rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក រុស្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នាវាចម្បាំង​អាមេរិក​និង​រុស្ស៊ី​វិះ​បុកគ្នា​នៅ​ក្នុង​សមុទ្ទ​ចិន

media
​កាមេរ៉ា​សុវត្ថិភាព​ បង្ហាញ​ពី​នាវាចម្បាំង​រុស្ស៊ី «Udaloy» និង​នាវា​ចម្បាំង​អាមេរិក «USS Chancellorsville» វិះ​បុក​គ្នា​នៅ​ក្នុង​សមុទ្ទ​ចិន REUTERS/US NAVY

វិះ​​​តែ​នឹង​មាន​រឿង​ធំ នៅ​ថ្ងៃសុក្រ​ទី ៧ មិថុនា ម្សិលមិញ ! ​​នាវា​ចម្បាំង​​មួយ​គ្រឿង​ជា​របស់​អាមេរិក ឈ្មោះ ​«USS Chancellorsville» និង​មួយ​គ្រឿងទៀត​​ជា​របស់​រុស្ស៊ី ឈ្មោះ "Udaloy" បាន​បើក​ជ្រលិះ​​គ្នា​តែ​​បន្តិច។ ភាគី​ទាំង​ពីរ​ បាន​បញ្ចៀស​គ្រោះបុក​នាវា​គ្នា ​បាន​យ៉ាង​ប្រផុតប្រផើយ​​ នៅក្នុង​សមុទ្ទ​ចិន។ ពេល​នេះ​ សហរដ្ឋ​អាមេរិក​ និង​រុស្ស៊ី កំពុង​​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ​ ទៅមក។


បើ​តាម​រូប​ភាព​ផ្សព្វផ្សាយ​ដោយ​យោធា​អាមេរិក នាវា​ចម្បាំង​រុស្ស៊ី​បាន​បើក​តម្រង់​ទិស​មក​កៀក​នាវា​អាមេរិកយ៉ាង​ខ្លាំង។ នាវា​ទាំង​ពីរ​វិះ​តែ​នឹង​បុក​គ្នា។ “នាវារបស់​យើង​កំពុងចាំ​​ទទួល​ឧទ្ធម្ភាគចក្រ​ឱ្យ​ចុះ​ចត និង​បើក​ក្នុង​ទិស​និង​ល្បឿន​ធម្មតា ស្រាប់​តែ​នាវា​ចម្បាំង​រុស្ស៊ី បើកមក​ចូល​កៀក​ខ្លាំង​ពេក​រហូត​យើង​បង្ខំ​ចិត្ត​បើក​នាវា​ថយ​វិញ​ដើម្បី​កុំ​ឱ្យ​នាវា​ទាំង​ពីរ​បុក​គ្នាទាន់"។ នេះ​បើ​តាម​សេចក្តី​លម្អិត​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ របស់​កង​ពលទី​៧​នៃ​កងទ័ព​​អាមេរិក ដោយ​បរិហារ​ចរិក​ដ៏​គ្រោះថ្នាក់​ និង​ខុស​វិជ្ជាជីវៈ​។

ចំណែក​រុស្ស៊ី​វិញ បាន​អះអាងថា​​ “នាវា​ចម្បាំង​អាមេរិក​បាន​ប្តូរ​ទិសដៅ ដោយ​ភ្លាមៗ​ ​បើកមក​កាត់​ផ្លូវ​នាវា​រុស្ស៊ី ក្នុង​ចម្ងាយ​ប្រមាណ​តែ​៥០​ម៉ែត្រ​ពី​គ្នា។ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​បុក​គ្នា គឺ​នាវា​រុស្ស៊ី​ជា​អ្នក​​បើក​ថយ​យ៉ាង​បន្ទាន់។ រុស្ស៊ី​បាន​ធ្វើ​​កំណត់​ហេតុ​តវ៉ា​​ប្រឆាំងនឹង​នាវា​អាមេរិក​ ចំពោះ​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន​នេះរួច​ហើយ”។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​យោធារុស្ស៊ី។

សំណុំ​រឿង​នេះ​បាន​និង​កំពុង​ផុសផុល​ឡើង​ដល់​ក្រសួងការពារ​ជាតិ។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​ប្រកាស​ថា​អាមេរិក​នឹង​ធ្វើ​ការ​តវ៉ា​ជា​ផ្លូវការ​ទៅ​អាជ្ញាធរ​រុស្ស៊ី​។ តំណាង​​យោធា​ទាំង​ពីរ​ប្រទេស​នឹងជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ ជុំ​វិញ​ឧប្បត្តិហេតុ​នេះ។ ប៉ុន្តែ​ហេតុការណ៍​នេះ​មិន​មែន​ជា​ឧបសគ្គ​រារាំង​ប្រតិបត្តិការ​អាមេរិក​នៅ​សមុទ្ទ​ឡើយ។ នេះ​បើ​តាម​បញ្ជាក់​បន្ថែម​របស់​ប្រមុខ​មន្ទីរ​បញ្ចកោណ។

ការ​ប៉ះទង្គិច​គ្នា រវាង​យោធា​​អាមេរិក​និង​​រុស្ស៊ី​ តែង​តែ​កើត​មាន​ជា​ញឹកញយ នៅ​ក្នុង​ផ្ទៃ​សមុទ្ទ​បាល់ទិក ឬ​សមុទ្ទ​មេឌីទែរ៉ាណេ ប៉ុន្តែ​នេះ​ជា​លើក​ទី​មួយ​ ដែល​ហេតុការណ៍​បាន​កើត​ឡើង​នៅក្នុង​​សមុទ្ទ​ចិន។ ជា​ទូទៅ​នៅ​ក្នុង​សមុទ្ទ​ចិន គេ​ធ្លាប់​ឃើញ​មាន​តែ​ប៉ះទង្គិច​​​រវាង​នាវាចម្បាំង​​អាមេរិក ​និង​នាវា​ចម្បាំង​ចិន ដែល​ចេញ​ល្បាត​ជិត​តំបន់ប្រជុំ​​កោះ​ជាប់​ជម្លោះ។ ម្យ៉ាង​ទៀត ឧប្បត្តិហេតុ​នេះ កើត​ឡើង​ក្នុង​ខណៈ​ដែល​ប្រធានាធិបតី​ចិន កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ម៉ូស្គូផង។ លោក​ពូទីន​ប្រធានាធិបតី​រុស្ស៊ី បា​នចោទ​ប្រកាន់​វ៉ាស៊ីនតោន ថា​កំពុង​ដើរ​ធ្វើ​តុលាការ​ពេញ​ពិភពលោក៕