rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

មុននឹងចាកចេញពីទឹកដីជប៉ុន លោកត្រាំបញ្ជាក់ពីអានុភាពយោធាអាមេរិកដែលគ្មានគូប្រៀបនៅតំបន់ប៉ាស៊ីហ្វិក

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​អង្គារ ទី២៨ ឧសភា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​បិទបញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល ៤ថ្ងៃ​ក្នុង​ប្រទេស​ជប៉ុន។ ទន្ទឹម​នឹង​បញ្ជាក់​ជា​ថ្មី​ពី​ការ​ចង់​បាន​អនាគត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្មើភាព​រវាង​អាមេរិក និង​ជប៉ុន លោក​ត្រាំ​បាន​ជួប​អធិរាជ​ថ្មី​ជប៉ុន​ណារ៉ូហ៊ីតូ វាយកូនគោល និង​ចូលរួម​ទស្សនា​ការ​ប្រកួត​កីឡា​ស៊ូម៉ូ​ផ្តាច់ព្រ័ត្រ។ បន្ទាប់​មក លោក​ត្រាំ​ក៏​បាន​ឆ្លៀត​និយាយ​ពី​បញ្ហា​កូរ៉េខាងជើង និង​អ៊ីរ៉ង់​ដោយ​ប្រើ​ភាសា​ទន់ភ្លន់ និង​សម្របសម្រួល។

បន្ទាប់​មក មុន​នឹង​ឡើង​យន្តហោះ​ត្រឡប់​ទៅ​អាមេរិក​វិញ លោក​ត្រាំ​បាន​ទៅ​ទស្សនា​លើ​នាវាចម្បាំង​អាមេរិក​នៅ​មូលដ្ឋាន​យោធា​យ៉ូកូស៊ូកា​ក្នុង​ទឹកដី​ជប៉ុន។ ថ្លែង​នៅ​ចំពោះ​មុខ​ទាហាន​អាមេរិក​ជាង ៨០០នាក់ លោក​ត្រាំ​បាន​បញ្ជាក់​ពី​អានុភាព​យោធា​អាមេរិក​ដែល​គ្មាន​គូប្រៀប​នៅ​តំបន់​ប៉ាស៊ីហ្វិក។

ទោះ​បី​ជា​លោក​ត្រាំ​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន​ក៏​ដោយ ក៏​គេ​ដឹង​ថា លោក​ត្រាំ​ចង់​បញ្ជូន​សារ​ទៅ​ឲ្យ​ចិន និង​កូរ៉េខាងជើង។ លោក​ត្រាំ​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន តែ​បាន​លើកឡើង​ពី​តំបន់​រស៊ើប និង​ក្តៅ​មួយ​ចំនួន ដូច​យ៉ាង​សមុទ្រចិនខាងត្បូង​ដែល​រដ្ឋាភិបាល​ចិន​បាន​ចាត់​ទុក​ជា​តំបន់​ផ្តាច់មុខ​របស់​ខ្លួន និង​ដែល​ចិន​កំពុង​បន្ត​មាន​ជម្លោះ​ជាមួយ​ប្រទេស​ខ្លះ​នៅ​ក្នុង​តំបន់ ពិសេស​វៀតណាម និង​ហ្វីលីពីន។ ចំណែក​នៅ​សមុទ្រចិនខាងកើត​ក៏​រដ្ឋាភិបាល​ចិន​កំពុង​បន្ត​ប្រឈម​មុខ​ទល់​នឹង​ប្រទេស​ជប៉ុន រួម​ទាំង​កោះតៃវ៉ាន់។ តែ​ក្រោម​ភ្នែក​ច្រមុះ​របស់​រដ្ឋបាល​អាមេរិក សមុទ្រចិនខាងត្បូង​ក៏​ដូច​សមុទ្រចិនខាងកើត​មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ប្រទេស​ណា​មួយ​ទេ តែ​ជា​ដែនទឹក​អន្តរជាតិ​ដែល​គ្រប់​គ្នា​មាន​សិទ្ធិ​ធ្វើ​ចរាចរ​ចេញ ចូល​ដោយ​សេរី។

នៅ​ចំពោះ​វត្តមាន​ទាហាន​អាមេរិក​ជាង ៨០០នាក់ មាន​ទ័ពជើងគោក ជើងទឹក ជើង​អាកាស រួម​ទាំង​មន្រ្តីយោធា​ផ្សេង​ទៀត​នៅ​លើ​នាវាចម្បាំង​ប្រចាំ​មូលដ្ឋាន​យោធា​យ៉ូកូស៊ូកា ប្រទេស​ជប៉ុន លោក​ត្រាំ​បាន​បញ្ជាក់​ពី​អានុភាព​យោធា​អាមេរិក​ដែល​គ្មាន​គូប្រៀប​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។ តាម​លោក​ត្រាំ ពួក​គេ​កំពុង​ប្រឈម​ទល់​នឹង​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​ជាមួយ​នឹង​សេចក្តីក្លាហាន​គ្មាន​គូផ្ទឹម រួច​បន្ថែម​ដោយ​បញ្ចិតបញ្ចៀង​ដាក់​ចិន​ថា កម្លាំងទ័ពជើងទឹក​អាមេរិក​ចេញ​ល្បាត​នៅ​ក្នុង​ដែនទឹក​នៃ​តំបន់​ដោយ​មោទនភាព និង​គ្មាន​ខ្លាចរអា​អ្វី​ទាំង​អស់។

