rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ភូមា៖អ.ស.ប.បានទទួលស្គាល់ពីភាពចន្លោះប្រហោងនៅក្នុងការគ្រប់គ្រងវិបត្តិរ៉ូហ៊ីងយ៉ា

media
មន្រ្តីការទូតជនជាតិក្វាតេម៉ាឡាលោក Gert Rosenthal AFP

នៅ​ថ្ងៃ​ចន្ទ ទី១៧ មិថុនា អង្គការសហប្រជាជាតិ​បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ដំណើរការ​ស៊ើបអង្កេត​នៅ​ផ្ទៃក្នុង​អង្គការសហប្រជាជាតិ​លើ​វិបត្តិ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​ភូមា។ នៅ​ក្នុង​របាយការណ៍​ដែល​មាន​កម្រាស់ ៣៦ទំព័រ អង្គការ​សហប្រជាជាតិ​បាន​ទទួល​ស្គាល់​ពី​ភាព​ចន្លោះ​ប្រហោង​របស់​ខ្លួន​នៅ​ក្នុង​ការ​គ្រប់គ្រង​វិបត្តិ​រ៉ូហ៊ីងយ៉ា​ចន្លោះ​ឆ្នាំ ២០១០ និង ២០១៨។ គួរ​រម្លឹក​ថា​ចាប់​ពី​ខែ​សីហា ឆ្នាំ ២០១៧ មាន​ពួក​រ៉ូហ៊ីងយ៉ា​ជាង​កន្លះ​លាន​នាក់​បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះសម្បែង​នៅ​ភូមា​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​បង់ក្លាដែស​ក្បែរ​ខាង។


របាយការណ៍​មួយ​នេះ​ត្រូវ​បាន​មន្រ្តីការទូត​ជនជាតិ​ក្វាតេម៉ាឡា​លោក Gert Rosenthal ប្រគល់​ទៅ​ឲ្យ​អគ្គលេខាធិការ​អង្គការសហប្រជាតិ​លោក Antonio Guterres នា​ថ្ងៃ​ចន្ទ ទី១៧ មិថុនា និង​គ្រោង​ចែកចាយ​ទៅ​ឲ្យ​សមាជិក​អង្គការសហប្រជាជាតិ​ទាំង​អស់។ គួរ​បញ្ជាក់​ថា គឺ​លោក Antonio Guterres ដែល​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​បាន​ស្នើ​លោក Rosenthal ឲ្យ​បើក​ការស៊ើបអង្កេត​នៅ​ផ្ទៃក្នុង​អង្គការសហប្រជាជាតិ​ស្តីពី​ការ​គ្រប់គ្រង​លើ​វិបត្តិ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​ភូមា។ នៅ​ក្នុង​របាយការណ៍​កម្រាស់ ៣៦ទំព័រ លោក Rosenthal បាន​ស្តី​បន្ទោស​លើ​មន្រ្តី​អង្គការ​សហប្រជាជាតិ​ដែល​ទទួល​បន្ទុក​សំណុំរឿង​ភូមា​ពី​បទ​អសមត្ថភាព​ក្នុង​ការ​រួមចំណែក​ជួយ​ផ្តល់​គំនិត​យោបល់​ក្នុង​ន័យ​ស្ថាបនា​ជាមួយ​រដ្ឋាភិបាល​ភូមា ខណៈ​ពេល​ដែល​មាន​ការ​បរិហារ​លើ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

បន្ទាប់​មក លោក Rosenthal បាន​បរិហារ​ពី​ការ​បែកបាក់​ជាង​ការ​រួបរួម​នៅ​ក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ អវត្តមាន​យុទ្ធសាស្រ្ត​មួយ​ច្បាស់លាស់ និង​ឯកភាព កង្វះ​ការ​វិភាគ​ជា​ប្រព័ន្ធ និង​ឯកភាព​លើ​ទិន្នន័យ​ដែល​ទទួល​បាន​ពី​កន្លែង​កើត​ហេតុ។ ក្នុង​ចំណោម​ភាព​ចន្លោះ​ប្រហោង​ដែល​លោក Rosenthal បាន​សម្គាល់​ឃើញ​រួម​មាន ការ​ចាប់​អារម្មណ៍​តែ​លើ​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ​សម្រាប់​សម័យអន្តរកាល​នយោបាយ​នៅ​ភូមា​ផ្តួចផ្តើម​ដោយ​លោកស្រី​អ៊ុង សានស៊ូជី និង​មតិ​ផ្ទុយ​គ្នា​រវាង​ក្រុម​អ្នក​ដែល​ចង់​បាន​នយោបាយការទូត​មួយ​ស្ងប់ស្ងាត់ និង​ក្រុម​អ្នក​ដែល​ចេញ​មុខ​បរិហារ រិះគន់​ទិតៀន​ខ្លាំងៗ​លើ​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​ភូមា។

ទន្ទឹម​នឹង​ការ​បរិហារ រិះគន់ របាយការណ៍​របស់​លោក Gert Rosenthal ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ដោយ​គូសបញ្ជាក់​ថា វា​មាន​សារៈសំខាន់ណាស់​ដែល​ត្រូវ​មាន​បណ្តាញ​ទំនាក់ទំនង​ច្បាស់លាស់​ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​ការ​សម្រេចចិត្ត​ពី​ថ្នាក់ដឹកនាំ​កំពូល​ទទួល​បាន​ការ​ចែកចាយ និង​យល់ច្បាស់​ពី​គ្រប់​សមាជិក​ទាំង​អស់​របស់​អង្គការសហប្រជាជាតិ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​មួយ។ យ៉ាង​ណា​ក៏​ដោយ អង្គការ​សិទ្ធិមនុស្ស Human Rights Watch បាន​សាទរ​លើ​របាយការណ៍​នេះ តែ​បាន​រិះគន់​ពី​អវត្តមាន​ទណ្ឌកម្ម​ប្រឆាំង​នឹង​អ្នក​ទទួល​ខុសត្រូវ​អង្គការសហប្រជាជាតិ​ដែល​អសកម្ម​ក្នុង​ការ​ទប់ស្កាត់​លើ​ទង្វើ​បោសសំអាត​ជាតិពិន្ធុ​នៅ​ភូមា៕