេត ក្នុង​ចំណោម ជន​សង្ស័យ​រុស្ស៊ី ទាំង​៣រូប ដែល​គេ​ចោទប្រកាន់ មាន១នាក់ ធ្លាប់​មាន​តួនាទី​ជា​មេបញ្ជាការ ដឹកនាំ​ក្រុមទាមទារ​បំបែកទឹកដី ភាគខាងកើត​អ៊ុយក្រែន និង​២នាក់ ទៀត ជា​ប្រធាន ហើយ​និង​អនុប្រធាន ទទួល​ខុសត្រូវ​ផ្នែក​ចារកម្ម​របស់​ក្រុមឧទ្ទាម ដែល​ជាអ្នកទាមទារ​ឲ្យ​មាន​ខែល​មីស៊ីល​រុស្ស៊ី នៅ​ប៉ែកខាងកើត​អ៊ុយក្រែន។

 

វិមាន​ក្រេមឡាំង​បាន​បដិសេធ​ ទាត់ចោលរួចហើយ ​ការចោទប្រកាន់ របស់​ក្រុមអ្នកស៊ើបអង្កេត អន្តរជាតិ កាលពី​ថ្ងៃ​ពុធម្សិលមិញ។ ចំណែក នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក​មហាម៉េដ មហាធៀរ​វិញ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​សំដែង​ការមិនសប្បាយចិត្ត​នឹង​ការសម្រេច​របស់​ក្រុមសង្កេត​អន្តរជាតិ ព្រោះថា តាំង​ពីដើមរហូតមក សំណុំរឿង​ដែល​មាន​លក្ខណៈ​នយោបាយ មាន​ទិសដៅ រក​មធ្យោបាយ ចោទប្រកាន់​រុស្ស៊ី។ សម្រាប់ប្រមុខ​រដ្ឋាភិបាល ម៉ាឡេស៊ី ក្រុមអ្នកស៊ើបអង្កេត អន្តរជាតិ មិន​បានធ្វើការងារ ដើម្បី​ស្វែងរក​ការពិត​នោះទេ។ ផ្ទុយទៅវិញ គឺ​មាន​តែស្វែងរក​អំណះអំណាង​ដើម្បី បញ្ជាក់​ការចោទប្រកាន់​ទៅលើ​រុស្ស៊ី។

ឆ្លើយ​ទៅ​នឹង​អ្នកកាសែត នៅថ្ងៃ​ព្រហស្បតិ៍នេះ ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​អះអាងបន្ថែមថា លោក​មិនជឿថា រុស្ស៊ី មាន​ចូលពាក់ព័ន្ធ​នៅក្នុងសំណុំរឿង​បាញ់ទម្លាក់​យន្តហោះ ម៉ាឡេស៊ី MH17 នោះទេ។

នៅ​ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ពុធ អ្នកស៊ើបអង្កេត អន្តរជាតិ ដឹកនាំ​ដោយ​ប្រទេស​ហូឡង់ អះអាងថា គេ​បាន​ចេញដីការ​ចាប់ខ្លួន ជនសង្ស័យ​រុស្ស៊ី និង​អ៊ុយក្រែន​ទាំង​៤នាក់ និង​បាន​ប្រកាស បើក​សវនាការ ជំនុំជម្រះ ជនសង្ស័យ ទាំង​៤នាក់ នៅ​ខែ​មីនា ឆ្នាំ​ក្រោយ នៅ​ប្រទេស​ហូឡង់។ ជា​សវនាការ​កាត់ទោស កំបាំង​មុខ ព្រោះ​ថា ជនសង្ស័យ​ជាតិ​រុស្ស៊ី​ទាំង​៣នាក់​កំពុង​រស់នៅ​ក្នុង​ទឹកដី​រុស្ស៊ី ចំណែក​ជនសង្ស័យ​អ៊ុយក្រែន កំពុង​ស្ថិតនៅ​ក្នុងតំបន់​គ្រប់គ្រង​របស់​ក្រុមទាមទារ​បំបែកខ្លួន នៅភាគខាងកើត​អ៊ុយក្រែន។ សម្រាប់ រដ្ឋអាជ្ញា​ហូឡង់ គេនឹង​មិន​ទាមទារ​ការធ្វើ​បត្យាប័ន ជនសង្ស័យ​ទាំង​៤នាក់​នោះទេ ដោយសារតែ រុស្ស៊ី និង​អ៊ុយក្រែន មាន​ច្បាប់ ហាមឃាត់​ការធ្វើបត្យាប័ន​ពលរដ្ឋ​របស់ខ្លួន ប៉ុន្តែ គេ​បានទាមទារ​ឲ្យរុស្ស៊ី សហការ​ជាមួយ​ក្រុមអ្នកស៊ើបអង្កេត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