rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ការប្រែប្រួល​អាកាសធាតុ កំពុង​ក្លាយ​ជា​ប្រធានបទ​ស្នូល​របស់​អង្គការ​សហប្រជាជាតិ

ដោយ អៀង សុខម៉ិញ

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរស៍ (Antonio Guterres) ដែល​កំពុង​​ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង បាន​អះអាង​ពិភពលោក​កំពុង​ដើរ​យឺត​ជាង​ការ​ប្រែប្រួល​អាកាសធាតុ។ កម្មវត្ថុនៃ​ការទប់​កំរិត​សីតុណ្ហភាព​ផែន​ដី​មិន​ឱ្យ​ឡើង​លើស​ពី​១,៥​អង្សា​ ទំនង​ជា​មិន​អាច​សម្រេច​ដូច​បំណង​ឡើយ។ បើ​ដូច្នេះ​មែន​ តើ​អង្គការ​សហប្រជាជាតិ​ត្រូវ​ធ្វើ​យ៉ាងណា ?

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​នូវែលហ្សេឡង់ នៅ​ថ្ងៃអាទិត្យ​នេះ សម្រាប់​រយៈ​ពេល​បី​ថ្ងៃ។ បន្ទាប់​មក​លោក​​នឹង​បន្ត​ដំណើរ​ទៅ​កាន់​បណ្តា​ប្រទេសងាយរងគ្រោះ​ជា​​កូនកោះ​តូចៗក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ៖ ហ្វីជី ទូវ៉ាឡូ និង​វ៉ានួតូ ​ទៀត។

ដំណើរ​ទស្សនកិច្ចមួយ​ជុំរបស់លោក​​អគ្គលេខាធិការ ​ នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ ធ្វើ​ឡើង​ក្នុង​ទស្សនៈ​វិស័យ​នៃ​ការ​រៀប​ចំ​មហា​សន្និបាត​​អង្គការ​សហប្រជាជាតិ​ ស្តីអំពី​អាកាស​ធាតុ​​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី ២៣​កញ្ញា ដើម្បី​បង្កើន​កិច្ចខិត​ខំប្រឹង​ប្រែង​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។

ការ​ប្រែប្រួល​អាកាសធាតុ​ដែល​កំពុង​ដើរ​លឿន​ជាង​មនុស្ស​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​នូវែលហ្សេឡង់​ ព្រឹក​មិញ ដោយ​បន្ថែម​ទៀត​ថា “យើង​ឃើញ​នៅ​គ្រប់​ទី​ គ្រប់​កន្លែង​ យ៉ាង​ជាក់ច្បាស់​ថា យើង​កំពុង​ដើរ​ខុស​ទិស​​ដៅ​ដែល​មាន​កំណត់​ក្នុង​កិច្ចព្រមព្រៀង​ប៉ារីស​ កំរិត​ការ​ឡើង​កម្តៅ​សីតុណ្ហភាពហើយ ! យើង​កំពុង​តែ​ប្រយុទ្ធ​ចាញ់​អាកាសធាតុ​ ! ​ប្រសិន​បើ​គ្មាន​ការ​បត់​និន្នាការ​ទេ នោះ​ ​សោកនាដកម្មនឹង​កើតមាន​សម្រាប់​​ពិភពលោក​ទាំង​មូល”។ ហេតុដូច្នេះ​ហើយ​បាន ​អង្គការ​ប្រជាជាតិមិន​អាច​មិន​អើពើ​បាន​ឡើយ។ លោក​យល់​ថា ការ​ប្រែប្រួល​អាកាសធាតុ​ដែល​ជា​ បញ្ហា​ប្រឈម​ដ៏​ចម្បង​ក្នុង​សម័យ​នេះ កំពុង​​​ក្លាយ​ជា​យុទ្ធនាការ​ស្នូល​របស់​​អង្គការ​ហើយ។

កុំ​មក​តែ​ពាក្យ

ក្រៅ​អំពី​ទស្សនកិច្ច​នេះ ដែល​អាច​ផ្តល់​គំនិត​ថ្មី​ ស៊ីជម្រៅ និង​វែងឆ្ងាយ​ ឱ្យ​សន្និសីទ​ លោកអគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ បានប្រកាសជូន​ដំណឹង​រួច​ជា​ស្រេច​ទៅ​ហើយ ការ​​បើក​ជំនួប​ប្រជុំ​​មួយ​ទៀត នៅ​ថ្ងៃ​ទី ៣០​មិថុនា ដល់​ថ្ងៃទី ១ កក្កដា នៅ​ប្រទេស​អេមីរ៉ាត់អារ៉ាប​រួម ដើម្បី​ប្រមូល​សំណើ​ ឬ​ដំណោះស្រាយ​ណា​ដែល​ល្អ​ប្រសើរ​ជាង​គេ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ឡើង​កម្តៅ​សីតុណ្ហភាព​ផែនដី។

