rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន សន្តិសុខ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ការវាយប្រហារ​ដោយ​ចាក់នឹង​កាំបិត​ទៅលើ​សិស្សសាលា​ជប៉ុន

media
ប៉ូលិស​ជប៉ុន​យាម​នៅមុខ​សាលា ដែល​មាន​សិស្ស រងការវាយប្រហារ​ចាក់សម្លាប់​​មនុស្ស​នៅ​ថ្ងៃអង្ការ​ទី ២៨ ឧសភា ២០១៩ ©REUTERS/Issei Kato

មនុស្ស​បីនាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍ ចាក់​សម្លាប់ សិស្ស​សាលា​ជប៉ុន នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ទីក្រុង​កាវ៉ាសាគី ដែល​ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​តូក្យូ។ នៅ​ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត មាន​ម្នាក់​ជា​ក្មេងស្រី អាយុ ១២​ឆ្នាំ ហើយ​និង​ម្នាក់ទៀត ជា​បុរស​អាយុ ៣៩ឆ្នាំ។ ជនដៃដល់​វិញ បាន​ចាក់​សម្លាប់​ខ្លួនឯង បន្ទាប់​ពី​វាយប្រហារ ដោយ​កាំបិត ទៅ​លើ​ក្រុមសិស្ស​សាលាជប៉ុន។

 


ព្រឹត្តិការណ៍​ចាក់​សម្លាប់​ក្មេង​សិស្ស​សាលា កើតឡើង នៅ​ម៉ោង​៨ព្រឹក ម៉ោង​នៅប្រទេស​ជប៉ុន នៅពេល​ពួកគេ​កំពុង​ឈរ​តម្រង់ជួរ​នៅ​ចំណត​រថយន្តក្រុង នៅ​ទីក្រុង កាវ៉ាសាគី ប៉ែកខាងត្បូង​ទីក្រុង​តូក្យូ។ អ្នកបើក​រថយន្តក្រុង ដែល​ជា​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​កាសែត​ក្នុង​ស្រុក​ជប៉ុន​ថា ជន​សង្ស័យ ដែល​ដៃ​ទាំងពីរ មាន​កាន់​កាំបិត បាន​ដើរ​ចាក់សម្លាប់ សិស្ស​សាលា​ដែល​កំពុង​តម្រង់ជួរ មុន​នឹង​ឡើង​ចាក់សម្លាប់​ក្មេងៗ​ផ្សេងទៀត នៅក្នុង​រថយន្ត​ក្រុង។

សាក្សី​ដែល​នៅក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ពួកគេ​លឺ ជនដៃដល់​ស្រែក​ថា “យើងនឹង​សម្លាប់​ពួកឯង​ទាំងអស់”។ ក្មេងស្រី​សិស្ស​សាលា​ម្នាក់ អាយុ១២ឆ្នាំ និង​មន្រ្តី​ក្រសួង​ការបរទេស ម្នាក់ ដែល​ទំនង​ជា​ឪពុក​របស់​សិស្ស​សាលា បាន​ស្លាប់ បាត់បង់​ជីវិត នៅ​ក្នុង​ការវាយប្រហារ​របស់​ឧក្រិដ្ឋជន ដែល​បាន​បង្ក​ឲ្យ​មាន​អ្នករបួស ១៨នាក់ ដែលនៅក្នុង​នោះ ១៦នាក់ ជា​សិស្ស​សាលា។

រហូតមកដល់​ម៉ោងនេះ គេ​នៅមិនទាន់​ដឹង​ពីមូលហេតុ​ដែលធ្វើ​ឲ្យ​ជនដៃដល់ វាយប្រហារ​ដោយ​ចាក់នឹង​កាំបិត​ទៅលើ​សិស្ស​សាលា​នៅ​ឡើយ​ទេ។ ជនដៃដល់​ក្នុង​អាយុ ៥០​ឆ្នាំ ដែល​បាន​ចាក់សម្លាប់ខ្លួន នៅក្រោយ វាយប្រហារ​ទៅលើ​សិស្សសាលា បាន​ស្លាប់ដោយសារ​មុខ​របួស នៅ​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ។

បន្ទាប់ពី​ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ដែល​សំដែង​ការសោកស្តាយ​ជាមួយ​គ្រួសារ​របស់​ជនរងគ្រោះ នាយក​រដ្ឋមន្រ្តី​ជប៉ុន លោក​ស៊ីនហ្សូ អាបេ បានចូលរួម​​រំលែកទុក្ខ ហើយ​​និងបង្ហាញ ​កំហឹង​របស់លោក​ចំពោះ​ការសម្លាប់មនុស្ស​ដ៏យង់ឃ្នង​មួយនេះ។

នៅប្រទេស​ជប៉ុន ជាទី ដែល​សុវត្ថិភាព និង​សន្តិសុខ​ខ្ពស់ ព័ត៌មាន​ស្តី​ពី​ឃាតកម្ម​សម្លាប់ គឺ​ជា​រឿង​កម្រ។ ច្បាប់​ត្រួតពិនិត្យ​អាវុធ ដ៏តឹងរ៉ឹង​បាន​ធ្វើ​ឲ្យ​ជប៉ុន​មាន​ចំនួន​ឧក្រិដ្ឋកម្ម​ដ៏ទាប​បំផុត។ ប៉ុន្តែ ការណ៍នេះ មិន​បាន​ទប់ស្កាត់ ឲ្យ​ជប៉ុន គ្មាន​ករណី​សម្លាប់​មនុស្ស​ក្នុង​ទ្រង់ទ្រាយធំ​សោះ​នោះ​ទេ។ ការសម្លាប់​មនុស្ស​ដោយ​ចាក់នឹង​កាំបិត បាន​កើនឡើង នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ នៅ​ខែ​កក្កដា​ឆ្នាំ ២០១៦ បុរសម្នាក់​បាន​ចូល​ចាក់សម្លាប់​អ្នកជម្ងឺ ​ពិការ​ខួរក្បាល ១៩នាក់។ ការចាក់​សម្លាប់​មនុស្ស​មួយទៀត ដែល​នៅ​ដិតជាប់​ក្នុង​ស្មារតី​របស់​ប្រជាជន​ជប៉ុន​នៅឡើយ គឺ​នៅពេល​បុរស​អាយុ ២៨​ឆ្នាំម្នាក់ បើកឡាន​កិន និង​ចាក់សម្លាប់ មនុស្ស ដើរ​នៅលើ​ផ្លូវ ដោយ​មិន​រើសមុខ។ ករណី​សម្លាប់​សិស្សសាលា​បាន​កើតមាន​ម្តងហើយ កាលពី​ឆ្នាំ ២០០១ នៅពេល​បុរស​ម្នាក់ ចូល​សម្លាប់​សិស្ស​សាលា ៨នាក់ នៅក្នុង​សាលា​បឋមសិក្សា នៅទីក្រុង​អូសាកា៕