អាមេរិក​រងចាំ​ការ​គាំទ្រ​ពី​ទាហានជប៉ុន​ចំពោះ​ទាហាន​អាមេរិក​នៅ​អាស៊ី

មុន​នឹង​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​ទាហាន​អាមេរិក​ដែល​ឈរ​ជើង​ក្នុង​ទឹកដី​ជប៉ុន​នៅ​មូលដ្ឋាន​យោធា​យ៉ូកូស៊ូកា លោក​ត្រាំ និង​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​អាបេ​បាន​ទៅ​កាន់​នាវាផ្ទុកឧទ្ធម្ភាគចក្រ​ជប៉ុន​ឈ្មោះ JS Kaga។ នៅ​ទីនោះ លោក​អាបេ​បាន​លើក​ឡើង​ពី​ការ​គំរាមកំហែង​សន្តិសុខ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់។ រីឯ​លោក​ត្រាំ​បាន​បញ្ជាក់​ពី​ការ​រងចាំ​ការ​គាំទ្រ​ពី​ទ័ពជប៉ុន​ចំពោះ​ទ័ព​អាមេរិក​នៅ​អាស៊ី។ នៅ​ក្នុង​ន័យ​នេះ លោក​ត្រាំ​ចង់​រំពឹង​លើ​នាវាផ្ទុកឧទ្ធម្ភាគចក្រ​ជប៉ុន Kaga ដែល​រដ្ឋាភិបាល​ជប៉ុន​ចង់​កៃច្នៃ​ពី​ការ​ផ្ទុក​ឧទ្ធម្ភាគចក្រ​ទៅ​ផ្ទុក​យន្តហោះចម្បាំង​អាមេរិក​ធុន F៣៥ វិញ។ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ជប៉ុន​បាន​ដំឡើង​ថវិកា​យោធា​ដោយ​ផ្តោត​ជា​ពិសេស​លើ​ការ​ពង្រីក​ផ្នែក​នាវាផ្ទុក​យន្តហោះ​ដើម្បី​ពង្រឹង​សន្តិសុខ​នៅ​ប៉ែកខាងលិច​តំបន់​ប៉ាស៊ីហ្វិក​ដែល​ចិន​កំពុង​បង្កើន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើងៗ។

នាវា Kaga របស់​ជប៉ុន​ធ្លាប់​បាន​ធ្វើ​ដំណើរ​ដល់​ទឹកដី​ឥណ្ឌា​ដោយ​ឆ្លង​កាត់​សមុទ្រចិនខាងត្បូង។ តែ​គម្រោង​កែច្នៃ​នាវា Kaga ដែល​អាច​ផ្ទុក​យន្តហោះចម្បាំង​អាមេរិក F៣៥ នឹង​អាច​ធ្វើ​ឲ្យ​ទ័ពអាកាស​ជប៉ុន​អាច​មាន​អានុភាព​កាន់​តែ​ខ្លាំង ហើយ​ទ័ពអាកាស​អាមេរិក​ក៏​អាច​ប្រើប្រាស់​នាវា​មួយ​នេះ​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដែរ។ « ជាមួយ​នឹង​គ្រឿងសព្វាវុធ​ថ្មី​ដ៏​អស្ចារ្យ នាវា Kaga នឹង​ជួយ​រដ្ឋ​យើង​ទាំង​ពីរ​ឲ្យ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ជា​យថាហេតុ​នៅ​ក្នុង​តំបន់ និង​នៅ​កន្លែង​ផ្សេង » នេះ​ជា​ការ​ថ្លែង​របស់​លោក​ដូណាល់ ត្រាំ។ គួរ​រម្លឹក​ថា ជប៉ុន​បាន​ទិញ​សម្ភារៈបរិក្ខារ​យោធា​អាមេរិក និង​មាន​គម្រោង​ទិញ​យន្តហោះចម្បាំងអាមេរិក​ធុន F៣៥ ចំនួន ៤៥គ្រឿង​បន្ថែម​ទៀត បន្ទាប់​ពី​បាន​ទិញ ៤២គ្រឿង។

លោកត្រាំចង់​ឃើញ​លោក​អាបេ​ចូលរួម​កាត់បន្ថយ​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់

