អានតួអត្ថបទ
សិង្ហបុរី

នៅ​សិង្ហបុរី អាមេរិក​ព្រមាន​ចិន​ឲ្យ​ឈប់​ច្រឹប​ដែនអធិបតេយ្យភាព​របស់​ប្រទេស​ជិតខាង

អាមេរិក តាមរយៈ រដ្ឋមន្រ្តី​ការពារ​ជាតិ នៅ​ថ្ងៃ​សៅរ៍នេះ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន ឲ្យ​ឈប់​គំរាមកំហែង​ប្រទេស​ជិតខាង តទៅទៀត។ ថ្លែង​នៅក្នុង​សុន្ទរកថា នៅក្នុង​ជំនួបកំពូល​ស្តីពី​សន្តិសុខ​អាស៊ី នៅ​ប្រទេស​សិង្ហបុរី ដែល​មាន​ផងដែរ វត្តមាន របស់ រដ្ឋមន្រ្តីការពារ​ជាតិ ចិន ប្រមុខការពារ​ជាតិ​អាមេរិក លោក Patrick Shanahan បាន​បញ្ជាក់​ដែរ​ថា អាមេរិក​នឹង​បោះទុន​វិនិយោគ ដ៏សំខាន់​មួយ នៅ​ក្នុងរយៈពេល ៥​ឆ្នាំ​ខាងមុខ ដើម្បី អភិវឌ្ឍន៍ បច្ចេកវិទ្យា​សមគ្រឿងសព្វាវុធ សម្រាប់ ការពារ​ផលប្រយោជន៍ និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ 

រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក Patrick Shanahan ចាប់ដៃ​ជាមួយ​ប្រមុខការ​ពារ​ជាតិ​ចិន លោកWei Fenghe នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិសុខ​អាស៊ី នៅ​សិង្ហបុរី ថ្ងៃទី ១​មិថុនា ២០១៩
រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក Patrick Shanahan ចាប់ដៃ​ជាមួយ​ប្រមុខការ​ពារ​ជាតិ​ចិន លោកWei Fenghe នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិសុខ​អាស៊ី នៅ​សិង្ហបុរី ថ្ងៃទី ១​មិថុនា ២០១៩ ©REUTERS/Feline Lim
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​ស្តីពី​សន្តិសុខ​អាស៊ី ដែល​កំពុងរៀបចំ​ធ្វើ​នៅ​ប្រទេស​សិង្ហបុរី នៅ​ចុង​សប្តាហ៍នេះ កំពុង​ក្លាយ​ជា​វេទិកា ប្រជែង​ឥទ្ធិពល​គ្នា​រវាង​មហាអំណាច​​ចិន និង​អាមេរិក។ ដូច​ការអះអាង​របស់លោក នៅ​មុន​បើក​ជំនួបកំពូលម្ល៉េះ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក លោក​Patrick Shanahan នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ឡើង​ថ្លែង​សុន្ទរកថា រិះគន់ និង​ព្រមានខ្លាំងៗ ទីក្រុង​ប៉េកាំង ឲ្យ​ឈប់​ច្រឹបយក​ដែនអធិបតេយ្យភាព​របស់​ប្រទេស​ដទៃ។ សម្រាប់​ប្រមុខការពារ​ជាតិ​អាមេរិក ចិន អាច​បន្ត និង​ត្រូវ​មាន​ទំនាក់ទំនង បែប​សហការ​ជាមួយ​បណ្តា ប្រទេស​នៅក្នុងតំបន់ ប៉ុន្តែ ចិន​ត្រូវឈប់ សាបព្រោះ​នយោបាយ​ដែល​ធ្វើឲ្យ​មិនទុកចិត្ត​ចិន។

រដ្ឋមន្រ្តីការពារ​អាមេរិក​ចង់​សំដៅ​ទៅដល់​មហិច្ឆតា​របស់​ទីក្រុង​ប៉េកាំង ដែល​គ្រោង​សាងសង់​កន្លែងចុះចត​សម្រាប់យន្តហោះ ហើយ​និង​ដំឡើង​គ្រាប់​មីស៊ីល នៅ​លើ​កោះសិប្បនិម្មិត ដែល​ចិន សាងសង់ បង្កើតឡើង នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បើទោះបី​ជា​មាន​ការតវ៉ា​ពី​ប្រទេស​សមាជិក​អាស៊ាន ដូចជា​វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ជាដើម។

នៅក្នុង​សុន្ទរកថា ថ្លែង​ទៅកាន់​បណ្តា​រដ្ឋមន្រ្តី​ការពារជាតិ មកពី​ជាង​២០​ប្រទេស​នៅក្នុង​ពិភពលោក ប្រមុខការពារ​ជាតិ​អាមេរិក​បាន​និយាយ​រំលឹក​ពីការសន្យា​របស់​ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង កាលពី​ឆ្នាំ ២០១៥ ដែល​ថា ចិន​នឹងមិន​​ឈរជើង បោះទីតាំង​យោធា​នៅលើ​កោះសិប្បនិម្មិត នៅ​សមុទ្រ​ចិន​ខាងត្បូង។

“នៅពេល​ដែល​ប្រទេស​មួយ មិន​ធ្វើតាម​ការសន្យា គេ​មិន​ត្រូវ​ទុកចិត្ត​ប្រទេស​នោះ​ទៀត​ទេ។ នៅពេល​ដែល​ប្រទេស​ដដែល មិន​សន្យា​អ្វី​ទាំងអស់ គេ​រឹតតែ​ត្រូវ​មិនទុកចិត្ត​ប្រទេស​នោះ​ទៅទៀត” នេះ​ជា​ប្រសាសន៍​របស់​លោក​Patrick Shanahan មុន​នឹង​បញ្ជាក់ថា អាមេរិក​មិនចង់​ស្វែង​រក​ឈ្លោះ ជាមួយ​ប្រទេស​ណាទេ ប៉ុន្តែ អាមេរិក​ដឹងថា មាន​សមត្ថភាព​ដើម្បី ឈ្នះ​សង្រ្គាម គឺ​ជា​មធ្យោបាយ​ដ៏ល្អ​បំផុត​ដើម្បី ជៀសវាង​សង្រ្គាម។

នៅត្រង់​ចំណុចនេះ រដ្ឋមន្រ្តី​ការពារ​ជាតិ​បាន​បញ្ជាក់ថា សេចក្តីព្រាង​ថវិកា​របស់​មន្ទីរ​បញ្ចកោន បានគ្រោង​រួចហើយ កញ្ចប់​ថវិកា​ប្រមាណ ១០៤​ពាន់​លាន​ដុល្លារ ដើម្បី វិនិយោគ អភិវឌ្ឍន៍ កម្មវិធី​យោធា​សំខាន់ៗ នៅក្នុង​រយៈពេល ៥​ឆ្នាំ​ទៅមុខ។ ដើម្បី​ការពារ​តំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក ប្រមុខ​ការពារ​ជាតិ​អាមេរិក​បាន​លើកឡើង​ពី​ការអភិវឌ្ឍ បច្ចេកវិទ្យា​ផលិតប្រព័ន្ធ​ខែល​មីស៊ីល ដែល​ជា​វិស័យ សម្រួចសម្រាំង​របស់​ទីក្រុង​ប៉េកាំង នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