rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ដូច​Google ក្រុមហ៊ុន​កាន់តែច្រើន​ប្រកាស​ដកខ្លួន ឈប់​ធ្វើ​ជំនួញ​ជាមួយ Huawei

ដោយ ឈាង បុប្ផា

ប្រទេស​ចិន នៅថ្ងៃ​ព្រហស្បតិ៍ទី ២៣ ឧសភា បាន​ជូនដំណឹង​ជាផ្លូវការ ពីការតវ៉ា​របស់ខ្លួន ទៅ​ទីក្រុង​វ៉ាស៊ីនតោន នៅក្រោយ​ក្រុមហ៊ុន​ចិន Huawei ត្រូវ​ចាត់ចូល​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក។ បន្ទាប់ពី​លោកដូណាល់ ត្រាំ ប្រកាស​ចេញ​ក្រឹត្យ​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​លក់​បច្ចេកវិទ្យា​អាមេរិកាំង ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​គ្រោះថ្នាក់ គំរាមកំហែង​សន្តិសុខ​អាមេរិក ក្រុមហ៊ុន​បច្ចេកវិទ្យា កាន់តែច្រើន នាំមុខ​ដោយ​ក្រុមហ៊ុន​Google បាន​ប្រកាស​កាត់ផ្តាច់ ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ Huawei ដែល​ជា​ផ្ទាំងស៊ីប​របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ Huawei​រងសម្ពាធ​កាន់តែ​ខ្លាំង​បន្ថែមទៀត បន្ទាប់​ពី​ក្រុមហ៊ុន​ធំៗ​របស់​អង់គ្លេស ​និងជប៉ុន​ដូចជា Panasonic បាន​ប្រកាស​ផ្អាក ធ្វើជំនួញ​ជាមួយ ក្រុមហ៊ុន​ Huawei ដោយសារ​ខ្លាច​ជាប់​ទណ្ឌកម្ម​របស់​អាមេរិក។

 

នៅពេល​ដែល​ចិន និង​អាមេរិក​កំពុង​ផ្ទុះ​សង្រ្គាម​ពាណិជ្ជកម្ម​នឹងគ្នា ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei វិញ កំពុង​រង​ការដាក់​សម្ពាធ​កាន់តែខ្លាំងឡើង។ បន្ទាប់ពី​ក្រុមហ៊ុន Google ប្រកាស​បិទបញ្ចប់​ការសហការ​ជាមួយ Huawei ក្រុមហ៊ុនធំៗ របស់​ជប៉ុន និង​អង់គ្លេស ក៏នាំគ្នា​ធ្វើតាម​Google ដែរ ដោយ​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ផ្អាក ធ្វើ​ជំនួញ​ជាមួយ នឹង​ក្រុមហ៊ុន​ Huawei។

