rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បន្ទាប់ពីសង្រ្គាមពាណិជ្ជកម្ម លោកដូណាល់ ត្រាំប្រកាសសង្រ្គាមបច្ចេកវិទ្យាជាចំហប្រឆាំងនឹងចិន

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​ពុធ ទី១៥ ឧសភា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​មួយ​ដោយ​ហាម​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិកាំង​មិន​ឲ្យ​ប្រើ និង​ទិញ​គ្រឿងឧបករណ៍​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​បរទេស។ ទោះ​បី​ជា​លោក​ត្រាំ​មិន​បាន​និយាយ​ចំ​ឈ្មោះ​ក្រុមហ៊ុន​បរទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា ក្រុមហ៊ុន Huawei របស់​ចិន​ជា​ផ្ទាំងស៊ីប​ធំ​ជាង​គេ​របស់​រដ្ឋបាល​អាមេរិក។

ក្រៅ​ពី​ប្រតិកម្ម​របស់​ក្រុមហ៊ុន Huawei ដែល​ចាត់​ទុក​វិធានការ​របស់​អាមេរិក​ជា​ទង្វើ​បំពាន​លើ​សិទ្ធិ​របស់ Huawei រដ្ឋាភិបាល​ចិន​បាន​ទាមទារ​ឲ្យ​អាមេរិក​ដក​វិធានការ​មួយ​នេះ​ចោល​វិញ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ដុនដាប​ថែម​ទៀត ពិសេស​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

សង្រ្គាមប៉ាកកា​រវាង​រដ្ឋបាល​អាមេរិក និង​ក្រុមហ៊ុន Huawei របស់​ចិន​មិនមែន​ជា​រឿង​ថ្មី​ទេ។ ក្រឹត្យ​របស់​លោក​ដូណាល់ ត្រាំ​បាន​ហាម​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក​មិន​ឲ្យ​ទិញ និង​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​បរទេស។ ទោះ​បី​ជា​លោក​ត្រាំ​មិន​បាន​និយាយ​ចំ​ឈ្មោះ​ក្រុមហ៊ុន​ទូរគមនាគមន៍​បរទេស​ណា​មួយ​ក៏​ក្រុមហ៊ុន Huawei បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​ធំ​ជាង​គេ​នៅ​ក្នុង​ក្រឹត្យ​នោះ។ ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​នោះ លោក​ត្រាំ​បាន​លើកឡើង​ពី​ភាព​បន្ទាន់ជាតិ​ដើម្បី​ឆ្លើយ​តប​នឹង​ទង្វើ​អាក្រក់​កើត​ចេញ​ពី​ឧបករណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​បរទេស។

លោក​ត្រាំ​បាន​និយាយ​ត្រង់ៗ​ដោយ​មិន​លាក់លៀម​ថា មាន​ក្រុម​ប្រទេស​ដៃគូ​អាមេរិក​ខ្លះ​បាន​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​របស់​ខ្លួន​ដើម្បី​ធ្វើ​ចារកិច្ច​លើ​ពលរដ្ឋ​អាមេរិកាំង លួច​យកការណ៍​សម្ងាត់​ផ្នែក​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​របស់​អាមេរិក។ ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ែ ប៉ុមប៉េអូ​ធ្លាប់​បាន​ចោទ​ក្រុមហ៊ុន Huawei ពី​បទ​ធ្វើ​ជា​អ្នក​ស៊ើបការណ៍​សម្ងាត់​ឲ្យ​រដ្ឋាភិបាល​ចិន។ ក្រសួង​ការពារជាតិ​អាមេរិក​ក៏​បាន​សេចក្តីថ្លែងការណ៍​ព្រមាន​ចិន​ក្នុង​ន័យ​ដូច​គ្នា​នេះ​ជា​ច្រើន​ដង ហើយ​ក្នុង​ថ្ងៃ​ពុធ ទី១៥ ឧសភា ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ថែម​ទាំង​បាន​ដាក់​ក្រុមហ៊ុន Huawei និង​សាខា​របស់ Huawei ចំនួន ៧០ ទៅ​ក្នុង​បញ្ជី​ក្រុមហ៊ុន​ជាប់​សង្ស័យ។

