rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា រ៉ូហ៊ីងយ៉ា ប្រល័យពូជសាសន៍ កងទ័ព សេរីភាព​សារព័ត៌មាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ភូមា​ដោះលែងដោយស្ងាត់ៗ ​ទាហាន​ដែល​សម្លាប់រង្គាល​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា

media
ជនជាតិ​រ៉ូហ៊ីងយ៉ា​ទាំង១០នាក់ ដែល​ត្រូវ​ចាប់ចង​ដោយ​ទាហាន​ភូមា​នៅ​ភូមិ​Inn Din ក្នុង​រដ្ឋរ៉ាឃីន កាលពី​ខែ​កញ្ញា ឆ្នាំ ២០១៧ © Handout via REUTERS

ទាហាន​ភូមា ៧នាក់ ដែលត្រូវ​បាន​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគា ១០ឆ្នាំ ពីបទ​សម្លាប់​រង្គាល ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន កាលពី​ឆ្នាំ ២០១៧ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព មុន​កាលកំណត់។ ដោយ​មិន​និយាយ​លម្អិត​អ្វី​ទាំងអស់ ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​ភូមា កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ គ្រាន់​តែ​បញ្ជាក់​ប្រាប់​អ្នកកាសែតថា ទាហាន​ដែល​ជាប់ទោស ដោយសារ​សម្លាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា លែង​ជាប់​នៅក្នុង​ពន្ធនាគារ​ទៀតហើយ។

 


តាម​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ដែល​តាមដាន​ជាប់​សំណុំរឿងនេះ ទាហាន​ភូមា​ទាំង ៧នាក់ ដែលជាប់ចោទ​ពីបទ​សម្លាប់​អ្នកភូមិ​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន ត្រូវ​បាន​ដោះលែង​ឲ្យសេរីភាព តាំង​ពី​ខែ វិច្ឆិកា ឆ្នាំ មុន​ម្ល៉េះ។ ប៉ុន្តែ អាជ្ញាធរ​ភូមា ទើបតែ​បញ្ជាក់​ព័ត៌មាននេះ ទៅ​អ្នកកាសែត កាលពី​ថ្ងៃ​ម្សិលមិញ។

តាម​ប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​ភូមា ទាហាន​ទាំង​៧នាក់​លែង​ជាប់​ក្នុង​ពន្ធនាគារ​ទៀតហើយ។ ទីភ្នាក់ងារ​ព័ត៌មាន​Reuters វិញ បាន​ដកស្រង់ ទាហាន​ម្នាក់ ដែល​បាន​និយាយ​ថា ពួកគេ​ត្រូវ​បាន​ដោះលែង ក៏​ប៉ុន្តែ ត្រូវ​បិទមាត់ និង​ស្ងាត់ស្ងៀម។

នៅ​ឆ្នាំ ២០១៨ ដោយសារ​មាន​រូបភាព​ជាភស្តុតាង ផ្តល់​ដោយ​អ្នកកាសែត​ពីរនាក់​របស់ទីភ្នាក់ងារ​ព័ត៌មាន​Reuters ប្រមុខ​ដឹកនាំ​យោធា​ភូមា​បានអះអាង​បានទទួល​ស្គាល់ថា មានការសម្លាប់រង្គាល​នៅ ភូមិ​ Inn Din និង​ថា ទាហាន​ដែល​ចូលរួម​ក្នុង​ការសម្លាប់​រង្គាល ទៅ​លើ​ជនជាតិ ភាគតិច​រ៉ូហ៊ីងយ៉ា ១០នាក់ នៅ​ភូមិ Inn Din ក្នុង​រដ្ឋរ៉ាឃីន ត្រូវ​បាន​តុលាការ​យោធា ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១០​ឆ្នាំ។

