rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហុងកុង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រោយមហាបាតុកម្ម រដ្ឋាភិបាលហុងកុងមិនចុះញ៉ម ចំណែករដ្ឋាភិបាលចិនចង្អុលមុខបស្ចិមលោក

media
ប្រមុខដឹកនាំហុងកុងលោកស្រីការី ឡាំ និង​មេប៉ូលិស​ហុកុង​លោក​John Lee Ka-chiu Reuters

នៅ​ហុងកុង រដ្ឋាភិបាល​បាន​ឆ្លើយ​ច្បាស់ៗ​យ៉ាង​ដាច់​ណាត់​នៅ​ថ្ងៃ​ចន្ទ ទី១០ មិថុនា​ថា ខ្លួន​នឹង​មិន​បោះបង់​សេចក្តីព្រាងច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​កាត់​ទោស​នៅ​ចិន​ដីគោក​ឡើយ។ ចម្លើយ​របស់​រដ្ឋាភិបាល​ហុងកុង​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ប្រជាជន​ហុងកុង​ជាង ១លាននាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ។ ចំណែក​នៅ​ក្រុង​ប៉េកាំង​ឯណោះ​វិញ សារព័ត៌មាន​ផ្លូវការ​ចិន​បាន​នាំ​គ្នា​ចោទ​បស្ចិមលោក​ពី​បទ​នៅ​ពី​ក្រោយ​មហាបាតុកម្ម​នៅ​ហុងកុង។ ក្រៅ​ពី​បារម្ភ​បាត់បង់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ពលរដ្ឋ​ហុងកុង​ក៏​ខ្លាច​សេចក្តីព្រាងច្បាប់​មួយ​នេះ​ឈាន​ទៅ​បំបាត់​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ដែល​ហុងកុង​មាន​តាំង​ពី​អង់គ្លេស​បាន​ប្រគល់​ទឹកដី​ហុងកុង​ទៅ​ឲ្យ​ចិន​ប៉េកាំង​វិញ​ក្នុង​ឆ្នាំ ១៩៩៧។ លោក​ហ្សង់ ហ្រ្វង់ស័រ ហុយឈេ សាស្រ្តាចារ្យ និង​ជា​ប្រធាន​វិទ្យាស្ថានជាតិ​នៃ​ភាសា និង​អារ្យធម៌​បូព៌ា​ក្នុង​ប្រទេស​បារាំង​បាន​យល់​ឃើញ​ថា ប្រមុខ​ដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​គួរ​តែ​ស្តាប់​តាម​ការ​ទាមទារ​របស់​បាតុករ​ហុងកុង​ដែល​មាន​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់។


« លោកស្រី​ឡាំ ការី ឡាំ​នឹង​ត្រូវ​ស្តាប់​តាម​ការ​ទាមទារ​របស់​ប្រជាជន​ហុងកុង​នៅ​តាម​ផ្លូវ ព្រោះ​គេ​បាន​សង្កេត​ឃើញ​ថា មាន​បាតុករ​ហុងកុង​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់ ពី​គ្រប់​សមាគម​មេធាវី និង​ពី​គ្រប់​សមាគម​អ្នកជំនួញ​ដែល​ហាក់​កំពុង​មាន​ក្តីបារម្ភ​ខ្លាំង​ចំពោះ​សេចក្តីព្រាងច្បាប់​ដែល​រដ្ឋអំណាច​ហុងកុង​កំពុង​រៀបចំ​ដាក់​ឲ្យ​សភា​អនុម័ត​នា​ពេល​ខាង​មុខ។ ជាមួយ​នឹង​ច្បាប់​មួយ​នេះ ពលរដ្ឋ​ហុងកុង​បារម្ភ​ពី​ការ​ចាប់​បញ្ជូន​ជនសង្ស័យ​ក្នុង​បទឧក្រិដ្ឋ​មួយ​ចំនួន មាន​ទាំង​បទឧក្រិដ្ឋ​សេដ្ឋកិច្ច​ផង​ទៅ​ឲ្យ​ចិន​ប៉េកាំង​ជា​អ្នក​កាត់ទោស។

គេ​ឃើញ​ថា​ជា​ថ្មី​ម្តង​ទៀត ប្រជាជន​ហុងកុង​មិន​បាន​ឈរ​ឱបដៃ​នៅ​ស្ងៀម​ទេ​ដោយ​បាន​នាំ​គ្នា​ចុះ​ផ្លូវ​តវ៉ា ប្រឆាំង។ ពិត​ណាស់ បញ្ហា​នយោបាយ​ជា​រឿង​មួយ តែ​អ្វី​ដែល​ពួក​គេ​កំពុង​តវ៉ា ប្រឆាំង​ពេល​នេះ គឺ​ទាក់ទង​នឹង​សេរីភាព​ជា​សារវន្ត​ដែល​ប្រជាជន​ហុងកុង​មិន​បាន​ទុក​បណ្តោយ​ឲ្យ​រដ្ឋអំណាច​ហុងកុង​ធ្វើ​ស្រេច​នឹង​ចិត្ត​ដើម្បី​តម្រូវ​ចិត្ត​រដ្ឋាភិបាល​ចិន​នៅ​ប៉េកាំង​ឡើយ។ គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា របប​ក្រុង​ប៉េកាំង​សព្វថ្ងៃ​បន្ត​ប្រើ​នយោបាយ​គាបសង្កត់​កាន់​តែ​ខ្លាំង​នៅ​ទីបេ ឬ​មួយ​នៅ​ស៊ីជាំង។

គឺ​នយោបាយ​របស់​រដ្ឋាភិបាល​ចិនដីគោក​មួយ​នេះ​ឯង​ដែល​បាន​ធ្វើ​ប្រជាជន​ហុងកុង​ភ័យខ្លាច​កាន់​តែ​ខ្លាំង និង​ដែល​ជា​ហេតុផល​ជំរុញ​ឲ្យ​ប្រជាជន​ហុងកុង​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​តវ៉ា ប្រឆាំង​ពេល​នេះ »៕