ជាមួយ​នឹង​វិធានការ​មួយ​នេះ ក្រុមហ៊ុន Huawei ត្រូវ​សុំ​ការ​អនុញ្ញាត​ពិសេស​មួយ​ពី​រដ្ឋអំណាច មុន​នឹង​អាច​ធ្វើ​ជំនួញ​លើ​ទឹកដី​អាមរិកាំង​បាន។ គួរ​រម្លឹក​ថា បញ្ហា​ដ៍​ចម្រូងចម្រាស និង​ផុសផុល​ជាង​គេ​រវាង​រដ្ឋបាល​អាមេរិក​ជាមួយ​ក្រុមហ៊ុន Huawei គឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ទូរស័ព្ទ​ជំនាន់ទី៥ ដែល​គេ​ហៅ ៥G។

ចិន​ចោទ​អាមេរិក​ពី​បទ​សង្កត់ ក ក្រុមហ៊ុន​ចិន​ដោយ​យក​រភង​សន្តិសុខជាតិ​ធ្វើ​ជា​លេស

ខណៈ​នេះ ក្រុមហ៊ុន Huawei ក៏​ដូច​ជា​រដ្ឋាភិបាល​ចិន​បាន​ត្រឹម​បញ្ចេញ​ប្រតិកម្ម​លើ​ក្រឹត្យ​របស់​លោក​ត្រាំ ដោយ​មិន​និយាយ​បក​ស្រាយ​ពី​ក្តី​បារម្ភ​របស់​លោក​ត្រាំ Huawei បាន​បរិហារ​ដោយ​ចាត់​ទុក​ការ​សម្រេច​របស់​លោក​ត្រាំ​ថា​មិន​សមហេតុផល​ដែល​ជា​ទង្វើ​បំពាន​លើ​សិទ្ធិ​របស់ Huawei។ ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​ចិន​មួយ​នេះ​បាន​យល់​ឃើញ​ថា ទង្វើ​ដែល​អាមេរិក​បាន​ធ្វើ​ពេល​នេះ​ជា​ការ​សម្លាប់​ខ្លួន​ឯង ព្រោះ​ការ​គេច​ពី​ក្រុមហ៊ុន Huawei ទៅ​រក​ក្រុមហ៊ុន​ផ្សេង​ទៀត​ដើម្បី​បំពាក់​បច្ចេកវិទ្យា ៥G នឹង​ធ្វើ​ឲ្យ​អាមេរិក​ត្រូវ​ចំណាយ​លុយ​ច្រើន និង​មិន​មាន​គុណភាព​ល្អ​ទេ។

ចំណែក​ពី​រដ្ឋាភិបាល​ចិន​បាន​ព្រមាន​ត្រង់ៗ​ពី​ការ​ប៉ះពាល់​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក ពិសេស​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ នៅ​ក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ឧសភា អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ជំរុញ​ឲ្យ​អាមេរិក​លុប​ទង្វើ​មិន​ត្រឹមត្រូវ​របស់​ខ្លួន​ដើម្បី​កុំ​ឲ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែល​កំពុង​តានតឹង​ស្រាប់​កាន់​តែ​ធ្លាក់​ដុនដាប​ថែម​ទៀត។ « អស់​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ដែល​អាមេរិក​បាន​ប្រើ​ឥទ្ធិពល​អំណាច​របស់​ខ្លួន​ដើម្បី​ដាក់​គំនាប​លើ​ក្រុមហ៊ុន​របស់​ចិន​ដោយ​ព្យាយាម​ដាក់​ក្រុមហ៊ុន​ចិន​ឲ្យ​នៅ​ក្រៅ​ឆាក​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​បរទេស​ផ្សេង​ទៀត។ ពិត​ជា​ទង្វើ​មិន​យុត្តិធម៌ និង​មិន​គួរ​ឲ្យ​គោរព​ទេ » នេះ​ជា​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន។

បន្ទាប់​មក អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ចោទ​ក្រុង​វ៉ាស៊ីនតោន​ពី​បទ​យក​បញ្ហា​សន្តិសុខជាតិ​ធ្វើ​ជា​លេស​ដើម្បី​រារាំង​ក្រុមហ៊ុន​របស់​ចិន​មិន​ឲ្យ​វិនិយោគ និង​ទទួល​បាន​ចំណែក​ទីផ្សារ​លើ​ទឹកដី​អាមេរិកាំង។ ក្រៅ​ពី​ប្រតិកម្ម​របស់​ភាគី​ពាក់ព័ន្ធ មាន Huawei និង​ចិន ក៏​មាន​ប្រតិកម្ម​ពី​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ដែល​យល់​ថា ការ​បិទខ្ទប់​ក្រុមហ៊ុន Huawei ឬ​ក្រុមហ៊ុន​បរទេស​ផ្សេង​ក្រោម​ហេតុផល​ការពារ​សន្តិសុខជាតិ​មិនមែន​ជា​មធ្យោបាយ​ប្រសើរ​ទេ។

តើ​ក្រុមហ៊ុន Huawei ពិត​ជា​គ្រោះថ្នាក់​ឬ?

