rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

កូរ៉េខាងជើងបាញ់​សាកល្បង​មីស៊ីល៖តើ​លោកដូណាល់ ត្រាំ​អត់ធ្មត់​​ដល់ពេលណា?

ដោយ ឈាង បុប្ផា

ភាពតានតឹង​រវាង​អាមេរិក និង​កូរ៉េខាងជើង​បាន​កើនឡើង​មួយ​កម្រិតទៀត បន្ទាប់​ពី​ទីក្រុង​ព្យុងយ៉ាង​បាញ់​សាកល្បង​មីស៊ីល​ចម្ងាយខ្លី កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ក្នុង​រយៈពេល​មិន​ដល់​១​សប្តាហ៍​ផង កូរ៉េខាងជើង បាន​បាញ់​សាកល្បង មីស៊ីល ដល់​ទៅ​២​លើក។ ការបាញ់​សាកល្បង​នៅ​ថ្ងៃ​ព្រហស្បតិ៍ កើតឡើងនៅ​ចំ​ថ្ងៃដែល​តុលាការ​អាមេរិក​បាន​ប្រកាស​រឹបអូស​យកកប៉ាល់​ដឹកធ្យូងថ្ម របស់​កូរ៉េខាងជើង ដែលអាមេរិក​ចោទប្រកាន់​ថា បាន​ល្មើស​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ។

 

កូរ៉េខាងជើង នៅ​ថ្ងៃ​សុក្រ​នេះ បាន​ប្រកាស​ថា ខ្លួន​បាន​បាញ់​សាកល្បង អាវុធ​សម្រាប់​ការវាយប្រហារ​រយៈចម្ងាយ​ឆ្ងាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ បន្ទាប់ពី​បាន​បាញ់​សាកល្បង មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ឆ្ងាយ ដែលកូរ៉េខាងជើង អះអាងថា មាន​សមត្ថភាព វាយប្រហារ​ទឹកដី​អាមេរិក កូរ៉េខាងជើង​បាន​ផ្អាក​លែង​បាញ់​សាកល្បង អាវុធ តាំង​ពី​ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉្លេះ ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង រហូត​ធ្វើ​ឲ្យ​មាន​ជំនួបកំពូល​ជាមួយ​អាមេរិក។

នៅក្នុង​រយៈពេល​មិនដល់​១សប្តាហ៍​ផង កូរ៉េខាងជើង បាន​បាញ់​សាកល្បង គ្រាប់មីស៊ីល​ដល់​ទៅ​២​លើក បន្តបន្ទាប់គ្នា។ អ្នកជំនាញ​ជាច្រើន​បាន​និយាយ​ថា កូរ៉េខាងជើង​បង្ហាញ​សមត្ថភាព​សព្វាវុធ​របស់ខ្លួន នៅពេលនេះ គឺ​ដើម្បី ដាក់​សម្ពាធ​ទៅលើ​ភាគី​អាមេរិក នៅក្នុង​ការចរចា​ស្តី​ពី​ការលុបបំបាត់ចោល​អាវុធ​នុយក្លេអ៊ែរ នៅ​ឧបទ្វីបកូរ៉េ។ សម្រាប់​អ្នកជំនាញ ដោយ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​នៅពេលនេះ កូរ៉េខាងជើង​មាន​គោលដៅ និង​សារ​ច្បាស់​មួយ​ទៅកាន់​ភាគីអាមេរិក នោះ គឺ​បើសិន​អាមេរិក នៅតែ​មិន​ព្រម​ធ្វើសម្បទាន មិនព្រម បន្ធូរបន្ថយ​លក្ខខណ្ឌ​ទាមទារ​ពី​កូរ៉េខាងជើង នៅ​ក្នុង​ការចរចា ទេ កូរ៉េខាងជើង នឹង​ដើរតាម​ផ្លូវ​របស់​កូរ៉េខាងជើង ដែល​គ្មានអ្វី​ក្រៅតែ​ពង្រឹង​កម្លាំង​យោធា និង​សព្វាវុធ។

