អានតួអត្ថបទ
ហុងកុង

ហុងកុង៖ក្រោយការប៉ះទង្គិចយ៉ាងហិង្សា ស្ថានការណ៍បានត្រឡប់មករកភាពស្ងប់ស្ងាត់

នៅ​ហុងកុង បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុម​បាតុករ និង​កម្លាំង​ប៉ូលិស​នា​ថ្ងៃ​ពុធ ទី១២ និង​មាន​ការ​ជួបជុំ​គ្នា​ជា​ថ្មី​ពេញ​មួយ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ មិថុនា​មក ស្ថានការណ៍​ហាក់​បាន​ត្រឡប់​មក​រក​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដដែល។ ចំណែក​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ហុងកុង​ទៅ​កាត់​ទោស​នៅ​ចិនប៉េកាំង​ត្រូវ​បាន​សភា​ហុងកុង​លើក​ពេល​ពិនិត្យ​ទៅ​ថ្ងៃ​ក្រោយ​វិញ​ដោយ​មិន​បាន​បញ្ជាក់ពី​​ថ្ងៃខៃ​ច្បាស់លាស់​ទេ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​បាតុករ​បាន​ប្រកាស​ថា ពួក​គេ​នឹង​នាំ​គ្នា​ចុះ​ធ្វើ​បាតុកម្ម​កាន់​តែ​ធំ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ។ អ្វី​ដែល​គេ​បាន​សម្គាល់​ឃើញ​នៅ​ក្នុង​ក្បួនបាតុកម្ម​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​មួយ​នេះ គឺ​វត្តមាន​ជា​ថ្មី​របស់ហ្វូង​យុវជន​នៅ​ជួរ​មុខ​ក្បួនបាតុកម្ម។ តើ​នេះ​មក​ពី​មូលហេតុ​អ្វី​ទៅ?។ យើង​ស្តាប់​លោក​ខៃស៊ី ហ៊័ង សិល្បករ​ហុងកុង​ដ៏​ល្បី​ម្នាក់​ដែល​វិទ្យុបារាំង​អន្តរជាតិ​បាន​ជួប​សម្ភាសន៍​នា​ឱកាស​ដែល​លោក​កំពុង​ស្ថិត​ក្នុង​ប្រទេស​បារាំង។

កម្លាំង​ប៉ូលិស​ហុងកុង ថ្ងៃទី១៣ មិថុនា ២០១៩
កម្លាំង​ប៉ូលិស​ហុងកុង ថ្ងៃទី១៣ មិថុនា ២០១៩ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​គិត​ថា​ក្រុម​យុវជន​ទាំង​អស់​នោះ​មិន​អាច​មើល​ឃើញ​ពី​អនាគត​របស់​ខ្លួន ព្រោះ​ពួក​កំពុង​មាន​អារម្មណ៍​អស់​សង្ឃឹម។ កាល​ពី ៥ឆ្នាំ​មុន ពោល​ក្នុង​ពេល​ដែល​មាន​ចលនា​បះបោរ​ដែល​គេ​ហៅ​ថា​ចលនា​ឆ័ត្រ ក្រុម​យុវជន​ទាំង​អស់​នោះ​មាន​ភាគ​ច្រើន​នៅ​ជា​សិស្ស​អនុវិទ្យាល័យ​នៅ​ឡើយ។ គេ​បាន​ដឹង​ថា ចលនាឆ័ត្រ​ក៏​បាន​ផ្តើម​ចេញ​ពី​ដំបូង​ដោយ​កូដកម្ម​របស់​សិស្ស​សាលា ហើយ​ក្រុម​យុវជន​ដែល​បាន​ចូល​នៅ​ក្បួនបាតុកម្ម​ពេល​នេះ​ក៏​ប្រហែល​ជា​ធ្លាប់​បាន​ចូលរួម​នៅ​ក្នុង​ចលនាឆ័ត្រ​ដែរ។

តែ​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នូវ​ក្បួនបាតុកម្ម​ពេល​នេះ​មិនមែន​ជាប់​ទាក់ទង​តែ​ក្រុម​យុវជន​ប៉ុណ្ណោះ​ទេ តែ​ជាប់ទាក់​នឹង​ពលរដ្ឋ​ហុងកុង​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់។ តែ​បើ​គេ​ក្រឡេក​មើល​តែ​លើ​ទស្សនៈ​យល់​ឃើញ​របស់​ក្រុម​យុវជន​វិញ គេ​នឹង​អាច​មាន​អារម្មណ៍​ភ័យ​រន្ធត់ ព្រោះ​ពួក​គេ​គ្មាន​មធ្យោបាយ​តវ៉ា​ណា​ផ្សេង​ក្រៅ​ពី​ក្រោក​ឈរ​ប្រឆាំង​ទេ។ នេះ​ជា​ហេតុផល​មួយ​នៃ​ការ​ចូលរួម​យ៉ាង​សកម្ម និង​ស្វិតស្វាញ​របស់​ក្រុម​យុវជន​នៅ​ក្នុង​ក្បួន​បាតុកម្ម​ពេល​នេះ។

នៅ​សម័យ​មុន​អង់គ្លេស​ប្រគល់​ហុងកុង​ទៅ​ឲ្យ​ចិន​ប៉េកាំង​វិញ​ក្នុង​ឆ្នាំ ១៩៩៧ ប្រជាជន​ហុងកុង​គិត​តែ​ពី​រឿង​សេដ្ឋកិច្ច គិត​តែ​ពី​លុយកាក់​ដោយ​មិន​ខ្វាយខ្វល់​ពី​រឿង​នយោបាយ​ឡើយ។ តែ​បន្ទាប់​ពី​ហុងកុង​ធ្លាក់​ក្នុង​ដៃ​ប៉េកាំង និង​បន្ទាប់​ពី​មាន​ការ​វាយបង្រ្កាប​ញឹកញាប់ ច្រើន​ដង​ពី​កម្លាំង​ប៉ូលិស​លើ​ហ្វូង​បាតុករ​សន្តិវិធី​មក ប្រជាជន​ហុងកុង​បាន​ប្តូរ​ចិត្ត និង​ហាក់​ភ្ញាក់ខ្លួន​កាន់​តែ​ខ្លាំង។ ខ្ញុំ​បាន​សង្កេត​ឃើញ​ផង​ដែរ​ថា មិត្តភក្តិ​របស់​ខ្ញុំ​ជា​ច្រើន​ដែល​ពី​មុន​មិន​ធ្លាប់​និយាយ​ពី​រឿង​នយោបាយ​ក៏​បាន​សម្តែង​ក្តី​បារម្ភ​ពី​នយោបាយ​នៅ​ហុងកុង​ដែរ។ នេះ​ក៏​ជា​រឿង​មួយ​ល្អ​ដែរ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