ទាហាន​ភូមា ជាប់​ក្នុង​ពន្ធនាគារ​តិចជាង​១ឆ្នាំ ព្រោះ ពួកគេ ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ១០​ឆ្នាំ នៅ​ខែ​មេសា ឆ្នាំ ២០១៨ ប៉ុន្តែ ត្រូវ​បាន​ដោះលែង​ដោយ​ស្ងប់ស្ងាត់ នៅ​ខែ ធ្នូ​ឆ្នាំដដែល។ ចំណែក​អ្នកកាសែត ភូមា​ទាំង​ពីររូប របស់​ទីភ្នាក់ងារ​Reuters ដែល​ជាអ្នកបកអាក្រាត​ការសម្លាប់​រង្គាល​របស់​ទាហាន​ភូមា ត្រូវ​បាន​ប៉ូលិស​ចាប់ឃុំ​ខ្លួន តាំង​ពី​ខែ​ធ្នូ ២០១៧ មុន​នឹង​ត្រូវ​តុលាការ​ភូមា​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ៧ឆ្នាំ ក្នុង​បទ​រំលោភ​កិច្ចការ​សម្ងាត់រដ្ឋ កាលពី​ខែ​កញ្ញា ឆ្នាំ ២០១៨។ បន្ទាប់ពី​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ជាង ៥០០​ថ្ងៃ អ្នកកាសែត​ភូមា​ទាំងពីរ​ទើបតែ​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព ទៅតាម​សេចក្តីប្រកាស​លើកលែងទោស​របស់​ប្រធានាធិបតី។

សម្រាប់​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Rights Watch ការដោះលែង​ទាហាន​ដែល​សម្លាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដោយ​ឈាម​ត្រជាក់ ស​បញ្ជាក់​ថា យោធា​ភូមា​មិន​បាន​ចាត់ទុក​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជា​មនុស្ស​នោះទេ។ យោធា ភូមា​គ្មាន​ចេតនា​ចង់​ដាក់​ទោស អ្នកណា​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សម្លាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដែរ។

យោធា​ភូមា ធ្លាប់​បាន​ដាក់ទោស ទាហាន​ដែល បាន​សម្លាប់​រង្គាល នៅ​ភូមិ Inn Din ប៉ុន្តែ នៅ​តែ បដិសេធ​ទាត់ចោល ការចោទប្រកាន់ របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​លើកឡើង​ពី​នយោបាយ​ប្រល័យពូជសាសន៍ លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន ប្រទេស​ភូមា។ នៅក្នុង​បណ្តាញ​សង្គម​ភូមា ការដោះលែង​ទាហាន​ដែល​ជាប់ទោស​សម្លាប់ជនជាតិ​រ៉ូហ៊ីងយ៉ា ត្រូវ​បាន​ទទួល​គាំទ្រ​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន​ភូមា។ អ្នកប្រើប្រាស់​អ៊ីនធ័រនែតមួយចំនួន​បាន​និយាយ​ការពារ​ទាហាន​ភូមា​ដោយ​សរសេរថា គ្មាន​ប្រទេស​ណាមួយ ដែល​ដាក់ចាប់ដាក់​ពន្ធនាគារ អ្នកដែល​សម្លាប់​ភេរវជន​នោះទេ។ នៅភូមា ជនជាតិ​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​គេ​ចាត់ទុក ជនអន្តោប្រវេសន៍​ខុសច្បាប់។ ការបង្រ្កាប​ដ៏ហិង្សា របស់​ទាហាន​ភូមា នៅ​រដ្ឋរ៉ាឃីន នៅ​ឆ្នាំ ២០១៧ បាន​ធ្វើ​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាង​៧សែននាក់ ​រត់​គេច​ចេញ​ពី​ផ្ទះសម្បែង ទៅ​ជ្រកកោន ក្នុង​ទឹកដី​បង់ក្លាដែស។ កងទ័ព​ភូមា​វិញ បាន​ពន្យល់​ពីបេសកកម្ម​របស់​ខ្លួន​ថា ធ្វើឡើង ក្នុង​គោលដៅ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវជន ក្រុម​ប្រដាប់​អាវុធ រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន តែប៉ុណ្ណោះ៕