អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ​សម្រេច​កិច្ចព្រមព្រៀង​ស្តីពី​ការនាំចេញ​សំរាម​ប្លាស្ទិក

ប្រទេស​ប្រមាណ​១៨០ ដែល​កំពុង​ជួប​ពិភាក្សា​គ្នា នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​រក​ឃើញ​ការ​ព្រមព្រៀង​គ្នា​មួយ​ នៅ​ថ្ងៃ​សុក្រ​ទី ១០ ឧសភា ២០១៩ ស្តី​ពី​ បទ​បញ្ញត្តិ​នៃការ​នាំ​ចេញ​សំរាម​ប្លាស្ទិក​។ សំរាម​ប្លាស្ទិក ​ដែល​ក្នុង​មួយ​ឆ្នាំៗ បាន​ហូរ​ធ្លាក់​ទៅ​បំពុល​មហាសមុទ្ទ ក្នុង​បរិមាណ យ៉ាង​ហោច​​ ​៨​លាន​តោន។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អ្នក​រៀប​ចំ​សន្និសីទ។

សំរាម​ប្លាស្ទិក​ គាប​រឹត​ ជា​ដុំៗ​ នៅ​ក្នុង​មណ្ឌល​ញែក​សំរាម​មួយ​របស់​បារាំង
សំរាម​ប្លាស្ទិក​ គាប​រឹត​ ជា​ដុំៗ​ នៅ​ក្នុង​មណ្ឌល​ញែក​សំរាម​មួយ​របស់​បារាំង AFP/Thomas Samson
ផ្សាយពាណិជ្ជកម្ម

ប្រតិភូ ១៤០០​នាក់ តំណាង​ឱ្យ​រដ្ឋ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ក្រុង​Bâle សន្ធិសញ្ញា​ ក្រុង​ Rotterdam និង​ Stockhlom ស្តី​អំពី​ការ​ត្រួត​ពិនិត្យ​ចលនា​ឆ្លង​ព្រំដែននៃ​សំរាម​គ្រោះថ្នាក់​និង​សំរាមពុល​ ​ កំពុង​ជួប​ជុំ​គ្នា​ ក្នុង​​សន្និសីទ​រយៈ​ពេល​១២​ថ្ងៃ ​ជជែក​អំពី​ចំណោទ​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​ការពារ​បរិស្ថានលើ​ភព​ផែនដី និង​ដើម្បី​សុខភាព​របស់​ប្រជាពលរដ្ឋ​​។

ជា​លទ្ធផល ភាគី​ហត្ថលេខីនៃ​សន្ធិសញ្ញា​Bâle ដែល​ជា​សន្ធិសញ្ញា​អន្តរជាតិ​បង្កើតឡើង​សម្រាប់​ចរន្ត​សំរាម​គ្រោះថ្នាក់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ បាន​ព្រមព្រៀង​គ្នាធ្វើ​វិសោធនកម្ម​ យន្តការ​ច្បាប់​ដែល​បង្ខំ​ឱ្យ​គោរព​និង​សម្រាប់​ពិភពលោក​ទាំង​មូល ក្នុង​ការ​ចាត់​ចែង​សំរាម​ប្លាស្ទិក។ នេះ​បើ​តាម​សេចក្តី​ប្រកាស​អបអរ​របស់​អគ្គលេខា​ធិការ​នៃ​សន្ធិសញ្ញាទាំង​​បី​របស់​កម្មវីធី​ដើម្បី​បរិស្ថាន​អង្គការ​សហប្រជាជាតិ (PNUE)។

បណ្តាញ​IPEN​ដែល​ជា​បណ្តុំ​អង្គការ​ក្រៅ​រដ្ឋាភិបាលជាង​មួយ​រយ​នៅលើ​ពិភពលោក ក៏​បាន​ស្វាគមន៍​សេចក្តី​សម្រេច​ចិត្ត​ដែល​អនុញ្ញាត ជាលើក​ទី​មួយ ​ឱ្យ​ប្រទេស​ (កំពុង​អភិវឌ្ឍន៍) អាចមាន​សិទ្ធិ​​បដិសេធ​ មិន​ឱ្យ​ចូល​ ឬ​ មិនទទួល​យក​សំរាម​​ប្លាស្ទិក​ពុល​ដែល​មិន​អាច​កែច្នៃ​បាន។ បទ​បញ្ញត្តិ​ និង​បម្រាម​ថ្មី​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ន័រវែស និង​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ ប្រេស៊ីល អាហ្សង់ទីន និង​ក្រុមហ៊ុន​ឧស្សាហកម្ម​គីមី ប្រឆាំង​យ៉ាង​ខ្លាំង​។ នេះ​បើ​តាម​បណ្តាញ IPENដដែល។

តាំ​ងពី​យូរខែ​ឆ្នាំ​មក ប្រទេស​ជឿន​លឿន​ដូចយ៉ាង​សហរដ្ឋ​អាមេរិក និងកាណាដា បាន​នាំចេញ​សំរាម​ប្លាស្ទិក​ និង​សំរាមពុល​ទៅ​កាន់​ប្រទេស​នៅ​អាស៊ី​ ដើម្បី​កែច្នៃ តែ​ទី​បំផុត​សំរាម​ពុល​ទាំង​នោះ​មិន​អាច​កៃច្នៃ​បានទេ ហើយ​បែរ​ជា​ត្រូវ​​ទុក​ចោល ឬដុត​ និង​ខ្លះ​ហូរ​ទៅ​ក្នុង​សមុទ្ទ ក្នុង​កំរិត​ប្រមាណ​ជា​១០០​លាន​តោន។ ​ចិន​ ដែល​ធ្លាប់​ជា​​ទិសដៅ​នាំ​ចូល​សំរាម​បា្លស្ទិក​សម្រាប់​កែច្នៃ​ឡើង​វិញ​ លំដាប់​លេខ​មួយ បាន​បញ្ឈប់​ការ​នាំចូល​សំរាម​ប្លាស្ទិក តាំ​ងពី​ដើម​ឆ្នាំ​២០១៨មក។ ពេល​នេះ​សំរាម​ប្លាស្ទិក​របស់​ប្រទេស​ជឿនលឿន​កំពុង​តម្រង់​ទិស​ទៅ​អាស៊ីអាគ្នេយ៍​ម្តង ជាពិសេស​ម៉ាឡេស៊ី។

ប៉ុន្តែ​ជា​មួយ​នឹង​សេចក្តី​សម្រេច​ថ្មីរបស់​អង្គការ​សហប្រជាជាតិ​​នេះ សហរដ្ឋ​អាមេរិក​​ត្រូវ​បង្ខំ​ចិត្ត​ចម្រាញ់​សំរាម​ប្លាស្ទិក​ខ្លួន​ឯង​នា​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