ក្រុមហ៊ុន Huawei ពិត​ជា​គ្រោះថ្នាក់ ឬ​មិន​គ្រោះថ្នាក់ គឺ​វា​ស៊ីសង​លើ​ការ​យល់ឃើញ​របស់​ប្រទេស​នីមួយៗ។ តែ​គេ​បាន​សង្កេត​ជា​រួម​ថា មាន​ប្រទេស​តិចតួច​ណាស់​ដែល​បាន​យល់​ឃើញ​ដូច​អាមេរិក​ពី​គ្រោះថ្នាក់​ជា​យថាហេតុ​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន Huawei ពិសេស​ឧបករណ៍​បច្ចេកវិទ្យា រួម​ទាំង​ប្រព័ន្ធ​ទូរស័ព្ទ​ជំនាន់ថ្មី ៥G ដែល​ក្រុមហ៊ុន​ចិន​មួយ​នេះ​កំពុង​អភិវឌ្ឍន៍។ គួរ​បញ្ជាក់​ថា​មិន​ដល់ ១០ឆ្នាំ​ផង ក្រុមហ៊ុន Huawei បាន​ក្លាយ​ជា​តួអង្គឯក​គ្របដណ្តប់​សឹង​ពេញ​ពិភពលោក​ក្នុង​បណ្តាញ​ទូរស័ព្ទ​ដៃ។ បន្ទាប់​ពី​បាន​ផលិត​ទូរស័ព្ទដៃ​មាន​គុណភាព​ល្អ និង​មាន​តម្លៃ​ថោក ឥឡូវ​នេះ Huawei បាន​ក្លាយ​ជា​តួអង្គឯក​ពិភពលោក​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ជំនាន់​ថ្មី ៥G។

គួរ​បញ្ជាក់​ថា​ក្រៅ​ពី​ក្រុមហ៊ុន Huawei បច្ចេកវិទ្យា ៥G ក៏​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​បរទេស​ផ្សេង​ទៀត​ដែរ។ តែ​សព្វថ្ងៃ បច្ចេកវិទ្យា ៥G របស់ Huawei កំពុង​ទទួល​បាន​ការ​ទាក់ទាញ​ខ្លាំង​ពី​បណ្តា​ជា​ច្រើន​ប្រទេស​នៅ​អាស៊ី អាហ្រ្វិក និង​នៅ​អាមរិកឡាទីន។ នៅ​អឺរ៉ុប ទោះ​បី​ជា​បច្ចេកវិទ្យា ៥G របស់​ក្រុមហ៊ុន Huawei បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស និង​ការ​តស៊ូមតិ​នយោបាយ​ក៏​ដោយ ក៏​នៅ​មិន​ទាន់​មាន​ប្រទេស​អឺរ៉ុប​ណា​មួយ​បិទខ្ទប់ Huawei ដូច​អាមេរិក​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​គ្រប់​គ្នា​មើល​ឃើញ​សង្រ្គាម​រវាង​អាមេរិក និង​ក្រុមហ៊ុន Huawei ពេល​នេះ​ថា មាន​បង្កប់​ច្រើន​ដោយ​រឿង​នយោបាយ និង​សេដ្ឋកិច្ច​ជាង​គ្រោះថ្នាក់​លើ​សន្តិសុខជាតិ​ដូច​ដែល​លោក​ត្រាំ​បាន​លើក​ឡើង។

អ្វី​ដែល​ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​នៅ​ក្នុង​សង្រ្គាម​មួយ​នេះ គឺ​មក​ពី​អាមេរិក​កំពុង​បារម្ភ រួម​ទាំង​ការ​ច្រណែន​ដោយ​ឃើញ​ចិន​ដើរ​លឿន​ខុស​ពី​ការ​ស្មាន​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​របស់​ចិន។ ដូច្នេះ​បន្ទាប់​ពី​សង្រ្គាមពាណិជ្ជកម្ម សង្រ្គាមបច្ចេកវិទ្យា​រវាង​អាមេរិក និង​ចិន​ហាក់​ផ្តើម​មាន​ជា​ចំហ៕

