អានតួអត្ថបទ

វៀតណាម ដាក់ទោសស្រ្តីពីរនាក់ពីបទ​បង្ហោះ​សារ​ប៉ះពាល់​ដល់​រដ្ឋ​អំណាច​​តាមប្រព័ន្ធសង្គម

អាជ្ញាធរ​វៀតណាម បាន​កាន់​ទោស​ ស្ត្រីពីរ​នាក់ ​ឱ្យ​ជាប់​​ពន្ធនាគារ ៥ និង​៦​ឆ្នាំ ពី​បទ​បាន​បង្ហោះ​សារ​ឃោសនា​ប៉ះពាល់​ដល់​រដ្ឋ​អំណាច តាម​ប្រព័ន្ធ​សង្គមហ្វេសប៊ុក។ សកម្មជន​ទាំង​ពីរ បាន​រិះគន់​តាម​ប្រព័ន្ធ​សង្គម ច្បាប់​ស្តី​អំពី​ការ​ពង្រឹង​សន្តិសុខ​តាម​អ៊ីនធ័រនែត និង​សន្តិសុខ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​​។

រដ្ឋាភិបាល​វៀតណាម​ពង្រឹង​ការ​ត្រួត​ពិនិត្យបណ្តាញ​អ៊ីនធ័រនែត​តាមរយៈ​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា
រដ្ឋាភិបាល​វៀតណាម​ពង្រឹង​ការ​ត្រួត​ពិនិត្យបណ្តាញ​អ៊ីនធ័រនែត​តាមរយៈ​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា HOANG DINH NAM / AFP
ផ្សាយពាណិជ្ជកម្ម

ម្នាក់ត្រូវ​​ជាប់​ទោស​ក្នុង​ពន្ធនាគារ​៥​ឆ្នាំ ម្នាក់​ទៀត​៦​ឆ្នាំ​ ស្ត្រី​ទាំងពីរ​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ជាមួយ​នឹងវត្ថុតាង​ដែល​គ្មាន​មូលដ្ឋានសោះ ! ​កូនស្រី​របស់​ស្ត្រី​ជាប់​ទោស​ម្នាក់បាន​រៀប​រាប់​ថា នៅ​ពេល​ប៉ូលិស​ចូល​មក​ឆែក​ឆេរ​ក្នុងផ្ទះ គេ​គ្មាន​រក​ឃើញ​វត្ថុ​អ្វី​ទាំង​អស់ ក្រៅ​អំពី​ផ្ទាំង​បដា​សរសេរ​អក្សរ​ដោយ​ដៃ ប្រឆាំង​នឹង​ការ​ជួល​ដី​ឱ្យចិន​កុម្មុយនិស្ត។ ប៉ុន្តែ​ ពេល​​​ប៉ូលិសចូល​​ឆែក​​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ម្តាយ ​ក៏ឃើញ​ឃ្លីប​វីដេអូ​មួយ​ហៅ​ឱ្យ​​ធ្វើ​បាតុកម្ម​បែបហិង្សា។ ជា​ឃ្លីបវីដេអូ​ដែល​ស្ត្រី​ជា​ម្តាយ​បាន​ស៊ែរពី​ប្រព័ន្ធ​សង្គម ដែល​​គ្រប់គ្រាន់​សម្រាប់​ដាក់​បន្ទុក​លើ​ស្ត្រី​ទាំងពីរ។

សូម​បញ្ជាក់​ថា ចូល​ជា​ធរមាន នៅ​​​ថ្ងៃទី ១​មករា ២០១៩​​ ច្បាប់​ស្តី​អំពី​សន្តិសុខ​អ៊ីនធ័រនែត ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា បាន​តម្រូវ​ឱ្យក្រុមហ៊ុន​អ៊ីនធ័រនែត​​នៅ​វៀតណាម​ ​បង្វែរ​ទិន្នន័យ​អ្នក​ប្រើប្រាស់​​មកប្រាប់​​អាជ្ញាធរ និង ​លុប​ចោល​នូវ​រាល់​ខ្លឹម​សារណា​ដែល​រដ្ឋាភិបាល​មិន​ចង់​ឃើញ ​ពី​លើ​ប្រព័ន្ធ​សង្គម​និង​វិបសៃត៍​អ៊ីនធ័រនែត​។ ច្បាប់​ថ្មី​ ក៏​ផ្តល់​អំណាច​ឱ្យ​អាជ្ញាធរ​វៀតណាម​ក៏​មានសិទ្ធិ​​ ​លុប​ចោល​រាល់​បណ្តាញ​អ៊ីនធ័រនែត​ទាំងឡាយ​ណា ដែល​មាន​ផ្សាយ​ខ្លឹមសារ​ ​​​ប៉ះពាល់​ដល់​ប្រវត្តិ​សាស្ត្រ​ ការ​​ផ្សាយ​ព័ត៌មាន​មិនពិត ប៉ះពាល់​ដល់​សង្គម​និង​សកម្មភាព​សេដ្ឋកិច្ច​ជាតិ។​

អ្នកការពារ​សិទ្ធិមនុស្ស​ បាន​បរិហារ​ច្បាប់​សន្តិសុខ​អ៊ីនធ័រនែត​ដែល​បង្កើត​ឡើង​នេះ គ្រាន់តែ​ជា​លេស​សម្រាប់​តាមដាន​ ត្រួតពិនិត្យ តាម​ចាប់ និង​បិទ​គណនី​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល និង​មាន​សកម្មភាព​គំរាមកំហែង​ដល់​របប​កុម្មុយនិស្ត​វៀតណាម​តែ​ប៉ុណ្ណោះ។​ តាំងពី​ច្បាប់​ចូល​ជា​ធរមាន​មក ម្ចាស់​ប្លុក​អ៊ីនធ័រនែត​ សកម្មជន​ប្រជាធិបតេយ្យ មេធាវី​សិទ្ធិមនុស្ស ត្រូវ​បាន​អាជ្ញាធរ​មាន​ទម្លាប់​ចាប់​ខ្លួន​​យក​ឃុំ​ឃាំង​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