អានតួអត្ថបទ
ឥណ្ឌូណេស៊ី-បោះឆ្នោត

លោកវីដូដូកំពុង​សម្លឹង​កៅអី​ប្រធានាធិបតី​សម្រាប់អាណត្តិទី២ តែ​លោកស៊ូប៊ីយ៉ង់តូថា​កុំអាលឡើង​អង្គុយ

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ត្រូវ​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃ​ពុធ ទី២២ ឧសភា​បែរ​ជា​បាន​ប្រកាស​នា​អធ្រាត្រ​យប់​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ ទី២១ ឧសភា​ទៅ​វិញ។ លទ្ធផល​ផ្លូវការ​បាន​ផ្តល់​ជោគជ័យ​ឲ្យ​ប្រធានាធិបតី​ផុតអាណត្តិ​លោក​វីដូដូ​ដោយ​ទទួល​បាន​សម្លេង​គាំទ្រ​ចំនួន ៥៥,៥%។ ចំណែក​គូប្រជែង​លោក​ស៊ូប៊ីយ៉ង់តូ​ទទួល​បាន​ត្រឹម ៤៤,៥%។ « យើង​ជា​អ្នកដឹកនាំ និង​ជា​អ្នក​ការពារ​ប្រជាជន​ឥណ្ឌូណេស៊ី​គ្រប់​រូប » នេះ​ជា​ការ​ថ្លែង​សន្យា​របស់​លោក​វីដូដូ​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត។ ចំណែក​អតីត​ឧត្តមសេនីយ​លោក​ស៊ូប៊ីយ៉ង់តូ​បាន​ច្រើន​ចោល​លទ្ធផល និង​បាន​អំពាវនាវ​សកម្មជន​របស់​ខ្លួន​ឲ្យ​នៅ​ស្ងៀមស្ងាត់។ យ៉ាង​ណា​ក៏​ដោយ បេក្ខជន​នីមួយៗ​មាន​រយៈពេល ៣ថ្ងៃ​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ត វ៉ា។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​វីដូដូ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​វីដូដូ Reuters
ផ្សាយពាណិជ្ជកម្ម

ជម្រើស​នៃ​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​មួយ​ថ្ងៃ​មុន និង​ក្នុង​ពេល​អធ្រាត្រ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ មិន​ចៃដន្យ​ព្រោះ​គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​ហាក់​មាន​បំណង​ចង់​កាត់​បន្ថយ​ភាព​រំជើបរំជួល​របស់​គណបក្សប្រឆាំង​ដែល​បាន​អំពាវនាវ​ឲ្យ​មហាបាតុកម្ម​ក្រោម​ទ្រង់ទ្រាយ​ធំ។ គួរ​រម្លឹក​ថា​តាំង​ពី​ក្រោយ​ថ្ងៃ​រៀបចំ​បោះឆ្នោត​ក្នុង​ថ្ងៃទី១៧ មេសា បេក្ខជន​គណបក្សប្រឆាំង​លោក​ស៊ូប៊ីយ៉ង់តូ​ដែល​ជា​អតីត​ឧត្តមសេនីយ​បាន​ប្រឆាំង​នឹង​ការ​រាប់សន្លឹក​ឆ្នោត ព្រម​ទាំង​ប្រកាស​ពី​ជោគជ័យ​របស់​ខ្លួន​ទៀត​ផង។ បន្ទាប់​មក លោក​ស៊ូប៊ីយ៉ង់តូ​ថែម​ទាំង​បាន​អំពាវនាវ​ឲ្យ​សកម្មជន​ត្រៀម​ចុះ​ផ្លូវ​បាតុកម្ម​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​នា​ថ្ងៃ​ពុធ ទី២២ ឧសភា។

ទីបំផុត គម្រោង​របស់​គូប្រជែង​លោក​វីដូដូ​រូប​នេះ​ត្រូវ​បាន​ខកខាន​ទៅ​វិញ ហើយ​នៅ​ចំពោះ​មុខ​លទ្ធផល​ផ្លូវការ​ពេល​នេះ លោក​ស៊ូប៊ីយ៉ង់តូ​បាន​ប្តូរ​យុទ្ធសាស្រ្ត​ប្រឆាំង​ដោយ​អំពាវនាវ​ដល់​សកម្មជន​ទាំង​អស់​ឲ្យ​នៅ​ស្ងៀមស្ងាត់ រួច​បញ្ជាក់​ថា លោក​នឹង​ចាត់​វិធានការ​ស្របច្បាប់​គ្រប់​យ៉ាង​ដើម្បី​ទទួល​បាន​យុត្តិធម៌។ តែ​នៅ​លើ​បណ្តាញ​សង្គម មាន​ការ​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​ក្នុង​ថ្ងៃ​អង្គារ ទី២១ ឧសភា​នេះ​ដើម្បី​គាំទ្រ​បក្សប្រឆាំង។ ប្រឈម​នឹង​ភាព​រំជើបរំជួល​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ រដ្ឋអំណាច​បាន​ចាត់​វិធានការ​ការពារ​សន្តិសុខ​ចាស់ដៃ​ដោយ​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​ប្រមាណ ៣៦ ០០០នាក់​ក្នុង​ទីក្រុង​ហ្សាការតា អាគារ​ទីស្នាក់ការ​គណៈកម្មការជាតិ​ត្រូវ​បាន​ការពារ​ដោយ​រណាំងដែក និង​ហ៊ុមព័ទ្ធ​ដោយ​របង​បន្លាលួស។

ឡាន​ក្រុង​ដឹកអ្នកដំណើរ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​ទីក្រុង ហើយ​ស្ថានទូត​បរទេស​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្លួន​កុំ​ឲ្យ​ធ្វើ​ដំណើរ​ចូល​ទីក្រុង។ គួរ​បញ្ជាក់​ថា​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក រដ្ឋអំណាច​បាន​អំពាវនាវ​ដល់​សកម្មជន​របស់​លោក​ស៊ូប៊ីយ៉ង់តូ​កុំ​ឲ្យ​ចេញ​ធ្វើ​បាតុកម្ម​ដោយ​លើក​ហេតុផល​ពី​ហានិភ័យ​ភេរវកម្ម។ ក្នុង​ថ្ងៃ​សុក្រ ទី១៧ ឧសភា ប៉ូលិស​បាន​បញ្ជាក់​ពី​ការ​ឃាត់​មនុស្ស​ចំនួន ១០នាក់​ក្នុង​បទ​សង្ស័យ​ពី​មាន​ទំនាក់ទំនង​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​អ្នក​ខ្លះ​បាន​ត្រៀម​បង្ក​ភេរវកម្ម​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត។ យ៉ាង​ណា​ក៏​ដោយ គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ទុក​ពេល ៣ថ្ងៃ ពោល​រហូត​ដល់​ថ្ងៃទី២៤ ឧសភា​ដើម្បី​ឲ្យ​បេក្ខជន​គ្រប់រូប​ដាក់​ពាក្យ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​ផ្លូវការ​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