ប្រធានាធិបតី​កូរ៉េខាងត្បូង​វិញ បាន​វាយតម្លៃ​ថា ការណ៍​ដែល​កូរ៉េខាងជើង​ត្រលប់​ទៅ​បាញ់សាកល្បង​មីស៊ីល​នៅពេលនេះ ក៏ព្រោះតែ​កូរ៉េខាងជើង មិន​សប្បាយចិត្ត ខ្លាំង ដោយសារ​ជំនួបកំពូល​លើកទី២​ជាមួយ លោក​ដូណាល់ ត្រាំ គ្មាន​បាន​ចេញ​លទ្ធផល​អ្វីសោះ។ លោក​មូន ចៃអ៊ីន​បាននិយាយ​យ៉ាងដូច្នេះ នៅក្នុង​បទសម្ភាសន៍ មួយ នៅថ្ងៃ​នេះ នៅក្នុង​ឱកាស​ខួប ២​ឆ្នាំ​នៃការចូល​កាន់តំណែង របស់​លោក ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង។ សម្រាប់ លោក​មូន ចៃអ៊ីន កូរ៉េខាងជើង​បាញ់​សាកល្បង​អាវុធ​នៅពេលនេះ គឺ​ប្រាកដ​ណាស់​ចង់​ដាក់​សម្ពាធ ចង់​បែរ​តម្រង់​ការចរចា​ស្តីពី​នុយក្លេអ៊ែរកូរ៉េខាងជើង ឲ្យ​ទៅតាម​ទិសដៅ​ដែល​កូរ៉េខាងជើង​ចង់​បាន។

សូមបញ្ជាក់ថា នៅក្នុង​ជំនួប​កំពូល​ទី២ ជាមួយ ប្រធានាធិបតី​អាមេរិក នៅ​ទីក្រុង​ហាណូយ មេដឹកនាំ​កូរ៉េខាងជើង​ធ្លាប់​បាន​ទាមទារ​ឲ្យ​មាន​ការធានា​សន្តិសុខ ហើយនិង​ការលុបចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​កូរ៉េខាងជើង ប៉ុន្តែ លោកដូណាល់ ត្រាំ​បាន​បដិសេធ ក្នុង​ហេតុផល​ថា កូរ៉េខាងជើង​មិន​បាន​ចាត់វិធានការ​គ្រប់គ្រាន់ ជាក់ស្តែង ដើម្បី​ឈាន​ទៅ​បំផ្លាញ​អាវុធ​នុយក្លេអ៊ែរ នៅ​កូរ៉េខាងជើង។

គេ​សង្កេត​ឃើញ​ថា ចាប់តាំង ពី​បរាជ័យ នៃ​ជំនួបកំពូល​លើកទី២ ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង បាន​ចាប់​ល្អក់កករ​នឹង​គ្នា​ឡើងវិញ។ អាមេរិក​បាន​ប្រកាស​ផ្អាកទៅវិញ សកម្មភាព​រុករក​សាកសព ទាហាន​អាមេរិក ដែល​ស្លាប់​នៅកូរ៉េខាងជើង នៅក្នុង​សង្រ្គាម​កូរ៉េ។ នៅ​ថ្ងៃ​ម្សិលមិញ​ទៀតសោត បន្ទាប់ពី​កូរ៉េខាងជើង បាញ់​សាកល្បង អាវុធ តុលាការ​អាមេរិក​បាន​ប្រកាស​រឹបអូស​ជា​ផ្លូវការ​កប៉ាល់​កូរ៉េខាងជើង ដែល​អាមេរិក​ចោទប្រកាន់​ថា បាន​លួច​ដឹកនាំ​ចេញ​ធ្យូងថ្ម​កូរ៉េខាងជើង ទៅលក់​នៅ បរទេស ដោយ​ល្មើស​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ។ ពីខាងកូរ៉េខាងជើងវិញ នៅមុន ពេល​បាញ់​សាកល្បង មីស៊ីល​ដែល​ទំនង​ជា​មីស៊ីល​នាំ​ចូល​ពី​ប្រទេស​រុស្ស៊ី មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ជាលើកទី១ ប្រធានាធិបតី​រុស្ស៊ី ដែល​តាមពិត​ជា​គូប្រជែង របស់​អាមេរិក។

តើ​កូរ៉េខាងជើង និង​អាមេរិក​អាច​ត្រលប់​ទៅ​ចរចាគ្នា​វិញ​ដែរ​ឬ​ទេ?

ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​ចូល​ខ្លួន​ជា​មេអណ្តើក ជំរុញ​ឲ្យ​មាន​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​មេដឹកនាំ​កូរ៉េខាងជើង ជាមួយ​លោកដូណាល់ ត្រាំ និយាយ​មិន​លាក់ទេថា ការបាញ់​សាកល្បង​នៅថ្ងៃម្សិលមិញ នឹង​ធ្វើ​ឲ្យ​ការចរចា​រឹតតែ​យ៉ាប់ ស្មុគស្មាញ។

ប្រតិកម្ម​ទៅនឹង​ការបាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ឯណោះវិញ បាន​និយាយ​ថា លោក​នឹង​សិក្សា​រឿងនេះ ដោយ​ម៉ត់ចត់​បំផុត។ លោកដូណាល់ ត្រាំ​ដែល​ធ្លាប់​តែ​អះអាង​ពីទំនាក់ទំនង​ល្អ និង​ការជឿទុកចិត្ត​ទៅលើ​មេដឹកនាំ​កូរ៉េខាងជើង បាន​និយាយ​នៅ​ថ្ងៃ​ម្សិលមិញ​ថា លោក​កំពុង​ចោទសួរ​ខ្លួនឯង​ពី​ឆន្ទៈ​ចង់​ចរចា​ពិតប្រាកដ​របស់​ភាគី​កូរ៉េខាងជើង។ លោក​ដូណាល់​ត្រាំ និយាយថា នៅពេលនេះ លោក​មាន​អារម្មណ៍​ថា កូរ៉េខាងជើង​មិន​បាន​ត្រៀមខ្លួន​ពិតប្រាកដ ដើម្បី​ចរចានោះទេ។

សម្រាប់​លោកដូណាល់ ត្រាំ គ្មាន​អ្នកណា​សប្បាយចិត្ត​ពីរឿង​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃ​ម្សិលមិញ ​នោះ​ទេ។ ទោះ​ជាលោក​ត្រាំ និយាយ​ថា អាមេរិក​នឹង​បន្ត​ទំនាក់ទំនង ជាមួយ​កូរ៉េខាងជើង ប៉ុន្តែ លោក​ដូណាល់ ត្រាំ និយាយ​ថា លោក​នឹង​ចាំមើល​ទៅមុខ​ទៀត សិន។

មេដឹកនាំ​កូរ៉េខាងជើង ធ្លាប់បាន​បង្ហាញ​ជំហរ​ចង់​ជួបចរចា​ជាមួយ ​លោកដូណាល់ ត្រាំ ជាលើកទី៣ ប៉ុន្តែ លោក​បាន​ដាក់​លក្ខខណ្ឌ​ច្រើន ដូចជា​ទាមទារ​ឲ្យ​ដក​ប្រមុខការទូត​អាមេរិក មិន​ឲ្យ​ចូលរួម​ក្នុង​ការចរចា ហើយ​ការបាញ់​សាកល្បង​មីស៊ីល​ពីរលើក​ផ្ទួនៗ​គ្នា​នៅ​សប្តាហ៍នេះ ជា​វិធានការ​ដាក់សម្ពាធ​មួយ​កម្រិត​ទៀត​លើ​ភាគីអាមេរិក។ ប៉ុន្តែ រឿង​បើក​ឲ្យ​មាន​ជំនួបកំពូល​អាមេរិក និង​កូរ៉េខាងជើង ជា​លើក​ទី៣ គឺ​ស្ថិតនៅ​លើ​ការសម្រេចចិត្ត​របស់​ភាគី​អាមេរិក។ អ្វីៗ​គឺ​ស្ថិតនៅ​លើ​លោកដូណាល់ ត្រាំ ផ្ទាល់ ថា តើ​លោក​ចង់ត្រលប់​ទៅ​ចរចា ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង ឬ​ក៏​ត្រលប់​ទៅ​ដំឡើង​សំឡេង គំរាម​ដាក់​កូរ៉េខាងជើង​វិញ។