នៅក្នុង​លិខិត​អញ្ជើញ​ លោក​ហ្គូទែរស៍ បាន​បញ្ជាក់​​ឱ្យ​ប្រទេស​ជា​សមាជិក​ កុំ​មក​ប្រជុំ​ តែ​ជាមួយ​នឹង​ក្រដាសសុន្ទរកថា​អី គឺ​ត្រូវ​មក​ជាមួយ​នឹង​ផែនការ​ច្បាស់​លាស់ និង​ជា​ផែនការ​​ដែល​អាច​សម្រេច​ កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ កំរិត​៤៥% ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ និង​ កាត់​បន្ថយ​ទាំង​ស្រុង​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​បរិយាកាស​ នៅ​ឆ្នាំ​២០៥០។

សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​អាកាសធាតុ ដែល​ជា​ផែនកា​ររបស់​លោក​អគ្គលេខាធិការ​ មាន​សំណាង​នឹងអាច​សម្រេច​លទ្ធផល​ បើ​ទោះ​បី​ជា​អាមេរិក​មាន​ជំហរ​បញ្ច្រាស​ស្រកី​ពី​គេ​យ៉ាង​ណា​ក៏​ដោយ ព្រោះ​បរិបទ​ពេល​នេះ​ខុស​ពី​កាលពី​៥​ឆ្នាំ​ ឬ​១០​ឆ្នាំមុន ដែល​ប្រទេស​នីមួយៗប្រចាំគ្នា ​សំលឹង​មើល​ប្រទេស​ជិតខាងថា​ធ្វើ​បាន​អ្វីខ្លះ​សិន​បាន​ធ្វើ​តាម​ក្រោយ​។ តែពេល​នេះ​ ពិភពលោក​ចាប់​ផ្តើម​មាន​ស្មារតី ដឹង​អំពី​ភាព​បន្ទាន់​នៃ​ការ​បញ្ចេញ​សកម្មភាព​ហើយ​។ នេះ​បើ​តាម​អន្តរការី​របស់​អង្គកា​រសហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែកអាកាសធាតុ។

ភាព​កន្តើយ​​របស់​​​សហរដ្ឋ​អាមេរិក​

​ប៉ុន្តែ​ឆន្ទៈ​ដ៏មុះមុត​របស់​លោក ហ្គូទែរ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ប្រែប្រួល​អាកាសធាតុ​ ​ផុសឡើង​ក្នុង​កាលៈ​ទេសៈ​ដែល​សហរដ្ឋ​អាមេរិក​ ​ម្ចាស់​វិភាគទាន​​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​សំខាន់​លំដាប់​ទី​មួយ​របស់​អង្គការ​សហប្រជាជាតិ មិន​ទទួល​ស្គាល់​ការពិត​នៃ​បម្រែបម្រួលអាកាសធាតុ​និង​​ចង់​សើរើ​រាល់​គ្រប់​កិច្ចសន្យា​ពាក់ព័ន្ធ​​ទៀត។

ក្រៅ​ពី​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុក្រុង​ប៉ារីស កាលពី​សប្តាហ៍​មុន​អាមេរិក​បាន​បដិសេធ​មិន​ត្រូវ​ការ​ដឹង​ឮ​និង​ឃើញ​ពាក្យ​ "បម្រែបម្រួល​អាកាសធាតុ” រហូត​​ធ្វើ​ឱ្យ​កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស​នៅ​តំបន់​អាកទិក​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បាន។​ ជាង​នេះ​ទៅ​ទៀត លើ​វិស័យ​ការទូត តាំង​ពី​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ បាន​សុំ​លាលែង​ចេញ​ពី​តំណែង​កាលពី​ខែ​ធ្នូ​មក អាមេរិក​ពុំ​ទាន់​មាន​តំណាង​ថ្មី​តែង​តាំង​ជា​ផ្លូវការ​នៅឡើយ​ទេ។ លោក​ប្រធានាធិបតី​អាមេរិក​បាន​ជ្រើសរើស​ លោកស្រី​Kelly Knight Craft មក​ជំនួស​ហើយ​ តែពុំ​ទាន់​ចូល​កាន់​តំណែង​ទេ ព្រោះ​​ព្រឹទ្ធសភា​មិន​ទាន់​អនុម័ត​អនុញ្ញាត។ ប៉ុន្តែ​ លោក​ស្រី មាន​ស្វាមី​ជា​អ្នក​ឧស្សាហកម្ម​ក្នុង​វិស័យ​ធ្យូងថ្ម លោកស្រី ធ្លាប់​បាន​បញ្ជាក់ថា​ជឿ​ លើ​អ្នក​វិទ្យាសាស្ត្រទាំង​សង​ខាង ​ស្តី​ពី​ឥទ្ធិពល​នៃ​​ការ​ឡើង​កម្តៅ​អាកាសធាតុ​ចំពោះ​មនុស្ស ​តែ​គ្មានកន្លែង​ណា​បញ្ជាក់​ថា​​លោកស្រី មាន​ជំហរ​ត្រូវ​ជាមួយ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ឡើយ។