សេចក្តី ប្រកាស​របស់​ក្រុមហ៊ុន​Panasonic ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ​បាន​ទទួល នៅ​ថ្ងៃ​នេះ​បាន​បង្ហាញថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ជប៉ុន Panasonic បាន​សម្រេច ឈប់​ផ្គង់ផ្គង់​គ្រឿង​បរិក្ខា​ទៅ​ឲ្យ​ Huawei ហើយ​និង​សាខា​របស់​ក្រុមហ៊ុន​ Huawei ចំនួន ៦៨​ផ្សេងទៀត ដែល​ជាប់ក្នុង​បញ្ជីហាមឃាត់​របស់​រដ្ឋបាល​អាមេរិកាំង។ Panasonic ជាក្រុមហ៊ុន​ជប៉ុន​វិញមែន ប៉ុន្តែ មាន​គ្រឿង​បរិក្ខា​ជាច្រើន ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​មួយផ្នែក ឬ​ទាំងស្រុង​តែម្តង នៅ​ក្នុង​ទឹកដី​អាមេរិក។ តាម​ក្រុមហ៊ុន​Panasonic ក្រុមហ៊ុន​នៅ​បន្តធ្វើជំនួញ​ជាមួយ Huawei បើសិន​ជា​គ្រឿងបច្ចេកវិទ្យា​ដែល​ខ្លួន​លក់​ទៅ​ឲ្យ​ Huawei គ្មាន​ជាប់​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​អាមេរិក។ ចំណែក​ក្រុមហ៊ុន​ជប៉ុន Toshiba​វិញ ក៏​មាន​ជំហរ​ដូចគ្នាដែរ។ នៅថ្ងៃនេះ​ក្រុមហ៊ុន​Toshiba បាន​អះអាង​ថា ក្រុមហ៊ុន​នឹង​ព្យួរ​ជាបណ្តោះអាសន្ន ដំណើរការ​ដឹកជញ្ជូន ចែកចាយ​ទំនិញ​របស់ខ្លួន ទៅ​ឲ្យ​ Huawei ដោយសារ​ថា ក្រុមហ៊ុន​ត្រូវ​ពិនិត្យ​ដើម្បី ឲ្យ​ច្បាស់​ក្នុង​ចិត្ត ថា នឹង​គ្មាន​មុខ​ទំនិញ​ណា​ដែល​ជាប់​ក្នុង​បញ្ជី​ហាមឃាត់​របស់​អាមេរិក។ នៅមុន​ការដកខ្លួន​របស់​ក្រុមហ៊ុន​ជប៉ុន Panasonic និង​Toshiba ទៅទៀត ក្រុមហ៊ុន​អង់គ្លេស ផលិត បន្ទះឈីប ដែល​ជា​អ្នកផ្គត់ផ្គង់​ដ៏សំខាន់​មួយ​សម្រាប់​ការផលិត​ទូរស័ព្ទ​Huawei ក៏​បាន​ប្រកាស​ដកឃ្លា ដោះដៃ​ពីក្រុមហ៊ុន​Huawei ដែរ។

ដោយពិតទៅ ការសម្រេច​របស់​ក្រុមហ៊ុន​ជប៉ុន​Panasonic ហើយ​និង​Toshiba ធ្វើឡើង​នៅមួយ​ថ្ងៃ​ក្រោយ ដែល​ក្រុមហ៊ុន​ទូរស័ព្ទ ជប៉ុន​និង​អង់គ្លេស ចំនួន ៤ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ប្រកាស​ផ្អាក មិន​បញ្ជា​ទិញ​ទូរស័ព្ទ Huawei​ថ្មី បំពាក់​ដោយ​ប្រព័ន្ធ​ទំនើប 5G ដែល​តាម​គម្រោង​នឹង​ត្រូវ​ចេញលក់ នៅ​ខែ​កក្កដា​ខាងមុខនេះ។

ក្រឹត្យ​របស់​លោកដូណាល់ ត្រាំ បាន​ទុក ពេល​ដល់​ទៅ ៩០​ថ្ងៃ ​ឲ្យ​ក្រុមហ៊ុន​អាច​បន្ត​ធ្វើជំនួញ លក់​គ្រឿង​បរិក្ខាអេឡិចត្រូនិក ទៅ​ជាមួយ​ Huawei ដើម្បី​​កុំ​ឲ្យ​ផលិតកម្ម​របស់​ Huawei រាំងស្ទះ។  ប៉ុន្តែ ក្រុមហ៊ុន​ទាំង​ជប៉ុន និង​អង់គ្លេស បាន​ប្រញាប់​ចាត់​វិធានការ ដកខ្លួន ឃា្លតឆ្ងាយ​ពី​Huawei។