លោកដូណាល់ ត្រាំ ហាក់​តមសំដី មិនរិះគន់​ខ្លាំងៗ កូរ៉េខាងជើង

ខុសពីលើកមុនៗ លោកដូណាល់ ត្រាំ មាន​ជំហរ​ស្ងប់ស្ងៀម គឺ​មិន​បាន​ខឹងក្រោធ ដូចកាល កូរ៉េខាងជើង បាញ់​សាកល្បង​មីស៊ីល​លើក​មុនៗ​នោះទេ។

ដោយ​ប្រើ​ត្រឹម​ពាក្យ​មីស៊ីល​រយៈចម្ងាយ​ជិត របស់​កូរ៉េខាងជើង លោកដូណាល់ ត្រាំ ចង់​បញ្ជាក់​ថា មីស៊ីល​របស់​កូរ៉េខាងជើង​គ្មាន​គ្រោះថ្នាក់ វាយប្រហារ​ដល់​ទឹកដី​អាមេរិក ហើយ​វា​ក៏មិនមែន​ជា​មីស៊ីល​បាលីស្ទិក ដែល​ជា​បម្រាម​របស់​អង្គការ​សហប្រជាជាតិ​ដែរ។

គេ​វាយតម្លៃ​ថា ​ដោយ​មិន​ដំឡើង​សំឡេង​ធ្ងន់​ដាក់​កូរ៉េខាងជើង លើកនេះ លោក​ដូណាល់ ត្រាំ ទំនង​ជា​នៅ​តែ​មានចិត្ត​ចង់​ត្រលប់​ទៅ​ចរចា ជាជាង​ ទៅ​គំរាម ឈ្លោះ​ជាមួយ​កូរ៉េខាងជើង ព្រោះ​ថា បើត្រលប់​ទៅ​ជាប់តានតឹង​ជាមួយ កូរ៉េខាងជើង​ឡើងវិញ នោះគឺ ​លោក​នឹង​អាច​បាក់មុខ​ជាមិនខាន។ ត្រូវ​ដឹងថា លោកដូណាល់ ត្រាំ រហូត​មក គឺ​បាន​អួត​សរសើរ យក​ជំនួបកំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង ថា ជា​ជោគជ័យ​នៃ​នយោបាយ​ការទូត​បរទេស​របស់​លោក ដែល​គ្មាន​ប្រធានាធិបតី​អាមេរិក​ណា​បាន​ធ្វើ​ទេ រហូតមក៕

យេម៉ែន៖ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត

​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ហ្វូគូស្ហ៊ីម៉ា៖តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន

លោកម៉ាក្រុងទៅអ៊ីតាលី​ដើម្បី​ផ្សះផ្សា​​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ

បោះឆ្នោតជាតិនៅអ៊ីស្រាអែល ដើម្បីបន្ត​ជីវិត​​នយោបាយ​របស់​នាយករដ្ឋម​ន្ត្រី​ នេតាន់យ៉ាហ៊ូ

បោះឆ្នោតប្រធានាធិបតី ៖ ទុយនីស៊ីច្រាន​ចោល​អ្នក​នយោបាយ​ចាស់ ជ្រើស​យកចរន្ត​ថ្មី

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

អ្នកវិទ្យាសាស្រ្ត​រកឃើញ​វិធីសាស្រ្ត​ថ្មីដើម្បីទប់ស្កាត់កុំឲ្យ ​មូសខ្លា​អាច​ចម្លង​មេរោគគ្រុនឈាម

បារាំង​ងាក​ទៅ​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ

ហេតុអ្វី​ពួកឧទ្ទាម​កូឡុំប៊ី ត្រលប់​ទៅ​កាន់អាវុធ ប្រឆាំង រដ្ឋាភិបាល?