មាន​ការ​កត់សម្គាល់​មួយ​ទៀត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ​នៅ​ជប៉ុន គឺ​ការ​ប្រើ​សម្តី​ទន់ភ្លន់ និង​សម្របសម្រួល​ជាមួយ​កូរ៉េខាងជើង និង​ប្រទេស​អ៊ីរ៉ង់ ពិសេស​គឺ​អ៊ីរ៉ង់​ដែល​លោក​ត្រាំ​ហាក់​បាន​ប្តូរ​ជំហរ​ដោយ​បញ្ជាក់​ថា អាមេរិក​គ្មាន​បំណង​ណា​មួយ​ដើម្បី​ផ្លាស់ប្តូរ​របបដឹកនាំ​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ​ទេ។ បន្ទាប់​មក លោក​ត្រាំ​បាន​សាទរ និង​គាំទ្រ​លើ​នីតិវិធី​របស់​លោក​អាបេ​ធ្វើ​ជា​អន្តរការី​ដើម្បី​ដោះស្រាយ​វិបត្តិ​រវាង​អាមេរិក និង​អ៊ីរ៉ង់។ គេ​មិន​ដឹង​ថា តើ​ជប៉ុន​ទឹកមាត់ប្រៃ​កម្រិត​ណា​ទេ​នៅ​ក្នុង​បញ្ហា​នេះ។ អ្វី​ដែល​គេ​ដឹង​នៅ​មុន​ការ​ទៅ​ដល់​របស់​លោក​ត្រាំ​ក្នុង​ប្រទេស​ជប៉ុន កាសែត​ជប៉ុន​បាន​លើក​ឡើង​ពី​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​អាបេ​នៅ​អ៊ីរ៉ង់​នា​ពាក់កណ្តាល​ខែ​មិថុនា​ខាង​មុខ​ដើម្បី​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី។

មាន​ការ​លើក​ឡើង​ថា គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​ទស្សនកិច្ច​របស់​លោក​អាបេ​ទៅ​អ៊ីរ៉ង់​បាន​ធ្វើ​ឡើង​នា​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ហ្សារីស្វ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃទី១៦ ឧសភា។ គួរ​បញ្ជាក់​ថា ឆ្នាំ ២០១៩ នេះ​ជា​ឆ្នាំ​ដែល​អ៊ីរ៉ង់ និង​ជប៉ុន​ប្រារព្ធខួប​គម្រប់ ៩០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​គ្នា។ ម្យ៉ាង​ទៀត អ៊ីរ៉ង់​ជា​ប្រទេស​ផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន្ម​យ៉ាង​សំខាន់​ឲ្យ​ជប៉ុន។ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា​តាំង​ពី​ឆ្នាំ ១៩៧៨ មក គ្មាន​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ណា​ម្នាក់​បាន​ទៅ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​ទេ។ គឺ​ទើប​តែ​ចាប់​ពី​ឆ្នាំ ២០១៣ មក​ទេ​ដែល​មាន​នាយករដ្ឋមន្រ្តី​ជប៉ុន​ទៅ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​ជា​រៀងរាល់​ឆ្នាំ។ ថ្មីៗ​នៅ​ក្នុង​ឱកាស​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក​អាបេ​បាន​ជួប​សន្ទនា​ជាមួយ​លោក​រ៉ូហានី ហើយ​ជប៉ុន​បាន​គាំទ្រ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។

ដូច្នេះ​ចង់ ឬ​មិន​ចង់ លោក​អាបេ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់ ហើយ​លោក​ត្រាំ​ក៏​បាន​យល់​ឃើញ​ដូច​គ្នា​អ៊ីចឹង​ដែរ។ តែ​រឿង​ជប៉ុន​ជួយ​ដោះស្រាយ​បញ្ហា​អ៊ីរ៉ង់​បាន​ត្រឹម​ណា​ជា​រឿង​មួយ​ផ្សេង​ដែល​គេ​ត្រូវ​រង់ចាំ​មើល​នៅ​ពេល​ក្រោយ៕

OMS ប្រកាស​កម្រិត​អាសន្ន​នៃ​ការ​​ឆ្លង​​មេរោគ​​អេបូឡា នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សា​កិច្ចការ​បរទេស​បារាំង​ទៅ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

តើ​អ្វីជា​ជំហរ​របស់​ចិន នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ហុងកុង ?

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង

G20៖ ជំនួបកំពូល​​បាន​បញ្ចៀស​រឿង​អាក្រក់ៗ ខណៈ​ភាព​តានតឹង​មាន​សឹង​​គ្រប់​វិស័យ

G២០៖ លោកដូណាល់ ត្រាំ​ដើរតួ​ជាអ្នកចង់​ផ្សះផ្សា

កូរ៉េខាងជើងជំរុញកូរ៉េខាងត្បូងកុំឲ្យជ្រៀតជ្រែក និងទាមទារឲ្យអាមេរិកពិនិត្យមើលយុទ្ធសាស្រ្តឡើងវិញ