អានតួអត្ថបទ
ចិន-អាមេរិក

លោកលីវ ហឺថា ចិន និងអាមេរិកព្រមព្រៀងបន្តការចរចាពាណិជ្ជកម្ម ហើយថា ចិនមិនភ័យខ្លាចទេ

ការ​ចរចា​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​រយៈពេល ២ថ្ងៃ គឺ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ទី១០ ឧសភា​ក្នុង​ទីក្រុង​វ៉ាស៊ីតោន​បាន​បិទបញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល ៥ខែ​ចុងក្រោយ​នេះ ក្រុម​អ្នក​ចរចា​ចិន និង​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​មក​រវាង​ក្រុង​វ៉ាស៊ីតោន និង​ក្រុង​ប៉េកាំង​ដើម្បី​ជួប​ចរចា​គ្នា ហើយ​ការ​ចរចា​រយៈពេល ២ថ្ងៃ​ចុង​ក្រោយ​ជា​ការ​ចរចា​លើកទី១១។ ទោះ​ជា​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​សម្រេច​ដំឡើង​ពន្ធ​ពី ១០ ទៅ ២៥% លើ​ទឹកប្រាក់ ២០០ ០០០លានដុល្លារ​នៃ​ការ​នាំ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ចាប់​ពី​ថ្ងៃ​សុក្រ ទី១០ ឧសភា​ក៏​ដោយ ក៏​ចិន​នៅ​តែ​បន្ត​ប្រកាន់​ជំហរ​របស់​ខ្លួន​ដដែល។ លោក​លីវ ហឺ ឧបនាយករដ្ឋមន្រ្តី​ចិន និង​ជា​អ្នក​ដឹកនាំ​ក្រុម​អ្នកចរចា​ចិន​បាន​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ។ តែ​មុន​នឹង​ឡើង​យន្តហោះ​ចេញ​ពី​ក្រុង​វ៉ាស៊ីតោន​ទៅ​ក្រុង​ប៉េកាំង លោក​លីវ ហឺ​បាន​ជួប​ក្រុម​អ្នកកាសែត​ចិន រួច​បាន​ថ្លែង​ជាមួយ​នឹង​សម្លេង​ធ្ងន់​ថា ភាគី​ទាំង​ពីរ​ចិន និង​អាមេរិក​បាន​ព្រមព្រៀង​ជួប​គ្នា​នា​ពេល​ខាង​មុខ​ក្នុង​ទីក្រុងប៉េកាំង។ តែ​លោក​លីវ ហឺ​មិន​ភ្លេច​បញ្ជាក់​ទេ​ថា ចិន​នឹង​បន្ត​ប្រកាន់​លើ​គោលការណ៍​របស់​ខ្លួន​ដោយ​គ្មាន​ផ្លាស់ប្តូរ និង​ថា ចិន​មិន​ភ័យ​ខ្លាច​ទេ។

ឧបនាយករដ្ឋមន្រ្តី​ចិន​លោក Liu He (រូបឆ្វេង) និង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក​លោក​ Mnuchin ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី១០ ឧសភា ២០១៩
ឧបនាយករដ្ឋមន្រ្តី​ចិន​លោក Liu He (រូបឆ្វេង) និង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក​លោក​ Mnuchin ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី១០ ឧសភា ២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

« ការ​ចរចា​មិន​ត្រូវ​បាន​បញ្ឈប់​ត្រឹម​នេះ​ទេ។ ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ពី​ជំហរ​រៀងៗ​ខ្លួន​លើ​ប្រធានរឿង​ទាំង​អស់។ យើង​បាន​ជជែក​គ្នា​ពី​ខ្លឹមសារ​ដែល​នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​គ្នា​នា​ពេល​ខាង​មុខ ហើយ​យើង​នៅ​តែ​មាន​សុទិដ្ឋិនិយម។ ប្រទេស​នីមួយៗ​មាន​គោលការណ៍​របស់​ខ្លួន ហើយ​ចិន​ក៏​មាន​គោលការណ៍​ដាច់​ដោយឡែក និង​មិន​បោះបង់​ចោល​គោលការណ៍​របស់​ខ្លួន​ទេ។

ប្រសិន​បើ​អាមេរិក​ប្រើ​គំនាប​របាំង​គយ​ដាក់​លើ​យើង ក្នុង​នាម​ជា​ប្រទេស​យើង​ពិត​ជា​មិន​អាច​ឈរ​ឱបដៃ​នៅ​ស្ងៀម​បាន​ឡើយ។ យើង​ប្រឆាំង​ដាច់​ខាត​នឹង​ការ​ប្រើ​នយោបាយ​ដំឡើង​ពន្ធ។ វា​មិន​ល្អ​សម្រាប់​ចិន វា​មិន​ល្អ​សម្រាប់​អាមេរិក វា​មិន​ល្អ​សម្រាប់​ពិភពលោក ហើយ​វា​នឹង​មិន​ធ្វើ​ឲ្យ​ចម្រើន​នៅ​ក្នុង​ការ​ដោះស្រាយ​លើ​ភាព​ខ្វែង​គំនិត​គ្នា​រវាង​ចិន និង​អាមេរិក​បាន​ទេ។

អ្វី​ដែល​យើង​ចង់​បាន គឺ​ចង់​ឲ្យ​ភាគី​អាមេរិក​មាន​ភាព​អត់ធ្មត់​ឲ្យ​បាន​ច្រើន​ជាង​នេះ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា។ យើង​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ស្មើភាព​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។ គឺ​ជា​កិច្ចព្រៀង​មួយ​ដ៏​ថ្លៃថ្នូរ​រវាង​រដ្ឋ​ទាំង​ពីរ​ដែល​គិត​ពី​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​ទៅ​ថ្ងៃ​អនាគត។ ដើម្បី​អាច​ឈាន​ដល់​ចំណុច​នេះ​បាន យើង​ត្រូវ​បោះ​មួយ​ជំហាន​ម្តងៗ និង​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​ផ្អែក​លើ​ហេតុផល​ត្រឹមត្រូវ។ តែ​ប្រទេស​ចិន​មិន​ភ័យ​ខ្លាច រដ្ឋ​ចិន​មិន​ភ័យ​ខ្លាច​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