ការ​ងើ​យកន្តើយ​របស់​អាមេរិក​ចំពោះ​បញ្ហា​អាកាសធាតុ បាន​ធ្វើ​ឱ្យ​ទុក​កន្លែង​ឱ្យ​ចិន បានក្លាយ​ជា​តួអង្គ​សំខាន់​​ក្នុង​ការ​ធានារ៉ាប់រង​អាយុ​ជីវិត​កិច្ចព្រមព្រៀង​ប៉ារីស និង​ក្លាយ​ជា​តួអង្គ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ចរចា​ស្តី​អំពី​អាកាសធាតុ៕

លោកដូណាល់ ត្រាំថា៖ “បើអ៊ីរ៉ង់ ​ចង់​ប្រយុទ្ធ​ជាមួយ​អាមេរិក ​អ៊ីរ៉ង់​នឹង​រលាយ​​ជា​ស្ថាពរ​”

បក្សប្រឆាំង​អូស្ត្រាលី ​ទំនងជា​ឈ្នះ​ការបោះឆ្នោត​សភានាអាណត្តិ​នេះ​

ដើមបូព៌ា៖ លោក ត្រាំ ចង់បើក​ផ្លូវចរចា តែ​អ៊ីរ៉ង់​បិទទ្វារ

បន្ទាប់ពីសង្រ្គាមពាណិជ្ជកម្ម លោកដូណាល់ ត្រាំប្រកាសសង្រ្គាមបច្ចេកវិទ្យាជាចំហប្រឆាំងនឹងចិន

បារាំង​បើក​យុទ្ធនាការ​ប្រឆាំង​ការផ្សាយ​បន្ត​ផ្ទាល់​វីដេអូ​​ហិង្សា​និង​ជ្រុលនិយម លើ​អ៊ីនធ័រនែត

មហោស្រព​ភាពយន្ត​​កានបើកសម្ពោធ​ជាមួយ​វត្តមាន​របស់​សមិទ្ធិករ​ខ្មែរ លោក​ប៉ាន់ រិទ្ធី

តំបន់​ដើម​បូព៌ា​ឡើង​សម្ពាធ​ក្រោយមា​ន​ "វិច្ឆេទកម្ម" ​ប្រឆាំង​នាវា​អារ៉ាប៊ីសាអូឌីត

បារាំង៖ប្រតិបត្តិការរំដោះចំណាប់ខ្មាំងនៅបួគីណាហ្វាសូបានរំដោះចំណាប់ថ្នូរ ៤នាក់ និងស្លាប់ទាហានបារាំង ២នាក់

កូរ៉េខាងជើងបាញ់​សាកល្បង​មីស៊ីល៖តើ​លោកដូណាល់ ត្រាំ​អត់ធ្មត់​​ដល់ពេលណា?

សង្រ្គាមប៉ាកការវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តមានយ៉ាងផុសផុលជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥

នៅពេល​មនុស្ស​ជា​ដើមហេតុ នៃ​ការរលាយផុតពូជ នៃ​ជីវិតសត្វ និង​រុក្ខជាតិ

វិបត្តិ​ហ្កាហ្សា ៖ ក្រុមប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ព្រម​គោរព​បទ​ឈប់​បាញ់​ ជាមួយអ៊ីស្រាអែល

ព្រះចៅ​ម៉ាហា វិជ្ជរ៉ាឡុងកន ឡើង​គ្រង​រាជ្យ​សម្បត្តិ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ

អង្គការRSF៖ ការស្អប់​រើសអើង​ជំរុញ​ឲ្យ​មាន​អំពើហិង្សា​កាន់តែ​ច្រើន​ទៅលើ​អ្នកកាសែត

ខួប៥០០ឆ្នាំ​នៃមរណភាព​វិចិត្រករ ឡេអូណា ដឺ វ៉ាំងស៊ី ទាញ​បារាំង-អ៊ីតាលី​ឱ្យ​ខិត​រក​គ្នា​វិញ

ក្រោយការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ វ៉េណេស៊ុយអេឡា​រងសម្ពាធ​កាន់តែខ្លាំង

អេស្ប៉ាញ៖ បោះឆ្នោតសភា ក្នុងបរិយាកាស​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ

តើ​ការ​ប្រើ​ទណ្ឌកម្មប្រេង​ដើម្បី​ខ្ទប់​ដង្ហើម​វ៉េណេស៊ុយអេឡា​អាច​បង្ខំ​លោក​ម៉ាឌូរ៉ូ​​ឲ្យ​ចុះ​ចេញ​ពី​អំណាច​ឬ​ទេ?

ចិន៖លោកស៊ី ជីនពីង​ការពារ​គម្រោង « ខ្សែក្រវ៉ាត់ និងផ្លូវ » និង​​ប្រឆាំង​នយោបាយ​ការពារនិយម