លោកស៊ី ជីនពីង ទៅទស្សនកិច្ចនៅព្យុងយ៉ាង ប្រជ្រៀតខ្លួននៅចន្លោះ​កូរ៉េខាងជើង និងអាមេរិក

UNHCR៖មានចំនួនជនភៀសខ្លួន ជនបម្លាស់ទី និងជនសុំសិទ្ធិជ្រកកោនសរុបជាង ៧០លាននាក់លើលោក​ក្នុងឆ្នាំ ២០១៨

អាមេរិក​បង្ហាញ​ភស្តុតាង​បន្ថែម​ចោទ​អ៊ីរ៉ង់ និង​បញ្ជូន​ទាហាន​បន្ថែម​១០០០​នាក់

ចំនួន​អាវុធ​នុយក្លេអ៊ែរ​លើ​ពិភពលោក​ថយចុះ ប៉ុន្តែ​​កាន់​តែ​​ទំនើប​​​ខ្លាំង​

ហេតុអ្វី ប្រមុខ​ដឹកនាំ​ហុងកុង ផ្អាក​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ទៅប្រទេស​ចិន នៅពេលនេះ?

អ៊ីរ៉ង់​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ដែលថា​អ៊ីរ៉ង់​​នៅ​ពី​ក្រោយ​ការវាយប្រហារ​កប៉ាល់​ដឹកប្រេង

អាមេរិកនឹងបញ្ជូនទ័ពបន្ថែមនៅកាន់ប៉ូឡូញ តែបន្តពិចារណារឿងបង្កើតមូលដ្ឋានទ័ព

ហុងកុង៖ មហាបាតុកម្ម ​បានបង្ខំ​ឲ្យ​សភា​ហុងកុង​ លើកការ​ប្រជុំ​ពិភាក្សា ​លើ​ច្បាប់​បត្យាប័ន

បរិស្ថាន៖ចាប់ពីឆ្នាំ ២០២១ កាណាដាហាមការប្រើរបស់របរប្លាស្ទិកណាដែលប្រើតែម្តងរួចបោះចោល

អង្គការ​ពលកម្ម​អន្តរជាតិ​បើក​សន្និសីទ​ដែល​និយាយ​ពី អនាគត​របស់​ការងារ នៅ១០០​ឆ្នាំខាងមុខ

លោកស្រី​មេ​ បញ្ចប់​តួនាទី​ជា​មេបក្ស​កាន់អំណាច​អង់គ្លេស​នៅថ្ងៃ​ទី៧​ មិថុនា​នេះ​

ថៃ៖​នាយករដ្ឋមន្រ្តី​ថ្មីប្រហែល​ជាចៀសមិនផុត​ពី​កណ្តាប់​កងទ័ព​ដែលដឹកនាំ​ដោយលោក​ប្រាយុទ្ធ ចាន់អូចា

លោកដូណាល់ ត្រាំ ទៅ​ទស្សនកិច្ច​នៅ​អង់គ្លេស បើ​ទោះបី​ម្ចាស់​ផ្ទះ​ខ្លះ​ មិន​ពេញចិត្ត

ចិន​បង្ហាញ​សៀវភៅ ស ដើម្បី​បញ្ជាក់ជំហរ​មុតមាំ​របស់ខ្លួន ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក

ឥណ្ឌា៖ លោកម៉ូឌី​ផ្តើម​​អាណត្តិថ្មី ជាមួយ​នឹង​ការ​បាត់បង់​នូវប្រព័ន្ធអនុគ្រោះពន្ធ​របស់អាមេរិក

លោកដូណាល់ ត្រាំ​គំរាមដំឡើង​ពន្ធ បើសិន​ម៉ិចស៊ិក​មិន​ជួយ​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍

អ៊ីស្រាអែល៖ហេតុអ្វីបានជាលោកនេតាន់យ៉ាហ៊ូបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មី?

លោហៈកម្រ អាច​ក្លាយ​ជា​អាវុធ​របស់ចិន ក្នុង​ការ​ធ្វើបាប​បច្ចេកវិទ្យា​អាមេរិក?

មុននឹងចាកចេញពីទឹកដីជប៉ុន លោកត្រាំបញ្ជាក់ពីអានុភាពយោធាអាមេរិកដែលគ្មានគូប្រៀបនៅតំបន់ប៉ាស៊ីហ្វិក

តើសភាអឺរ៉ុប​ថ្មី​នឹង​មានមុខ​មាត់​​យ៉ាង​ដូចម្តេច ?