អានតួអត្ថបទ
ម៉ាឡេស៊ី

ម៉ាឡេស៊ី​ប្រកាស​បញ្ជូន​សំរាម​ប្លាស្ទីក​ទៅប្រទេស​ដើមវិញ

“ម៉ាឡេស៊ី​នឹង​មិនមែន​ជា​កន្លែង​ចាក់សំរាម​របស់​ពិភពលោក”។ នេះ​ជា​ប្រសាសន៍​របស់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ម៉ាឡេស៊ី។ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ នៅពេល​ចុះ​ទៅ​ត្រួតពិនិត្យ កុងតឺន័រ ផ្ទុកសំរាម​ប្លាស្ទិក នៅ​កំពង់ផែ​Klang ដែល​ជា​កំពង់ផែ ដ៏​មមាញឹកមួយ នៅ​ភាគខាងលិច​ប្រទេស រដ្ឋមន្រ្តី​ក្រសួង​ថាមពល បរិស្ថាន និង​ការបែ្រប្រួល​អាកាសធាតុ ម៉ាឡេស៊ី​បាន​ប្រកាសថា ម៉ាឡេស៊ី​នឹង​បញ្ជូន​សំរាម​ប្លាស្ទីក ប្រមាណ ៣ពាន់​តោន ទៅ​ឲ្យ​ប្រទេស​ដើម​វិញ ដែល​នៅក្នុង​នោះ មាន​បារាំង សហរដ្ឋអាមេរិក ចិន ជប៉ុន និង​អារ៉ាប៊ី សាអូឌីត​ជា​ដើម។ 

សំរាមប្លាស្ទិក​នៅកំពង់ផែ​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី
សំរាមប្លាស្ទិក​នៅកំពង់ផែ​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី ©REUTERS/Lai Seng Sin
ផ្សាយពាណិជ្ជកម្ម

ម៉ាឡេស៊ី​នឹង​បញ្ជូន​សំរាម​ប្លាស្ទិក ប្រមាណ​៣ពាន់​តោន​ទៅ​ឲ្យ​ប្រទេស​ម្ចាស់​ដើមវិញ។ តាម​រដ្ឋមន្រ្តី ក្រសួងបរិស្ថាន​និង​ថាមពល​ម៉ាឡេស៊ី កុងតឺន័រ​ផ្ទុក​សំរាម​ប្លាស្ទិក ចំនួន​៦០ ដែល​នាំចូល​ដោយ​ខុសច្បាប់ ចូល​ប្រទេស​ម៉ាឡេស៊ី នឹង​ត្រូវ​បង្វែរ បញ្ជូន​ទៅ​ឲ្យ​ប្រទេស​ម្ចាស់ ដើម​វិញ។ រដ្ឋមន្រ្តី​បរិស្ថាន​ម៉ាឡេស៊ី បានអំពាវនាវ​ឲ្យ​ប្រទេស​អភិវឌ្ឍ​ឈប់​បញ្ជូន​សំរាម​ទៅ​ម៉ាឡេស៊ី និង​ថា ម៉ាឡេស៊ី មិនមែន​ជា​ប្រទេស​ទទួលសំរាម​របស់​ពិភពលោក​នោះទេ។

ទៅតាម​ការប្រកាស​របស់​រដ្ឋមន្រ្តី​បរិស្ថាន ម៉ាឡេស៊ី ប្រទេស​ចំនួន ១៤ ដូចជា អាមេរិក បារាំង ជប៉ុន កាណាដា អូស្ត្រាលី ចិន អារ៉ាប៊ីសាអូឌីតអង់គ្លេស​ជាដើម​នឹង​ត្រូវ​ទទួល​យក​សំរាម​ប្លាស្ទិក​របស់ខ្លួនវិញ។

