អានតួអត្ថបទ
ចិន-ធានអានមេន

លោកវូអារ កាយស៊ី៖ព្រឹត្តិការណ៍នៅធានអានមេនកាលពី ៣០ឆ្នាំមុនពិបាកនឹងកើតមានជាថ្មី តែខ្ញុំមិនបោះបង់ក្តីសង្ឃឹមទេ

៤ មិថុនា ១៩៨៩ ៤ មិថុនា ២០១៩ ថ្ងៃ​នេះ​ជា​ខួប​គម្រប់ ៣០ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បាញ់សម្លាប់​រង្គាល​លើ​ទីលាន​ធានអានមេន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ក្នុង​ឆ្នាំ ១៩៨៩ ក្រុម​យុវជន សិស្ស និស្សិត​ចិន​បាន​ចេញ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​សេរីភាព និង​ចង់​ឃើញ​ចិន​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ បើក​ទូលាយ​ទៅ​កាន់​ពិភពលោក។ តែ​សុបិន្ត​មួយ​ត្រូវ​បាន​បញ្ចប់​ក្នុង​ថ្លុក​ឈាម​ដោយ​នៅ​យប់​ថ្ងៃទី៣ ឆ្លង​ចូល​ថ្ងៃទី៤ មិថុនា ឆ្នាំ ១៩៨៩ ប្រធានាធិបតី​ចិន​លោក​តេង សៀវពីង​បាន​បញ្ជា​ឲ្យ​កងទ័ព​វាយបង្រ្កាប​លើ​ហ្វូង​បាតុករ​សិស្ស និស្សិត​យ៉ាង​ហិង្សា។ តើ ៣០ឆ្នាំ​ក្រោយ​មក ព្រឹត្តិការណ៍​ដ៏​សោកសៅ​មួយ​នេះ​អាច​កើត​មាន​ជា​ថ្មី​នៅ​លើ​ទីលាន​ធានអានមេន​ដែរ​ឬ​ទេ?។ លោក​វូអា កៃស៊ី មេដឹកនាំ​ម្នាក់​នៃ​ចលនា​បាតុកម្ម​កាលណោះ និង​ដែល​បច្ចុប្បន្ន​កំពុង​ភៀសខ្លួន​រស់​នៅ​តៃវ៉ាន់​បាន​ឆ្លើយ​ត្រង់ៗ​ថា ប្រហែល​ជា​ពិបាក​បន្តិច តែ​លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម។ ទន្ទឹម​គ្នា​នេះ លោក​វូអារ កាយស៊ី​បាន​ចោទ​ពិភពលោក ពិសេស​បស្ចិមលោក​ពី​បទ​បាន​ជួយ​ចិន​ឲ្យ​មាន​របប​ផ្តាច់ការ និង​ឃោរឃៅ​បំផុត​មួយ​ដែល​ពិភពលោក​មិន​ធ្លាប់​ជួប​ប្រទះ។

រូបភាពទីលានធានអានមេន​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៦ មិថុនា ១៩៨៩
រូបភាពទីលានធានអានមេន​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៦ មិថុនា ១៩៨៩ Manny CENETA / AFP
ផ្សាយពាណិជ្ជកម្ម

« យើង​មាន​សង្ឃឹម​ក្នុង​ឆ្នាំ ១៩៨៩ តែ​សង្ឃឹម​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​ការ​សម្លាប់រង្គាល​មួយ។ ក្នុង​រយៈពេល ៣០ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ភៀសខ្លួន​រស់​នៅ​ក្រៅ​ប្រទេស តែ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​នេះ​ក្តី ក៏​ខ្ញុំ​មិន​ចង់​បាត់បង់​ក្តីសង្ឃឹម​របស់​ខ្ញុំ​ដែរ។ យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​បាន​មើល​ឃើញ​ថា​បច្ចុប្បន្ន វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់​សម្រាប់​ក្រុម​យុវជន​ចិន​ជំនាន់​ថ្មី​ក្នុង​ការកែន​ប្រមូល​គ្នា​ទៅ​ជួបជុំ​នៅ​ទីលាន​ធានអានមេន​ឡើង​វិញ​ដូច​កាល​ពី ៣០ឆ្នាំ​មុន ព្រោះ​ថា​ក្នុង​រយៈពេល ៣០ឆ្នាំ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​ចិន​បាន​ក្លាយ​ជា​របប​មួយ​ផ្តាច់ការ​ខ្លាំង និង​ឃោរឃៅ​ខ្លាំង​ដែល​ពិភពលោក​មិន​ធា្លប់​ស្គាល់។

ចំពោះ​ខ្ញុំ ខ្ញុំ​ចោទ​ពិភពលោក ពិសេស​បស្ចិមលោក​ពី​បទ​បាន​ជួយ​ចិន​ឲ្យ​ក្លាយ​ជា​របប​មួយ​នេះ។ ដូច្នេះ​ថ្ងៃ​នេះ គេ​អាច​ចោទ​ជា​សំណួរ​ថា តើ​ពលរដ្ឋ​ចិន​នឹង​ក្រោក​ឈរ​បះបោរ​ជា​ថ្មី​ដែរ​ឬ​ទេ។ តែ​ត្រូវ​ដឹង​ថា គឺ​ជា​រឿង​ដ៏​ពិបាក​ខ្លាំង​ណាស់។ បស្ចិមលោក​មាន​ចំណែក​ទទួល​ខុស​ត្រូវ​មួយ​ភាគ និង​ជំរុញ​ចិន​ឲ្យ​ដើរ​លើ​គន្លងផ្លូវ​ប្រជាធិបតេយ្យ។ ក្នុង​រយៈពេល ៣០ឆ្នាំ​ចុង​ក្រោយ​នេះ សហគមន៍​អន្តរជាតិ​បាន​ចាត់​ទុក​ចិន​ដូច​ជា​រដ្ឋាភិបាល​មួយ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ។

កាលណោះ​យើង​មាន​ជំនឿ​ថា រដ្ឋ​ដែល​ជា​សត្រូវ​របស់​យើង​នឹង​ដោះស្រាយ​បញ្ហា​ដោយ​ចាត់​វិធានការ​ត្រឹមត្រូវ យើង​ពិត​មាន​ជំនឿ​ដូច​នេះ។ តែ​គួរ​ឲ្យ​សោកស្តាយ របប​បាន​ជ្រើស​យក​វិធានការ​ដ៏​អាក្រក់​បំផុត​សម្រាប់​ប្រទេស​ចិន។ ថ្ងៃ​នេះ ពិភពលោក​ទាំង​មូល​ឃើញ​ពី​ផលវិបាក​ដែល​មាន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