ក្រុមហ៊ុន​បរទេស​នាំគ្នា​សម្រេច​ឈប់​រកស៊ី​ជាមួយ ក្រុមហ៊ុន​ Huawei នៅពេលនេះ ដោយសារ​តែ​គេ​គិត​ខ្លាចថា គ្រឿង​បរិក្ខា​ដែល​គេ​ផ្គត់ផ្គង់​ទៅ​ក្រុមហ៊ុន Huaweiនៅពេលនេះ អាច​ជាប់​ទណ្ឌកម្ម​ក្នុង​ពេល​អនាគត។ អ្វីៗ​គឺ​មិនទៀង​នោះទេ ជាមួយ​រដ្ឋបាល​លោកដូណាល់ ត្រាំ។ ម្យ៉ាងទៀត ក្រុមហ៊ុន​ជប៉ុន និង អង់គ្លេស​នាំគ្នា​ឈប់​ទិញ​ទូរស័ព្ទ ទំនើប​របស់ Huawei នៅពេលនេះ ដោយសារ​តែ​គេ​មើលឃើញថា អនាគត​របស់​ទូរស័ព្ទ​ Huawei នឹង​មិន​ល្អ​ប្រសើរ​ឡើង​ទេ​ ជាពិសេស នៅពេល​ក្រុមហ៊ុន​ Huawei ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​យ៉ាង​ដូច្នេះ។

អនាគត​មិនច្បាស់លាស់​របស់​ក្រុមហ៊ុន​Huawei

ការប្រកាស​ដកខ្លួន​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន​បរទេស​ដែល​ផ្គត់ផ្គង់​គ្រឿង​អេឡិចត្រូនិក​ប្រៀប​នឹង​ការវាយសំពង មួយព្រនង់​ធ្ងន់ទៅលើ​ក្រុមហ៊ុន​ចិន Huawei ជាពិសេស​នៅពេល​ក្រុមហ៊ុន​កំពុង​ត្រៀម​នឹង​បញ្ចេញ​លក់​ទូរស័ព្ទ ទំនើប​ជាមួយ​ប្រព័ន្ធ 5G នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។រហូត​មកដល់​សព្វថ្ងៃនេះ ក្រុមហ៊ុន​Huawei បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ ធំទី ២ ក្នុង​លោក បន្ទាប់ពី Samsung ក៏ដោយសារ​តែ​ក្រុមហ៊ុន​នេះ​បាន​ទិញ​គ្រឿង​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​ច្រើន​ណាស់​ពី​បរទេស។ ក្នុង​មួយ​ឆ្នាំៗ Huawei បាន​ចំណាយ​ប្រាក់ ៦៧ ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​គ្រឿង​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​ពី​បរទេស ក្នុង​នោះ គឺ​ចំណាយ​ទិញ​ពី​ក្រុមហ៊ុន​អាមេរិកាំង​ចំនួន ១១ ពាន់​លានដុល្លារ នេះ​បើ​យោង​តាម​កាសែត​ប្រចាំ​ថ្ងៃ​ជប៉ុន​ឈ្មោះ Nikkei។

គ្មាន​គ្រឿង​អេឡិចត្រូនិក គ្រឿង​បន្លាស់ ពីក្រុមហ៊ុន​បរទេស ក្រុមហ៊ុន​ Huawei​នឹងជួប​ការលំបាក​ខ្លាំង ក្នុង​ផលិតកម្ម​របស់ខ្លួន។ តាម​អ្នកវិភាគ​ជប៉ុន​ម្នាក់ នៅពេល​ដែល​ក្រុមហ៊ុន​បរទេស​លែង​ហ៊ាន​លក់​ផ្គង់ផ្គង់​គ្រឿង​បច្ចេកវិទ្យា ដោយសារ​តែ​ខ្លាច​ទណ្ឌកម្ម​របស់​អាមេរិក ដំណោះស្រាយ​របស់​ក្រុមហ៊ុន​ Huawei មាន​តែមួយ គឺបង្កើត​ប្រព័ន្ធ ប្រើប្រាស់​ផ្ទាល់ខ្លួន អភិវឌ្ឍ និង​ផលិត គ្រឿង​បរិក្ខា ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​ពឹងអាស្រ័យ​លើ​ក្រុមហ៊ុន​បរទេស។ គេ​មាន​ជំនឿ​ថា ចិន ដែល​អាច​ពឹង​ផ្អែក លើ​ទីផ្សារ​អ្នកប្រើប្រាស់ ក្នុង​ស្រុក ជាង ១ពាន់លាន​នាក់ នឹង​អាច​តស៊ូ រស់ បាន ទោះ​ជា​មាន​ការដាក់សម្ពាធ​ពី​អាមេរិក គឺ​មិន​ដូច​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ ជប៉ុន ដែល​ត្រូវ​ផ្តួល​ទាំងស្រុង នៅពេល​មានការវាយ​លុកលុយ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​Iphone។

ចិនថា អាមេរិកកំពុង​ធ្វើបាប​ក្រុមហ៊ុន​ឯកជន Huawei

ខណៈពេល​ដែល​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ជប៉ុន និង​អង់គ្លេស ប្រកាស​ឈប់​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​Huawei យ៉ាងដូច្នេះ ទីក្រុង​ប៉េកាំង​តាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ចេញមុខ នៅថ្ងៃ​នេះ ចោទប្រកាន់​អាមេរិក​ថា កំពុង​ធ្វើ​បាប​ក្រុមហ៊ុន​ឯកជន​របស់​ចិន Huawei។ នៅ​ថ្ងៃ​ពុធ រដ្ឋមន្រ្តី​ក្រសួងការបរទេស​ចិន នៅ​បាន​និយាយ​បរិហារ អាមេរិក​ថា កំពុង​បំពារបំពាន​សេដ្ឋកិច្ច​ដើម្បី រាំងខ្ទប់ ដំណើរការ​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន។ លោក​បាន​សន្យា​ហើយ​ថា ចិន​នឹង​តស៊ូ​រហូត​ដល់​ដំណាក់កាល​ចុងក្រោយ និង​ចាត់វិធានការ​សមស្រប​ដើម្បី​វាយបកវិញ។

អ្នកនាំពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​វិញ​បាន​ព្រមាន​ហើយថា ការចរចា​ដើម្បី​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​ចិននិង​អាមេរិក​នឹង​មិន​អាច​កើតឡើង​ជាថ្មី​ទេ បើសិន​អាមេរិក​គ្មាន​ជំហរ​ស្មោះត្រង់។ ទីក្រុង​ប៉េកាំង​នៅតែ​ជឿថា នឹង​អាច​មាន​ការចរចា​ពាណិជ្ជកម្ម​ថ្មី ជាមួយ អាមេរិក នៅក្រោយ​មាន​ការចរចា​ចុងក្រោយ កាលពី​ថ្ងៃទី ១០​ឧសភា​កន្លងទៅ។ ប៉ុន្តែ សង្រ្គាម​ពាណិជ្ជកម្ម​ចិន និង​អាមេរិក​កាន់តែ​ធ្លាក់ធ្ងន់ធ្ងរ និង​នាំមុខ​ដោយ​បញ្ហា​ជុំវិញ ក្រុមហ៊ុន​ Huawei។ រដ្ឋបាល​អាមេរិក​បារម្ភខ្លាចថា ក្រុមហ៊ុន Huawei ដែល​មាន​វត្តមាន​នៅ​ក្នុង ១៧០ប្រទេស​លើ​លោក និង​មាន​បុគ្គលិក​ជិត ១៩០ ០០០នាក់ ជា​ចារកិច្ច​យកការណ៍​ឲ្យ​ក្រុង​ប៉េកាំង។ ការចោទប្រកាន់​ដែល​ម្ចាស់សាមីខ្លួន ទាល់ចោល​ទាំងស្រុង៕

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត

សភាអង់គ្លេសបោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចព្រមឬមិនព្រមលើកិច្ចព្រមព្រៀង Brexit

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