នៅ​ខែ​មេសា​មុននេះ ម៉ាឡេស៊ី​ធ្លាប់បាន​បញ្ជូន​រួចហើយ កុងតឺន័រ ផ្ទុក​សំរាម​ប្លាស្ទិក ចំនួន​៥កុងតឺន័រ ទៅ​ឲ្យ​ប្រទេស​ម្ចាស់​ដើម អេស្ប៉ាញ។ អាជ្ញាធរ​ម៉ាឡេស៊ី​កំពុង​ត្រួតពិនិត្យ​ស៊ើបអង្កេត​លើ​កុងតឺន័រ​សំរាម​ប្លាស្ទិក​ចំនួន​៥០​ផ្សេងទៀត ដែល​នាំចូល​ទៅ​ម៉ាឡេស៊ី ដោយ​ខុសច្បាប់។

ចាប់តាំង​ពី​ឆ្នាំ ២០១៦ ការដឹកជញ្ជូន​នាំចូល​សំរាម​ប្លាស្ទិក​ទៅ​ម៉ាឡេស៊ី​បាន​កើនឡើង​៣ដង គឺ​ក្នុង​បរិមាណ ៨៧០ ០០០តោន ក្នុង​មួយឆ្នាំៗ។ នេះបើតាម​តួលេខ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី។ និន្នាការ​នាំចូល​សំរាមប្លាស្ទិក​ទៅ​បណ្តា​ប្រទេស តំបន់​អាស៊ាន ដូចជា​ម៉ាឡេស៊ី ជាដើម បាន​កើត​មាន​ឡើង បន្ទាប់ពី​ប្រទេស​ចិន ដែល​ជា​កន្លែង​ទទួល​សំរាម​អេឡិចត្រូនិក ដ៏ធំជាងគេ​នៅក្នុង​ពិភពលោក បាន​ប្រកាស​បិទ​កំពង់ផែ​របស់ខ្លួន ក្នុង​ហេតុផល ការពារ​បរិស្ថាន។ ជា​លទ្ធផល រោងចក្រ​កែច្នៃ​សំរាម​ប្លាស្ទិក បាន​រីកដុះដាល​ដូចផ្សិត នៅ​ម៉ាឡេស៊ី។ តាម​ក្រសួង​បរិស្ថាន នៅពេល​ការកែច្នៃ សំរាម​ប្លាស្ទិក​នាំចូល​ពី​បរទេស ក្លាយ​ជា​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង នៅ​ម៉ាឡេស៊ី សំរាម​ប្លាស្ទិក មួយចំនួន​ជា​សំរាម​ដែល​ពុលខ្លាំង បំផ្លាញ​បរិស្ថាន ចំណែក រោងចក្រ​ជាច្រើន​គ្មាន​បច្ចេកវិទ្យា​គ្រប់គ្រាន់​ដើម្បី​កែច្នៃ ឡើង​វិញ​នោះទេ។ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ម៉ាឡេស៊ី​វិញ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​និយាយ​ថា រហូតមក រដ្ឋាភិបាល​បាន​បិទ​រោងចក្រ​កែច្នៃ​សំរាម​ខុសច្បាប់ ចំនួន ១៥០ និង​ថា គេ​ត្រូវការ​ពេលវេលា​រហូត​ដល់​ដាច់ឆ្នាំនេះ ដើម្បី​ដោះស្រាយ​បញ្ហា​សំរាមប្លាស្ទិក នាំចូល​ទៅ​ម៉ាឡេស៊ី។

នៅមុន​ម៉ាឡេស៊ី ហ្វីលីពីន ដែល​មាន​បញ្ហា​ដូចគ្នា គឺ​សំរាម​ប្លាស្ទិក នាំចូល​ពី​បរទេស បាន​ប្រកាស កាលពី​សប្តាហ៍មុន ស្វែងរក​ក្រុមហ៊ុន​ដឹកជញ្ជូន ឯកជន ណា ដែល​អាច​ដឹក​កុងតឺន័រ ដែល​មាន​សំរាម​ប្លាស្ទិក ចំនួន ៦៩ កុងតឺន័រ ឲ្យ​ត្រលប់​ទៅ​ប្រទេស​កាណាដា​វិញ បន្ទាប់ពី​កាណាដា យឺតយ៉ាវ មិនចង់​ទទួល​យក​សំរាមប្លាស្ទិក​របស់ខ្លួនវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